សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជន​បរិស្ថាន​ដែល​​ចាប់​ខ្លួន​ត្រូវ​បាន​ដោះលែង​វិញ ​បន្ទាប់​ពី​សាកសួរ​​ពីរ​ថ្ងៃ

សកម្មជន​បរិស្ថាន​ប្រាំមួយ​នាក់​បណ្តើរ​ម៉ូតូ​ចេញ​ពី​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បន្ទាប់​ពី​ដោះលែងវិញ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។(រូបភាព៖ ម៉ា ចិត្រត្រា)
សកម្មជន​បរិស្ថាន​ប្រាំមួយ​នាក់​បណ្តើរ​ម៉ូតូ​ចេញ​ពី​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បន្ទាប់​ពី​ដោះលែងវិញ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។(រូបភាព៖ ម៉ា ចិត្រត្រា)

សកម្មជនបរិស្ថានចំនួនប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍​ ទី២៣ ខែវិច្ឆិកា នៅពេលកំពុងស៊ើបអង្កេតការកាប់​ឈើ​ខុសច្បាប់នៅជិតដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែង ត្រូវបានដោះលែង បន្ទាប់ពីការសាកសួររយៈពីរថ្ងៃពីកងរាជអាវុធហត្ថខេត្ត។

អ្នកជាប់ឃុំរួមមាន អ៊ូច ឡេង ម្ចាស់រង្វាន់ Goldman Environmental Prize ដែលត្រូវធ្លាប់បានចាប់ខ្លួន ហើយត្រូវបានដោះលែងនៅឆ្នាំ២០២១ ក្នុងអំឡុងពេលស៊ើបអង្កេតអេកូឡូស៊ីដូចគ្នា ហើយក៏ដូចជាសហការីយូរឆ្នាំ ហេង ស្រស់ និង មេន ម៉ាត់ ដែលត្រូវបានឃុំខ្លួនជាមួយគាត់នៅឆ្នាំនោះ។ ក្នុងនោះក៏មានអ្នក​កាសែត​ឯករាជ្យ និង​សកម្មជន​លោក តាត ឧត្តម អ្នក​សម្រប​សម្រួល​គម្រោង​បណ្តាញ​យុវជន​កម្ពុជា អូត ឡាទីន និង​សកម្មជន​បរិស្ថាន លោក ព្រំ ម៉ៅ ដែល​​ដំបូង​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ។

លោក សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ពីការដោះលែងក្រុមនេះនៅប្រហែលម៉ោង៣រសៀល នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា។ 

លោក សុភាព ប្រាប់ថា៖ «​យើងឱ្យគាត់ត្រទ្បប់ទៅវិញអស់ហើយ»។ លោក​បាន​បន្ត​ថា​ ការ​សាកសួរ​បន្ថែម​ទៅខាងអយ្យការ​​ដែល​កំពុង​ដោះស្រាយ​ករណី​នេះ។

លោក សុភាព បានបដិសេធចំពោះការអត្ថាធិប្បាយបន្ថែម និងសំណួរទាក់ទងនឹងលក្ខខណ្ឌនៃការដោះលែងនេះ។​

លោក ជា សុភ័ក្រ្ត អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង មិន​បាន​ឆ្លើយ​តប​តាម​ទូរសព្ទ​ច្រើន​ដង​។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានបញ្ជាក់ការសាទរការសម្រេចដោះលែងសមកម្មជនការពារបរិស្ថាន។

លោកបានថ្លែងថា៖​ «ខ្ញុំយល់ថា ពួកកាត់ជាសកម្មជនការពារព្រៃឈើបរិស្ថានធនធានធម្មជាតិ និងការសែតឯករាជ្យ មិនគួរត្រូវបានចាប់ ឬឃាត់ខ្លួ​នទេ សកម្មភាពរបស់គាត់ក្នុងន័យជួយការ​ពារ​ព្រៃឈើធនធានធម្មជាតិ។ ប៉ុន្តែការឃាត់ខ្លួនដោយសារទាក់ទងថា ការចូលតំបន់ការ​ពារ​គ្មាន​ការអនុញ្ញាតអីជាដើម ហើយមានការពាក់ព័ន្ធករណីផ្សេងៗទៀត ប៉ុន្តែតាមពិតទៅពួកគាត់​មិនគួរត្រូវបានឃាត់ខ្លួនទេ។ ហើយប្រសិនជាការដែលពួកគាត់ចូលតំបន់ដោយពុំមានការអនុញ្ញាតអី ក្នុងគោលបំណងតែមួយគឺការពារព្រៃឈើធនធានធម្មជាតិ»

បើយោង​តាម​លោក សំអាត ក្រុម​អង្គការ​លីកាដូ បាន​និយាយ​ខ្លីៗ​ជាមួយ​សកម្មជន​បន្ទាប់​ពី​ការ​ដោះលែង ប៉ុន្តែ​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​លក្ខខណ្ឌ​នៅ​ឡើយ។

លោក ម៉ែន គុង អ្នកនាំពាក្យខេត្តស្ទឹងត្រែង មានប្រសាសន៍ថា បុគ្គលទាំងប្រាំមួយនាក់ត្រូវបានដោះលែងបន្ទាប់ពីពិភាក្សាជាមួយមេធាវីរបស់ពួកគេ ហើយបន្ទាប់ពី «ទទួលស្គាល់កំហុសចំពោះការចូលក្នុងតំបន់ហាមឃាត់»។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​បាន​ព្រមាន​ពួកគេ​មិន​ឲ្យ​ចូល​តំបន់​នោះ​ទៀត​ទេ។

លោក​បាន​ថ្លែង​ថា​៖ «​ពួកគាត់​បាន​សារភាព​កំហុស និងទទួលយកនូវកំហុសដែលគាត់ពិតជាអនុវត្តខុសនឹងបម្រាមមែន​»​។ លោកបន្តថា៖ «​ពួកគាត់​បានបញ្ជាក់យ៉ាងច្បាស់ថា មិនអនុវត្តធ្វើអ្វីដែលខុសទៀតទេ ហើយទទួលយកនូវការណែនាំអប់រំ​​របស់​មន្ត្រី និង​ព្រះរាជអាជ្ញា​»​

សកម្មភាពបរិស្ថានចំនួនប្រាំមួយត្រូវបានស្វាគមន៍ដោយមិត្តភក្តិ និងក្រុមគ្រួសារបន្ទាប់​ពីការដោះលែងពីទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ (រូបភាព៖ ម៉ា ចិត្រត្រា)

ខេមបូចា ព័ត៌មាន មិនទាន់អាចផ្ទៀងផ្ទាត់បានថា តើតំបន់ដែលចោទសួរនោះត្រូវបានដាក់ជាតំបន់ច្បាស់លាស់ ដើម្បីហាមឃាត់រាល់ការចូលនោះទេ សូម្បីតែកិច្ចការពារបរិស្ថាន ឬការស៊ើបអង្កេតក៏ដោយ។

ករណីកន្លងមកពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជន អ្នកសារព័ត៌មាន និងអ្នកប្រឆាំងនៅកម្ពុជា បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ដោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានកត់ត្រាករណីដែលបុគ្គលត្រូវបានបង្ខិតបង្ខំឱ្យសារភាព ឬការសន្យាភក្តីភាពចំពោះគណបក្សកាន់អំណាច ក្រោមការគំរាមកំហែងនៃការចោទប្រកាន់ ឬបង្កគ្រោះថ្នាក់ដោយហេតុផលនយោបាយ ឬដល់គ្រួសាររបស់ពួកគេ។

អ្នកស្រី ជួប ស្រីនុត ភរិយាលោក ហេង ស្រស់ បានប្រាប់ ខេមបូចាព័ត៌មានថាអ្នកស្រីបានទៅជួបប្តីរបស់គាត់ នៅពេលគាត់ត្រូវដោះលែង ប៉ុន្តែនិយាយជាមួយគាត់បានខ្លីប៉ុណ្ណោះ។ អ្នកស្រីបាន​និយាយ​ថា លោក​បាន​ណែនាំ​នាង​ឲ្យ​ត្រឡប់​មក​ភ្នំពេញ​វិញ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា​លោក​នឹង​ទៅ​ណា​នោះ​ទេ។

វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​សមាជិក​នៃ​ក្រុម​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ឬ​ក៏​ពួកគេ​បាន​ទៅ​ទីណា​ចាប់​តាំង​ពី​ការ​ដោះលែង​របស់​ពួកគេ​មក។

ខណៈ ស្រីនុត បានសម្តែងការធូរស្បើយចំពោះការដោះលែងប្តីរបស់អ្នកស្រី។​ អ្នកស្រីបានសារភាពថា គាត់តែងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្តីរបស់គាត់ ដោយសារតែការងាររបស់គាត់ជាសកម្មជនបរិស្ថាន។

លោក ហេង គឹមហុង ប្រធាន​បណ្តាញ​យុវជន​កម្ពុជា (CYN) ក៏​បាន​បញ្ជាក់​ពី​ការ​ដោះលែង​បុគ្គល​ទាំង​៦​នាក់​នេះ​ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា មិន​ទាន់​និយាយ​ជាមួយ​ពួកគេ​នៅ​ឡើយ​ទេ។ លោក​បាន​បន្ថែម​ថា ក្រុម​នេះ​បាន​ផ្តល់​ស្នាម​មេដៃ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដោះលែង។

លោក​បានលើកឡើងថា៖ «ខ្ញុំ​ជឿ​ជាក់​ថា​ ការងារ​ការពារ​ធនធាន​ធម្មជាតិ​មិន​គួរ​ត្រូវ​បាន​ដាក់​កម្រិត​ទេ ប៉ុន្តែ​គួរតែត្រូវ​បាន​លើក​ទឹក​ចិត្ត​»។ ​លោក​បាន​មាន​ប្រសាសន៍​ថា ដោយ​យោង​ទៅ​លើ​ភាព​សំខាន់​នៃ​ការងារ​បរិស្ថាន​របស់​ក្រុម។

លោកបន្តថា៖ «ការដោះលែង​ពួកគេ​គឺជា​រឿង​ល្អ ប៉ុន្តែ​យើង​សង្ឃឹម​ថា​នឹង​មិន​មាន​ការ​ចាប់​ខ្លួន​អ្នក​ដែល​ធ្វើ​ការ​ដើម្បី​ការពារ​បរិស្ថាន​ទៀត​ទេ»

អ្នក​យក​ព័ត៌មាន នៅខេមបូចាព័ត៌មាន មិន​អាច​ទាក់ទង​សកម្មជន​ទាំង៦​នាក់​នោះ​ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Arrested Environmental Activists Freed After Two Days of Questioning

163 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម