សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករសង្ឃឹមពីការបញ្ចប់ជម្លោះជិតមួយឆ្នាំពាក់ព័ន្ធនឹងការបិទរោងចក្រនៅខេត្តកណ្តាល

កម្មករប្រមាណពីររយនាក់ធ្វើដំណើរទៅកាន់តុលាការខេត្តកណ្តាល នៅក្រុងតាខ្មៅ កាលពីថ្ងៃទី១៣ ខែកក្កដា ដើម្បីដាក់ញ្ញត្តិស្នើឲ្យតុលាការលុបចោលដីការក្សាការពារ ដែលរារាំងពួកគេមិនឲ្យទទួលបានសំណងពីម្ចាស់រោងចក្រ។ បញ្ញា ឆព័ណ្ណ
កម្មករប្រមាណពីររយនាក់ធ្វើដំណើរទៅកាន់តុលាការខេត្តកណ្តាល នៅក្រុងតាខ្មៅ កាលពីថ្ងៃទី១៣ ខែកក្កដា ដើម្បីដាក់ញ្ញត្តិស្នើឲ្យតុលាការលុបចោលដីការក្សាការពារ ដែលរារាំងពួកគេមិនឲ្យទទួលបានសំណងពីម្ចាស់រោងចក្រ។ បញ្ញា ឆព័ណ្ណ

កម្មករ​ជាង​មួយ​ពាន់​នាក់​មក​ពី​រោងចក្រ​កាត់ដេរ Dignity Knitter និង​​រោងចក្រ ECO Base Factory មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​នៅ​ឡើយ​នោះ​ទេ​ ដែលមានរយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ បន្ទាប់​ពី​​ម្ចាស់​រោងចក្រ​បាន​បង្កក​ទុក​​ប្រាក់​ខែ​របស់​ពួកគេ និង​បាន​បិទ​រោងចក្រ​ក្រោយ​មក។

ម្ចាស់​រោងចក្រ​ទាំង​ពីរ​​ខាង​លើ​បាន​កាត់បន្ថយ​ការងារ​ និង​មិនបាន​បើកប្រាក់ឈ្នួល​ទៅ​ឲ្យ​កម្មករ​​កាល​​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ហើយ​បន្ទាប់​ពី​ផ្អាក​ការងារ​អស់រយៈពេល​បី​ខែ​ចាប់តាំង​ពី​ខែ​មីនា​​ឆ្នាំ​នេះ​មក រោងចក្រ​ត្រូវ​បាន​បិទ​ដំណើរការ​ជា​ស្ថាពរ​។ រោងចក្រ​មួយ​ចំនួន​បាន​ផ្អាក​ដំណើរការ ឬ​បិទ​ទ្វារ​ដោយសារ​តែ​​វិបត្តិ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​បាន​ប៉ះពាល់​ទៅ​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៅ​លើ​ពិភពលោក។

​លោក ភិន សុភា តំណាង​សហជីព​នៅ​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ដែល​ប្រចាំ​ការ​នៅ​រោងចក្រ​ Dignity Knitter អស់រយៈពេល​១៤​ឆ្នាំ​មក​នេះ បាន​និយាយ​ថា អនុប្រធាន​តុលាការ​ខេត្ត​កណ្តាល​ លោកស្រី ពេជ្រ ម៉ារ៉ែន និង​អភិបាល​ខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ បាន​ជួប​ជាមួយ​នឹង​កម្មករ និង​តំណាង​រោងចក្រ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា។

លោក សុភា បាន​ថ្លែង​​ថា ឥឡូវ​នេះ​ ក្រុមហ៊ុន​​ពី​អឺរ៉ុប​មួយ​កំពុង​វាយតម្លៃ និង​ដាក់​ដេញថ្លៃ​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ ដែល​នឹង​ត្រូវ​យក​ទៅ​ផ្តល់ម្ចាស់បំណុល និង​កម្មករ។

លោក​សុភា​បាន​និយាយ​ថា៖ «អ៊ីចឹង​ ពួកគេ​ត្រូវ​ការ​ពេល​ដើម្បី​វាយតម្លៃ​លម្អិត ពីព្រោះ​ថា ប្រសិន​បើ​យើង​ចង់​ឲ្យ​ឆាប់រហ័ស​ជាង​នេះ យើង​នឹង​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​នោះ​ទេ។ ដូច្នេះ នៅ​ពេល​ដែល​ពួកគេ​លក់​ យើង​នឹង​ទទួល​បាន​តម្លៃ​ថោក»

លោក​បាន​បន្ត​ថា ប្រាក់​ទទួល​បាន​ពី​ការ​លក់ដេញថ្លៃ​នឹង​ផ្តល់​ឲ្យ​កម្មករ មុន​ពេល​ចែក​ទៅ​កាន់​ភាគី​ដទៃ​ទៀត។ លោក​សុភា​បាន​បន្ថែម​ថា រឿងក្តី​នេះ​មាន​សភាព​យឺតយ៉ាវ​ជាង​ធម្មតា ​ពី​ព្រោះ​ភាគី​ម្ចាស់បំណុលផ្សេងទៀត​បានប្តឹងទៅ​តុលាការ។

លោក​បាន​លើកឡើង​ថា កម្មករ​ចំនួន​ ១០​នាក់​បាន​យាមកាម​នៅ​ខាង​ក្រៅ​រោងចក្រ ដើម្បី​ការពារ​ការ​ចូល​យក​សម្ភារ និង​វត្ថុធាតុដើម​ចេញ ហើយ​កម្មករ​ដទៃ​ទៀត​ត្រូវ​ស្វែងរក​ការងារ​ធ្វើ​នៅ​រោងចក្រ​ផ្សេង។ កាល​ពី​ឆ្នាំ​មុន ពួកគេ​បាន​​រៃអង្គាស​ប្រាក់​ផ្គត់ផ្គង់​ដល់​កម្មករ​ចំនួន ១០​នាក់ ដែល​ឈរ​យាម​រោងចក្រ។

​លោក​សុភា​បាន​និយាយ​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ទៅ​កាន់​អភិបាល​ខេត្ត​កណ្តាល​ តុលាការ​ខេត្ត​កណ្តាល និង​អាជ្ញាធរពាក់ព័ន្ធ​ ឲ្យ​ជួយ​ដោះស្រាយ​បញ្ចប់​រឿងក្តី​នេះ​នៅ​ខែ​ធ្នូ ​ឆ្នាំ២០២០​នេះ​ ពីព្រោះ​ពួកយើង​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព»

កាល​ពី​ពាក់ណ្តាល​ខែ​កក្កដា កម្មករ​បាន​ដាក់​ញ្ញត្តិ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​កណ្តាល​ស្នើ​សុំដកដីការក្សាការពារ ​ ដែល​រារាំង​មិន​ឲ្យ​មាន​ការ​លក់​សម្ភារ​នៅ​រោងចក្រ​ទាំងពីរ។ ដីការក្សាការពារ ​នោះ​ត្រូវ​បាន​ដាក់​ស្នើ​ដោយ​ក្រុមហ៊ុន​ចិន ដែល​អះអាង​ថា​ ម្ចាស់​រោងចក្រ​ Dignity Knitter និង​ ECO Base ក៏ជំពាក់បំណុលខ្លួនដែរ។

លោក​ អ៊ុក​ រី​​ មេធាវី​ចាត់តាំង​តំណាង​ឲ្យ​រោងចក្រ​ បាន​និយាយ​ថា លោក​កំពុង​គោរព​តាម​នីតិវិធី​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​​កម្មករ។ លោក​បាន​បន្ត​ថា ក្រុមហ៊ុន ECO Base ផ្ទាល់​មាន​អ្នកប្តឹង​ពី​០៨ ទៅ​១០​ ក្រៅ​ពី​កម្មករ​ដែល​ខ្លួន​ជំពាក់ប្រាក់ខែ។

លោក អ៊ុក​ រី​​ បាន​និយាយ​ថា៖ «ហេតុផល​ដែល​ជម្លោះ​នេះ​ត្រូវ​បាន​អូសបន្លាយ​ ​ពីព្រោះ​មានដីការរក្សាការពារ​ជា​ច្រើន​ពី​ម្ចាស់បំណុល» ដោយ​​បន្ថែម​ថា លោក​រំពឹង​ថា នឹង​មាន​ដំណោះស្រាយ​នៅ​ចុង​ខែ​ធ្នូ​នេះ។

អ្នកស្រី​ សួរ សុជាតិ អាយុ ៤០​ឆ្នាំ កម្មករ​នៅ​រោងចក្រ Dignity Knitter អស់រយៈពេល​ ១៦​ឆ្នាំ​មក​នេះ​ បាន​និយាយ​ថា កម្មករ​ទាំងអស់​កំពុង​ជួប​បញ្ហា​ជីវភាព ដោយសារ​តែ​ពួកគេ​មិន​ទទួល​បាន​សំណង​អស់រយៈពេល​ជិត​មួយ​ឆ្នាំ​មក​នេះ។

​អ្នកស្រី​ សុជាតិ ​បាន​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​ត្រូវ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ ហើយ​ដូចនេះ​ ខ្ញុំ​ត្រូវ​ការ​លុយ​ដើម្បី​ជួយ​ចិញ្ចឹម​ក្មេងៗ​ជិត​ដប់​នាក់​ក្នុង​សហគមន៍ ដោយសារ​តែ​គ្រួសារ​របស់​ពួកគេ​ក្រីក្រ»

​សុជាតិ​ បាន​បន្ត​ថា អ្នកស្រី​ត្រូវ​​ជិះ​ម៉ូតូ​លក់​បន្លែ និង​ជ្រក់​​ ដើម្បី​រក​ប្រាក់​ចំណូល​ខ្លះ។ ​​

អភិបាល​ខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ​ បាន​បញ្ជាក់​ថា ករណី​ជម្លោះ​នេះ​ជិត​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ ពីព្រោះ​ក្រុមហ៊ុន​ទីបី​កៀក​នឹង​​បញ្ចប់​ដំណើរការ​វាយតម្លៃ។

លោក​ សោភ័ណ្ឌ​ មានប្រសាសន៍ថា៖ «សូមអធ្យាស្រ័យ យើង​ព្យាយាម​ធ្វើការ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ ហើយ​​យើង​ក៏​ចង់​ឲ្យ​ស្មើភាព​សម្រាប់​នយោជក​ផង​ដែរ»

អនុប្រធាន​តុលាការ​ខេត្ត​កណ្តាល​ លោកស្រី ពេជ្រ ម៉ារ៉ែន​ មានប្រសាសន៍​ថា អាជ្ញាធរ​នឹង​ត្រូវ​ការ​ពេល​១០​ថ្ងៃ​ដើម្បី​ដាក់​ដេញ​ថ្លៃ​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ។ លោកស្រី

​បាន​បន្ថែម​ថា៖ «ដូច្នេះ យើង​នឹង​អនុវត្ត​តាម​នីតិវិធី​ច្បាប់»

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លោក​ ហេង សួរ មិន​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​នោះ​ទេ​កាល​ពី​ថ្ងៃ​សុក្រ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News

1,059 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម