ប៉ូលិសកម្ពុជាកំពុងសហការជាមួយប៉ូលិសថៃ ដើម្បីស៊ើបអង្កេតលើករណីស្ត្រីហ្វីលីពីនមានផ្ទៃពោះចំនួន១៣នាក់ ដែលត្រូវបានគេចោទថា ជាម្តាយពពោះជំនួសនេះ។ បើយោងតាមលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
លោកបានថ្លែងថា ស្ត្រីទាំងនោះត្រូវបានចោទប្រកាន់ពីមាត្រា១៣ និង១៤ នៃច្បាប់កម្ពុជាស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ពួកគេត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីត្រូវបានឃុំខ្លួននៅមន្ទីរពេទ្យប៉ូលិសមួយឈ្មោះថា «មន្ទីរពេទ្យ១៦ ឧសភា» ក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលពួកគេនឹងស្នាក់នៅរហូតដល់សម្រាលកូន។
លោកបានមានប្រសាសន៍ថា៖ «ពួកយើងធ្វើបែបនេះដើម្បីការពារសិទ្ធកុមារ និងដើម្បីបញ្ចៀសការជួញដូរឬលក់ទារក»។
លោកបានប្រាប់ ខេមបូចា ព័ត៌មានថា មនុស្សចំនួន២៥នាក់ ក្នុងចំណោមនោះមានជនជាតិហ្វីលីពីន២០នាក់ វៀតណាម៤នាក់ និងស្ត្រីខ្មែរម្នាក់ ដែលជាចុងភៅ និងមេដោះ។ ពួកគេត្រូវបានអាជ្ញាធរកម្ពុជាបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកញ្ញា។
ពួកគេត្រូវបានចាប់ខ្លួនបន្ទាប់ពីសមត្ថកិច្ចចុះឆែកឆេរផ្ទះវីឡាមួយកន្លែងក្នុងបុរីវិមានភ្នំពេញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានស្ត្រីហ្វីលីពីន១៣នាក់រកឃើញថា មានផ្ទៃពោះចន្លោះពី១ទៅ៧ខែ ខណៈ១១នាក់ផ្សេងទៀតមិនមានផ្ទៃពោះ។
លោក គឹមឃឿន អះអាងថា៖ «ការបង្កាត់ពូជស្ត្រីមិនមែនធ្វើនៅកម្ពុជាទេ គឺធ្វើដោយឈ្មួញនៅប្រទេសថៃ»។
នៅពេលសមត្ថកិច្ចឆ្មក់ចូលបង្ក្រាប ស្ត្រីទាំងនោះស្ថិតនៅក្រោមការមើលថែរបស់ «មេដោះ» ជនជាតិខ្មែរ។
អាជ្ញាធរស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យបញ្ជូនស្ត្រីទាំង១១នាក់ដែលមិនមានផ្ទៃពោះទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីនិរទេសខ្លួន។
លោកមានប្រសាសន៍បន្ថែមថា ស្ត្រីខ្មែរដែលជាចុងភៅ និងមើលថែស្ត្រីមានផ្ទៃពោះនោះ នឹងត្រូវប្រឈមមុខនឹងច្បាប់«នាងនឹងត្រូវបញ្ជូនទៅតុលាការ»។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ លោក គឹមឃឿន មានប្រសាសន៍ថា កម្ពុជាកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធថៃ និងហ្វីលីពីន ដើម្បី«បានដល់ឫសគល់នៃបញ្ហា»។
យោងតាមស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ស្ត្រីហ្វីលីពីនចំនួន២០នាក់ ត្រូវបានជួយសង្គ្រោះដោយប៉ូលិសកម្ពុជា ក្នុងនោះមាន១៣នាក់ ក្នុងដំណាក់កាលមានផ្ទៃពោះផ្សេងៗគ្នា ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក។ ស្ថានទូតបាននិយាយថា ៧នាក់ដែលនៅសេសសល់កំពុងរង់ចាំមាតុភូមិនិវត្តន៍។
រដ្ឋាភិបាលហ្វីលីពីនក៏បានស្នើដល់កម្ពុជា «កុំដាក់ទោសម្តាយពពោះជំនួសទាំង១៣នាក់»ដែលត្រូវបានជួញដូរមកកម្ពុជា។ រដ្ឋាភិបាលហ្វីលីពីននឹងផ្តល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីដើម្បីសហការជាមួយកម្ពុជាក្នុងការដោះស្រាយករណីនេះ។
ផ្អែកលើការសម្ភាសន៍បឋមដោយស្ថានទូតហ្វីលីពីន ការជ្រើសរើសស្ត្រីហ្វីលីពីនទាំង២០នាក់បានធ្វើឡើងនៅក្នុងអ៊ីនធឺណិតដោយបុគ្គលម្នាក់ៗ សម្រាប់អត្តសញ្ញាណ និងសញ្ជាតិមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយ។
ស្ថានទូតបានបន្តថា អ្នកជ្រើសរើសដែលមាន «ឈ្មោះជាក់ស្តែង» បានរៀបចំឱ្យស្ត្រីធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយផ្សេងទៀត ប៉ុន្តែត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញ ដែលការពពោះជំនួសត្រូវបានហាមឃាត់។
ការពពោះជំនួសត្រូវបានហាមឃាត់ក្នុងឆ្នាំ២០១៦ បន្ទាប់ពីប្រកាសចុះហត្ថលេខាកាលពីខែតុលា ឆ្នាំនោះ ប៉ុន្តែគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីពីមុនបានអំពាវនាវដល់កម្ពុជាកុំឱ្យប្រព្រឹត្តិបទឧក្រិដ្ឋចំពោះម្តាយពពោះជំនួស។ ច្បាប់ដើម្បីទប់ស្កាត់ការជួញដូរកុមារតាមរយៈការពពោះជំនួសកំពុងត្រូវបានព្រាង។
មន្ត្រីនគរបាលឃុំព្រែកអញ្ចាញ សុំមិនបញ្ចេញឈ្មោះបានប្រាប់ខេមបូចាព័ត៌មានថា មន្ត្រីមកពីស្រុក ខេត្ត និងមន្ទីរអន្តោប្រវេសន៍ បានបង្ក្រាបករណីពពោះជំនួស។ មុននោះសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតដោយធ្វើការសាកសួរប្រជាពលរដ្ឋដែលរស់នៅក្បែរវីឡានោះ ។
លោកប្រាប់ថា ស្ត្រីទាំងនោះរស់នៅវីឡាពីរដាច់ដោយឡែកពីគ្នា។ វីឡាមួយមានស្ត្រីហ្វីលីពីន ២០នាក់ និងផ្ទះវីឡាមួយទៀតមានស្ត្រីវៀតណាម៤នាក់។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា៖ «ពួកយើងបានទទួលព័ត៌មានពីអ្នកដែលរស់នៅក្បែរផ្ទះវីឡា។ ពួកគេ [ម្តាយពពោះជំនួស] បានរស់នៅទីនោះប្រហែលមួយខែប៉ុណ្ណោះ។ បន្ទាប់មក យើងបានចំណាយពេលប្រហែលមួយសប្តាហ៍ដើម្បីស៊ើបអង្កេត បន្ទាប់ពីយើងសង្ស័យថាមានអ្វីមួយ»។
យោងតាមសារព័ត៌មានអេភីប្រទេសកំពុងអភិវឌ្ឍន៍មានប្រជាប្រិយភាពសម្រាប់ការពពោះជំនួស ដោយសារតែការចំណាយទាបជាងប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលសេវាពពោះជំនួសអាចមានតម្លៃប្រហែល ១៥០ ០០០ដុល្លារ។អត្ថបទដដែលសរសេរថា អាជីវកម្មពពោះជំនួសបានរីកដុះដាលក្នុងប្រទេសកម្ពុជា បន្ទាប់ពីវាត្រូវបានដាក់ឱ្យស្ថិតក្រោមការរឹតបន្តឹងក្នុងប្រទេសជិតខាងរបស់ប្រទេសថៃ។
កាលពីខែកក្កដា ឆ្នាំ២០១៧ តុលាការកម្ពុជាបានកាត់ទោសស្ត្រីជនជាតិអូស្ត្រាលីម្នាក់ និងសហការីខ្មែរពីរនាក់ឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះពីបទផ្តល់សេវាពពោះជំនួសតាមបែបពាណិជ្ជកម្ម។
ក្នុងឆ្នាំ២០២៣ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះពលរដ្ឋខ្មែរនៅបរទេសប្រមាណ២០០នាក់ ដែលភាគច្រើននៅប្រទេសចិន ដែលបានរង«ការបង្ខំឱ្យរៀបការ»ជាមួយជនបរទេស ហើយត្រូវបានគេឲ្យក្លាយជាអ្នកពពោះជំនួស។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការ លីកាដូ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស៊ើបអង្កេតរបស់ប៉ូលិសឱ្យបានហ្មត់ចត់ដើម្បីកំណត់ថាតើម្តាយពពោះជំនួស គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស ឬថាតើពួកគេស្ម័គ្រចិត្តចូលរួមក្នុងការពពោះជំនួស។
លោកបានថ្លែងថា ការលាតត្រដាងការពិត គឺមានសារៈសំខាន់ណាស់ក្នុងការធានានូវយុត្តិធម៌ក្នុងសំណុំរឿងដ៏ស្មុគស្មាញ។
លោកបានបន្ថែមថា៖ «ក្នុងករណីនេះ កិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន មានសារៈសំខាន់ក្នុងការស៊ើបអង្កេតថាតើមានបណ្តាញជួញដូរដែលមានការរៀបចំនៅពីក្រោយការពពោះជំនួសឬអត់»។
ខេមបូចា បានទាក់ទងទៅស្ថានទូតហ្វីលីពីន និងវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ នៅពេលចុះផ្សាយ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs, Political Parties Reiterate Shrinking Freedom of Speech and Political Rights in Cambodia