សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានតុលាការផ្តន្ទាទោស​ពី​បទបរិហាកេរ្តិ៍ជាសាធារណៈ

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន មកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការលើសំណុំរឿងរបស់លោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន មកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការលើសំណុំរឿងរបស់លោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែកក្កដានេះ បានផ្តន្ទាទោសលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយពិន័យ១០លានរៀល និងសងជំងឺចិត្តចំនួន៦ពាន់​លាន​រៀល ឬ​ប្រហែល១,៥លាន​ដុល្លារ។

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសពីបទបរិហាកេរ្តិ៍ជាសាធារណៈនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ដោយពិន័យ១០លានរៀល និងតម្រូវឱ្យសងជំងឺចិត្តចំនួន៦ពាន់​លាន​រៀល ឬ​ប្រហែល​១,៥លាន​ដុល្លារ ទៅដើមបណ្តឹង។

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយ​សារ​ការ​អត្ថាធិប្បាយ​ដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយ​ ដោយចោទប្រកាន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

នៅ​ក្នុងសេចក្តី​សន្និដ្ឋាន​​ចុង​ក្រោយ​កាលពីថ្ងៃទី៩ ខែកក្កដា​ មេធាវី​រដ្ឋាភិបាល​បាន​ទាមទារ​សំ​ណង​​ជំងឺ​ចិត្ត​ចំនួន ៦ពាន់​លាន​រៀល ឬ​ប្រហែល ១,៥ លាន​ដុល្លារ​ ពីលោក ទាវ វណ្ណុល​។

ក្រុម​មេធាវីរដ្ឋាភិបាលបាន​ដាក់​ពាក្យបណ្តឹងកាលពីខែមីនា ឆ្នាំ២០២៤ ដោយចោទប្រកាន់លោក វណ្ណុល​ ថា បានធ្វើឱ្យខូចមុខមាត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការអត្ថាធិប្បាយបែប​រិះគន់របស់លោក​ចំពោះការធ្លាក់​ចុះ​នៃ​លទ្ធិប្រ​ជា​ធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ចូលកាន់​តំណែង។

គួររំលឹកថា មេដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួន​ ដូចជា​ លោក ថាច់ សេដ្ឋា ត្រូវបានតុលាការ​រកឃើញ​​ពិរុទ្ធភាព​ចំពោះ​បទចោទប្រកាន់ ពីរ​ ដែល​មិនពាក់ព័ន្ធនឹង​គ្នា​ គឺការចេញសែកគ្មាន​សាច់​ប្រាក់​ និងបទ​ញុះញង់ ខណៈលោក សុន ឆ័យ ត្រូវ​បាន​តុលាការ​រក​ឃើញពិរុទ្ធពីបទបរិ​ហារកេរ្តិ៍ ដោយសារ​លោក​បាន​និយាយថា ការលួច​បន្លំសន្លឹកឆ្នោត អំឡុងការបោះឆ្នោតឃុំសង្កាត់ខែមិថុនា។

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំង​ជាតិ ត្រូវបានចោទប្រកាន់ពីបទញុះ​ញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខ​​សង្គម បន្ទាប់ពីលោកត្រឡប់មកពីប្រ​ទេសជប៉ុន ទីដែល​លោកបានចោទប្រកាន់ថា “ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ​ជំពាក់ធនាគារ ដែលបណ្តាល​ឱ្យមានចំណាកស្រុកតាមភូមិ”។

លោក មឺ​ សេងហ៊ អនុប្រធាន​គណបក្ស​កម្លាំង​ជាតិប្រចាំ​ខេត្ត​កំពង់ចាម ត្រូវ​បាន​ឃុំ​​ខ្លួន​បណ្តោះ​អាសន្ន បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា៕

466 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម