សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋបួននាក់បានស្លាប់នៅក្នុងហ្វូងមនុស្សដែលទៅទទួលអំណោយ​នៅផ្ទះវីឡារបស់មហាសេដ្ឋីម្នាក់

អាជ្ញាធរឈរនៅខាងក្រៅផ្ទះលោកឧកញ៉ា សុខ គង់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានមនុស្សកើនឡើងច្រើនដែលបណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង៥នាក់របួស ក្រោយពីមានហ្វូងមនុស្សបានប្រមូលផ្តុំគ្នា ហើយប្រជ្រៀតគ្នា ដើម្បីទទួលអំណោយជាប្រាក់ពីលោក សុខ គង់។ (ខេមបូចា/ ព្រីង សំរាំង)

យ៉ាងហោចមនុស្ស៤នាក់បានស្លាប់ និង៥នាក់ទៀតបានរងរបួស បន្ទាប់ពីហ្វូងមនុស្សបានកើនឡើងកាន់តែច្រើននៅខាងក្រៅផ្ទះវីឡារបស់មហាសេដ្ឋី ជាកន្លែងដែលមនុស្សបានប្រមូលផ្តុំគ្នាដើម្បីទទួលអំណោយជាលុយ(អាំងប៉ាវ)សម្រាប់រដូវចូលឆ្នាំចិន។

នៅព្រឹកថ្ងៃព្រហស្បតិ៍ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅផ្ទះវីឡារបស់លោក សុខ គង់ ដែលជាមហាសេដ្ឋីអចលនទ្រព្យ និងជាស្ថាបនិកក្រុមហ៊ុនប្រេងឥន្ទនៈសូគីម៉ិច ដោយសង្ឃឹមថានឹងទទួលបាន «អាំង ប៉ាវ» – ស្រោមសំបុត្រក្រហមដែលពោរពេញដោយប្រាក់ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយលោក សុខ គង់។

អ្នក​នាំ​ពាក្យ​ស្នងការនគរបាល​រាជ​ធានី​ភ្នំពេញ លោក សំ វិច្ឆិកា បាន​បញ្ជាក់​ថា មានអ្នក​ស្លាប់​៤​នាក់ និង​របួស​៥​នាក់ ហើយ​លោក​បាន​បន្ថែម​ថា អ្នក​ស្លាប់​មាន​ប្រុស​២​នាក់ ស្រី​២​នាក់ អាយុ​ប្រហែល​៥០​ឆ្នាំ។

សាក្សីបានប្រាប់ សារព័ត៌មានខេមបូចា ថាឧបទ្ទវហេតុនេះប្រហាក់ប្រហែលនឹង «ការរត់ជាន់គ្នា» ដោយមានសន្តិសុខព្យាយាមរុញមនុស្សចេញ ខណៈដែលហ្វូងមនុស្សបានជាន់លើគ្នាទៅវិញទៅមក។

អ្នកស្រី យឿន អាយុ ៦២ ឆ្នាំ បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​កណ្តាល ដោយ​សង្ឃឹម​ថា​នឹង​បាន​ប្រាក់​ពី​លោក គង់ ដោយ​និយាយ​ថា ភាព​ក្រីក្រ​បាន​ជំរុញឱ្យ​អ្នកស្រី​​ធ្វើ​ដំណើរ​ទៅទីនោះ។

យឿន បាននិយាយថា៖ «រាប់ពាន់នាក់» បានប្រមូលផ្តុំគ្នាក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីនាងមកដល់វីឡារបស់លោក សុខ គង់ ប៉ុន្តែភាពចលាចលបានផ្ទុះឡើងមុនពេលអ្នកស្រីទទួលបានប្រាក់។ អ្នកស្រី​បាន​រំលឹក​ពី​ការ​ព្យាយាម​​រំដោះ​ខ្លួនចេញ​ពី​ហ្វូងមនុស្ស ខណៈ​មនុស្ស​ជា​ច្រើន​បាន​រុញច្រានគ្នា​ទៅវិញទៅមក។

អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ប្រាំមួយ​នាក់​រង​របួស រួម​ទាំង​មនុស្ស​ចាស់ និង​ក្មេង។ អ្នកស្រី យឿន បាន​លើកឡើង​ដោយ​សំអាង​លើ​ការ​រត់​ជាន់​គ្នា​កាល​ពី​ឆ្នាំ២០១០ នៅ​លើ​ស្ពាន​កោះពេជ្រ រាជធានី​ភ្នំពេញ ដែល​បាន​សម្លាប់​មនុស្ស​ជាង៣៥០នាក់​។

អ្នកស្រី ពៅ ដែលគេចផុតពីការកើនឡើងនោះ បានបន្ទរសម្តីរបស់អ្នកស្រី យឿន ដោយនិយាយថា មនុស្សរាប់រយនាក់ ទាំងក្មេងទាំងចាស់ បានរុញ និងជាន់គ្នា ដើម្បីទទួលបានអាំងប៉ាវ​។

អ្នកស្រី ពៅ បន្ថែមថា៖ «ខ្ញុំបានរត់ពេលឃើញហ្វូងមនុស្ស។ អាំងប៉ាវ​នីមួយៗ​មាន​តម្លៃ១០ ដុល្លារ ឬ​ច្រើន​ជាង​នេះ នេះជាចំនួន​ច្រើន​សម្រាប់​ប្រជាជន​ក្រីក្រ»

អាជ្ញាធរឈរនៅខាងក្រៅផ្ទះលោកឧកញ៉ា សុខ គង់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានមនុស្សកើនឡើងច្រើនដែលបណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង៥នាក់របួស ក្រោយពីមានហ្វូងមនុស្សបានប្រមូលផ្តុំគ្នា ហើយប្រជ្រៀតគ្នា ដើម្បីទទួលអំណោយជាប្រាក់ពីលោក សុខ គង់។ (ខេមបូចា/ ព្រីង សំរាំង)

អធិការនគរបាលខណ្ឌដូនពេញ លោក ទៀង ច័ន្ទសារ ដែលចុះពិនិត្យកន្លែងកើតហេតុ បានបដិសេធមិនធ្វើអត្ថាធិប្បាយជាមួយអ្នកយកព័ត៌មានខេមបូចា ទេ។

លោក​ សំ​ វិច្ឆិកា បានលើកឡើងហាក់ខុសគ្នាពីពលរដ្ឋអ្នកចូលរួមក្នុងហេតុការនោះថា៖ «ការទទួលអំណោយ ពួកគាត់ចូលប្រជ្រៀតគ្នា ហើយអាកាសធាតុថ្ងៃហ្នឹងមិនអំណោយទានទៀត រាងអាប់អួ រាងក្តៅផង ចឹងវាបណ្តាលឱ្យថប់ដង្ហើមខ្លះ អ៊ីចឹងទៅមានបញ្ហាធ្វើឱ្យគាត់ខ្យល់ ដួលអីចឹងទៅ»

លោកបន្ថែមថា ម្ចាស់ផ្ទះតែងតែធ្វើទានជារាល់ឆ្នាំ ហើយយើងសូមអំពាវទាវប្រសិនជាមានការចែកអំណោយជាលក្ខណៈទ្រង់ទ្រាយធំ សូមឱ្យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងណាឱ្យដំណើការចែកអំណោយនោះដោយសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់។ ជាមួយគ្នានោះអ្នកឧកញ៉ា សុខ គង់ និងក្រុមគ្រួសារឧបត្ថមគ្រួសារអ្នកដែលបានបាត់បង់ជីវិតម្នាក់១៥លានរៀល និងអ្នករងរបួសក្នុងមួយនាក់៤លានរៀល៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Four Dead in Crowd Surge Outside Tycoon’s Villa During Gift Event

665 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម