រដ្ឋសភាកម្ពុជាបានអនុម័តថវិកាជាតិឆ្នាំ២០២៥ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដោយបានបង្កើនការចំណាយរួមជាមួយនឹងការជំរុញដល់វិស័យការពារជាតិ ក្រសួងមហាផ្ទៃ និងវិស័យសេវាសាធារណៈមួយចំនួនដូចជាធនធានទឹក ខណៈពេលដែលកាត់បន្ថយថវិកាសម្រាប់វិស័យដទៃ។ យ៉ាងណាក៏ដោយ សមាជិកសង្គមស៊ីវិលបានសម្ដែងការព្រួយបារម្ភចំពោះការកាត់បន្ថយទៅលើក្រសួងសុខាភិបាល និងបរិស្ថាន។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ថវិកាជាតិឆ្នាំ២០២៥ ត្រូវបានកំណត់ចំនួន៩.៣២ពាន់លានដុល្លារ (៣៧,៩៥០ពាន់លានរៀល) លើស១៨ភាគរយនៃ GDP ឆ្នាំ២០២៤ និងកើនឡើង២.៣ភាគរយធៀបនឹង៩.១ពាន់លានដុល្លារកាលពីឆ្នាំមុន។
ក្រសួងចំនួន២៣នឹងឃើញការដំឡើងថវិកានៅឆ្នាំក្រោយ។ ក្រសួងធនធានទឹកនាំមុខជាមួយនឹងថវិកាជាតិចំនួន៨៥.៦៨លានដុល្លារ ហើយវិស័យអប់រំដែលមានជាង៦១លានដុល្លារតាមពីក្រោយ និងមហាផ្ទៃដែលមានទឹកប្រាក់ជាង៤០លានដុល្លារ ដែលជាវិស័យដែលបានច្រើនជាងគេ។
ក្រសួងការពារជាតិគ្រោងនឹងទទួលបានការបែងចែកថវិការដ្ឋច្រើនជាងគេក្នុងចំណោមក្រសួងទាំងអស់ ដែលមានទឹកប្រាក់សរុបជិត៧៣៩លានដុល្លារ។
ទន្ទឹមនឹងនោះ ក្រសួងចំនួនប្រាំមួយក្នុងវិស័យសេវាសាធារណៈបានកាត់បន្ថយ ដោយក្រសួងសុខាភិបាលទទួលច្រើនជាងគេគឺជិត១៤០លានដុល្លារ។ ថវិកាសម្រាប់ក្រសួងបរិស្ថាននឹងត្រូវកាត់បន្ថយប្រហែល៨លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងកិច្ចប្រជុំសភាពេញអង្គកាលពីថ្ងៃពុធថា ថវិកាថ្មីមានគោលបំណង «ជំរុញសកម្មភាពគោលនយោបាយសំខាន់ៗ» និងអនុវត្តកំណែទម្រង់ដែលសមស្របទៅនឹង «ទិដ្ឋភាពក្នុងស្រុក និងពិភពលោកដែលកំពុងវិវត្តន៍» របស់កម្ពុជា។ លោកបានបន្តថា វាស្វែងរកការរីកចម្រើនជាអតិបរមាទៅកាន់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី «បញ្ចកោណ» នៃរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោកបានបន្តថា៖ «មនុស្សត្រូវបានកំណត់ជាអាទិភាពគន្លឹះទី១ ហើយផ្លូវទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក»។
លោក សឿង សារឿន នាយកប្រតិបត្តិនៃអង្គការវេទិកាបានស្វាគមន៍ចំពោះការកើនឡើងនៃការចំណាយលើវិស័យអប់រំ និងសេវាសង្គម ដោយលោកបានចាត់ទុកថា វាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ពីការព្រួយបារម្ភជុំវិញការកាត់ថវិការបស់ក្រសួងសុខាភិបាល។
លោកបញ្ជាក់ថា៖ «ក្នុងស្ថានភាពសុខភាពប្រជាពលរដ្ឋកំពុងមានបញ្ហាប្រឈមទាំងជំងឺឆ្លង និងមិនឆ្លង ថវិកាសម្រាប់វិស័យសុខាភិបាលក៏គួរតែត្រូវបានបង្កើនផងដែរ»។
លោក សារឿន ក៏បានសង្កត់ធ្ងន់ថា ថវិកាជាតិគួរតែជួយដល់ការអភិវឌ្ឍន៍មីក្រូសេដ្ឋកិច្ច ជាពិសេសកាត់បន្ថយការចំណាយ និងការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារតាមសហគមន៍។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិ ដែលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលើកកម្ពស់តម្លាភាព បានសរសើរយុទ្ធសាស្ត្រហិរញ្ញវត្ថុសម្រាប់ការជំរុញធនធានមនុស្ស និងការពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ទោះយ៉ាងណា លោក ពិសី បានសម្ដែងការព្រួយបារម្ភចំពោះការចំណាយលើផ្នែកយោធា និងថវិកាមានកម្រិតសម្រាប់សុខភាពកម្ពុជា។
ទាក់ទងនឹងការពង្រីកការចំណាយលើវិស័យយោធានោះ លោក ពិសី បានបញ្ជាក់ថា មិនគួរមានអាទិភាពទេ ព្រោះចំណូលរដ្ឋនៅមានកម្រិតទាប។
លោកថ្លែងថា៖ «កម្ពុជាគួររក្សាចំណាយផ្នែកយោធាក្នុងកម្រិតមួយគ្រប់គ្រាន់ដើម្បីរ៉ាប់រងការចំណាយបច្ចុប្បន្ន និងកាត់បន្ថយការទិញសព្វាវុធ»។ លោកបន្តថា៖ «រដ្ឋាភិបាលគួរតែប្តូរទិសដៅថវិកាពីវិស័យការពារជាតិទៅវិស័យផ្សេងទៀត ដែលអាចជួយកសាងសេដ្ឋកិច្ច ជាពិសេសវិស័យអប់រំដោយផ្តោតទៅលើការកសាងធនធានមនុស្ស និងពង្រឹងវិសាលភាព និងគុណភាពវិស័យសុខាភិបាល»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មិនអាចបញ្ជាក់ពីមូលហេតុនៃការកាត់បន្ថយថវិកានេះបានទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ក្រសួងនៅតែបំពាក់ឧបករណ៍សម្រាប់អភិរក្ស និងការពារធនធានធម្មជាតិ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក កុយ វ៉ាន់នី និងអ្នកនាំពាក្យក្រសួងអប់រំ ឃួន វិច្ឆិកា មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ទាំងអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
(រាយការណ៍បន្ថែមដោយ ពូ សូរាជីនី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ 2025 Budget Approved; Defense leads, Health Funds Cut