សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាគមអាដហុកដាក់លិខិតទៅក្រសួងមហាផ្ទៃស្នើឱ្យមានចំណាត់ការលើរដ្ឋបាលក្រុងកំពង់ចាម

ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សមាគមអាដហុកបានដាក់លិខិតទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ដោយ​ទាមទារឱ្យក្រសួងពិនិត្យមើលអាជ្ញាធរមូលដ្ឋានដែលបានចុះដកស្លាកនៅស្នាក់ការខេត្ដកំពង់ចាមលើសារដោះលែង លោក កើត សារ៉ាយ ដែលបានចាប់ខ្លួនកន្លងមក ខណៈក្រសួងមហាផ្ទៃថា នឹងពិនិត្យក្រោយទទួលលិខិត។

យោងតាមលិខិតដែលសមាគមអាដហុកបានដាក់ទៅក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៤ ខែកក្កដា​នេះ អាជ្ញាធរខេត្ដកំពង់ចាមបានចុះធ្វើសកម្មភាពចំនួន២ដងដោយលើកទី១កាលពីថ្ងៃទី៨ ខែកក្កដា និងលើកទី២នៅថ្ងៃទី១៧ ខែកក្កដា ខណៈស្នាក់ការបានបិទទ្វារស្រាប់តែអាជ្ញាធរ​មាន​គ្នា១០នាក់ចុះទៅកាត់បដាដែលទាមទារឱ្យដោះលែងលោក កើត សារ៉ាយ ទម្លាក់ចោលដោយមិនឱ្យសមាគមដឹងដោយចោទថាការលើកបដាខុសទីតាំង។

លិខិតដដែលនេះ ទាមទារឱ្យរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក ស សុខា ពិនិត្យ​ ជួយអន្ដរាគមន៍ និងមានចំណាត់ការលើអាជ្ញាធរក្រុងកំពង់ចាម ខណៈសកម្មភាពទាំងនោះដឹកនាំដោយ លោក ចាន់ រស្មី ស្នងការរងខេត្ដកំពង់ចាម។

សមាគមអាដហុកយល់ឃើញថា សកម្មភាពអាជ្ញាធរខេត្ដកំពង់ចាមបានបង្ហាញពីការរឹតត្បិតទៅលើសិទ្ធិបញ្ចេញមតិសង្គមស៊ីវិល ដែលសេរីភាពនេះត្រូវបានធានាយ៉ាងពេញលេញដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយដែលរដ្ឋាភិបាលជារដ្ឋហត្ថលេខីផង។

សមាគមអាដហុកបង្កើតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩១ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០០។

បើតាមលោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក បានឱ្យដឹងពីគោលបំណងពីការដាក់លិខិតទៅក្រសួងមហាផ្ទៃថា ការដាក់លិខិតទៅក្រសួងមហាផ្ទៃដើម្បីឱ្យក្រសួងមានចំណាត់ការ និងបើកលំហសកម្មភាពអង្គការសមាគមឡើងវិញ។ លោកបានហៅសកម្មភាពអាជ្ញាធរខេត្ដកំពង់ចាមកំពុងបំផ្លាញលំហសិទ្ធិសេរីភាពដែលចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកបន្តថា អង្គការ សមាគម គឺជាដៃគូររដ្ឋាភិបាលក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសបើសកម្មភាពរឹតត្បិតនេះចេះតែបន្ដ វារឹតតែធ្វើរដ្ឋាភិបាលកាន់តែខាតប្រយោជន៍។

មន្រ្ដីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា៖ «គោលបំណងដែលយើងដាក់ទៅក្រសួងមហាផ្ទៃនេះ គឺដើម្បីឱ្យក្រសួងពិនិត្យមើលសកម្មភាពអាជ្ញាធរខេត្ដកំពង់ចាមលើអាដហុកខុស ឬត្រូវ។ ខ្ញុំយល់ថា វាជាការរឹតត្បិតសកម្មភាពអង្គការសង្គមដែលគ្រាន់បង្ហាញមតិរបស់ខ្លួនលើសកម្មជនសង្គម ហើយយើងច្រើនដងមកហើយមិនមែនតែម្ដងណា វាច្រើនដងហើយលើការទាមទារហ្នឹងបង។ យើងដាក់ដើម្បីឱ្យក្រសួងគាត់មានវិធានការលើរឿងហ្នឹងបង»

បើតាមការអះអាងរបស់មន្រ្ដីសមាគមអាដហុកប្រចាំខេត្ដកំពង់ចាម បានលើកឡើងថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នាព្រឹកម៉ោង៨កន្លះមានកម្លាំងស្នងការរងខេត្ដកំពង់ចាមចំនួន៣នាក់ និងខាងប៉ុស្ដិ៍សង្កាត់វាលវង់២នាក់សរុប៥នាក់បានចុះមកស្នើឱ្យទម្លាក់បដាពីការទាមទារដោះលែងលោក កើត សារ៉ាយ និងស្នើឱ្យបុគ្គលិកអាដហុកបំពេញប្រវត្ដិរូបសង្ខេប និងលិខិតដោះដូរទីតាំងរបស់សមាគម។

លោក នី សុខា ប្រធានសមាគមអាដហុក បានចាត់ទុកថា រាល់ការរារាំងរបស់អាជ្ញាធរលើសង្គមស៊ីវិលគឺផ្ទុយនឹងច្បាប់។ យ៉ាងណាលោកទាមទារឱ្យក្រសួងចេញមុខដោះស្រាយដើម្បីធានាពីសិទ្ធិសេរីភាពដែលចែងក្នុងរដ្ឋធម្មនុញ្ញដោយលើកឡើងសកម្មភាពអាជ្ញាធរខេត្ដកំពង់ចាមធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសមាគមដែលតម្កល់នៅក្រសួងមហាផ្ទៃ។

លោកថ្លែងថា៖ «ខ្ញុំស្នើដល់ក្រសួងមេត្ដាជួយចេញមុខអន្ដរាគមន៍ និងពន្យល់ដល់មន្រ្ដីថា្នក់ក្រោមឱ្យយល់ពីសកម្មភាពរបស់អង្គការសមាគមផងដើម្បីជៀសវាងការបង្អាក់សកម្មភាពបែបនេះ។ វាជាការរឹតត្បិតសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»

មាត្រា ៣១ និង ៤១នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូភាព កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងសន្តិសុខជាតិ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។

ជុំវិញករណីនេះ ខេមបូចា មិនអាចសុំការបំភ្លឺពីលោក ចាន់ រស្មី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមបានទេដោយទូរសព្ទចូលគ្មានអ្នកលើក។

ចំណែកលោក លោក​ សេង ឈុន នាយកផ្នែកនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមបានបញ្ជាក់ថា សកម្មភាពចុះរុះរើលើកទី២នេះ លោកមិនបានដឹងនោះទេដោយលោករុញឱ្យ ខេមបូចា ទៅសាកសួរស្នងការខេត្ដ។

លោកបន្ដថា៖ «ខ្ញុំអត់ទេ ខ្ញុំអត់បានចុះទៅទេលើកនេះ លោកទៅសួរស្នងការបានដឹង»

តែយ៉ាងណាលោកធ្លាប់បានបញ្ជាក់មក ខេមបូចា ម្ដងហើយថា ខាងស្នងការបានស្នើឱ្យអាដហុក​ទម្លាក់បដាទាមទារចោលដោយសំអាងថា ការចាប់ខ្លួនលោក កើត សារ៉ាយ នៅភ្នំពេញ ហើយការលើកបដានៅខេត្ដកំពង់ចាមទើបតម្រូវឱ្យទម្លាក់ចោល។ នាយកផ្នែករូបនេះគូសបញ្ជាក់ថា ការស្នើឱ្យទម្លាក់នេះគ្មានគោលបំណងអ្វីផ្សេងនោះទេ។

លោកថ្លែងថា៖ «លោកស្នងការរងគាត់ចុះទៅ គាត់សុំថារឿងនេះកើតនៅភ្នំពេញទេ ដែលចាប់ហ្នឹងណា…។ ស្នងការរងគាត់សុំដាក់តែភ្នំពេញបានហើយ កំពង់ចាមអត់មានរឿងហ្នឹងកើតទេ គាត់សុំប៉ុណ្ណឹង។ អត់ទេបង មានតែប៉ុណ្ណឹងបង»

ស្រដៀងគ្នាដែរលោក ហួច សេងហាក់ មេប៉ុស្ដិ៍នគរបាលវាលវង់ បានបញ្ជាក់ថា លោកមិនដឹងរឿងរ៉ាវនៃការចុះរុះរើលើកទី២នោះទេ។ លោកគ្រាន់តែថ្លែងថា៖ «ពូអត់ដឹងផង អរគុណ»

កាលពីដើមឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបច្ចុប្បន្នមាន ចំនួន ៦ ២៧៩ ក្នុងនោះ សមាគមមាន ចំនួន ២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៣ ៥៣២ ត្រូវបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ ខេមបូចា ក្រោយពីទទួលបានលិខិតសមាគមអាដហុកថា ក្រសួងនឹងពិនិត្យលិខិតដែលសមាគមបានដាក់មក។ តែយ៉ាងណាលោកជំរុញឱ្យអង្គការសមាគមទាំងអស់ត្រូវពិនិត្យអង្គច្បាប់ឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យមានការភាន់ច្រឡំក្នុងការបកស្រាយផ្សេង។

លោកថ្លែងថា៖ «យើងទទួលគ្រប់លិខិតស្នាមដែលដាក់មកក្រសួងដើម្បីធ្វើការពិនិត្យ»

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រ​ធា​នវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា ការប្រើសិទ្ធិបញ្ចេញមតិវាជារឿងសំខាន់ណាស់ក្នុងប្រទេសប្រជាធិបតេយ្យដែលវាទាមទារឱ្យមានការចូលរួម។ លោកបន្ដថា ក្រសួង និងរដ្ឋាភិបាលគួរពិនិត្យមើលលើសកម្មភាពមន្រ្ដីរបស់ខ្លួនដើម្បីធានាថាការអនុវត្ដវាស្របតាមច្បាប់ ឬវាផ្ទុយ។ យ៉ាងណាលោកថា ការបើកលំហសិទ្ធិសេរីភាពសម្រាប់សង្គមប្រជាធិបតេយ្យមិនអាចខ្វះបាន។

លោកថ្លែងថា៖ «ក្នុងសង្គមប្រជាធិបតេយ្យវាទាមទារឱ្យមានការចូលរួមគ្រប់ភាគីដើម្បីឱ្យចូលរួមបានវាទាល់តែមានសេរីភាពនិយាយស្ដី ការជួបជុំ។ ការចូលរួមគ្រប់ភាគីដើម្បីឱ្យអាជ្ញាធរកែលម្អកំហុសឆ្គង។ ការបិទលំហសេរីភាពវាស្ទះដល់ការអភិវឌ្ឍប្រទេស»

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះលើបណ្តឹង​​សុំនៅក្រៅឃុំរ​បស់​មេធាវី​ការ​​ពា​រ​សិទ្ធិ​ឱ្យ​ លោក កើត​ សារ៉ាយ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ភូ ពៅស៊ុន សាលាឧទ្ធរណ៍ បានសម្រេចបដិសេធ​បណ្តឹងសុំនៅក្រៅឃុំ​​​របស់មេធាវីការ​ពារក្តីឱ្យលោក កើត សារ៉ាយ។ លោក​បន្តថា ការ​សម្រេច​មិន​ឱ្យ​ជនជាប់ចោទនៅក្រៅ​ឃុំនេះ ​ក្រុមប្រឹក្សាជំនុំជម្រះបានលើកហេតុផលថា ដោយសារ​នីតិវិធី​ស៊ើបអង្កេតក្នុងសំណុំរឿងនេះ​​នៅមិនទាន់បញ្ចប់ និងខ្លាចជន​ជាប់ចោទ​​រត់​គេច​ខ្លួន។

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន លោក កើត សារ៉ាយ ខណៈលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន ទៅតាម​ដីកា​បញ្ជាឱ្យចូលខ្លួន​របស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ៕

317 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម