សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករនៅតែមិនទាន់បានទទួលប្រាក់ឈ្នួល ខណៈការដេញថ្លៃលក់សម្ភារៈរោងចក្របរាជ័យជាថ្មី

កម្មករប្រហែល២០០នាក់បានដើរក្បួនទៅកាន់សាលាដំបូងខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ កាលពីថ្ងៃទី១៣ ខែកកក្កដា ដើម្បីដាក់ញត្តិស្នើឲ្យតុលាការដកបណ្ដឹងរាំងពួកគេមិនឲ្យទទួលបានប្រាក់ឈ្នួលពីអតីតថៅកែរោងចក្រ។ បញ្ញា ឆព័ណ្ណ
កម្មករប្រហែល២០០នាក់បានដើរក្បួនទៅកាន់សាលាដំបូងខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ កាលពីថ្ងៃទី១៣ ខែកកក្កដា ដើម្បីដាក់ញត្តិស្នើឲ្យតុលាការដកបណ្ដឹងរាំងពួកគេមិនឲ្យទទួលបានប្រាក់ឈ្នួលពីអតីតថៅកែរោងចក្រ។ បញ្ញា ឆព័ណ្ណ

កម្មករ​ជាង​​១០០០​នាក់ ​មកពីរោង​ចក្រ​ចំនួន​ពីរ​ដែល​បាន​បិទ​ទ្វារ​ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ពី​រឿង​ប្រាក់​ខែ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ បន្ទាប់​ពីការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​សម្ភារៈ​រោងចក្រ​ជា​លើក​ទី​ពីរ​ធ្វើ​ឡើង​មិន​បាន​សម្រេច កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។​​

​មន្ត្រី​សាលាដំបូង​ខេត្ត​កណ្ដាល លោក យីម កេតធី ឲ្យ​ដឹង​ថា​​មាន​អ្នក​ដេញ​ថ្លៃ​ម្នាក់​បាន​ឲ្យ​តម្លៃ​សម្ភារៈទាំង​នោះ​៧២០ ០០០​ដុល្លារ ប៉ុន្តែ​មន្ត្រី​មិន​អាច​លក់​ឲ្យ​បាន​ទេ ខណៈ​តម្លៃ​ដែល​បាន​កំណត់​មាន​១ ៧៧៧ ០០០​ដុល្លារ​។​

លោក​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​មុន​នឹង​ដាក់​ទូរសព្ទ​ចុះ​យ៉ាង​ដូច​នេះថា៖ «​យើង​កំពុង​ពិចារណា​ដាក់​ដេញ​ថ្លៃសារជាថ្មីទៀត ព្រោះ​ថា​គ្មាន​នរណា​មួយ​អាច​មាន​លទ្ធភាព​ទិញ​ក្នុង​តម្លៃ​ដែល​កំណត់​នោះទេ»។​

ការ​ដាក់​ដេញ​ថ្លៃ​កាល​ពី​ថ្ងៃពុធ កន្លងទៅ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ពន្យាពេល​តាំងពីខែ​ធ្នូ ហើយ​មាន​អ្នក​ចុះ​ឈ្មោះ​ដេញ​ថ្លៃ​តែម្នាក់​ក្នុង​ចំណោម​បួន​នាក់បាន​ចូល​រួម ហើយ​ម្នាក់ដែលចូលរួម​នោះ​បាន​បដិសេធ​ធ្វើការដេញថ្លៃ។ សម្ភារៈ​ទាំង​នោះ​ត្រូវ​បាន​រឹម​អូស​ពីរោង​ចក្រ​ចំនួន​ពីរ​គឺ​ ECO Base និង Dignity Knitter ដែល​បាន​បិទ​ទ្វារ​តាំងពី​ខែ​មិថុនា ឆ្នាំ​២០២០​។​

ក្រុម​កម្មករ​បាន​អះអាងថា​​មិន​បាន​​ទទួល​ប្រាក់ឈ្នួល និង​ប្រាក់អត្ថ​ប្រយោជន៍​ផ្សេងៗ​​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៩ ពេល​ដែល​រោង​ចក្រ​ចាប់​ផ្ដើម​បន្ថយ​ប្រតិបត្តិការ មុន​ពេល​ចាប់​ផ្ដើម​ព្យួរការងារ​​រយៈពេល​បី​ខែ និង​ក្រោយ​មក​ឈាន​ដល់​បិទ​ទ្វារទាំង​ស្រុង​។​​

លោក ភិន សុភា​ តំណាង​សជីព​ស៊ីខៅឌូ (CCAWDU) ប្រ​ចាំ​រោង​ចក្រ Dignity Knitter ​ ​​បាន​ធ្វើ​ការ​ក្នុង​រោង​ចក្រ​នេះ​រយៈពេល​១៤​ឆ្នាំមក​ហើយ ​និយាយ​ថា​ទឹក​ប្រាក់​ចំនួន​៧២០ ០០០​ដុល្លារ​មិន​គ្រប់​គ្រាន់​សម្រាប់​ផ្ដល់ទៅ​ឲ្យ​កម្មករ​​ទាំង​ពីរ​រោងចក្រ​នោះទេ។ លោក​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ត​ខិត​ខំ​ផ្សព្វ​ផ្សាយ​លក់​សម្ភារៈទាំង​នោះ​បន្ថែម​ទៀត​។​

លោក​ឲ្យ​ដឹងទៀតថា៖ «គណៈកម្មការ​ដេញ​ថ្លៃ​គួរ​តែ​តាំង​បង្ហាញ​សម្ភារៈទាំងនោះ​ មិន​មែន​បង្ហាញ​តែ​ម៉ាស៊ីន​ពីរ​បី​ប៉ុណ្ណឹង​ទេ»។ លោក​ថា​សម្ភារៈ​មាន​ដូច​ជា​កុំព្យូរទ័រ គ្រឿង​សង្ហារឹម សម្ភារៈ និង​របស់របរ​ផ្សេង​ទៀត​មិន​បាន​ដាក់​បង្ហាញ​អ្នក​ដេញ​ថ្លៃឃើញ​នោះទេ​។​

លោក​បន្ថែម​ថា៖ «ជីវភាព​របស់​ពួក​យើង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង យើង​បាន​រង់ចាំ​ដំណោះស្រាយ​មួយ​ឆ្នាំ​មក​ហើយ»។​

ក្រុម​កម្មករ​​បាន​បន្ត​​ចែក​វេនគ្នា​យាម​រោង​ចក្រ​២៤​ម៉ោង​លើ​២៤​ម៉ោង ដែលការណ៍​នេះ​បានធ្វើ​ឡើង​តាំងពីខែ​មិថុនា មក​ម្លេះ ខណៈម្ចាស់​រោងចក្រ​បាន​ព្យា​យាម​ជាច្រើន​ដង​ដើម្បី​ដឹក​សម្ភារៈ​រោងចក្រ​ចេញ​។​

កម្មករ​ម្នាក់​ទៀត អ្នកស្រី សួរ សុជាតិ ​វ័យ​៤១​មួយ​ឆ្នាំ ដែល​បានចូល​រួម​​មើល​ការ​ដេញ​ថ្លៃ​កាលពីថ្ងៃពុធ ដែរ​នោះ​បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​បរាជ័យ​នេះ។ អ្នក​ស្រី​កត់​សម្គាល់​ថា​អ្នក​ទិញ​មិន​បាន​ឃើញ​សម្ភារៈ​ផ្សេងៗជា​ច្រើន​ទៀត ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ចាប់​អារម្មណ៍​ទិញ​នោះទេ​។​

អ្នកស្រី​បន្ថែមថា៖ «​ពេល​អ្នក​ទិញ​មិន​អាច​មើល​ឃើញ​ទំនិញ​បាន​ច្រើន​ដូច​ដែល​ពួកគេ​ចង់ នោះ​ពួកគេ​នឹង​ឲ្យ​តម្លៃទាប»។ អ្នកស្រី​បន្តថា​ ខ្លួន​មិន​អាច​រក​ការងារ​បានធ្វើទេ តាំងពី​រោង​ចក្រ​បាន​បិទ​មក​។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ មាន​ប្រ​សាសន៍ថា​ គណៈកម្មការ​ដាក់​ដេញ​ថ្លៃ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ នឹង​រៀប​ចំការ​ដេញ​ថ្លៃនេះ​ជា​ថ្មី​ម្ដង​ទៀត​។​

លោក​បន្ថែមថា៖ «​យើង​ពិតជា​ចង់​បាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​មិន​មាន​អ្នក​ទិញ​ច្រើនទេ​ចាប់​អារម្មណ៍​លើ​ការ​ដេញ​ថ្លៃនេះ។ យើង​បារម្ភពីជីវភាព​របស់​បងប្អូនកម្មករ ប៉ុន្តែ​នីតិវិធី​ច្បាប់​មិន​អាច​ធ្វើ​លឿន​ដូច​អ្វី​ដែល​យើង​ចង់​នោះទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Workers still unpaid as auction of seized factory equipment fails again

371 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម