សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

CCHR លើកឡើងថា សេរីភាពសារព័ត៌មាននៅតែបន្តធ្លាក់ចុះ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣

អ្នកសារព័ត៌មានចូលយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។ អ្នកសារព័ត៌មាន VOD និង VOA មិនត្រូវបានអនុញ្ញាតឲ្យចូលទេ។
អ្នកសារព័ត៌មានចូលយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។ អ្នកសារព័ត៌មាន VOD និង VOA មិនត្រូវបានអនុញ្ញាតឲ្យចូលទេ។

កម្រិតសេរីភាពនៃការបញ្ចេញមតិ សេរីភាព​សារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌​មាន នៅ​ក្នុង​ប្រទេសកម្ពុជានៅមានកម្រិតទាប ហើយបរិយាកាសការងារសម្រាប់អ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សគឺ «កាន់តែគ្រោះថ្នាក់»  នេះ​បើ​យោង​តាម​របាយការណ៍មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​កាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងរបាយ​ការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពី​ស្ថានភាពសេរីភាព​នៃការបញ្ចេញមតិ​ សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​ទទួលបានព័ត៌មាន​ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​បាន​លើកឡើង​ថា រដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់នូវ ស្ថានភាពធ្លាក់ចុះនៃសេរីភាពការបញ្ចេញមតិ  នៅក្នុង​ប្រទេសនេះ ហើយកម្ពុជាត្រូវប្រើ​ពេលវេលា​យូរទៀត មុនពេលសិទ្ធិទទួលបានព័ត៌មានត្រូវបានតម្កល់​។

អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកនេះបានលើកឡើង​ថា ស្ថានភាព «មិនល្អ​» ទាក់​ទងនឹងសិទ្ធិ​ទទួលបានព័ត៌មាន គឺពាក់ព័ន្ធជាពិសេសនៅក្នុងពេលវេលា​មុន​ការបោះ​​ឆ្នោត​​ជ្រើសរើស​តំណាងរាស្ត្រ​នៅខែកក្កដាឆ្នាំក្រោយ។

លោក ហួន ផន ជាអ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មាន​ប្រសាសន៍ថា បើ​ប្រៀបធៀបរបាយការណ៍របស់អង្គការនេះ​កាលពីឆ្នាំមុន និងឆ្នាំនេះបាន​បង្ហាញ​ថា សេរីភាពសារព័ត៌មាននិងសេរីភាព​ការបញ្ចេញមតិមិនមានភាពប្រសើរឡើងទេ។

លោក​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ ​អំឡុង​ពេល​សន្និសីទ​កាសែត​ថា៖​ «របាយការណ៍ដែលយើងបានចេញ នៅឆ្នាំមុន និងនៅឆ្នាំនេះ យើងឃើញថា និយាយពីស្ថានភាពនៃសារព័ត៌មាន និងបញ្ចេញមតិ យើងឃើញថាវាអត់មានអីរីកចម្រើននោះទេ»។

របាយ​ការណ៍ថ្មីនេះបាន​លើក​ឡើង​ថា ក្រៅពី​ច្បាប់ដែលមាន​លក្ខណៈគាបសង្កត់ឬត្រូវបានពន្យារពេល ដូចជាច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌​មានដែលគេទន្ទឹងរង់ចាំ​យូរមកហើយនោះ​ ការបំភិតបំភ័យ ការតាមឃ្លាំមើល ការគំ​រាម​កំហែងនិងការ​យាយីតាមប្រព័ន្ធតុលាការ «ត្រូវបានប្រើប្រាស់ជាប្រចាំ ដើម្បីផ្តោត​គោលដៅលើ​អ្នកដែលហ៊ាននិយាយ» ស្របពេល​អ្នកសារព័ត៌មាននិងសកម្មជនគឺ​ជាគោលដៅ​ចម្បងរបស់រដ្ឋាភិបាល។

យ៉ាងហោចណាស់អ្នកកាសែត២០នាក់បានប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២១​ ដល់ខែសីហា ឆ្នាំ២០២២ ដោយ១៤នាក់ត្រូវបានឃុំខ្លួននិង២នាក់ត្រូវបានផ្តន្ទាទោសដោយសារ​ការ​ធ្វើ​សេចក្តីរាយការណ៍ព័ត៌មាន​របស់ពួកគេ​។ អ្នកការពារសិទ្ធិមនុស្សចំនួន១៣នាក់ប្រឈមមុខនឹងវិធានការផ្លូវច្បាប់ក្នុងរយៈពេលដូចគ្នាផងដែរ​ ដោយតុលាការ​បានឃុំខ្លួនមនុស្សចំនួន៤នាក់ និងផ្តន្ទាទោសចំនួន៤នាក់ផ្សេងទៀត។

CCHR បានអះអាងថា៖ «អ្នកសារព័ត៌មាននៅតែបន្តជួប​ការលំបាក​ក្នុងការទទួលបានព័ត៌មានដែលរៀប​ចំដោយមន្ត្រីសាធារណៈ» ដោយបន្ថែមថា មាន​ការ​ចុះផ្សាយ​ពី​សេចក្តី​សម្រេចរបស់​តុលាការចំនួន២០លើ​កក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែតម្លាភាពរបស់តុលាការនៅមាន​កម្រិត​ទាប។

CCHR បានសម្ភាសអ្នកកាសែត១៨នាក់និងអ្នកការពារសិទ្ធិមនុស្ស៥នាក់ ព្រមទាំងបានចងក្រងទិន្នន័យពីប្រព័ន្ធផ្សព្វផ្សាយនិងសេចក្តី​រាយការណ៍អំពី​ករណី​មួយ​ចំនួន​។

អ្នកកាសែត១០នាក់ក្នុងចំណោម១៨នាក់ដែលត្រូវបានស្ទង់មតិបាននិយាយថាការគំរាមប្រើវិធាន​ការផ្លូវច្បាប់ គឺជាការគំរាមកំហែងមួយ​ក្នុង​ចំណោម​ការ​គំរាម​កំហែង​ដ៏ធំបំផុតចំពោះសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះ។

CCHR បានលើក​ឡើង​ថា អំឡុងពេលសរសេររបាយ​ការណ៍នេះ​ រដ្ឋាភិបាលបានលុប​ចោល​អាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួនបួនជុំវិញការចោទប្រកាន់ថា បានបំពាន​លើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន​និងកិច្ចសន្យា ហើយការរឹតត្បិតខ្លួនឯង(self-censorship)នៅតែបន្តកើនឡើង។

អ្នកកាសែត៧នាក់ក្នុងចំណោម១៨នាក់ដែលផ្តល់​បទ​សម្ភាសន៍បាននិយាយថាពួក​គេរឹតត្បិតខ្លួនឯង ដោយជៀសវាងការចុះផ្សាយព័ត៌មានណាដែលអាចធ្វើ​ឲ្យ​ឥស្សរជនដែល​មាន​អំណាចមិន​សប្បាយ​ចិត្ត​។

ការរំលោភសិទ្ធិអ្នកសារព័ត៌មាន និងបញ្ហាប្រឈមនៃការ​ធ្វើ​សេចក្តី​រាយការណ៍ កើត​មាន​ជុំវិញ​​ប្រធានបទ «រសើប» មួយចំនួន ដូចជាវិវាទដីធ្លីនិងវិវាទការងារ ការបំផ្លិចបំផ្លាញបរិស្ថាននិងអំពើពុករលួយជា​ដើម​។

ក្នុងចំណោមអ្នកសារព័ត៌មានស្ត្រីចំនួនប្រាំបីនាក់ដែលបានស្ទង់មតិ មានប្រាំមួយនាក់បានរាយការណ៍ថា ពួកគេប្រឈមនឹងការលំបាកក្នុងការអនុវត្តការងាររបស់ខ្លួន​ ដោយសារតែបញ្ហា​យេនឌ័ររបស់ពួកគេ រួមទាំងការបៀតបៀនផ្លូវភេទនិងបញ្ហាប្រឈមក្នុងការប្រមូលព័ត៌មាន ជាពិសេសពេល​ចុះ​យក​ព័ត៌មាន​ផ្ទាល់​។

CCHR បានលើក​ឡើង​ថា ដើម្បីធានាបាននូវសេរីភាពនៃការបញ្ចេញមតិ សេរីភាព​​សារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានកាន់តែប្រសើរឡើង រដ្ឋាភិបាលគួរតែលុបចោលឬធ្វើវិសោធនកម្មច្បាប់ដែលមានបញ្ហា ដោះ​លែង​និងទម្លាក់ការចោទប្រកាន់លើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិ ក៏ដូចជាធ្វើ​ការស៊ើបអង្កេតឧក្រិដ្ឋកម្មលើ​ពួកគេនិងធ្វើ​ឲ្យ​ប្រាកដថា មន្ត្រីបញ្ចេញព័ត៌មានដែលគ្រប់គ្រងដោយ​រដ្ឋាភិបាលដោយសេរី។

លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបាន​មានប្រសាសន៍ថា របាយ​ការណ៍ថ្មី​បំផុត​របស់ CCHR មិនមាន​អ្វី​ថ្មីទេ ហើយបានបង្ហាញពីរបៀបវារៈនយោបាយ ដែលមានចេតនាបំភាន់សាធារណជន និងមតិអន្តរជាតិអំពីស្ថានភាព​ជាក់ស្តែងក្នុងប្រទេស ដោយមិនបានព្យាយាមស្រាវជ្រាវស៊ីជម្រៅលើបញ្ហានេះ​ទេ។

លោកបានមានប្រសាសន៍ថា៖ «របាយការណ៍នេះវាមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងអំពីការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ» ដោយបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានកំពុងដំណើរការ។

ប៉ុន្តែបន្ទាប់ពីធ្វើការអស់រយៈពេលជាង១០ឆ្នាំលើសេចក្តីព្រាងច្បាប់នេះ គេមិនទាន់​បានអនុម័តច្បាប់​នេះ​នៅឡើយទេ បើទោះបីជាក្រុមសង្គមស៊ីវិលបាន​ធ្វើការជាមួយរដ្ឋាភិបាល ដើម្បីបញ្ចប់សេចក្តី​ព្រាងច្បាប់​នេះក៏ដោយ នេះ​បើ​តាម​លោកស្រី​ ហង្ស សម្ផស្ស ប្រធាន​ក្រុម​អ្នក​សារព័ត៌មាន​ស្ត្រី​កម្ពុជា។

លោកស្រី សម្ផស្ស មានប្រសាសន៍ថា ជាទូទៅ សេរីភាពនៃការបញ្ចេញមតិនៅក្នុង​កម្ពុជានៅតែបន្តរឹតត្បិតហើយប្រទេសនេះមានស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនតូចប៉ុណ្ណោះ។

លោក​ស្រី​ថ្លែង​ថា៖​ «​អញ្ចឹងសរុបមកទាំងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងសេរីភាពសារព័ត៌មានយើងត្រូវការឱ្យមានភាពល្អជាងនេះឆ្ងាយទៀត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ahead of 2023 Elections, Press Freedom Continues to Lag, CCHR Says

313 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម