ស្រុកលំផាត់ ខេត្តរតនគិរី៖ «ខ្ញុំមានជំងឺក្រពះ និងពោះវៀនច្រើនឆ្នាំហើយ តាំងពីខ្ញុំធ្វើការនៅចម្ការចេក។ ប៉ុន្តែខ្ញុំមិនគិតថាវាមកពីជាតិគីមីនោះទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី សយ ស្រីភឿន ដែលទើបត្រឡប់មកពីមន្ទីរពេទ្យហើយដៃមិនទាន់ដោះខ្សែសេរ៉ូមចេញនៅឡើយ។ អ្នកស្រីបានចាកចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ព្រំដែនវៀតណាម មករស់នៅខេត្តរតនគិរីភាគខាងជើងប្រទេសកម្ពុជា កាលពីជាង១០ឆ្នាំមុន។ ដើមឡើយ ចម្ការដែលអ្នកស្រីធ្វើការជាកម្មករនោះ ជាចម្ការដូងប្រេង ប៉ុន្តែស្រាប់តែ៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានប្តូរទៅដាំចេកវិញ ហើយពេលនោះហើយដែលសុខភាពរបស់អ្នកស្រីក៏ចាប់ផ្តើមមានបញ្ហាដែរ។ ក្រៅពីជំងឺក្រពះ អ្នកស្រីតែងមានអាការៈឈឺក្បាល វិលមុខ និងក្អួតផងដែរ។
រឿងរ៉ាវរបស់អ្នកស្រី ភឿន មិនខុសពីកម្មករដទៃទៀតប៉ុន្មាននោះទេ ព្រោះថាមានកម្មករនៅតំបន់នោះជាច្រើននាក់ទៀត កំពុងត្រូវការប្រាក់ ហើយសុខចិត្តទៅធ្វើជាកម្មករចម្ការចេកធំៗដែលមានម្ចាស់ជាបរទេស បើទោះបីជាពួកគេដឹងថាការធ្វើការងារនៅទីនោះ ប្រឈមហានិភ័យសុខភាពដែលបង្កដោយសារធាតុគីមីក៏ដោយ។
កម្មករភាគច្រើននិយាយថាការងារនៅទីនោះផ្តល់ប្រាក់ខែល្អសម្រាប់ពួកគេ ដែលកត្តាលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជា ដែលកំពុងខ្វះខាតលុយកាក់ ដោយសារសម្ពាធនៃវិបត្តិកូវីដ១៩ និងការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ដែលបណ្តាលឱ្យពលរដ្ឋរាប់លាននាក់ ស្ថិតនៅក្នុងវិបត្តិបំណុល។ ស្ថានភាពដ៏លំបាកនេះ ក៏បានជំរុញឱ្យមនុស្សជាច្រើនបញ្ជូនកូនរបស់ពួកគេឱ្យទៅធ្វើជាកម្មករនៅចម្ការចេកដែរ។
អ្នកស្រី ភឿន ធ្វើជាកម្មករនៅចម្ការចេករបស់ក្រុមហ៊ុនវៀតណាមឈ្មោះ Thagrico ។ អ្នកស្រីប្រាប់ថាកម្មករដទៃទៀតមិនបានគិតឬក៏ខ្វល់ខ្វាយពីការប៉ះពាល់ ជាមួយសារធាតុគីមីនោះទេ។
អ្នកស្រីលើកឡើងថា៖ «កម្មករភាគច្រើន ហាក់មិនសូវខ្វល់ពីបញ្ហាហ្នឹងទេ។ ធ្វើការនៅនេះបានជួយជីវភាពប្រចាំថ្ងៃយើង ព្រោះបើយើងមិនធ្វើការនៅនេះទេ យើងគ្មានអីធ្វើទេ»។
អ្នកស្រី ភឿន ប្រាប់ថាគាត់ធ្វើការ៨ម៉ោងក្នុងមួយសប្តាហ៍ ជួនកាលលើសពីនេះ ហើយសម្រាកបានតែកន្លះម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
កម្មករនៅចម្ការចេក Thagrico ម្នាក់ទៀត គឺលោក កៅ ចិន ដែលមានវ័យ៣៦ឆ្នាំ ប្រាប់ថាគាត់ក៏ធ្លាប់ឈឺក្បាល និងវិលមុខដែរ ក្រោយពីធ្វើការនៅចម្ការចេកនោះ រយៈពេល៨ឆ្នាំ។ លោកឱ្យដឹងលោកនិងប្រពន្ធរបស់លោក ទទួលបានកម្រៃ១២,៥០ដុល្លារម្នាក់ៗក្នុងមួយថ្ងៃ សម្រាប់ការងាររុំស្រោបផ្លែចេក ដែលត្រូវបានបាញ់ដោយសារធាតុគីមី។
លោកលើកឡើងថា៖«មុនបាញ់ថ្នាំគេប្រាប់យើងនៅឲ្យឆ្ងាយពីកន្លែងបាញ់ថ្នាំ ព្រោះខ្លាចប៉ះពាល់ដល់សុខភាព ប៉ុន្តែវានៅតែប៉ះពាល់ដោយសារយើងនៅតែស្ថិតក្នុងចម្ការចេក»។
លោកបន្ថែមថា៖ «ខ្ញុំក៏បារម្ភពីសុខភាពនៅពេលអនាគតដែរ ព្រោះថាយើងស្រូបគីមីរាប់ឆ្នាំមកហើយ»។ ប៉ុន្តែលោកក៏មិនខុស ពីអ្នកស្រី ភឿន ដែរ ព្រោះតែត្រូវការការងារធ្វើ ដើម្បីបានប្រាក់ដូចគ្នា។ លោក ចិន ប្រាប់ផងដែរថា ក្រុមហ៊ុនមិនបានផ្តល់សម្ភារៈការពារឲ្យកម្មករឡើយ ដែលធ្វើឲ្យពួកគេបង្ខំចិត្តទិញស្រោមដៃ ម៉ាស និងស្បែកជើងកវែងដោយខ្លួនឯង។
លោក ចិន បន្ថែមថា៖ «នៅពេលដែលយើងឈឺ យើងត្រូវទៅពេទ្យដោយខ្លួនឯង ក្រុមហ៊ុនមិនបានផ្តល់ថ្នាំ និងសេវាថែទាំសុខភាពដល់កម្មករទេ ដូច្នេះ យើងចំណាយលុយដែលយើងរកបានទាំងអស់ហ្នឹងលើថ្លៃថ្នាំ»។
លោក ចិន អំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ និងប្រាកដថាសារធាតុគីមីដែលកំពុងប្រើ មានសុវត្ថិភាព។
បញ្ហាបង្កឡើងដោយវិបត្តិបំណុលមីក្រូហិរញ្ញវត្ថុ
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានរួមរឹតដោយកំណើន នៃវិបត្តិបំណុលមីក្រូហិរញ្ញវត្ថុ។ ឧស្សាហកម្មនេះត្រូវបានរាយការណ៍ថាជំរុញឱ្យអ្នកដែលមិនមានលទ្ធភាពសងបំណុលត្រឡប់វិញខ្ចីបំណុលរបស់ពួកគេ ដែលជំរុញឱ្យពលរដ្ឋទាំងនោះខ្ចីបំណុលថ្មីបន្ថែមទៀត ដើម្បីយកបំណុលថ្មីនោះទៅសងបំណុលចាស់។ របាយការណ៍មួយចំនួនបង្ហាញថាវិបត្តិនេះ បានបង្កឱ្យមានការរឹបអូសដីធ្លី ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ដើម្បីស្វែងរកការងារ និងការកាត់បន្ថយបរិមាណអាហារជាដើម។
កម្មករភាគច្រើនដែលធ្វើការនៅចម្ការចេក និយាយថាពួកគេដឹងពីហានិភ័យសុខភាព ប៉ុន្តែត្រូវតែប្រថុយធ្វើការងារនៅទីនោះ ទើបពួកគេមានប្រាក់សងម្ចាស់បំណុលបាន។
កម្មករម្នាក់ឈ្មោះ គីម (មិនមែនជាឈ្មោះពិតរបស់គាត់ទេ) បាននិយាយថាគាត់បានខ្ចីប្រាក់ចំនួន៧៥០០ដុល្លារពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយឈ្មោះថា LOLC ដើម្បីទិញសម្ភារៈកសិកម្មយកទៅប្រើប្រាស់ក្នុងចម្ការដំឡូងមីរបស់ខ្លួន។
គីម ប្រាប់ថា៖«ខ្ញុំខ្លាច (ថ្នាំគីមី) ដែរ តែធ្វើម៉េច។ បើអត់ធ្វើការនៅហ្នឹង យើងក៏រកលុយមិនបាន»។ គីមអាចសងប្រាក់កម្ចីរបស់គាត់បានយ៉ាងទៀងទាត់ នៅពេលដែលគាត់ធ្វើការនៅចម្ការចេក ប៉ុន្តែនៅពេលដែលការងារត្រូវបានផ្អាក គាត់បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ពន្យារពេលសងប្រាក់ដើមសិន ហើយគាត់បង់ត្រឹមតែការប្រាក់ប៉ុណ្ណោះ។
គីម បានប្រាប់ថាកាលពីមុនគាត់ធ្លាប់ធ្វើការឱ្យចម្ការចេកដែលនាំចេកចេញទៅប្រទេសជប៉ុន។ គាត់បានធ្លាក់ខ្លួនឈឺ ដោយសារជាតិគីមីដែលគេបាញ់ដើម្បីកុំឱ្យចេកឆាប់ទុំ។ គាត់និយាយថា៖«ទឹកថ្នាំនោះវាធ្វើឲ្យយើងផ្តាសាយ តឹងច្រមុះ ក្រហាយភ្នែក ហៀរសំបោរ ដេកមិនបាន»។ គីមបានប្រាប់ទៀតថាសារធាតុគីមី ដែលមានក្លិនដូចអូសាវែលក៏បណ្តាលឱ្យគាត់មានអាការៈឈឺសាច់ដុំ និងវិលមុខដែរ។
គីមឲ្យដឹងទៀតថា៖«សូម្បីតែអ្នកលក់ដូរនៅក្រៅចម្ការចេក ក៏ទ្រាំជាមួយក្លិនជាតិគីមីហ្នឹងមិនបានដែរ»។
គីម ប្រាប់ទៀតថាគ្រូពេទ្យធ្លាប់ណែនាំគាត់ឱ្យនៅឱ្យឆ្ងាយពីសារធាតុគីមីនោះដែរ ប៉ុន្តែក្រោយមក ក្រុមហ៊ុនបាន កាត់បន្ថយបរិមាណសារធាតុគីមី ហើយគាត់ក៏«ស៊ាំនឹងទឹកថ្នាំដែរ»។ ក្រុមហ៊ុនមិនបានជួយចេញថ្លៃព្យាបាល ឱ្យគីមទេ។ ក្រុមហ៊ុនបានផ្តល់ស្រោមដៃ និងស្បែកជើងកវែងឱ្យកម្មករ ប៉ុន្តែមិនបានផ្តល់ម៉ាសឱ្យកម្មករនោះទេ ដោយកម្មករត្រូវទិញម៉ាសដោយខ្លួនឯង។
សុភា (ក៏មិនមែនជាឈ្មោះពិតរបស់គាត់ដែរ) ដែលមានវ័យទើបតែ២០ឆ្នាំ កំពុងធ្វើការនៅក្រុមហ៊ុនចម្ការចេកវៀតណាមមួយទៀតឈ្មោះ T.Y.T.B Angkor Banana នៅខេត្តស្ទឹងត្រែង ក៏បានធ្លាក់ខ្លួនឈឺ ដោយសារតែគាត់ប៉ះពាល់ជាតិគីមីដែរ។ គាត់ធ្លាប់ធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយនារាជធានីភ្នំពេញ មុនពេលត្រឡប់ មកខេត្តកំណើត ដើម្បីធ្វើការនៅចម្ការចេក ដោយសារតែពេលនោះជំងឺកូវីដ-១៩ កំពុងរីករាលដាល ក្នុងរាជធានី ហើយគាត់ខ្លាចឆ្លងវីរុសនោះ។ ដូច គីម ដែរ គ្រួសាររបស់សុភាក៏បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលការណ៍នេះធ្វើឱ្យគាត់ត្រូវមានចំណូលជាប្រចាំ។ គ្រួសារសុភា បានខ្ចីប្រាក់ចំនួន២៥០០ដុល្លារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដើម្បីទិញម៉ូតូនៅឆ្នាំ២០១៩ ហើយត្រូវសងត្រឡប់ទៅវិញ៣០ម៉ឺនរៀលក្នុងមួយខែ។ ធ្វើការនៅកន្លែងវេចខ្ចប់ចេក សុភាអាចរកចំណូលបាន២៥០០០រៀលក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើគាត់ធ្វើការផ្នែកកាត់ ចេក គាត់អាចទទួលបានកម្រៃ៣៤០០០រៀលក្នុងមួយថ្ងៃ។
សុភា បានប្រាប់ថា៖ «ពេលគេបើកទឹកអញ្ចឹងទៅ វាឈួល ក្រហាយភ្នែក កណ្តាស់ និងក្អក។ យប់ឡើងពិបាកដេក។ ពេលខ្លះមួយយប់ទល់ភ្លឺបញ្ឈរភ្នែករហូត ព្រោះអីវាបិទភ្នែកមិនកើត ចាក់ហៀរទឹកភ្នែករហូតមួយយប់ទល់ភ្លឺ។ ប្រហែលជាកន្លះខែមួយខែអីដែរបានស៊ាំទឹកថ្នាំហ្នឹង ព្រោះអីវាខ្លាំងដែរ»។
សុភា បានប្រើប្រាស់ថ្នាំមួយចំនួនដើម្បីកាត់បន្ថយរោគសញ្ញារំខានទាំងនេះ ដោយហេតុថាគាត់គ្មាន លទ្ធភាព ស្វែករកការព្យាបាលលើសពីការទទួលទានថ្នាំគ្រាប់។ ដូចកម្មករដទៃទៀតដែរ ក្រុមហ៊ុន T.Y.T.B Angkor Banana មិនបានផ្តល់សម្ភារៈ ការពារឱ្យសុភានោះឡើយ។
ដូច្នេះសុភាត្រូវចំណាយប្រាក់ទិញម៉ាស២ក្នុងមួយថ្ងៃ និងស្រោមដៃ១គូជារៀងរាល់ពីរបីថ្ងៃ។ ទោះប្រឈមហានិភ័យយ៉ាងណាក៏ដោយ សុភា យល់ថាការងារនៅទីនោះល្អ ព្រោះប្រាក់ឈ្មួលប្រចាំថ្ងៃខ្ពស់។
ត្រឡប់ទៅខេត្តរតនគិរីវិញ សមាជិកសឹងតែទាំងអស់ក្នុងគ្រួសារមួយ កំពុងធ្វើការឱ្យចម្ការចេក Thagrico។ គ្រួសារត្រកូល ឡែង បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២ ដើម្បីយកប្រាក់សង់ផ្ទះរបស់ពួកគេ ដែលនេះជាឧទាហរណ៍មួយនៃកម្ចីគ្មានផលិតភាព ដែលមានន័យថាកម្ចីនេះមិនបានបង្កើតចំណូល ដើម្បីសងបំណុលដើមវិញនោះទេ។ ពួកគេបានខ្ចីប្រាក់៧០០០ដុល្លារពីធនាគារភូមិដែលពេលនេះប្តូរឈ្មោះមកជា LOLC និងខ្ចី១០០០ដុល្លារពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK ។
អ្នកស្រី ឡែង មាន រួមទាំងស្វាមី និងប្អូនប្រុសរបស់អ្នកស្រី សុទ្ធតែជាកម្មករចម្ការចេក ដោយធ្វើការជាអ្នកបាញ់ថ្នាំគីមីទៅលើផ្លែចេក ដែលការងារនេះផ្តល់កម្រៃឱ្យពួកគេ៣៦០០០រៀលក្នុងមួយថ្ងៃ។ អ្នកស្រី មាន ប្រាប់ថាសារធាតុគីមីដែលបាញ់លើចេក ត្រូវបានដាក់ចូលក្នុងធុងបាញ់ថ្នាំ ដែលមានចំណុះ១៥លីត្រ ដែលដាក់លើខ្នងគាត់ ហើយអ្នកស្រីត្រូវបាញ់ថ្នាំប្រមាណជា២៥ធុងក្នុងមួយថ្ងៃ។
អ្នកស្រី មាន ត្អូញត្អែរថា៖« វាធ្វើឱ្យខ្ញុំចុករោយខ្លួនអស់ហើយ ដោយសារតែខ្ញុំត្រូវស្ពាយធុងថ្នាំរាប់សិបធុងរាល់ថ្ងៃ ហើយត្រូវស្ពាយដើរឆ្ងាយៗផង»។
អ្នកស្រីបន្ថែមទៀតថា៖«មានគីមីច្រើនណាស់។ តែយើងត្រូវតែធ្វើការដើម្បីលុយ»។
ការប្រើប្រាស់កម្លាំងកុមារមិនទាន់គ្រប់អាយុដោយចំហ
ប៉ុន្តែសមាជិកគ្រួសារត្រកូលឡែងមិនមែនមានតែ៣នាក់ដែលមកធ្វើការនៅចម្ការ ពោល គឺមានប្អូនស្រីរបស់អ្នកស្រី ឡែង មាន ចំនួន៣នាក់ទៀត ដែលក្នុងនោះមានអាយុ១១ឆ្នាំ ១៤ឆ្នាំ និង១៧ឆ្នាំ ក៏ធ្វើការនៅទីនោះដែរ។
កុមារីវ័យ១១ឆ្នាំ បានធ្វើការជាអ្នកបកធាងនិងស្លឹកចេកចាស់ៗ ប៉ុន្តែគ្រួសារគាត់មិនឱ្យគាត់ធ្វើបន្តទៀតទេ ដោយបារម្ភខ្លាចគាត់ធ្លាក់ខ្លួនឈឺ។ ចំណែកុមារី វ័យ១៤ឆ្នាំ រកកម្រៃបាន១.២៥ដុល្លារក្នុងមួយម៉ោង តាមរយៈការងារបិតសញ្ញាសម្គាល់នៅលើចេក ហើយជារឿយៗធ្វើការថែមម៉ោង២ទៅ៣ម៉ោងក្នុងមួយថ្ងៃ ដើម្បីបានប្រាក់បន្ថែម។ គាត់ធ្វើការដោយឈររហូត ដោយថាការងារនេះធ្វើឱ្យគាត់ឈឺខ្លួន និងអស់កម្លាំងជាខ្លាំង។
កុមារីរូបនោះបាននិយាយប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងរៀបចំខ្លួនចេញទៅចម្ការចេកថា៖« ឥឡូវ ខ្ញុំអត់មានអារម្មណ៍ឈឺអីទេ តែពេលខ្ញុំចាប់ផ្តើមធ្វើការ ពី៤ទៅ៥នាទី វានឹងឈឺវិញ»។ កុមារីវ័យ១៧ឆ្នាំ ក៏ធ្វើការថែមម៉ោងដែរ ដោយរៀបចំដាក់ស្នោក្នុងកេសចេក។
អ្នកស្រី ឡែង មាន បន្តថា៖«ខ្ញុំចង់ឱ្យប្អូនខ្ញុំបន្តការសិក្សា។ ខ្ញុំមិនចង់ឱ្យពួកគេឈប់រៀនទេ»។
អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែប្រសិនបើពួកគេចង់ឈប់រៀន ហើយរកលុយ វាជាជម្រើសរបស់ពួកគេ។ ខ្ញុំមិនបង្ខំពួកគេ ព្រោះខ្ញុំគ្មានលុយជួយពួកគេទេ»។
ស្រ្តីមេការចម្ការចេក ឈ្មោះ ហាំ សុផា បានទទួលស្គាល់ថាពិតជាមានកម្មករ មិនទាន់គ្រប់អាយុមួយចំនួនមែនដែលក្នុងនោះ ក៏មានកូនប្រុសរបស់អ្នកស្រី២នាក់ មានវ័យ១៥ឆ្នាំ និង១៧ឆ្នាំ ដែលពួកគេធ្វើជាកម្មករបាញ់ថ្នាំពុល សម្លាប់សត្វល្អិត។ កូនប្រុសម្នាក់របស់អ្នកស្រី សុផា បានប្រាប់ថាគាត់មិនមានអ្វីផ្សេងធ្វើទេ ដោយសារតែសាលារៀនត្រូវបានបិទព្រោះជំងឺកូវីដ-១៩ ប៉ុន្តែពេលនេះ គាត់ក៏កំពុងពិចារណាឈប់រៀនដែរ។
លោក ឡៃ សាមុត សន្តិសុខចម្ការចេកThagrico ក៏បានឱ្យដឹងដែរថាកូនស្រីរបស់លោកពីរនាក់ ដែលម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀត អាយុ១៦ឆ្នាំ ក៏ធ្វើការនៅចម្ការចេកនេះដែរ ព្រោះសាលារៀនបិទទ្វារ។ ពួកគេធ្វើការងារជាអ្នកបាញ់សារធាតុគីមីលើចេក ហើយការងារផ្តល់កម្រៃឱ្យពួកគេប្រមាណ៦.២៥ដុល្លារក្នុងមួយថ្ងៃ។
កុមារី ចន្នី វ័យ១៥ឆ្នាំ បានឈប់រៀននៅថ្នាក់ទី៦ ដើម្បីមកធ្វើជាកម្មករក្នុងចម្ការចេកមួយ កាលពីខែកញ្ញា ឆ្នាំ២០២១នេះ ដែលការងារក្នុងចម្ការផ្តល់កម្រៃឱ្យកុមារីរូបនេះ ចំនួន២៥០០០រៀលក្នុងមួយថ្ងៃ។
ចន្នី បានប្រាប់ថា៖« ខ្ញុំទៅធ្វើការតាមមិត្តភ័ក្រ្ត។ ធ្វើការក្នុងឃ្លាំងអត់ពិបាកទេ។ ខ្ញុំគ្រាន់តែចិត ចេក។ ដល់ម៉ោងសម្រាក យើងអាចនាំគ្នានិយាយលេងជាមួយមិត្តភ័ក្រ្ត។ យើងអាចអង្គុយលេងនៅក្នុងឃ្លាំងក៏បានព្រោះនៅហ្នឹងវាមានម៉ាស៊ីនត្រជាក់ ត្រជាក់ស្រួល»។ ក្មេងស្រីរូបនេះនិយាយថាអ្នកគ្រប់គ្រងមិនបានសួររកអត្តសញ្ញាណបណ្ណ ដើម្បីពិនិត្យមើលអាយុរបស់នាងទេ ដោយគ្រាន់តែត្រូវការឲ្យបង្ហាញកាតវ៉ាក់សាំងប៉ុណ្ណោះ។ ចន្នីបានបន្ថែមថានាងបានឃើញក្មេងខ្លះអាយុខ្ទង់១២ឆ្នាំ ក៏ធ្វើការនៅចម្ការនោះដែរ ដោយថាពួកគេទាំងនោះទៅតាមម្តាយរបស់ពួកគេ។
ការខូចខាតជាប្រព័ន្ធ
មិនមែនត្រឹមតែកម្មករដែលធ្វើការនៅចម្ការចេកប៉ុណ្ណោះទេដែលរងផលប៉ះពាល់ ប៉ុន្តែសារធាតុគីមី ដែលប្រើនោះហាក់បំពុលប្រព័ន្ធអេកូឡូស៊ីទាំងមូល។ អ្នកស្រី មុំ វាស្នាក់ និយាយថាគាត់ត្រូវរើផ្ទះឈើរបស់ខ្លួនប្រមាណ១៥០ម៉ែត្រចេញទីតាំងចាស់ ទៅឲ្យឆ្ងាយពីចម្ការចេក T.Y.T.B Angkor Banana ដើម្បីគេចពីក្លិនថ្នាំគីមី ដែលអ្នកស្រីថាក្រុមហ៊ុនតែងប្រើដ្រូន និងឡានបាញ់ថ្នាំក្នុងចម្ការចេកជាញឹកញាប់។
អ្នកស្រី វាស្នាក់ ប្រាប់ថា៖ «ពេលគេបាញ់មក វាក្អក ចេញរមាស់ចេញអីតាមខ្លួន។ តាំងពីគេបាញ់មក ក្អក អញ្ចឹងទៅ។ ពេលគេបាញ់ផុតទៅក៏បាត់ក្អកទៅ។ ក្នុងមួយខែ ពួកគេអត់បាញ់ប្រហែល២ទៅ៣ថ្ងៃអីហ្នឹង។ ថ្ងៃដែល គេអត់បាញ់ហ្នឹងក៏មិនមាន អាការៈឈឺអីទៅ»។
គាត់ប្រាប់ទៀតថាកូនទាំង៣នាក់របស់អ្នកស្រីមានអាការៈគ្រុនក្តៅ ចេញកន្ទួលស្បែក និងរលាកបំពង់ក បណ្តាលមកពីថ្នាំគីមីដែលក្រុមហ៊ុនបាញ់ ហើយស្ថានភាពនេះ បានធ្វើឱ្យគាត់ទៅពេទ្យ៥ដងកាលពីឆ្នាំមុន។
អ្នកស្រី វាស្នាក់ រៀបរាប់ពីទម្លាប់ដែលគួរឱ្យធុញថប់ នៅពេលដែលអ្នកស្រីឮសំឡេងឡានចាប់ផ្តើមបាញ់ថ្នាំនៅចម្ការចេកម្តងៗ។ អ្នកស្រីថាអ្នកស្រីតែងតែនាំកូនៗរត់ទៅក្រោយផ្ទះឆ្ងាយពីផ្លូវ។ បន្ទាប់មកសាខោអាវដែលហាលយកទៅទុក ដើម្បីកុំឱ្យថ្នាំធ្លាក់ត្រូវ បើមិនដូច្នេះទេវានឹងធ្វើឱ្យរមាស់ និងចេញកន្ទួលនៅពេលដែលអ្នកស្រី និងកូនៗយកខោអាវទាំងនោះមកស្លៀកពាក់។ អ្នកស្រី ក៏បានគ្របចានឆ្នាំងរបស់ខ្លួនហើយលាងសាប៊ូសម្អាតក្រោយ ពេលដែលគេឈប់បាញ់ថ្នាំ ដើម្បីកុំឱ្យមានជាតិគីមីចូលក្នុងអាហារ។ អ្នកស្រី វាស្នាក់ ក៏ថាខ្លាចមិនហ៊ានប្រើទឹកអូរនៅ ក្បែរនោះដែរ ហើយថាគាត់ក៏បានព្យាយាមត្រងទឹកភ្លៀងទុកប្រើប្រាស់ដែរ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនបាញ់ថ្នាំគីមី ហើយទឹកដែលត្រងទុកនោះ ក៏កខ្វក់ និងខូចដែរ។
អ្នកស្រី បានព្យាយាមប្តឹងទៅមន្រ្តីឃុំដែរនៅឆ្នាំ២០២០ ប៉ុន្តែអាជ្ញាធរមូលដ្ឋានប្រាប់អ្នកស្រីថា ថ្នាំដែលបាញ់នោះ គ្រាន់តែជាជីដែលមិនប៉ះពាល់អ្វីនោះទេ ហើយថាក្រុមហ៊ុននឹងឈប់បាញ់វា ប៉ុន្តែអ្នកស្រីថាក្រុមហ៊ុន មិនដែលឈប់នោះទេ។ អ្នកស្រីនិយាយថា៖«គេប្រាប់ថាសារធាតុគីមីហ្នឹងមិនប៉ះពាល់អីដល់សុខភាពមនុស្សទេ។ មិនប៉ះពាល់ទេ ប៉ុន្តែយើងឡើងក្អក និងរមាស់ ស្បែកឡើងកន្ទួល»។
អ្នកស្រីត្អូញត្អែរទៀតថា៖«គេមិនយកចិត្តទុកដាក់ជាមួយយើងទេ»។
អ្នកគ្រប់គ្រងទូទៅចម្ការចេក T.Y.T.B Angkor Banana លោក ស៊ូ ម៉េត បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់មកលើក្រុមហ៊ុនរបស់លោក។ លោកថាក្រុមហ៊ុនផ្តល់នូវសម្ភារៈការពារខ្លួនគ្រប់គ្រាន់ដល់កម្មករ ដូចជាម៉ាស និងស្រោមដៃ ដែលផ្ទុយទាំងស្រុងពីការលើកឡើងរបស់កម្មករ។
ទោះជាភាគីក្រុមហ៊ុននិយាយម្តងហើយម្តងទៀតថាខ្លួនបានផ្តល់សម្ភារៈការពារខ្លួនដល់កម្មករយ៉ាងណាក្តី តែលោក ស៊ូ ម៉េត បានបញ្ជាក់ថា ថ្នាំដែលបាញ់ក្នុងចម្ការចេកនោះមិនមានផលប៉ះពាល់អ្វីនោះទេ។ ប៉ុន្តែចម្ងល់នៅតែត្រូវ បានចោទសួរថាបើសារធាតុគីមីមិនមានផលប៉ះពាល់ ហេតុអ្វីបានជាក្រុមហ៊ុនផ្តល់សម្ភារៈការពារធ្វើអ្វី។
អ្នកគ្រប់គ្រងទូទៅចម្ការចេក T.Y.T.B Angkor Banana រូបនេះ បាននិយាយថា៖«យើងបានផ្តល់ជាម៉ាស និងស្រោមដៃឥតគិតថ្លៃដល់ពួកគេ ដើម្បីការពារពួកគេកុំឲ្យប៉ះសារជាតិគីមី»។ លោកបន្ថែមថា៖«ពលរដ្ឋបានប្តឹងទៅអាជ្ញាធរស្រុក យើងបានប្រាប់ពួកគេម្តងហើយថាសារធាតុនេះមិនបណ្តាលឲ្យមានបញ្ហាសុខភាពទេ សារធាតុហ្នឹងប្រើ ដើម្បីធ្វើឲ្យផ្លែចេកមានគុណភាពល្អប៉ុណ្ណោះ»។
លោក ម៉េត បានបន្តថាបន្ទាប់ពីផ្អាកដំណើរការ២ខែដោយសារជំងឺកូវីដ-១៩ ចម្ការចេកបាន បើកឡើងវិញហើយ តាំងពីចុងខែតុលា។ ទោះយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងទូទៅរូបនេះ បានគេចវេះពីការទទួលខុសត្រូវជុំវិញការជួលកុមារឲ្យធ្វើការក្នុងចម្ការ ក៏ដូចជាបញ្ហាកិច្ចសន្យាការងាររបស់កម្មករ ដោយថាកម្មករទាំងអស់សុទ្ធតែត្រូវបានជួលដោយអ្នកម៉ៅការ។ ចំណែកឯក្រុមហ៊ុន Thagrico មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក រដ្ឋ ស៊ុន មេឃុំអូរស្វាយ ខេត្តស្ទឹងត្រែង ប្រាប់ថាអាជ្ញាធរស្រុកបានចុះទៅពិនិត្យចម្ការចេក T.Y.T.B Angkor Banana ចំនួន៣ទៅ៤ដងរួចមកហើយ ហើយបានណែនាំក្រុមហ៊ុននេះអំពីការប្រើប្រាស់ថ្នាំគីមី។
លោកបាននិយាយថា៖«ខ្ញុំមិនបានដឹងលម្អិតពីសារធាតុគីមីដែលប្រើក្នុងចម្ការចេកនោះទេ នេះមិនមែនជាជំនាញខ្ញុំទេ ប៉ុន្តែក្រុមហ៊ុនគេថាសារធាតុគីមីហ្នឹងសុវត្ថិភាពទេ មិនប៉ះពាល់ដល់សុខភាពទេ»។
មេឃុំរូបនេះក៏បានបដិសេធផងដែរថាមិនមាននរណាម្នាក់ក្នុងឃុំរបស់លោក បញ្ជូនកូនដែលមិនទាន់គ្រប់អាយុឱ្យទៅធ្វើការនៅចម្ការចេកឡើយ ហើយលោកថាកម្មករជាកុមារទាំងនោះប្រហែលជាកូនរបស់កម្មករចំណាកស្រុកមកពីខេត្តផ្សេង។ លោកនិយាយផ្ទុយពីការលើកឡើងរបស់លោក ម៉េត ថា៖«ដោយសារតែមានតម្រូវការកម្មករ ច្រើននៅចម្ការចេក អ៊ីចឹងហើយបានជាគេទទួលកម្មករគ្រប់ទាំងអស់។ នេះជាជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដែលធានាថាមិនមានពលកម្មកុមារធ្វើការនៅក្នុងចម្ការ»។
ក្រឡេកទៅមើលប្រទេសឡាវ និងមីយ៉ាន់ម៉ា
ការសិក្សាពីបញ្ហានៅចម្ការចេកនៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ។ ទោះយ៉ាងណាក៏ដោយផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់មនុស្សដែលបណ្តាលមកពីចម្ការចេកធំៗ ត្រូវបានកត់ត្រា និងសិក្សាយ៉ាងល្អ ដោយសកម្មជន និងអ្នកសិក្សាស្រាវជ្រាវ នៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា។
សកម្មជនម្នាក់មកពីរដ្ឋកាឈិននៃប្រទេសមីយ៉ាន់ម៉ាដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ខេមបូចាថាបញ្ហា សុខភាពស្រដៀងៗគ្នាត្រូវបានរកឃើញលើកម្មករចម្ការចេកនៅទីនោះ។ លោកប្រាប់ថា៖«កម្មករជាស្រ្តី ជាច្រើនបានរលូតកូននៅទីនោះ»។ លោកបន្ថែមថាលោកទើបតែនិយាយជាមួយកម្មករម្នាក់ដែល ធ្វើការនៅចម្ការចេកជាច្រើនឆ្នាំដែលពេលនេះ កម្មកររូបនោះ កើតជំងឺមហារីកគ្រឿងក្នុង។
សកម្មជនរូបនេះបានប្រាប់ថា សារធាតុគីមីទាំងនោះក៏បណ្តាលឱ្យខូចបរិស្ថានយ៉ាងដំណំផងដែរ ហើយពេលជ្រាបចូលទៅក្នុងទឹក និងដី នឹងធ្វើឱ្យដីមិនអំណោយផលសម្រាប់ដាំដំណាំផ្សេងទៀត។
លោក Robert Cole ទីប្រឹក្សាផ្នែកវិនិយោគកសិកម្មដោយទំនួលខុសត្រូវនៃអង្គការអភិបាលកិច្ចដីធ្លីតំបន់មេគង្គ បានបង្ហាញការយល់ស្របនឹងការលើកឡើងរបស់សកម្មជនមីយ៉ាន់ម៉ា។ លោកនិយាយថាចម្ការចេក«បានប្រើប្រាស់សារធាតុគីមីជាច្រើន»។
លោកប្រាប់ខេមបូចាតាមសារអ៊ីម៉េលថា៖«យូរៗទៅ ដីចម្ការបាត់បង់សារធាតុចិញ្ចឹមហើយនៅពេលដែលផលិតភាពបានធ្លាក់ដល់កម្រិត វាពិតជាពិបាកណាស់ក្នុងការកែប្រែដីទៅប្រើប្រាស់ដាំដំណាំផ្សេងទៀតនោះ។ ការហូរច្រោះសារធាតុគីមីបានទៅបំផ្លាញទន្លេ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ជួនកាលបណ្តាលឱ្យត្រីងាប់ និងប៉ះពាល់ សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកទៀតផង»។
លោក Cole បានឱ្យដឹងបន្តថាបញ្ហាផលប៉ះពាល់សុខភាព ដែលត្រូវបានសង្កេតឃើញថាមាននៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានគេលើកឡើងជាទូទៅនៅក្នុងប្រទេសឡាវដែរ។
សកម្មជនរដ្ឋកាឈិនដដែល បាននិយាយថា វាពិបាកក្នុងការកំណត់ថាសារធាតុគីមី ណាមួយត្រូវបានប្រើប្រាស់ក្នុងចម្ការចេក ដោយសារសន្តិសុខនៅទីនោះ មានការត្រួតពិនិត្យតឹងតែង។ ក្នុងដំណើរចុះទៅយកព័ត៌មាននៅចម្ការចេក T.Y.T.B Angkor អ្នកយកព័ត៌មានរបស់ខេមបូចាត្រូវបានកម្មករចម្ការចេកបង្ហាញឱ្យឃើញដបថ្នាំពុលចំនួនពីរប្រភេទ។ ដបថ្នាំមួយមានឈ្មោះថា Dipomate ដែលក្នុងនោះមានសារធាតុ Mancozeb ជាថ្នាំសម្លាប់សត្វដ៏ចម្រូងចម្រាសដែលអាចបណ្តាលឱ្យប្រពេញទីរ៉ូអ៊ីតរីកធំ ហើយត្រូវបានគេជឿថាវាអាចឱ្យស្រ្តីរលូតកូន និងធ្វើឱ្យមនុស្សមានជំងឺមហារីកផងដែរ។ ដបថ្នាំមួយទៀតមានឈ្មោះថា DecoCarben ដែលមានផ្ទុកសារធាតុ Carbendazim ដែលការសិក្សាស្រាវជ្រាវបង្ហាញថាសារធាតុនេះអាច បណ្តាលឱ្យមនុស្សគ្មានកូន និងមានផលប៉ះពាល់ផ្សេងទៀតទៅលើសុខភាពសត្វ។
រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានទុកឱ្យវាសនាឧស្សាហកម្មចេកស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែជម្លោះប្រដាប់អាវុធនៅតែគំរាមកំហែង ដែលបង្កឱ្យមានអស្ថិរភាពនៅតំបន់ជាច្រើនតាមព្រំដែន ដែលក្នុងនោះមានរដ្ឋកាឈិនផងដែរ ខណៈក្រុមយោធាកំពុងតស៊ូ ដើម្បីបានគ្រប់គ្រងដែនដីមីយ៉ាន់ម៉ាទាំងមូល។
លោក Cole និយាយថាអង្គការអភិបាលកិច្ចដីធ្លីតំបន់មេគង្គ មិនទាន់រកឃើញមានភស្តុតាងណាមួយដែលថាវិនិយោគិនវេចសម្ពាយពីមីយ៉ាន់ម៉ាមកកម្ពុជានោះទេ បន្ទាប់ពីមានរដ្ឋប្រហាររួចមក ប៉ុន្តែលោកថាស្ថានភាពនោះ អាចនឹងកើតមាន ដើម្បីជាការឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីៗ។
លោក Cole បន្តថា៖«ជាឧទាហរណ៍ ការវិនិយោគនៅមីយ៉ាន់ម៉ា បានកើនឡើង នៅពេលដែលរដ្ឋាភិបាលឡាវរឹតបន្តឹងលើក្រុមហ៊ុនចម្ការចេក»។
លោក Cole បន្ថែមថា៖«ប៉ុន្តែវាអាចទៅរួចផងដែរ ដែលអ្នកវិនិយោគលើចម្ការចេកនៅមីយ៉ាន់ម៉ា អាចបន្តអាជីវកម្មរបស់ពួកគេ ព្រោះការត្រួតពិនិត្យតិចជាងមុននៅក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដែលស្ថានការណ៍នេះក៏អាចផ្តល់ជាប្រយោជន៍ដ៏ល្អសម្រាប់ពួកគេផងដែរ»។
សកម្មជនរដ្ឋកាឈិន បានឱ្យដឹងថាម្ការចេកដែលមានម្ចាស់ជនជាតិចិនក៏បានផ្អាកដំណើរការជាច្រើនដែរ បន្ទាប់ពីមានរដ្ឋប្រហារ និងការផ្ទុះឡើងយ៉ាងគំហុកនៃករណីកូវីដ-១៩ កាលពីអំឡុងខែកក្កដា។ លោកបាននិយាយ ថា៖«កាលពីសប្តាហ៍មុន នៅពេលដែលយើងទៅឃ្លាំមើលក្នុងតំបន់នោះ គ្រប់គ្នាបានចេញទៅអស់ហើយ»។
លោកបន្ថែមថាលោកបានឮពីប្រភពជិតស្និទ្ធម្នាក់ ក្នុងឧស្សាហកម្មនេះថាក្រុមហ៊ុនចម្ការចេករបស់ចិនជាច្រើនមានគម្រោងផ្លាស់ប្តូរទីតាំងទៅប្រទេសឡាវ និងកម្ពុជា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Workers, including underage children, brave dangerous chemicals to make a living at Cambodia’s banana plantations