ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជំរុញឱ្យពលករកម្ពុជានៅប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ ដោយកត់សម្គាល់ថា វិវាទព្រំដែននឹង«មិនអាចដោះស្រាយបានដោយងាយទេ» ខណៈដែលផ្តល់ឱ្យភាគីថៃនូវឱសានវាទរយៈពេល២៤ម៉ោង ដើម្បីដាក់ឱ្យដំណើរការច្រកព្រំដែនធម្មតាឡើងវិញ ឬប្រឈមនឹងផលវិបាកនៃការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា។
ការអំពាវនាវរបស់លោក ហ៊ុន សែន ដល់ពលករកម្ពុជានៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានសារពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹកមិញ ដែលបញ្ជាឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជួយដល់ពលករកម្ពុជាដែលមានឯកសារ និងគ្មានឯកសារ ដែលមានបំណងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។
ក្នុងសារពិសេសនៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឱ្យជួយពលករខ្មែរទាំងគ្មានឯកសារ និងគ្មានឯកសារ ដែលមានបំណងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ លោកក៏បានផ្តាំផ្ញើដល់ក្រសួងការងារ ឱ្យជួយធ្វើសមាហរណកម្មអ្នកត្រឡប់មកក្នុងកម្លាំងការងារក្នុងស្រុក ដោយលើកឡើងពីកង្វះកម្លាំងពលកម្មក្នុងវិស័យសំខាន់ៗ។
នៅថ្ងៃបន្ទាប់ ដោយថ្លែងក្នុងសារពិសេសមុនកិច្ចប្រជុំព្រឹទ្ធសភា លោក ហ៊ុន សែន បានបន្ទរការអំពាវនាវនេះ និងព្រមានពីការកើនឡើងនៃការរើសអើងពូជសាសន៍ និងការរើសអើង លើពលករកម្ពុជានៅក្នុងប្រទេសថៃ។
លោកបានថ្លែងថា៖ «យើងត្រូវតែទទួលយកពលរដ្ឋរបស់យើងត្រឡប់មកវិញ កុំឱ្យគេ(ថៃ)ប្រមាថ កុំទុកឱ្យគេ(ថៃ)ធ្វើបាប ព្រោះទង្វើការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើលករដ្ឋ ពលករកម្ពុជាកំពុងបានឡើងកម្ដៅ»។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱកាសការងារចំនួន២៣ម៉ឺនកន្លែង ហើយការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមានសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលករនៅប្រទេសថៃ ដែលមានបំណងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍នៅរាជធានីភ្នំពេញ។ វាជាការពិភាក្សាកម្រិតខ្ពស់លើកដំបូងចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែឧសភា។
លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានប្រសាសន៍ថា ការពិភាក្សានេះធ្វើឡើងក្នុងបរិយាកាសមិត្តភាព និងយោគយល់គ្នា និង«ពិភាក្សាគ្នាដោយបើកចំហទៅវិញទៅមកនិងប្រកបដោយភាពវិជ្ជមាន»។
យ៉ាងណាក៏ដោយ កម្ពុជាបានជំរុញឲ្យប្រទេសថៃដោះស្រាយបញ្ហាព្រំដែនជម្លោះទាំងបួនចំណុចនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កម្ពុជាបានច្រានចោលការប្រើប្រាស់ផែនទីឯកតោភាគីរបស់ប្រទេសថៃ ដែលមន្ត្រីកម្ពុជាចោទថា«ជាប្រភពដ៏ចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ»។
«អាកប្បកិរិយាបង្កហេតុ»
ទោះបីជាមានការផ្លាស់ប្តូរការទូតទាំងនេះក៏ដោយ ប្រទេសថៃបានកាត់បន្ថយម៉ោងប្រតិបត្តិការនៃច្រកព្រំដែនជាច្រើននៅថ្ងៃទី៧ ខែមិថុនា ដោយធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែតានតឹង។
ទាក់ទងនឹងការផ្លាស់ប្តូរម៉ោងប្រតិបត្តិការតាមព្រំដែន ភាគីថៃបានស្នើសុំចរចាជាមួយកម្ពុជា។ ទោះយ៉ាងណា លោក ហ៊ុន សែន បានឆ្លើយតបថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគី នោះវាជាការទទួលខុសត្រូវរបស់ពួកគេ មិនមែនជារបស់កម្ពុជាទេ ដែលត្រូវបើកព្រំដែនឡើងវិញ។
សូមរំលឹកថា ប្រទេសថៃបានកាត់បន្ថយម៉ោងប្រតិបត្តិការនៃច្រកព្រំដែនជាច្រើនកាលពីថ្ងៃទី៧ ខែមិថុនា បើទោះបីជា «ការផ្លាស់ប្តូរការទូត» ដែលធ្វើឱ្យទំនាក់ទំនងទ្វេរភាគីកាន់តែតានតឹង។
ភាគីថៃបានលើកឡើងថា ខ្លួនចង់ចរចាម៉ោងប្រតិបត្តិការជាមួយកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន បានឆ្លើយតបថា «ដោយសារយោធាថៃជាអ្នកបិទព្រំដែនជាឯកតោភាគី វាគឺជាការខុសត្រូវរបស់ពួកគេ មិនមែនកម្ពុជាទេ ក្នុងការបើកច្រកឡើងវិញ»។
ប្រធានព្រឹទ្ធសភា បានថ្លែងថា៖ «កុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែ ផ្លែឈើចូលកម្ពុជា ប៉ុន្តែដោយសារមានការសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ និងរវាងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីថៃ យើងពន្យាពេល២៤ម៉ោង ប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកឱ្យដូចដើមវិញទេ ថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនដែលហាមឃាត់ការនាំចូលផ្លែឈើ និងបន្លែមកកម្ពុជា»។
លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យនិស្សិតកម្ពុជាដែលកំពុងសិក្សាអាហារូបករណ៍នៅប្រទេសថៃ ត្រឡប់មកប្រទេសកំណើតវិញ ប្រសិនបើពួកគេត្រូវបានរារាំងមិនឲ្យបន្តការសិក្សា ឬប្រឈមនឹងការរើសអើង ដោយសន្យារ៉ាប់រងការចំណាយអាហារូបករណ៍ផ្ទាល់ខ្លួន។ លោកបន្ថែមថា អ្នកជំងឺខ្មែរដែលទទួលការព្យាបាលនៅប្រទេសថៃ ក៏គួរត្រឡប់មកមើលថែក្នុងប្រទេសវិញដែរ។
ដោយចាត់ទុកសកម្មភាពរបស់ប្រទេសថៃថា ជាការញុះញង់ លោក ហ៊ុន សែន បានចោទប្រកាន់ប្រទេសជិតខាងថា «ប្រកាសសង្គ្រាម» តាមរយៈអាកប្បកិរិយារបស់ខ្លួន ប៉ុន្តែបានរំលឹកឡើងវិញថាកម្ពុជាមិនស្វែងរកជម្លោះទេ។
លោកបានបញ្ជាក់ថា យោធាថៃបានបង្ហាញជំហរច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយបានប្រកាសសង្គ្រាម។ លោកបញ្ជាក់ថា កម្ពុជាមិនខ្វះអាវុធសម្រាប់ការពារខ្លួនទេ ប៉ុន្តែគ្មានចេតនាក្នុងការបង្កជម្លោះ។
លោកបានលើកឡើងថា៖ «យើងមិនខ្លាចទេព្រោះយើងសុចរិតគ្រប់គ្រាន់»។ លោកបានបន្ថែមថា៖«យើងហ៊ានទៅតុលាការ អ្នកមិនហ៊ានទៅទេព្រោះអ្នកខ្លាចហើយមានអាថ៌កំបាំងនយោបាយផ្ទាល់ខ្លួនពីក្រោយ»។
គំរាមពីរដងឱ្យទៅផ្ទះ
លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ (Central) បានលើកឡើងថា ពលករខ្មែរជាច្រើននាក់នៅក្នុងប្រទេសថៃព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។ ខណៈដែលភាគច្រើនបន្តធ្វើការ អ្នកដែលឆ្លងដែនជារៀងរាល់ថ្ងៃបានចាប់ផ្តើមត្រឡប់មកផ្ទះវិញ។
លោកបន្តថា គ្រួសារក្នុងប្រទេសកម្ពុជាបានជំរុញឲ្យសាច់ញាតិត្រឡប់មកវិញ ដោយខ្លាចថាពួកគេអាចនឹងត្រូវបណ្ដេញចេញ។
លោក សុផុន បានថ្លែងថា៖ «មនុស្សជាច្រើនព្រួយបារម្ភពីការបង្ខំចេញពីក្រៅ និងភ័យខ្លាចចំពោះសុវត្ថិភាព» ដោយបន្ថែមថាកម្មករមួយចំនួនកំពុងប្រឈមនឹងការរើសអើង ដោយអាជីវករថៃមិនព្រមលក់អាហារឲ្យពួកគេ ហើយអ្នកជិតខាងប្រាប់ពួកគេឲ្យចាកចេញ។
ពលករចំណាកស្រុក ម៉ិច សំណាង ដែលកំពុងធ្វើការក្នុងវិស័យសំណង់ គ្រោងនឹងត្រឡប់មកកម្ពុជាវិញ ខណៈភាពតានតឹងកំពុងកើនឡើងនៅព្រំដែនកម្ពុជា-ថៃ។
លោកបានមានប្រសាសន៍ថា៖ «នៅកន្លែងខ្លះ [មានករណី] និយោជករើសអើងយើង ហើយប្រាប់យើងឱ្យត្រឡប់ទៅផ្ទះវិញ»។
លោកឱ្យដឹងថា៖ «មានការរើសអើង ហើយវាទាក់ទងនឹងសុវត្ថិភាពរបស់យើង។ ខ្ញុំត្រូវបានគេគំរាមកំហែងពីរដង»។ ដែលធ្វើការនៅទីក្រុងបាងកករយៈពេលពីរបីឆ្នាំមកនេះ។
លោកបានសរសេរជាភាសាថៃនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ថា ប្រជាជនថៃកំពុងមើលងាយខ្មែរ។
លោកបានបន្ថែមថា៖ «អ្នកប្រព្រឹត្តតាមអំពើចិត្តដោយសារប្រទេសរបស់អ្នកធំជាងប្រទេសកម្ពុជា កម្ពុជាជាប្រទេសតូច ប៉ុន្តែយើងមានសុជីវធម៌ យើងមិនចង់បានសង្គ្រាមទេ ប៉ុន្តែអ្នកចង់។ អ្នកកំពុងព្យាយាមបង្កសង្គ្រាមនៅអាស៊ី។
បន្ទាប់ពីការបង្ហោះរបស់គាត់ អ្នកបញ្ចេញយោបល់ម្នាក់បានគំរាមគាត់ដោយនិយាយថាពួកគេនឹង «ប្រមូលផ្តុំមនុស្ស៤០០នាក់ដើម្បីវ៉ៃគាត់»។ និយោជករបស់គាត់ក៏បានស្តីបន្ទោសគាត់ចំពោះការ «បំផ្លាញក្រុមហ៊ុន» ហើយបានណែនាំគាត់ឱ្យត្រឡប់ទៅផ្ទះវិញ។

លោក ញឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានថ្លែងថា ច្រកទ្វារអន្តរជាតិព្រំ បានហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងការហាមឃាត់ឯកតោភាគីរបស់គយថៃ លើការនាំចូលបន្លែ និងផ្លែឈើពីកម្ពុជា រួមទាំងដំឡូងមីផងដែរ។
លោក ឈិន រតនៈ អ្នកនាំពាក្យខេត្តកោះកុង មានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងបន្តបញ្ឈប់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ តាមច្រកព្រំដែនទាំងអស់ ប្រសិនបើច្រកព្រំដែនទាំងនោះមិនបើកឡើងវិញ។
លោកបានថ្លែងថា៖ «ចាប់ពីថ្ងៃស្អែកទៅ បើថៃមិនបើកច្រកព្រំដែនទាំងអស់ឡើងវិញទេ យើងនឹងអនុវត្តអនុសាសន៍របស់សម្តេច [ហ៊ុន សែន]»។
លោកបន្ថែមថា ខេត្តកោះកុងបានត្រៀមរថយន្តក្រុងចំនួន១៣គ្រឿងសម្រាប់ដឹកកម្មករដែលមានបំណងត្រឡប់ទៅផ្ទះវិញ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Gives Thailand 24 Hours to Reopen Border Or Face Fruit and Vegetable Import Ban on June 17









