សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការនាំចេញកសិផលទៅ​អូស្រ្តាលីកើនឡើង ប៉ុន្តែកសិករចង់បាន​រោងចក្រកែច្នៃក្នុង​ស្រុក ព្រោះតម្លៃពេលនេះនៅទាប

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Derek Yip ភ្លក្សគ្រាប់​ផ្លែឈើក្រៀម​ដែល​ជាផលិតផល​ក្នុង​ស្រុក​​​​ ពេល​លោក​ចុះ​ទៅ​ជួប​ជាមួយ​ក្រុម​ហ៊ុន​ Royal Trust Trading Co., Ltd ដែល​រៀបចំ​នាំ​ផលិតផល​ទាំងនេះ​ចេញ​ទៅ​អូស្រ្តាលី​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥​។ (រូបភាព៖ ខៀវ ចរិយា/CAPRED)
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Derek Yip ភ្លក្សគ្រាប់​ផ្លែឈើក្រៀម​ដែល​ជាផលិតផល​ក្នុង​ស្រុក​​​​ ពេល​លោក​ចុះ​ទៅ​ជួប​ជាមួយ​ក្រុម​ហ៊ុន​ Royal Trust Trading Co., Ltd ដែល​រៀបចំ​នាំ​ផលិតផល​ទាំងនេះ​ចេញ​ទៅ​អូស្រ្តាលី​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥​។ (រូបភាព៖ ខៀវ ចរិយា/CAPRED)

កម្ពុជា​បាន​នាំ​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើក្រៀម​ចំនួន​១២​តោន​ទៅ​កាន់​ប្រទេស​អូស្រ្តាលីជា​លើក​ដំបូង ហើយ​ការ​ដឹក​ជញ្ជូន​ជើង​ទី​ពីរ​ក៏​បាន​រៀបចំដឹក​ជញ្ជូន​រួចរាល់​ដោយ​មាន​បន្ថែម​កសិផល​ជា​ច្រើន​មុខ​ទៀត​។ ការ​នាំ​ចេញ​នេះ​បង្ហាញ​ពី​សញ្ញាវិជ្ជមាន​សម្រាប់​កសិផល​​កម្ពុជា ប៉ុន្តែ​កសិករ​លើកឡើង​ថា ​បញ្ហា​តម្លៃគ្មាន​ស្ថិរភាព និង​កង្វះរោងចក្រកែច្នៃក្នុង​ស្រុក​នៅ​តែជាកត្តា​ប្រឈម​ ហើយ​ពួក​គាត់​បាន​ជំរុញ​ឱ្យ​អ្នក​កែច្នៃ​ក្នុង​ស្រុក​ធានាឱ្យបាន​នូវ​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​។​

កម្ពុជា​បាន​ពង្រីក​ទីផ្សារ​ថ្មី​របស់​ខ្លួន ហើយ​ក្រុម​ហ៊ុន​ Royal Trust Trading (RTT)​ ​បាន​នាំ​ចេញ​ជា​លើក​ដំបូង​នូវ​គ្រាប់​ស្វាយចន្ទី ស្វាយ​ក្រៀម ខ្នុរ​ក្រៀម ចេក​ក្រៀម និង​ត្រាវចំណិត​ក្រៀម​។​នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​។​

ការ​នាំចេញ​ជើង​ទី​មួយ​ទៅអូស្រ្តាលីនេះ ក្រុម​ហ៊ុន​ RTT បាន​ដឹក​ចេញ​គ្រាប់ធញ្ញជាតិ និង​ផ្លែឈើក្រៀម​​ចំនួន​១២​តោន ហើយ​ជើងទី​ពីរ​គឺ​បាន​រៀប​ចំរួចរាល់​ និង​មាន​បន្ថែម​ផលិផល​ច្រើន​មុខ និង​បរិមាណក៏​ច្រើន​ជាង​មុន។​

ការនាំចេញនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ CAPRED បាន​ផ្ដល់​​ជំនួយបច្ចេកទេសបណ្តុះបណ្តាលលើការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការផ្សារភ្ជាប់ក្រុមហ៊ុនទាំងនោះទៅបណ្ដាញទីផ្សារនានា។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Derek Yip ថ្លែង​ក្នុង​សេចក្ដីប្រកាសព័ត៌មាន​ថា​​អូស្រ្តាលីមាន​ការប្ដេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង​​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា និង​គាំទ្រការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងលើសកលលោក។

លោក​មាន​ប្រសាសន៍ថា៖ «កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយគាំទ្រទៅដល់គោលដៅរបស់​ប្រទេសកម្ពុជា​នូវការចាក​ចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចប្រកបដោយជោគជ័យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក៏នឹងជួយបង្កើន​នូវ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងប្រទេសយើងទាំងពីរ»។

លោក ឈិន សុផល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RTT មាន​ប្រសាសន៍​ថា ការនាំចេញនេះ បង្ហាញពីការកើនឡើងនៃសមត្ថភាពរបស់សហគ្រាសក្នុងស្រុក ក្នុងការឆ្លើយតបទៅនឹងតម្រូវការសកលលោក។​

លោក​បន្ថែម​ថា៖ «ពួកយើងជឿថា ការនាំចេញនាពេលនេះគ្រាន់តែជាចំណុចចាប់ផ្តើម​ប៉ុណ្ណោះ ហើយផលិតផលកម្ពុជាជាច្រើនផ្សេងទៀត នឹងអាចមានវត្តមានលើទីផ្សារអូស្ត្រាលី និងប្រទេសដទៃទៀតនៅពេលខាងមុខ»។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ដែរថា ​កិច្ចខិតខំប្រឹងប្រែងសហការ គឺជា​គន្លឹះ​ជំរុញការនាំចេញផលិតផលកម្ពុជា និង​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កែច្នៃ​នៅ​កម្ពុជា​។​

កម្មករ​កំពុង​លើ​កេស​ផ្លែ​ឈើ​ក្រៀម​ដាក់​ចូល​ទូកុងទីន័រ​​ត្រៀម​នាំចេញ​ទៅ​ប្រទេស​អូស្រ្តាលី​​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥​។ នេះ​ជាការនាំ​ចេញ​លើក​ទី​មួយ​របស់​កម្ពុជា​​ទៅ​កាន់​អូស្រ្តាលី​​តាម​រយៈក្រុមហ៊ុន​ Royal Trust Trading​។ (រូបភាព៖ ខៀវ ចរិយា/CAPRED)

លោក ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ច​នៃរាជបណ្ឌិត្យសភាកម្ពុជា​មានប្រសាសន៍​ថា ​អូស្រ្តាលី​ជាទី​ផ្សារ​ល្អ​មួយ ​ព្រោះ​ប្រទេស​នេះជា​​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)​។ ការ​ទទួល​ស្គាល់​គុណភាព​ផលិត​ផល​កម្ពុជា​ពីសំណាក់​ប្រទេស​អូស្រ្តាលី​បែបនេះ​ អាច​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​បណ្ដាប្រទេស​ជា​សមាជិក RCEP ផ្សេង​ទៀត​ចង់នាំចូល​កសិផល​ពី​កម្ពុជា​ដែរ​។​

លោក​កត់​សម្គាល់​ថា ការ​នាំចេញ​នេះ​ជា​ជំហាន​មួយ​ជំរុញ​ការ​វិនិយោគ​លើ​ការ​កែច្នៃ​កសិផល ប៉ុន្តែ​លោក​ថា​សមត្ថភាព​កែច្នៃ​របស់​កម្ពុជា​នៅ​មាន​កម្រិត​បើ​ធៀប​ទៅ​នឹង​ប្រទេសជិត​ខាង។ លោក​ជំរុញ​ឲ្យ​មាន​ការ​លើក​ទឹកចិត្ត​ឲ្យ​កាន់តែ​ខ្លាំង​ក្លា និង​មានការ​វិនិយោគបន្ថែម​លើ​វិស័យ​មួយ​នេះ ព្រម​ជាមួយ​នឹង​ការ​បង្កើន​ប្រសិទ្ធភាព​ការ​ដាំ​ដុះ លើក​កម្ពស់​អនាម័យ និង​ស្ដង់ដារ​ប្រកប​ដោយ​និរន្តរភាព​ ព្រម​ជាមួយ​នឹង​នីតិវិធី​នាំ​ចេញ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

លោក​បន្ថែម​ថា៖ «យើងត្រូវធានាឱ្យបាននូវការដាំដុះរបស់យើងឱ្យបានល្អ មានគុណភាព ហើយប្រព័ន្ធផលិតកម្មរបស់យើងមានអនាម័យស្តង់ដារខ្ពស់ និងធានាឱ្យមាននិរន្តរភាព ហើយភ្នាក់ងារក្នុងវិស័យសាធារណៈត្រូវតែសម្របសម្រួលប្រព័ន្ធរដ្ឋបាលនាំចេញឱ្យបានប្រសើរ កុំបង្កើនភាពស្មុគស្មាញ»។

​ពាណិជ្ជកម្មរវាង​​កម្ពុជា​ និង​អូស្រ្តាលីមាន​ទំហំ​គិត​ជា​ទឹកប្រាក់​១,១ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ ហើយជាង​៧០​ភាគរយ​​ជាការនាំចេញ​ទៅ​កាន់ប្រទេស​អូស្រ្តាលី​។​

ថ្វី​បើ​ការ​នាំ​ចេញ​នេះ​ហាក់​បង្ហាញពី​ភាព​វិជ្ជមាន​នៃ​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​នាំ​ផលិតផល​កសិកម្ម​កម្ពុជា​ចេញ​ទៅ​អូស្រ្តាលី តែកសិករ​នៅ​តែមាន​ក្ដី​បារម្ភ​ចំពោះ​វិស័យ​មួយ​នេះ​​។​

កម្មករ​កំពុង​ប្រមូលផល​ស្វាយ​ក្នុង​ចម្ការ​មួយ​កន្លែង​ក្នុង​ខេត្តកំពត​។ រូបភាព​ថតកាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២៤​។ (ខេមបូចា)

លោក នុក ប៊ុនថន ជា​កសិករមួយ​រូប​ដែល​បាន​ដាំដុះស្វាយ​ចន្ទីនៅខេត្ត​កំពង់ធំ​អស់រយៈពេល​ជិត​ប្រាំពីរ​ឆ្នាំ​។​ លោក​ថា​លោកពិត​ជា​សប្បាយ​ចិត្ត​ដែល​ឃើញ​ក្រុម​ហ៊ុន​របស់​កម្ពុជា​ជោគជ័យ​ក្នុង​ការនាំ​គ្រាប់ស្វាយចន្ទីចេញ​ទៅអូស្រ្តាលី​។​

យ៉ាងណា ​លោក​ថា ​កសិករ​ក្នុង​ស្រុក​នៅ​តែ​ប្រឈម​នឹង​ការ​លំបាក​ដោយសារតែ​តម្លៃ​មិន​មានស្ថិរភាព​។ ទោះបី​ឆ្នាំនេះឈ្មួញទិញ​គ្រាប់ស្វាយ​ចន្ទីស្ងួតដឹក​ទៅវៀតណា​ម​ឱ្យ​​តម្លៃ​៥២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ ក៏​លោក​នៅ​តែជំរុញ​ឲ្យ​មានក្រុម​ហ៊ុន​កែច្នៃក្នុង​ស្រុក​ដើម្បី​បង្កើន​ការ​ប្រកួត​ប្រជែង និង​ធ្វើ​ឲ្យ​តម្លៃ​កាន់តែល្អ​។​

លោក​អំពាវ​នាវ​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​នានា​សម្រួលនីតិវិធី​កិច្ច​សន្យាឱ្យ​មាន​ភាព​សាមញ្ញ ដើម្បី​​កសិករអាចនឹង​មានភាពងាយ​ស្រួល​ក្នុងការ​លក់​ដោយ​ផ្ទាល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​។​

លោក​បញ្ជាក់ថា៖ «ក្រុមហ៊ុនភាគច្រើនទិញពីសហគមន៍ ដូច្នេះកសិករត្រូវបង្កើតជាក្រុមដើម្បីលក់ទៅឱ្យក្រុមហ៊ុន។ តែលោកថា លក់ឱ្យឈ្មួញកណ្តាលគឺងាយស្រួលជាង ដោយសារពួកគេមកទិញដោយផ្ទាល់»។ លោកបន្តថា៖ «ក្រុមហ៊ុន​តម្រូវ​ឱ្យ​មាន​កិច្ច​សន្យា​ដោយ​សារ​តែ​ពួក​គេ​ត្រូវ​ការ​ចំនួន​ជាក់លាក់​នៃ​គ្រាប់​ស្វាយ​ចន្ទី ប៉ុន្តែការធ្វើដូច្នេះ​អាច​នឹង​លំបាក​សម្រាប់​កសិករ​»។

លោក​កត់​សម្គាល់ថា ​តម្លៃ​ដែល​ក្រុម​ហ៊ុន​ដាក់ឲ្យ​តែង​តែ​ទាប​ជាង​ក្រុម​ឈ្មួញ​កណ្ដាល​បន្តិច​​។ ស្របពេល​ដែល​ឈ្មួញកណ្ដាល​កំពុង​ឱ្យ​តម្លៃ​ល្អ​ លោក​លើក​ឡើងដែរថា បើសិនជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ចាកចេញ នោះ​ឈ្មួញ​កណ្ដាល​អាចនឹង​ក្រឡុក​តម្លៃ និង​ទិញ​ក្នុង​តម្លៃទាប​។​ ហេតុ​នេះ​ហើ​យ​លោក​ថា​​ការមានក្រុម​ហ៊ុន​កែច្នៃក្នុង​ស្រុក​ច្រើន​ និង​មាន​លក្ខខណ្ឌ​បត់បែន​សម្រាប់​កសិករ នោះ​នឹង​ជំរុញ​ឲ្យ​ទីផ្សារ​គ្រាប់ស្វាយ​ចន្ទីកាន់តែ​ល្អ។​

ប្រហាក់ប្រហែល​គ្នា​នេះដែរ លោក អ៊ុំ សុភា ជាសមាជិកសហគមន៍កសិកម្មសាមគ្គីតំបែរ និង​ជា​កសិករ​ដាំស្វាយ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ក៏​បាន​លើក​ពី​កង្វល់​រឿង​តម្លៃ​មិន​មាន​ស្ថិរភាព​នេះដែរ។​

លោក​លើក​ឡើងថា៖ «ការលក់តម្លៃស្វាយនេះវាអត់ទៀងទេបើក្នុងទីផ្សាសេរី ក្នុងខែ៩ ឬខែ៨ ក្នុងឆ្នាំ២០២៤ យើងលក់បានតម្លៃ១២០០រៀលក្នុងមួយគីឡូក៏ប៉ុន្តែមកដល់ចុងខែ៩ វាចុះរហូតមកដល់៣០០រៀល៤០០រៀល។  កសិករធ្វើរាល់ថ្ងៃនេះធ្វើទាំងប្រថុយមិនគិតថាចំណេញទេ ព្រោះរកតម្លៃជាក់លាក់មួយវាអត់មានទេ»។

កង្វះទីផ្សារ​សម្រាប់​ផ្លែស្វាយ​នៅ​ដើម​ឆ្នាំនេះ បានធ្វើ​ឲ្យ​កសិករ​ជាច្រើន​បាន​បោះចោល​ផ្លែ​ស្វាយ​របស់​ខ្លួន​រាប់​តោន​។​

លោក​កត់សម្កាល់ថា ​ប្រហែល​ជា​៨០ភាគរយ​នៃ​ទិន្នផល​ស្វាយ​គឺ​លក់​ឲ្យ​ឈ្មួញ​កណ្ដាល និង​នាំចេញ​ទៅ​វៀតណាម​។ ស្រប​ពេល​ដែល​មានរោងចក្រ​ក្នុង​ស្រុក​ខ្លះ​បាន​ទាក់ទង​កសិករ ប៉ុន្តែរោងចក្រ​ទាំងនោះ​នៅ​ឆ្ងាយ​ពី​ចម្ការ មានដូច​ជានៅ​បាត់ដំបង និង​កំពង់ស្ពឺ ដែល​នាំ​ឲ្យ​ការ​ដឹក​ជញ្ជូន​មាន​តម្លៃថ្លៃ និង​ការ​ចរចាតម្លៃ​ក៏​មាន​ការ​លំបាក​។​

លោក​លើកឡើងថា៖ «បើមានក្រុមហ៊ុនចូលមកជួយកែឆ្នៃផលិតផលក្នុងស្រុកខ្ញុំសប្បាយចិត្តណាស់ និងស្វាគមន៍ជានិច្ចចំពោះការផ្គត់ផ្គង់ដំណាំស្វាយទៅក្រុមហ៊ុនដើម្បីជួយរកចំណូលក្នុងស្រុក ដើម្បីជួយធ្វើទីផ្សារបានកាន់តែទូលំទូលាយ និង​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ»។ លោកបន្តថា៖ «យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននានា ហើយសង្ឃឹមថាដំណើរការក្នុងស្រុកនឹងរីកចម្រើន និងនាំយកផលិតផលរបស់យើងទៅក្រៅប្រទេស»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Agro Exports to Australia Rise But Farmers Call for Increased Processing Plants As Pricing Woe Persists

ព័ត៌មានថ្មី

អត្ថបទពេញនិយម