បើទោះជាអង្គការសង្គមស៊ីវិលបានលើកកម្ពស់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងណាក្ដី ក៏ពួកគេទាំងនោះនៅតែប្រឈមនឹងការរើសអើង និងត្រូវផាត់ចេញពីវិស័យការងារ ជាពិសេសក្នុងវិស័យឯកជន ព្រោះតែពួកគេមិនត្រូវបានគាំពារដោយច្បាប់។
តុល ឈួគឹមហេង វ័យ២៩ឆ្នាំ ជាសកម្មជនការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា បាននិយាយថាក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅតែបន្តរងបញ្ហាប្រឈមទាក់ទងនឹងបញ្ហាផ្ទាល់ខ្លួន ក្រុមគ្រួសារ ការងារ និងសង្គម។
កញ្ញាបានឲ្យដឹងថា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅតែជាជនងាយរងគ្រោះ ដោយសារតែគ្រួសារមួយចំនួនមិនទទួលយកអត្តសញ្ញាណយេនឌ័ររបស់កូនៗខ្លួន និងជានិច្ចកាលក៏ប្រើអំពើហិង្សាលើកូនៗទៀតផង ជាពិសេសនៅតំបន់ជនបទ។ ពួកគេក៏ត្រូវបានរងនូវការមើលងាយ និងការសើចចំអកពីមនុស្សជុំវិញខ្លួនផងដែរ។
កញ្ញាបានរំឭកពីបទពិសោធន៍របស់កញ្ញាដែលធ្លាប់ត្រូវបានបុគ្គលិកនៅកន្លែងធ្វើការងាររើសអើង និងចំអកចំអន់ឲ្យ ដែលបញ្ហានេះធ្វើឲ្យកញ្ញាបាត់បង់ទំនុកចិត្តលើខ្លួនឯង និងកើតជំងឺបាក់ទឹកចិត្តផងដែរ។
កញ្ញាឲ្យដឹងថា៖ «បុគ្គលិកនៅទីនោះមិនសូវសប្បាយចិត្តនឹងធ្វើការជាមួយខ្ញុំទេ ហើយពួកគេចាប់ផ្ដើមមើលងាយខ្ញុំ។ ពួកគេសួរខ្ញុំថានឹងរៀបការជាមួយមនុស្សប្រុស ឬស្រី» ដោយបន្ថែមថា៖ «ពួកគេនិយាយថាមិនរើសអើងខ្ញុំទេ តែគេលេងសើចពីខ្ញុំនៅកន្លែងធ្វើការ។ វាប៉ះពាល់អារម្មណ៍ខ្ញុំខ្លាំងណាស់ រហូតដល់ខ្ញុំមានជំងឺបាក់ទឹកចិត្តពីរឆ្នាំ»។
បញ្ហាប្រឈមធំបំផុតរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាគឺការដែលមិនមានការគាំពារផ្នែកផ្លូវច្បាប់ និងសមភាពអាពាហ៍ពិពាហ៍។ ដោយគ្មានអ្វីទាំងនេះ ធ្វើឲ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចរស់នៅដោយមានស្ថេរភាព សន្តិភាព ឬបានការទទួលស្គាល់ពេញលេញពីសង្គមនោះទេ។
កញ្ញាបន្ថែមថា៖ «បើសិនជាគ្មានច្បាប់សមភាពអាពាហ៍ពិពាហ៍ទេ មានន័យថាយើង (អ្នកស្រឡាញ់ភេទដូចគ្នា) អត់អាចទទួលបាននូវអត្ថប្រយោជន៍មួយចំនួនពីកន្លែងការងារ និងក្នុងសង្គម ព្រោះយើងមិនមានសៀវភៅគ្រួសារ និងសំបុត្រអាពាហ៍ពិពាហ៍ទេ»។

លោក គុយ ធីតា វ័យ ៣០ឆ្នាំ ជាសហស្ថាបនិកក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅក្ដីស្រលាញ់គឺចម្រុះ (Loveisdiversity) លើកឡើងថា លោកធ្លាប់រងនូវសម្ពាធទាំងនៅកន្លែងធ្វើការ និងនៅក្នុងគ្រួសារ។
លោកបន្ថែមថា៖ «ពេលខ្ញុំចាប់ផ្ដើមដឹងថាខ្លួនឯងជាអ្នកស្រឡាញ់ភេទដូចគ្នា ខ្ញុំចាប់ផ្ដើមខ្លាចគ្រួសារខ្ញុំមិនទទួលយកខ្ញុំ…អារម្មណ៍ហ្នឹងគឺភ័យខ្លាច ឯកោខ្លាំង និងពិបាកមែនទែន»។
លោកលើកពីបទពិសោធន៍មួយដែលលោកបានឆ្លងកាត់នៅកន្លែងធ្វើការនៅសាលាឯកជនមួយកាលពីឆ្នាំ ២០១៥។ លោកថា៖ «ខ្ញុំស្លៀកពាក់តាមឯកសណ្ឋានទៅតាមសាលាតម្រូវ។ ប៉ុន្តែនៅថ្ងៃមួយ ថ្នាក់ដឹកនាំបានសួរខ្ញុំនៅក្នុងកិច្ចប្រជុំ (នៅមុខមនុស្សជាច្រើន) ទាក់ទងនឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំថា ខ្ញុំជាមនុស្សស្រឡាញ់ភេទដូចគ្នាមែន? ខ្ញុំមិនសប្បាយចិត្តនឹងសំនួរនេះទេ។ វាដូចជាដាក់សម្ពាធមកលើខ្ញុំខ្លាំងណាស់»។
មិនខុសពីកញ្ញា ឈួគឹមហេង ដែរ លោក ធីតា ក៏បានលើកឡើងអំពីតម្រូវការលើផ្នែកច្បាប់ទាក់ទងនឹងសមភាពអាពាហ៍ពិពាហ៍។ លោកបន្តថា៖ «ពេលយើងមានដៃគូ ប៉ុន្តែយើងមិនមានសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា យើងមិនមែនជាដៃគូស្របច្បាប់ដែលទទួលស្គាល់ដោយច្បាប់របស់កម្ពុជានោះទេ ហើយយើងក៏បាត់បង់នូវអត្ថប្រយោជន៍សង្គមជាច្រើនទៀតផងដែរ»។
លោកបន្ថែមថា៖ «វាជាសិទ្ធិពលរដ្ឋ ដែលយើងអាចជ្រើសរើសអ្នកដែលយើងស្រឡាញ់បាន»។
លោក លឹម បូរិន មន្ត្រីសម្របសម្រួលគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការមិនមានសំបុត្រអាពាហ៍ពិពាហ៍ បាននាំឲ្យមានការលំបាកដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងការទទួលបានឯកសារផ្លូវច្បាប់ផ្សេងៗ ដូចជាសៀវភៅគ្រួសារ និងសំបុត្រកំណើតសម្រាប់កូនចិញ្ចឹមជាដើម។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅកន្លែងធ្វើការបង្ហាញថា ពួកគេទាំងនេះតែងតែមានអារម្មណ៍ថាខ្លួនមិនត្រូវបានគេផ្ដល់ការងារឲ្យទេ ទោះជាមានសមត្ថភាពក៏ដោយ។
លោកបន្ថែមថា ទោះបីជាសង្គមស៊ីវិលបានកំពុងធ្វើការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងតស៊ូមតិទៅរដ្ឋាភិបាលឲ្យបង្កើតច្បាប់សម្រាប់ការទទួលស្គាល់ភេទ និងសមភាពអាពាហ៍ពិពាហ៍ក៏ដោយ ក៏នៅមិនទាន់មានការឆ្លើយតបយ៉ាងណានោះទេ។
ពេលដែលសកម្មជនលើកឡើងពីបញ្ហានេះ រដ្ឋាភិបាលបានត្រឹមនិយាយថាវាមិនទាន់ដល់ពេលសមរម្យនៅឡើយ និងថាច្បាប់អាចបង្កើតទៅបាននៅពេលមហាជនបើកចិត្តទទួលយកអ្នកស្រឡាញ់ភេទដូចគ្នា។
យ៉ាងណាលោកថា៖ «យើងមិនគួររង់ចាំទាល់តែគ្រប់គ្នាបើកចិត្តទទួលអ្នកស្រឡាញ់ភេទដូចគ្នានោះទេ ហើយយើងគួរធ្វើច្បាប់ដើម្បីការពារ និងធានាសន្តិភាព»។
លោកឲ្យដឹងដែរថា ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នាច្រើនកើតចេញពីមនុស្សវ័យចំណាស់ និងអ្នករស់នៅតំបន់ជនបទ។
អ្នកស្រី ឈឿង រចនា មន្ត្រីសម្របសម្រួលគម្រោងមូលនិធិមីក្រូឥន្ទធនូអន្តរជាតិប្រចាំកម្ពុជា លើកឡើងថា របាយការណ៍ស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ចរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាបង្ហាញថាមានទម្រង់នៃការរើសអើងជាច្រើនដំណាក់កាលលើអ្នកស្រឡាញ់ភេទដូចគ្នាលើទីផ្សារការងារ រាប់តាំងពីការជ្រើសរើសបុគ្គលិក ការសម្ភាសន៍ និងការទទួលយកឲ្យធ្វើការ។
អ្នកស្រីន្ថែមថា៖ «ភាគច្រើនគេជ្រើសរើសយកបុរស និងស្រ្តី…ពេលដែលអ្នកស្រឡាញ់ភេទដូចគ្នាឃើញការប្រកាសរើសបុគ្គលិក ពួកគាត់មានអារម្មណ៍ថាមិនសមនឹងពួកគាត់» អ្នកស្រីបន្ថែមថា៖ «នៅពេលសម្ភាសន៍ទៀតសោត អ្នកសម្ភាសន៍សួរនាំពីអត្តសញ្ញាណរបស់ពួកគេ។ ក្នុងករណីមួយចំនួនទៀត ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាត្រូវលាក់អត្តសញ្ញាណរបស់ខ្លួនពេលចូលធ្វើការ»។

បញ្ហានេះបានធ្វើឲ្យអ្នកស្រឡាញ់ភេទដូចគ្នាមិនមានអារម្មណ៍ល្អក្នុងការដាក់ពាក្យរកការងារធ្វើដែលត្រូវនឹងសម្ថភាពរបស់ពួកគេ ដែលធ្វើឲ្យមានការពិបាកសម្រាប់អ្នកទាំងនោះក្នុងការរកការងារធ្វើ។ ដូចគ្នាដែរ ពួកគាត់ក៏មានការពិបាកក្នុងការធ្វើការជាមួយក្រុមការងារ ដែលជាលទ្ធផលធ្វើឲ្យពួកគាត់ត្រូវប្ដូរកន្លែងធ្វើការញឹកញាប់ ជាហេតុនាំឲ្យប៉ះពាល់ពួកគាត់ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។
សេង សុជាតិ វ័យ ៣០ឆ្នាំ ជាអ្នកស្រឡាញ់ភេទដូចគ្នាម្នាក់ កំពុងធ្វើការឲ្យក្រុមហ៊ុនឯកជនមួយខាងផ្នែកឌីហ្សាញ ក៏បានលើកឡើងដែរថា ការរើសអើងធ្វើឲ្យអ្នកស្រឡាញ់ភេទដូចគ្នាជួបការលំបាកក្នុងការរស់នៅក្នុងសង្គម ធ្វើឲ្យអ្នកទាំងនោះត្រូវឈប់រៀន ឬឈប់ធ្វើការ។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថាស្ថានភាពប្រឈមរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរជាងមុន ប៉ុន្តែថាច្បាប់ដែលទទួលស្គាល់ភេទ និងសមភាពអាពាហ៍ពិពាហ៍ មិនទាន់បានបង្កើតនៅឡើយ។
លោកបន្ថែមថា៖ «យើងមិនទាន់ធ្វើសេចក្ដីព្រាងអំពីច្បាប់នេះនៅឡើយ ពីព្រោះថាសង្គមរបស់យើងមិនទាន់ទទួលស្គាល់រឿងនេះឲ្យបានទូលំទូលាយ…ពេលណាសង្គមយើងទទួលស្គាល់កាន់តែច្រើន អ្នកធ្វើច្បាប់នឹងរៀបចំធ្វើច្បាប់ទៅតាមហ្នឹងដែរ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Without legal protections, LGBT continue to be discriminated against