សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាមិនដែលបដិសេធបញ្ហាជួញដូរមនុស្ស ហើយនៅតែប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ

កម្ពុជាបានបណ្តេញបុរសជនជាតិជប៉ុនចំនួន២៥នាក់ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមទូរសព្ទតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
កម្ពុជាបានបណ្តេញបុរសជនជាតិជប៉ុនចំនួន២៥នាក់ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមទូរសព្ទតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មានរបាយការណ៍បរទេសអំពីប្រទេសកម្ពុជាស្តីពីការជួញដូរមនុស្ស ដែល «មិនសុក្រឹត ឬយុត្តិធម៌» ហើយបានបន្ទាបចំណាត់ថ្នាក់នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

លោក​បាន​ធានា​ថា រដ្ឋាភិបាល​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ពិសេស​ការ​ជួញ​ដូរ​មនុស្ស និង​ដើម្បី​ពង្រឹង​ការ​បង្ការ និង​បង្ក្រាប​នូវ​យុទ្ធសាស្ត្ររបស់​ឧក្រិដ្ឋជន ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា៖ «យើង​មិន​ដែល​បដិសេធ​ថា​យើងមិន​មាន​បញ្ហា​នេះ​ទេ។ កម្ពុជា​មិនដែលបដិសេធថាខ្លួនមិនមានបញ្ហាការជួញដូរមនុស្ស ឬបញ្ហាអសន្តិសុខផ្សេងទៀតនោះដែរ»

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា៖ «ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​បាន​ពង្រឹង​វិធានការ អនុវត្ត​ច្បាប់ និង​សហការ​ជាមួយ​បរទេស​ព្រោះយើងមានសុឆន្ទៈច្បាស់លាស់»

លោកបានលើកយកករណីបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ដែលអះអាងថា គាត់ត្រូវបានចាប់ខ្លួន និងធ្វើទារុណកម្ម ប៉ុន្តែក្រោយមកប៉ូលិសបានរកឃើញថាទីតាំងដែលហេតុការណ៍បានកើតឡើងគឺមិនពិតបន្ទាប់ពីពួកគេបានត្រួតពិនិត្យពួកគេ។ ក្នុង​ករណី​មួយ​ទៀត លោក​បាន​និយាយ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​អំពី​បុរស​បរទេស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ធ្វើ​ជា «ទាសករ​ឈាម» ប៉ុន្តែ​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត បានបន្តថា នាពេលកន្លងមក ឧក្រិដ្ឋជនជាច្រើន ដែលភាគច្រើនជាជនអន្តោប្រវេសន៍ខុសច្បាប់ បានចូលមកក្នុងប្រទេសកម្ពុជា ក្រោមការក្លែងបន្លំលាក់ខ្លួនប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យលើទឹកដីកម្ពុជា ដែលនាំឱ្យកើតមានឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំ ដែលកម្ពុជាមិនធ្លាប់ជួបប្រទះពីមុនមក។

ជាមួយគ្នានេះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពន្យល់ថា យុទ្ធនាការថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័នចំនួន២២ និងអង្គភាពជំនាញចំនួន៥។ អង្គភាពធ្វើការរួមគ្នានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស។

លោក ស សុខា បានមានប្រសាសន៍ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្សថា៖ «នៅក្នុងរយៈ១០ខែកន្លងទៅនេះ យើងសង្កេតឃើញថ្វីត្បិតករណីការជួញដូរមនុស្សនិងបទល្មើសពាក់ពន្ធ័មិនទាន់រលត់យ៉ាងនៅកម្ពុជាយ៉ាងណាក្តី ប៉ុន្តែសកម្មភាពបទល្មើសរាយការណ៍មានការថយចុះហើយបទល្មើសត្រូវបានបង្ក្រាបទាន់ពេលវេលា»

លោក​បាន​បន្ថែម​ថា កត្តា​នេះ​បាន​នាំ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នៅ​​កម្ពុជា​​។

លោក​បាន​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ទៀត​រក្សា​កិច្ច​សហប្រតិបត្តិការ​ដោយ​ស្មោះ​ត្រង់​ដើម្បី​ដោះស្រាយ​​បញ្ហា​ជាក់ស្តែង​ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព​ពលរដ្ឋ​ខ្លួន។ លោកបានសង្កត់ធ្ងន់លើសារៈ​សំខាន់នៃការអនុវត្តការវាយតម្លៃឱ្យបានហ្មត់ចត់ និងពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការជៀសវាងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។

លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (NCCT) និង លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

យោងតាម ​​Freshnews ដែលបានចេញផ្សាយរបាយការណ៍ឆមាសទី១ របស់ NCCT ករណីចំនួន១០៤ ត្រូវបានកត់ត្រា បណ្តាលឱ្យមានការចាប់ខ្លួនចំនួន១៣៤នាក់ ក្នុងនោះមានជនបរទេស៤នាក់ ពីបទជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ។ បន្ថែមពីលើនេះ អាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះចំនួន២៩០នាក់ ក្នុងនោះស្រី២៤១នាក់ និង១៣៤នាក់ ជាអនីតិជនក្រោមអាយុ១៨ឆ្នាំ។

លោក អំ សំអាត ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​ជួញដូរ​មនុស្ស​ដែល​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ លោកបានសង្កត់ធ្ងន់ថា ការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណឺតបានក្លាយជាកត្តាចម្បងដែលរួមចំណែកដល់ការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះ។

លោក​បាន​កត់​សម្គាល់​ថា បញ្ហា​ប្រឈម​ទាំង​នេះ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ ជាពិសេស​ភ្ញៀវ​ទេសចរ​ដែល​មាន​ការ​កើន​ឡើង​ដោយសារ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​ដែល​កំពុង​បន្ត។

លោក សំអាត លើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍អំពីការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្កការព្រួយបារម្ភចំពោះការអនុវត្តច្បាប់នៅកម្ពុជា។

លោកបន្តថា៖ «ដូច្នោះកម្ពុជាត្រូវតែពង្រឹងយុទ្ធនាការនិងវិធានការក្នុងការទប់ស្កាត់ក្នុងការជួញដូរមនុស្ស ទី១ ត្រូវតែពង្រឹងក្នុងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព ទី២ លុបបំបាត់ទាក់ទងអំពើពុករលួយក្នុងការជួញដូរមនុស្ស ទី៣ ត្រូវធានាថាអ្នកដែលបង្កត្រូវតែអនុវត្តក្នុងវិធានការផ្លូវច្បាប់»។

លោកប្រាប់ថា អាជ្ញាធរកម្ពុជាត្រូវការការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមទៀត ដើម្បីដោះស្រាយការវិវត្តនៃការជួញដូរមនុស្ស ជាពិសេសពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត។ កិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏មានសារៈសំខាន់ផងដែរក្នុងការកំណត់អត្តសញ្ញាណអ្នកជួញដូរមនុស្ស និងរារាំងប្រទេសកម្ពុជាកុំឱ្យក្លាយជាជម្រកនៃជនល្មើស។

លើសពីនេះ លោកបានជំរុញឱ្យមានការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ និងជំរុញឱ្យមានការចូលរួមរបស់ពួកគេក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ដែលជាកត្តាសំខាន់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Never Denied Human Trafficking Problem; Remains Committed to Combating It 

398 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម