មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីថ្នាក់ខេត្តជាច្រើនរូបបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងពេលរដ្ឋាភិបាលចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនេះ ខណៈមនុស្សប្រហែល២០ភាគរយដែលទៅចាំចាក់វ៉ាក់សាំង មិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ ក្រោមហេតុផលមានបញ្ហាសុខភាពប្រចាំកាយ។
រដ្ឋាភិបាលបានចាប់ផ្ដើមចាក់វ៉ាក់សាំងដល់ក្រុមគោលដៅសំខាន់ៗរួមមានអ្នកនយោបាយ ក្រុមគ្រូពេទ្យ និងក្រុមអ្នកសារព័ត៌មាន នៅតាមមន្ទីរពទ្យចំនួនបួនក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានទទួលវ៉ាក់សាំងស៊ីណូហ្វាមផលិតនៅប្រទេសចិន កាលពីថ្ងៃអាទិត្យ។ រដ្ឋាភិបាលបានខិតខំផ្សព្វផ្សាយដល់សាធារណជនថាវ៉ាក់សាំងនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាព។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថាមនុស្សចំនួន៤២៥នាក់បានទៅទទួលវ៉ាក់សាំងកាលពីថ្ងៃពុធ តែថាមនុស្សចំនួន៨៦នាក់ក្នុងចំណោមនោះមិនត្រូវបានអនុញ្ញាតឲ្យចាក់ ឬតម្រូវឲ្យត្រឡប់មកជាថ្មី ដោយសារតែបញ្ហាសុខភាព។
លោកស្រីបន្ថែមថា អ្នកដែលមិនបានចាក់នោះមានទាំងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានី ផងដែរ ដោយសារតែលោកមានជំងឺផ្ដាសាយខ្លាំង ហើយកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី លោក ឌី វិជ្ជា ក៏មិនបានចាក់ដែរ ដោយសារមានបញ្ហាសុខភាព។ លោកស្រី ក៏បានឲ្យដឹងដែរថា ខ្លួនលោកស្រីផ្ទាល់ក៏បានចាក់វ៉ាក់សាំងនេះរួចហើយដែរ និងពេលនេះមិនមានអារម្មណ៍ថាមានផលរំខានណាមួយកើតឡើងនោះទេ។
លោកស្រីឲ្យដឹងទៀតថា ឥស្សរជនមួយចំនួនមានជំងឺប្រចាំកាយ ដែលស្ថានភាពមិនធ្ងន់ធ្ងរ ហើយពួកគាត់អាចចាក់វ៉ាក់សាំងនេះបាន។
លោកស្រីបញ្ជាក់ថា៖ «ថ្ងៃនេះ ឥស្សរជនមួយចំនួនមានបញ្ហាលើសឈាម និងជំងឺទឹកនោមផ្អែម ប៉ុន្តែសុខភាពរបស់ពួកគាត់នឹងហ្នរ និងមិនធ្ងន់ធ្ងរ ដូចនេះក្រុមគ្រូពេទ្យបានសម្រេចចាក់វ៉ាក់សាំងជួនពួកគាត់»។
រដ្ឋាភិបាលបានឲ្យដឹងថាអ្នកមានជំងឺប្រចាំកាយមួយចំនួនដូចជាជំងឺថ្លើម មហារីក លើសឈាម ជំងឺបេះដូង ហឺត និងជំងឺមួយចំនួនទៀត គឺមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម នេះទេ។
បន្ថែមពីនេះ ក្រសួងសុខាភិបាលឲ្យដឹងដែរថាក្រុមវេជ្ជបណ្ឌិតចិនបានណែនាំមិនឲ្យចាក់វ៉ាក់សាំងនេះលើមនុស្សមានវ័យ៦០ឆ្នាំឡើងនោះទេ ដែលជាហេតុនាំឲ្យលោកនាយករដ្ឋមន្ត្រី និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតមិនបានទទួលវ៉ាក់សាំងនេះ។
លោកស្រី ឱ វណ្ណឌីន បានលើកសរសើរពីប្រសិទ្ធភាពវ៉ាក់សាំងនេះ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ករណីបន្ទាន់ កាលពីពីរសប្ដាហ៍កន្លងទៅ។ លោកស្រីបន្ថែមថា អាជ្ញាធរចិនបានអនុម័តឲ្យប្រើវ៉ាក់សាំងនេះ ហើយប្រជាជនចិនជាង៣០លាននាក់បានចាក់វ៉ាក់សាំងទាំងពីរប្រភេទគឺ SinovaxនិងSinopharm នេះរួចហើយដែរ។
កាលពីថ្ងៃពុធ អគ្គមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងនេះមុនគេ និងប្អូនៗប្រុសរបស់លោក មានលោក ហ៊ុន ម៉ានិត លោកសុខ ពុទ្ធិវុធ ត្រូវជាប្អូនថ្លៃ ជាអ្នកចាក់បន្ទាប់។ យុទ្ធនាការចាក់វ៉ាក់សាំងនេះបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គមផងដែរ ក្នុងគោលបំណងកាត់បន្ថយក្ដីកង្វល់របស់ប្រជាពលរដ្ឋលើប្រសិទ្ធភាពវ៉ាក់សាំង។
លោកស្រី ឱ វណ្ណឌីន ឲ្យដឹងបន្ថែមថាអ្នកចង់មកទទួលវ៉ាក់សាំងមិនគួរទទួលទានគ្រឿងស្រវឹងនោះទេ ក្នុងរយៈពេលចាក់លើកទី១ និងចាក់លើកទី២ និងក្រោយចាក់វ៉ាក់សាំងលើកទី២ ក៏ត្រូវតមគ្រឿងស្រវឹងមួយរយៈពេលខ្លីទៀតដែរ បើមិនដូចនេះទេ គ្រឿងស្រវឹងនឹងរំខានដល់ប្រសិទ្ធភាពវ៉ាក់សាំង។
កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថាវាជាការចាំបាច់ណាស់សម្រាប់មនុស្សយើងគ្រប់គ្នាទទួលបានវ៉ាក់សាំង ដើម្បីរួមគ្នាប្រឆាំងកូវីដ១៩។
លោកបន្ថែមថា៖ «ដូចនេះយើងអាចការពារខ្លួនយើង យើងអាចការពារក្រុមគ្រួសារ និងសង្គមជាតិរបស់យើង»។
លោកឲ្យដឹងទៀតថា គ្រូពេទ្យបានប្រាប់លោកឲ្យតមគ្រឿងសមុទ្រ និងគ្រឿងស្រវឹងបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ លោក ក៏បានអរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ១៩មកដល់កម្ពុជា។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា លោកស្រីមានអារម្មណ៍ធម្មតា ក្រោយពីចាក់វ៉ាក់សាំងនេះរួច។
លោកស្រីបញ្ជាក់ថា៖ «វ៉ាក់សាំងនេះល្អ និងមានប្រសិទ្ធភាព ព្រោះប្រសិទ្ធភាពរបស់វាមានដល់ទៅ៧៩ភាគរយ»។
Rachel Albalak នាយកប្រចាំប្រទេសរបស់មជ្ឈមណ្ឌលបង្កាជំងឺឆ្លងរបស់អាមេរិក មិនធ្វើអត្ថាធិប្បាយលើប្រសិទ្ធភាព ឬហានិភ័យនៃវ៉ាក់សាំងSinopharm នេះទេ។
Albalak មានប្រសាសន៍តាមរយៈសារអេឡិចត្រូនិចថា៖ «ដូចទៅនឹងវ៉ាក់សាំងថ្មីៗដែរ យើងកំពុងសិក្សាពីវា យើងមិនដឹងច្រើនពីSinopharmទេ ដូចនេះយើងមិនអាចធ្វើអត្ថាធិប្បាយបានទេ»។
Jaymond Jérome ទីប្រឹក្សាទំនាក់ទំនងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាននិយាយថាមន្ទីរពិសោធន៍មិនមានទំនាក់ទំនងជាមួយនឹងដំណើរការចាក់វ៉ាក់សាំងនេះទេ និងបានបង្វែរសំណួរនេះទៅក្រសួងសុខាភិបាលវិញ។
CamboJA មិនអាចទាក់ទងលោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាដើម្បីធ្វើអត្ថាធិប្បាយលើវ៉ាក់សាំងនេះបានទេ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបបានចាក់វ៉ាក់សាំងនេះ រួមមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។ សម្រាប់ថ្នាក់រដ្ឋមន្ត្រីមាន លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានចាក់វ៉ាក់សាំងនេះដែរ។
លោក ឃួង ស្រេង មានប្រសាសន៍ថាការចាប់ផ្ដើមចាក់វ៉ាក់សាំង គឺជាការបង្ហាញដល់អ្នកទាំងឡាយណាដែលគិតថាកម្ពុជានឹងមិនបានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ រហូតដល់បំណាច់ឆ្នាំ២០២២។
លោក ឃួង ស្រេង លើកឡើងថា៖ «ខ្ញុំមានមោទកភាពខ្លាំងណាស់ ព្រោះមនុស្សជាច្រើនគិតថាកម្ពុជា ជាប្រទេសក្រីក្រ និងបានវាយតម្លៃថាកម្ពុជានឹងទទួលវ៉ាក់សាំងរហូតដល់ចុងឆ្នាំ២០២២ ប៉ុន្តែឥឡូវនេះកម្ពុជាបានទទួលវ៉ាក់សាំងនៅដើមឆ្នាំ២០២១»។
សម្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ វិញ មានប្រសានស៍ដែរថាការបានចាក់វ៉ាក់សាំងនេះ បានជួយកាត់បន្ថយអារម្មណ៍ស្មុគស្មាញរបស់លោក ដែលតែងបារម្ភថានាំមេរោគនេះទៅដល់គ្រួសារ នៅពេលដែលលោកបានជួបជាមួយនឹងអ្នកផ្សេងៗ។
ចំណែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ វិញ ចង់ប្រាប់ទៅសាធារណជន ជាពិសេសក្រុមមនុស្សប្រឈមខ្លាំង ថាពេលនេះលោកមានអាមរម្មណ៍ធម្មតា និងថាគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងនេះ។
លោកបន្ថែមថា៖ «ខ្ញុំមិនមានលទ្ធភាពបកស្រាយថាការភ័យព្រួយស្ថិតក្នុងកំរិតទេ…..ពេលនេះខ្ញុំ និងមន្ត្រីរដ្ឋាភិបាលជាច្រើនទៀតនៅទីនេះគឺមិនមានអាការៈអីទេ បន្ទាប់ពីចាក់វ៉ាក់សាំង»។
បុរសវ័យ៤០ឆ្នាំម្នាក់ រស់នៅទីក្រុងភ្នំពេញ ឲ្យស្គាល់ឈ្មោះថា សុង មានប្រសាសន៍ថា លោកហាក់នៅស្ទាក់ស្ទើរទៅទទួលវ៉ាក់សាំង ព្រោះថាមានចំណុចហាមឃាត់ជាច្រើនសម្រាប់អ្នកមានជំងឺប្រចាំកាយ។
លោកបន្ថែមថា៖ «មានលក្ខខណ្ឌជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺប្រទាលត្រអាក អាឡាក់ស៊ី ហើយក្នុងប្រទេសរបស់យើងមនុស្សភាពច្រើនមានជំងឺមួយចំនួននោះ»។
ការសិក្សាមួយធ្វើឡើងនៅឆ្នាំ២០១៧ និងបានចុះផ្សាយក្នុងព្រឹត្តិបត្រ BMJ journal បានរកឃើញថា មានវិធីសាស្រ្តជាក់លាក់ក្នុងការពន្យាការវិវត្តនៃជំងឺជួយដល់សុខភាពអ្នកជំងឺ ដូចជាទឹកនោមផ្អែម ឬលើសឈាម និងថាមានអ្នកជំនាញតិចតួចនៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ជួយដល់អ្នកជំងឺទាំងនោះ ដើម្បីដោះស្រាយបញ្ហាសុខភាពរ៉ាំរ៉ៃទាំងនេះ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ As Cambodia’s vaccination drives starts, 20 percent of people turned away