សមត្ថកិច្ចខេត្ដកំពង់ចាមឱ្យសមាគមអាដហុកដកចេញបដាដែលទាមទារឱ្យដោះលែងលោក កើត សារ៉ាយ ដោយអះអាងថា ខុសទីតាំងនៃការទាមទារ ខណៈសង្គមស៊ីវិលថា សកម្មភាពនេះបង្ហាញការរឹតត្បិតសិទ្ធិបញ្ចេញមតិ និងលំហសេរីភាព។
លោក សេង ឈុន នាយកផ្នែកនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានប្រាប់ ខេមបូចា ថា ខាងស្នងការបានស្នើឱ្យសមាគមអាដហុកទម្លាក់បដាទាមទារចោលដោយសំអាងថា ការចាប់ខ្លួនលោក កើត សារ៉ាយ នៅភ្នំពេញ ហើយការលើកបដានៅខេត្ដកំពង់ចាមទើបតម្រូវឱ្យទម្លាក់ចោល។ នាយកផ្នែករូបនេះគូសបញ្ជាក់ថា ការស្នើឱ្យទម្លាក់នេះគ្មានគោលបំណងអ្វីផ្សេងនោះទេ។
លោកថ្លែងថា៖ «លោកស្នងការរងគាត់ចុះទៅគាត់សុំថារឿងនេះកើតនៅភ្នំពេញទេ ដែលចាប់ហ្នឹងណា…។ ស្នងការរងគាត់សុំដាក់តែភ្នំពេញបានហើយ កំពង់ចាមអត់មានរឿងហ្នឹងកើតទេ គាត់សុំប៉ុណ្ណឹង។ អត់ទេបង មានតែប៉ុណ្ណឹងបង»។
ខេមបូចា មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ចាន់ រស្មី ស្នងការរងខេត្ដកំពង់ចាមបានទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។
ដោយឡែកសម្រាប់លោក ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហាបញ្ជាឱ្យទម្លាក់បដាទាមទារដោះលែងលោក កើត សារ៉ាយ ដោយលោកថា កំពុងប្រជុំ។
លោកថ្លែងថា៖ «ជាប់ប្រជុំ។ ក្បាលមេក្រូនៅឮនៅឡើយ កុំរំខានពេក បានហើយ»។
ចំណែកលោក ហួច សេងហាក់ មេប៉ុស្ដិ៍នគរបាលវាលវង់ បានបញ្ជាក់ថា សកម្មភាពដែលលោកចុះគឺដើម្បីស្រង់វត្ដមាន និងតម្រូវឱ្យខាងសមាគមសហការនឹងអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ លោកថា ករណីទាមទារឱ្យទម្លាក់បដាចុះមិនពាក់ព័ន្ធខាងលោកទេ។
លោករៀបរាប់ថា៖ «ខាងលើគាត់[ស្នងការ]អ្នកចុះមក ខ្ញុំចុះស្រង់ស្ថិតិប្រជាពលរដ្ឋទេ ខាងខ្ញុំបើគាត់បើកកន្លែងត្រូវជម្រាបជូនមកខាងខ្ញុំ ខ្ញុំចុះស្រង់ការងារហ្នឹងទេបង»។
មន្រ្ដីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដកំពង់ចាម លោកស្រី ធីម ណារីន បានលើកឡើងថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នាព្រឹកម៉ោង៨កន្លះមានកម្លាំងស្នងការរងខេត្ដកំពង់ចាមចំនួន៣នាក់ និងខាងប៉ុស្ដិ៍សង្កាត់វាលវង់២នាក់សរុប៥នាក់បានចុះមកស្នើឱ្យទម្លាក់បដាដែលទាមទារដោះលែងលោក កើត សារ៉ាយ និងស្នើឱ្យបុគ្គលិកអាដហុកបំពេញប្រវត្ដិរូបសង្ខេប និងលិខិតដោះដូរទីតាំងរបស់សមាគម។
លោកស្រីបានបញ្ជាក់ថា ស្នងការខេត្តរងលោក ចាន់ រស្មី និងខាងប៉ុស្ដិ៍ បានចុះអន្ដរាគមន៍ឱ្យខាងអាដហុកទម្លាក់បដាដែលទាមទារឱ្យដោះលែងលោក កើត សារ៉ាយ។ លោកស្រីបន្ដទៀតថា ខ្លួនបានពន្យល់ពីការចងបដាមុខស្នាក់ការធ្វើឡើងទូទាំងប្រទេសដើម្បីលើកកម្ពស់សិទ្ធិបញ្ចេញមតិ ខណៈលោកស្រីថា ស្នងការរងបានស្នើឱ្យទម្លាក់ដោយថា កន្លែងស្នាក់ការមិនចំគោលដៅ ព្រោះកើតហេតុនៅភ្នំពេញ។
លោកស្រីបានពន្យល់ថា៖ «ខ្ញុំឆ្លើយនឹងគាត់[ស្នងការរងចាន់ រស្មី]ថា ការដាក់ស្លាកនេះមិនមែនជាការដាក់ស្លាកឯកជន ឯកឆន្ទៈទេ វាជាគោលការណ៍របស់សមាគមហើយដាក់ទូទាំងប្រទេស ប៉ុន្ដែគាត់នៅតែស្នើឱ្យយើងទម្លាក់ គាត់ថាគាត់ពិបាកនិយាយនឹងស្នងការបើយើងមិនព្រមទម្លាក់ ខ្ញុំក៏សម្រេចចិត្ដដោះចេញទៅ»។
លោកស្រី ណារីន ឱ្យដឹងថា ការទាមទារអាជ្ញាធរជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលពលរដ្ឋតែងតែប្រើដើម្បីសម្ដែងសិទ្ធិដែលចែងក្នុងច្បាប់។ យ៉ាងណាអ្នកស្រីទទូចឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពឱ្យបានពេញលេញ។
លោកស្រីបានបន្ថែម៖ «លំហសេរីភាពបញ្ចេញមតិត្រូវបានរឹតត្បិត។ សុំឱ្យរដ្ឋាភិបាលបើកលំហសេរីភាពហ្នឹងឱ្យបានពេញលេញដើម្បីឱ្យពលរដ្ឋប្រើប្រាស់សិទ្ធិពេញលេញរបស់ខ្លួនដែលខ្លួនចង់សម្ដែងចេញ និងចង់ធ្វើ»។
មាត្រា៣១ និង៤១នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូភាព កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងសន្តិសុខជាតិ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបច្ចុប្បន្នមាន ចំនួន ៦ ២៧៩ ក្នុងនោះ សមាគមមាន ចំនួន ២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៣ ៥៣២ ត្រូវបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ។
ខេមបូចា មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេដោយលោកចូលមើលសារ ប៉ុន្ដែគ្មានការឆ្លើយតប។
ខេមបូចា មិនអាចសុំការបញ្ជាក់បន្ថែមបងស្រីលោក កើត សារ៉ាយ គឺអ្នកស្រី កើត យី បានទេលើស្ថានភាពលោក កើត សារ៉ាយដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសម១ តែយ៉ាងណាអ្នកស្រីធ្លាប់ប្រាប់ ខេមបូចា ថា អ្នកស្រីបានទៅមើលប្អូននៅពន្ធនាគារ ហើយលោកក៏ប្រឈមនឹងបញ្ហាលំបាកក្នុងពន្ធធនាគារដោយសារតែអាកាសធាតុក្ដៅ។
អ្នកនាង នឿន ស្រីណែត ជាគូរដណ្ដឹងលោក កើត សារ៉ាយ បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែកក្កដា ថា កាលពីថ្ងៃទី៨ ខែកក្កដា ខ្លួនបានទៅសួរសុខទុក្ខលោក កើត សារ៉ាយ ខណៈអ្នកនាងថា ស្ថានភាពលោក កើត សារ៉ាយ ធម្មតា។ អ្នកនាងនៅតែទទូចឱ្យតុលាការដោះលែងគូរដណ្ដឹងខ្លួនពោលគឺលោក កើត សារ៉ាយ ឱ្យបាននៅក្រៅឃុំតាមការស្នើរបស់មេធាវី។ អ្នកនាងបន្ដថា លោក សារ៉ាយ ជាមនុស្សស្អាតស្អំ ដែលវាផ្ទុយពីបទចោទលើរូបលោក។
អ្នកនាងនិយាយថា៖ «ខ្ញុំទៅមើលគាត់បង សុខភាពគាត់អត់អីទេបង គ្រាន់តែផ្ដាសាយបន្ដិចបង។ខ្ញុំស្នើឱ្យតុលាការដោះលែងគាត់ឱ្យមានសេរីភាពវិញ គាត់ជាមនុស្សស្អាតស្អំមិនបានប្រព្រឹត្ដដូចការចោទទេ»។
សម្រាប់លោក នី សុខា ប្រធានសមាគមអាដហុក បានហៅសកម្មភាពអាជា្ញធរខេត្ដកំពង់ចាមថា ជាការរំលោភរដ្ឋធម្មនុញ្ញដែលបានចែងពីសិទ្ធិក្នុងការបញ្ចេញមតិ។ លោកបញ្ជាក់បន្ថែមថា បើតាមច្បាប់របស់អង្គការសមាគមដែលដាក់ទៅក្រសួងមហាផ្ទៃមិននិយាយពីការហាមឃាត់សិទ្ធិបញ្ចេញមតិតាមរយៈសកម្មភាពអាជា្ញធរមានសមត្ថកិច្ចចុះទៅប្រមូលប្រវត្ដិរូបឡើយ។ តែយ៉ាងណាលោកជំរុញឱ្យក្រសួងមហាផ្ទៃពិនិត្យមើលអាជ្ញាធរមូលដ្ឋានរបស់ខ្លួនក្នុងការអនុវត្ដច្បាប់ដោយសំអាងថា ការប្រើរូបភាពនេះនឹងរងការរិៈគន់សហគមន៍អន្ដរជាតិ។
លោកថ្លែងថា៖ «ខ្ញុំគិតថាសកម្មភាពនេះមិនបានផ្ទុយនឹងច្បាប់ទេគឺស្របច្បាប់។ ខ្ញុំស្នើឱ្យរដ្ឋាភិបាលពិនិត្យ និងបើកលំហសិទ្ធិសេរីភាពដើម្បីអាចឱ្យពលរដ្ឋបញ្ចេញមតិតាមរដ្ឋធម្មនុញ្ញ»។
ការអះអាងស្រដៀងគ្នានេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានថ្លែងថា សកម្មភាពរបស់អាជ្ញាធរខេត្ដកំពង់ចាមនេះបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលបានចែងដោយទាមទារឱ្យបើកលំហសិទ្ធិដែលតាមគន្លងប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា សំណុំរឿងលោក កើត សារ៉ាយ កំពុងនៅសាលាដំបូងរាជធានីភ្នំពេញនៅឡើយ។
លោកបន្ដថា៖ «ខ្ញុំឱ្យរដ្ឋាភិបាលពិនិត្យមើលបញ្ហានេះឡើងវិញ ជៀសវាងកម្ពុជារងការរិៈគន់ពីសហគមន៍អន្ដរជាតិលើផ្នែកសិទ្ធិមនុស្ស អ្នកខាតគឺពលរដ្ឋ»។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ភូ ពៅស៊ុន បានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្តីឱ្យលោក កើត សារ៉ាយ។ លោកបន្តថា ការសម្រេចមិនឱ្យជនជាប់ចោទនៅក្រៅឃុំនេះ ក្រុមប្រឹក្សាជំនុំជម្រះបានលើកហេតុផលថា ដោយសារនីតិវិធីស៊ើបអង្កេតក្នុងសំណុំរឿងនេះនៅមិនទាន់បញ្ចប់ និងខ្លាចជនជាប់ចោទរត់គេចខ្លួន។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន លោក កើត សារ៉ាយ ខណៈលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែមេសា បានសម្រេចចោទប្រកាន់លើជនសង្ស័យ ឈ្មោះ កើត សារ៉ាយ និងគូកន ពីបទមិនរាងចាល និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៤ បានចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការសោកស្តាយ ចំពោះការចាប់ខ្លួន លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប។
សេចក្តីថ្លែងការណ៍រួម បានលើកឡើងទៀតថា ការឃាត់ខ្លួន និងឃុំខ្លួន លោក កើត សារ៉ាយ ជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបង្ក្រាបទៅលើសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
សេចក្តីថ្លែងការណ៍រួម បានអំពាវនាវថា៖ «សូមសាលាដំបូងរាជធានីភ្នំពេញ មេត្តាទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងបើកចំហសេរីភាពក្នុងការបញ្ចេញមតិ ឱ្យបានពេញលេញដល់ពលរដ្ឋ ដែលខ្វល់ខ្វាយពីបញ្ហាសង្គម»។
កាលពីពេលកន្លងទៅសមាគមបានស្វែងរកមូលនិធិជួយលោក កើត សារ៉ាយ ខណៈ UN អំពាវនាវឲ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស។
គួររំលឹកថា កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ត្រូវបានតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ម្តងរួចមកហើយ ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពមួយរូបនាពេលនោះ ក្រោយពីលោក រ៉ុង ឈុន បានអត្ថាធិប្បាយជុំវិញការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម៕