សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សហគមន៍ និងសហជីពសោកស្ដាយ​ពី​ការបាត់​បង់សំឡេង ក្រោយ​​លោក ត្រាំ ផ្ដាច់ជំនួយ និង​ព្យួរការងារបុគ្គលិក VOA និង​RFA

ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមរិកក្នុង​រាជធានីភ្នំពេញ រូបភាព​ថត​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៤។ (រូបភាពផ្ដល់​ឱ្យ)
ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមរិកក្នុង​រាជធានីភ្នំពេញ រូបភាព​ថត​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៤។ (រូបភាពផ្ដល់​ឱ្យ)

ស្ថានីយវិទ្យុឯករាជ្យចំនួន​ពីរ​ គឺ​វិទ្យុ​សំឡេងសហរដ្ឋអាមេរិក វីអូអេ និង​វិទ្យុអាស៊ីសេរី ត្រូវ​សម្រេច​​ឱ្យ​ផ្អាក​សកម្មភាព​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​ភ្លាមៗ ដែល​ការណ៍​នេះបង្ក​ជាកង្វល់​​សម្រាប់​​អ្នក​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន សហជីព និង​សង្គមស៊ីវិល​នៅ​កម្ពុជា​។​ ការ​សម្រេច​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​នេះ ទំនង​ជា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាពសារព័ត៌មាន និង​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា​មិន​ប៉ះពាល់​នោះទេ​។​

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ចុះហត្ថលេខាលើ​ក្រឹត្យ​មួយ​ដោយ​បាន​កាត់​ផ្ដាច់​ជំនួយ​ទៅ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចំនួន​ប្រាំពីរ​ដែល​រួម​មាន​ទាំង​ទីភ្នាក់ងារអាមេរិក​សម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​សកល (USAGM) ដែល​ជា​អាណាព្យាបាល​របស់​វិទ្យុសំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុអាស៊ីសេរី​ផង​ដែរ កាលពី​ថ្ងៃ​សុក្រ កន្លង​ទៅ​។ ការ​ផ្ដាច់ជំនួយ​នេះ​ ក៏​អនុវត្ត​លើ​វិទ្យុអឺរ៉ុបសេរី ឬ​វីទ្យុសេរី ដែល​ផ្សាយ​នៅ​បណ្ដាប្រទេស​អឺរ៉ុប​ខាង​កើត​រួម​មាន​រុស្ស៊ី និង​អ៊ុយក្រែន​ផង​ដែរ។​

បទ​បញ្ជា​នេះ​បាន​ដាក់​ឲ្យ​បុគ្គលិក​វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ចំនួន ​១ ៣០០​នាក់​សម្រាក​ពី​ការងារ​កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ​។ វិទ្យុសំឡេង​សហរដ្ឋអាមេរិក​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៤២ និង​ផ្សាយ​ទៅ​កាន់​មនុស្ស​ប្រមាណជា​៣៦០​លាន​នាក់​ក្នុង​មួយ​សប្ដាហ៍​។ ភ្នាក់ងារអាមេរិក​សម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​សកល (USAGM) មាន​បុគ្គលិក​សរុប​ប្រហែល ​៣ ៥០០​នាក់ និង​ប្រើ​ប្រាស់​ថវិកា​ប្រមាណជា​៨៨៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២៤​។​

លោក ឈឺន ឆន វ័យ​៥៥​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំរ៉ៃ ឃុំតាតោក ស្រុក​សំឡូត ខេត្ត​បាត់​ដំបង លើក​ឡើង​ថា ការ​ផ្អាក​ការ​ផ្សាយ​របស់​វិទ្យុ​វីអូអេ និង​វិទ្យុអាស៊ីសេរី គឺ​ប្រៀប​ដូ​ចជា​បាត់​សំឡេង​ក៏មាន​សក្ដានុពល​មួយ​សម្រាប់​ជនរង​គ្រោះ​ដូចជា​រួប​លោក​។​ លោក​បាន​បង្ហាញ​ការ​សោក​ស្ដាយ និង​កត់​សម្គាល់ថា​ វត្តមានប្រព័ន្ធ​ផ្សព្វ​ផ្សាយទាំង​ពីរ​ពិត​ជាមាន​សារសំខាន់​ក្នុង​កាលៈទេសៈនេះ។​

កាល​ពី​ឆ្នាំ២០០៩ ពេល​ដែល​មិនសូវ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ និង​មិនមាន​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រើ​សម្បូរ​បែប លោក ឆន ថា ​វិទ្យុទាំង​ពីរ​នេះ​ហើយ​ជា​ទីពឹង​របស់​លោក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​បាន​ជួយ​លោក​លើក​ពី​បញ្ហា​រំលោភបំពាន​ដី​ធ្លី​នៅ​សហគមន៍​។​

លោក​បន្ត​ថា៖ «​ប្រ​ជា​ពល​រដ្ឋ​ខាត​បង់ ព្រោះ​ថា​មិនមាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ដើម្បី​ជួយ​ផ្សាយ​បញ្ហា​ និង​កង្វល់​របស់​ប្រជា​សហគមន៍ ដូច​នេះ​វា​ហានិភ័យ​ខ្ពស់ណាស់។ វិទ្យុទាំង​ពីរ​ជា​ឧបករណ៍​នាំសំឡេង​ជន​រងគ្រោះ​ទៅ​កាន់សារធារណជន​»។​​

ប្រធាន​សមា​គម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ឬហៅកាត់ថា​ IDEA លោក វ៉ន ពៅ លើក​ឡើង​ថា លោក​មាន​ការ​តក់ស្លុត​ជាខ្លាំង​ពេល​ឮដំណឹង​ពីការ​ផ្អាក​ការ​ផ្សាយ​របស់​វិទ្យុ​ឯករាជ្យ​សំខាន់​ទាំង​ពី​រ​នេះ ក្រោយ​លោក​ត្រាំ​ចូល​កាន់​អំណាច​។​

ក្នុង​នាម​ជាអ្នក​តាម​ដាន​ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស និង​បញ្ហាពិភព​លោក លោក «​មិនដែល​ស្រមៃដល់ទេថា​មាន​រឿង​ទាំងនេះ​កើត​ឡើង​ចំពោះ​វិទ្យុឯករាជ្យ​ទាំងពីរ» ដែល​កន្លង​មក​បាន​ពាំនាំ​ «សំឡេង​ពិត​របស់ប្រជា​ពល​រដ្ឋ និង​ជនរងគ្រោះ» ក៏ដូច​ជា​សំឡេង​មួយ​ជួយ​លើ​កឡើង​ពី​បញ្ហា​សង្គម និង​ការ​គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​លក្ខខណ្ឌការងារ​សម្រាប់កម្មករនិយោជិត​ទាំង​ក្នុង និងក្រៅ​ប្រព័ន្ធ​។​

លោក​បន្ថែម​ថា៖ «ក្នុង​ស្ថានភាព​នេះ អាមេរិ​ក​មិន​គួរ​បោះបង់​ពួក​យើង​ទេ ដែល​មាន​ន័យ​ថា​ការបិទ​ការ​ផ្សាយ​វិទ្យុទាំង​ពីរ​ប្រៀប​ដូច​ជាការ​បោះ​បង់​ជនរងគ្រោះ​។ លំហូរ​នៃលទ្ធិប្រជា​ធិបតេយ្យមិនមាន​ទៀតទេ ព្រោះថា​សំឡេង​របស់​យើង​ត្រូវ​បាន​បំបិទ»។​

លោក​យល់ថា​ សេរីភាព​សារព័ត៌មាន​​នឹងកាន់តែ​តូច​ចង្អៀត និង​យូរៗទៅ​សំឡេង​ជនរងគ្រោះ​ក៏​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នៅ​ក្នុង​ប្រទេស​មួយ​ដែល​សេរីភាព​សារព័ត៌មាន​កំពុង​មានការ​រឹតត្បិត​​។​ លោក​បញ្ជាក់ថា ភាព​អយុត្តិធម៌​នានា​ដែល​បាន​កើត​លើ​ប្រជា​ពល​រដ្ឋ​កន្លងមក មាន​តែ​វិទ្យុ​ឯករាជ្យ​ពីរ​នេះទេ «បានធ្វើ​ការ​ផ្សព្វផ្សាយ»។​

ការិយាល័យ​វិទ្យុសំឡេង​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន រូបភាព​ថតកាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

«ការ​បាត់​បង់ការ​ឆ្លុះបញ្ជាំងពីសង្គម»

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ម៉ម សុវន្ថេត ប្រាប់​ខេមបូចាថា អ្នកស្រី​មាន​ការ​សោកស្ដាយ​ និង​បារម្ភ​ថា​អំពើ​អយុត្តិធម៌​ក្នុង​ប្រទេស​នេះ​នឹង​កើត​មាន​កាន់តែច្រើន​នៅ​ពេលលែង​មាន​​វិទ្យុទាំងពីរ​នេះ​រាយ​ការណ៍​ពី​បញ្ហា​សិទ្ធិការងារ​ដែល​ពួក​ខ្លួន​កំពុង​ជួប​ប្រទះ​។​

អ្នកស្រី​បន្ត​ថា៖ «នៅពេល​គ្មាន​វិទ្យុ​ទាំងពីរ​នេះ ខ្ញុំ​បារម្ភ​ថា​ពេល​ខ្ញុំតវ៉ា [ប្រឆាំង​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍] គឺគ្មា​ននរណា​ដឹង​នោះទេ​ ប្រជាជន​កម្ពុជា​នឹង​លែង​មាន​សំឡេង ពីព្រោះ​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ភាគ​ច្រើន​​មិន​រាយ​ការណ៍ផ្ទាល់​ពី​ជនរងគ្រោះ​នោះទេ​។ ដូច​នេះ ក្នុង​នាមជាជន​រង​គ្រោះ ខ្ញុំ​ខ្លាច និង​បារម្ភ»។​

អ្នកស្រី​បន្ថែម​ថា​ ពេល​អវត្ត​មាន​វិទ្យុទាំងពីរ​នេះនឹង​បាន «ប្រយោជន៍​ទៅ​អ្នក​ធ្វើ​បាបគេ» ក្នុង​ការ​ប្រព្រឹត្តសកម្មភាព«ល្មើសនានា» និង​ធ្វើ​ឲ្យ​ជនងាយ​រង​គ្រោះ​រង​ការ​ឈឺចាប់​។​​

អ្នកស្រី​លើក​ឡើង​ទៀត​ថា រដ្ឋាភិបាល​អាមរិក​គួរ​បន្ត​គាំទ្រវិទ្យុ​ឯករាជ្យ​ទាំង​ពីរ​ ដោយ​ថា​ការ​បិទ​នេះ​មាន​ន័យ​ថា​ពួកគេ​គាំទ្រ​ជនផ្ដាច់​ការ និង​ជនជិះជាន់​អ្នក​ដទៃ​។ អ្នកស្រី​លើក​ឡើងថា៖ «យើង​​កំពុង​រងទុក្ខ ដូច​នេះ​ពេលមាន​ព័ត៌មានពិត ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ផ្សាយ​ពី​កង្វល់​យើង​។ ឥឡូវ​យើង​កំពុង​តែរង​ទុក្ខ ទោះជាយើង​ស្រែក​ខ្លាំងៗ ក៏​គ្មាន​អ្នក​ឮដែរ»។​

យុវជន​ម្នាក់ទៀត​ដែល​និយម​ស្ដាប់ និ​ង​តាមដាន​បញ្ហាក្នុង​ប្រទេស​ ក៏​ដូចជា​សកលលោកតាម​​រយៈ​វិទ្យុ​វីអូអេ និង​អាស៊ីសេរី ប្រាប់​ខេមបូចាថា កញ្ញា​ភ្ញាក់​ផ្អើល​ពេល​ឮថា​មានការ​ផ្អាក​ការ​ផ្សាយ​របស់​វិទ្យុ​ទាំងនេះ​។​

កញ្ញា​ចេះស្ដាប់​ព័ត៌មាន​តាំងពី​កុមារភាព​តាម​ឪពុក​របស់​ខ្លួន​។ និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កញ្ញា​លើក​ឡើង​ថា «វិទ្យុទាំងពីរប្រៀប​ដូច​ជាមិត្តជិតស្និទ្ធ» និង​ «ជាកញ្ចក់​» ឆ្លុះ​បញ្ចាំង​ពី​សង្គម និង​ពិភព​លោក​ដែល​កញ្ញា​កំពុង​រស់​នៅ​។​

តាម​រយៈការ​ស្ដាប់​ការ​ផ្សាយ​របស់​វិទ្យុទាំងនេះ កញ្ញាបាន​​ដឹង​ព័ត៌មាន​ជា​ច្រើន​ពី​កម្ពុជា​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ អំពើពុករលួយ បញ្ហាសិទ្ធិមនុស្ស បញ្ហាដីធ្លី សកម្មជនបរិស្ថាន និង​ «ទុក្ខលំបាក» របស់​ជនរងគ្រោះ ដែលអ្វីទាំងនេះ​មិនមាន​ស្ថាប័ន​ព័ត៌មាន​ណា​ផ្សាយ​នោះទេ​។​

ដូចនេះ​ការ​ខកខាន​ផ្សាយ​របស់​វិទ្យុទាំងពីរ​គឺ​ជា «ការ​បាត់​បង់ការ​ឆ្លុះបញ្ជាំងពីសង្គម» ទាំង​សម្រាប់​កញ្ញា និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​ផ្សេង​ទៀត​។​

កញ្ញា​បន្ថែមថា៖ «ខ្ញុំ​សោកស្ដាយ​ពេល​ដឹង​ថា​វិទ្យុទាំងពីរ​នឹង​ត្រូវ​ផ្អាកការ​ផ្សាយ ព្រោះថា​វិទ្យុទាំង​នេះ​បាន​ផ្ដល់​ព័ត៌មាន និង​ចំណេះដឹង​ពី​ព្រឹត្តិការណ៍​​នានា​ដែល​សារព័ត៌មាន​ផ្សេង​ទៀត​មិន​ហ៊ាន​ផ្សាយ ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ»។​

កញ្ញា​បន្តថា អវត្ត​មាន​វិទ្យុទាំងពីរនឹង​អាច​ធ្វើ​ឲ្យ​អំពើអយុត្តិធម៌កើន​ឡើង ព្រោះ​ថា «គ្មាន​នរណា​ចេញមុខ» និង​នាំ​យក​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ​ឲ្យ​ពិភព​លោក​បាន​ដឹងទេ​​។ កញ្ញា​យល់​ថា ​សាធារណជន​ក៏​នឹង​បាត់​បង់​ឱកាស​ទទួល​បាន​ព័ត៌មាន​ពិត​ផង​ដែរ​។ កញ្ញា​ឲ្យ​ដឹង​ទៀត​ថា៖ «សម្រាប់​ខ្ញុំ វា​ដូច​ជា​ការ​បាត់​បង់​កញ្ចក់​ឆ្លុះ​ពី​បញ្ហា​សង្គម​។ ​យើង​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ជុំ​វិញ​ខ្លួន​នោះ​ទេ[…] វា​ដូច​ជា​បាត់​បង់​មិត្ត​ជិត​ស្និទ្ធ។ ខ្ញុំ​មិន​ចង់​ឲ្យ​វិទ្យុ​ទាំង​ពីរ​បាត់​បង់​នោះទេ ព្រោះថា​ស្ថាប័នទាំងពីរ​បាន​ជួយ​រាយការណ៍​ពី​រឿង​ពិត»។​

ការិយាល័យ​វិទ្យុអាស៊ីសេរី​នៅ​ទីក្រុង​វ៉ាស៊ីនតោន រូបភាព​បង្ហោះ​លើ​ហ្វេស​ប៊ុក​វិទ្យុអាស៊ីសេរី​។​

ប្រធាន​វិទ្យុអាស៊ីសេរី អ្នកស្រី  Bay Fang មិន​បាន​ឆ្លើយ​តប​ដោយ​ផ្ទាល់​មក​សារព័ត៌មាន​ខេមបូចា​នោះទេ​។ អ្នកស្រី​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​អ្នកស្រី​នឹង​ប្ដឹង​ទាស់​​ចំពោះ​បទបញ្ជានេះ។​ អ្នក​ស្រី​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា៖ «​ការ​បិទ​វិទ្យុ​អាស៊ីសេរី គឺ​ជា​កាដូ​សម្រាប់​ជនផ្ដាច់ការ និង​ជនជិះជាន់​ រួម​មាន​ទាំង​បក្ស​កុម្មុយនីស្តចិន ដែល​តែងតែ​សប្បាយ​ចិត្ត​ដែល​អាច​ឲ្យ​ឥទ្ធិពល​របស់​ពួកគេ​រីកសាយភាយ​តាម​ចិត្ត​ដោយ​គ្មានការ​ត្រួត​ពិនិត្យ​ក្នុង​លំហ​ព័ត៌មាន​»។​

ដូច​គ្នា​ដែរ​នាយក​វិទ្យុវីអូអេ លោក Michael Abramowitz ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ថា វា​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល​៨៣​ឆ្នាំ ដែល «ព័ត៌មាន​របស់​វីអូអេ​ត្រូវ​គេ​បិទ​មិនឲ្យ​ផ្សាយ»។ លោក​ថា លោក​ពិត​ «ជាមានការ​សោកស្ដាយ​ជាខ្លាំង»។​

លោក​បន្តថា វីអូអេ​បាន​លើ​ក​កម្ពស់សិទ្ធិសេរីភាព និង​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ជុំ​វិញ​ពិភព​លោក ដោយ​បាន​ប្រាប់​ពី​រឿង​រ៉ាវ​របស់​អាមេរិក ដោយ​បាន​ផ្ដល់​នូវ​ភាព​ច្បាស់​លាស់ និង​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​អត្ថបទព័ត៌មាន និង​ដំណឹង​របស់​ខ្លួន​ ជា​ពិសេស​សម្រាប់អ្នក​ដែល​រស់​នៅក្នុង​ប្រទេស​ដឹក​នាំ​ដោយ​ជនផ្ដាច់ការ។​

ការ​បាត់បង់​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​

កាល​ពី​ខែ កញ្ញា ឆ្នាំ២០១៧ រដ្ឋាភិបាល​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ដោយ​បាន​ចោទ​ប្រកាន់ថា​កាសែត The Cambodia Daily ថាជំពាក់​ប្រាក់ពន្ធ​ជាង​៦,៣​លាន​ដុល្លារ និង​នៅ​ឆ្នាំ២០២៣ បាន​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី​។​

អ្នកស្រី ឆន សុគន្ធា នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ បាន​លើក​ឡើងថា ​ស្ថានភាព​នឹង​កាន់តែ​ពិបាក​ក្រោយ​ការ​បិទ​វិទ្យុ​វីអូអេ និង​អាស៊ីសេរី​ ដែល​វិទ្យុទាំងនេះ​តែង​រាយការណ៍​ពី​បញ្ហា​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​។​

អ្នកស្រី​បន្តថា៖ «​វានឹង​មាន​បញ្ហា​លំបាកកាន់តែខ្លាំង​នៅពេល​​ដែល​គ្មាន​វត្តមាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ក្នុង​ប្រទេស​ សូម្បីសព្វ​ថ្ងៃនេះយើងមានសាពត៌មានឯករាជ្យមួយចំនួនដូចជា វីអូអេ នៅតែមាន​ការ​លំបាក ខណៈ​ដែល​ប្រជាពល​រដ្ឋ​ក៏​ពិបាក​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​អំពី​ការ​រំលោភសិទ្ធិមនុស្សដែល​កើត​ឡើង​ក្នុង​សហគមន៍​របស់​ពួក​គាត់»។​

អ្នកស្រី​បន្ថែមថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក៏ដូច​ជា​សេរីភាព​នៃការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ក៏ដូច​ជា​ប្រទេស​ផ្សេង​ទៀតដែល «​មិន​ទាន់​មាន​ប្រជា​ធិបតេយ្យ​ពេញលេញ»។​

នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធអ្នកកាសែតកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មាន​ប្រសាសន៍ថា ​ការ​ផ្ដាច់ជំនួយ​មក​កាន់វិទ្យុ​វីអូអេ និង​អាស៊ីសេរី នឹង​ធ្វើ​ឲ្យ​មាន​ផល​លំបាក​ដល់​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភព​លោក​។​

លោក​លើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​ពីរ​រាយការណ៍​ពីការ​ធ្លាក់ចុះសេរីភាព​បញ្ចេញ​មតិ ផ្សាយ​ពី​ព្រឹត្តិការណ៍សំខាន់ៗ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ ព្រម​ទាំង​ផ្ដល់​នូវ​ការ​វិភាគ​ដែល​ផ្ដល់នូវ​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅ​ដល់​ការយល់ឃើញ និង​ការ​គិត​ស៊ីជម្រៅ​​របស់​អ្នក​អាន ឬអ្នកស្ដាប់។​

លោកបន្ថែម​ថា៖ «វាបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់សេរីភាព។ យើង​ដឹង​ថា​ក្នុង​សង្កម​មួយ​រីកចម្រើន​ទៅ​បាន​ដោយ​សារ​មាន​គំនិត​ផ្សេងៗ​គ្នា​ច្រើន​។ បើ​យើង​ប្រកាន់​យក​គំនិត​តែមួយ​ នោះ​សង្គម​នឹង​មិន​មាន​ការ​រីក​ចម្រើន​នោះទេ»។​

សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ឆន្ទៈខ្មែរ លោក គង់ មូនីកា បង្ហាញការ​សោកស្ដាយ​ចំពោះ​ការ​ផ្ដាច់ជំនួយ​សហព័ន្ធ​លើវិទ្យុវីអូអេ ដោយថា​វិទ្យុនេះ​កន្លង​មក​បាន​ផ្ដល់ព័ត៌មាន​ស៊ីជម្រៅ​ដល់​ប្រជា​ពល​រដ្ឋ​។​

លោក​បន្ថែមថា៖ «​អវត្ត​មាន​វិទ្យុវីអូអេ​​ពីកម្ពុជា គឺជា​កង្វល់​មួយ​ដែរ ដោយថា​យើង​លែង​បាន​ទទួល​ព័ត៌មាន​អាចជឿជាក់បានតទៅទៀតទ្បើយ​​ដោយសារថា សារព័ត៌មាន​ភាគ​ច្រើន​នៅ​ក្នុងស្រុក គឺសារព័ត៌មានដែល​មាន​ទិន្នាការលម្អៀងទៅ​រក​គណបក្ស​កាន់អំណាច និង​មិន​បាន​ឆ្លុះបញ្ចាំង​ពី​តថភាពជាក់ស្តែងក្នុងសង្គមទេ​។ ខ្ញុំគិតថា វា​នឹង​ជះឥទ្ធិពលប៉ះពាល់​ដល់​ការ​យល់​ដឹងរបស់ពលរដ្ឋពាក់ព័ន្ធបញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំ​ពិត​ជាសោកស្ដាយ​ចំពោះ​រឿង​នេះ»

ចំណែក​អ្នកនាំពាក្យ​ក្រ​សួង​ព័ត៌មាន​លោក ទេព អស្នារិទ្ធ ប្រាប់​ខេមបូចាថា ការ​សម្រេច​ចិត្ត​ផ្ដាច់ជំនួយ​របស់លោក​ត្រាំ លើ​វិទ្យុទាំងពីរ​នេះ នឹង​ជួយ​អាមេរិក​សន្សំថវិកា បង្កើន​ប្រសិទ្ធភាព​ការងារ និង​លុបបំបាត់អំពើ​ពុករលួយ​។​

លោក​បន្ត​ថា ​រដ្ឋបាល​លោក​ត្រាំ បាន​រក​ឃើញថា ​ទីភ្នាក់ងារ​ទាំងនេះ​មិន​បាន​បម្រើ​ប្រយោជន៍​​សង្គម​អាមេរិក​កាំង​នោះទេ  ហើយ​គឺ​ «គ្រាន់តែជា​ឧបករណ៍​នយោបាយ​អាមេរិក» និង​ថា​​នេះ​គឺ​ជា​ «របត់​មួយ» របស់​ពិភព​លោក​។​

សម្រាប់​បរិបទកម្ពុជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ និង​ឯកជន ទាំង​ប្រពៃណី និង​ឌីជីថល គឺ​កំពុង​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​អ្នកអាន ក៏​ដូចជា​តម្រូវ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យនាពេល​បច្ចុប្បន្ន និង​អនាគត​។​

កម្ពុជា​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​វិទ្យុ ទូរទស្សន៍ កាសែត និង​អនឡាញ​សរុប ​១ ៦២០​ស្ថាប័ន និង​មាន​សមាគមកាសែត​ចំនួន​២៦ និង​មាន​អ្នក​សារព័ត៌មាន​ជាង ​៨ ០០០​នាក់​ ដែល​កំពុង​បំពេញ​ការងារ «ដោយ​សេរី និង​សុវត្ថិភាព» ដោយ​បាន​អនុវត្ត​ទៅ​តាម​ក្រម​សីលធម៌ វិជ្ជាជីវៈ ដើម្បី​ធានាសិទ្ធិ​របស់​ប្រជាពល​រដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​។​

អ្នក​ទាំង​នោះ​បានលើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ «ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​មានភាព​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ២០២៤»។​

លោក​បន្ថែម​ថា៖ «ប្រជាពល​រដ្ឋនៅតែបន្ត​ទទួល​បាន​ព័ត៌មាន​សម្បូរបែប ហើយ​ការ​បិទ​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក​ គឺ​មិនប៉ះពាល់​ការ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​នោះទេ»។​

ប្រធានស្ដីទីការិយាល័យ​វីអូអេនៅ​ភ្នំពេញ​លោក សុខ ពៅខេមរា និង​នាយក​វីអូអេ​ប្រចាំ​តំបន់​អាស៊ីខាងកើត និង​ប៉ាស៊ីហ្វិក លោក Nadia Madjid មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Communities, Unions Saddened and Fear Loss of Voice After Trump Cuts Funds to VOA, RFA, Puts Staff On Leave

141 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម