សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ការកាត់បន្ថយម៉ោងប្រតិបត្តិការនៅច្រកបឹងត្រកួនបង្កជាក្ដីបារម្ភចំពោះពលរដ្ឋពឹងលើការងារនៅប្រទេសថៃ

ទិដ្ឋភាពពលរដ្ឋខ្មែរប្រញាប់ប្រញាល់ដើរឆ្លងកាត់ច្រកព្រំដែនបឹងត្រកួននៅថ្ងៃចន្ទនេះ បន្ទាប់ពីយោធាថៃកាត់បន្ថយម៉ោងបើកប្រតិបត្តិការមកត្រឹមតែកន្លះថ្ងៃ។(ខេមបូចា/ព្រីង សំរាំង)
ទិដ្ឋភាពពលរដ្ឋខ្មែរប្រញាប់ប្រញាល់ដើរឆ្លងកាត់ច្រកព្រំដែនបឹងត្រកួននៅថ្ងៃចន្ទនេះ បន្ទាប់ពីយោធាថៃកាត់បន្ថយម៉ោងបើកប្រតិបត្តិការមកត្រឹមតែកន្លះថ្ងៃ។(ខេមបូចា/ព្រីង សំរាំង)

ការកាត់បន្ថយម៉ោងឆ្លងដែនជាឯកតោភាគីរបស់អាជ្ញាធរថៃនៅច្រកព្រំដែនបឹងត្រកួន នាព្រឹកថ្ងៃទី៩ ខែមិថុនា បានធ្វើឱ្យកម្មករ និងអាជីវករខ្នាតតូចខ្មែររាប់រយនាក់រងគ្រោះ។ ក្នុងនោះដែរ ពួកគេភាគច្រើនបារម្ភថាការបន្តភាពតានតឹង​នៅព្រំដែននេះគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេ ជាពិសេសនៅក្នុងសហគមន៍ដែលកំពុងរងគ្រោះស្រាប់។

មនុស្សប្រមាណ២០០នាក់ កំពុងរង់ចាំបញ្ចប់នីតិវិធីឆ្លងដែនដើម្បីចូលប្រទេសថៃ នៅច្រកព្រំដែនបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ពួកគេភាគច្រើនជាអ្នកធ្វើការក្រៅប្រព័ន្ធ ដូចជាជាងកាត់សក់ ជាងអ៊ុតសក់ កម្មករសំណង់ កម្មករចម្ការដំឡូង និងអ្នកលក់អាហារ ដែលបានលើកឡើងពីការព្រួយបារម្ភ បន្ទាប់ពីភាគីថៃធ្វើការផ្លាស់ប្តូរម៉ោងប្រតិបត្តិការជាឯកតោភាគី។

ប្រកបការងារនៅហាងអ៊ុតសក់មួយកន្លែងក្នុងប្រទេសថៃអស់រយៈពេលជាង១០ឆ្នាំ អ្នកស្រី សុផាន់ណា វ័យ ៤៧ឆ្នាំ មានដើមកំណើតមកពីខេត្តសៀមរាប បានសម្ដែងការព្រួយបារម្ភអំពីជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។

ច្រកទ្វារព្រំដែនបឹងត្រកួន គឺជាច្រកដ៏សំខាន់មួយសម្រាប់អ្នកភូមិ និងប្រជាពលរដ្ឋចំណាកស្រុកផ្សេងទៀត ឆ្លងដែនចូលប្រទេសថៃដើម្បីរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ។

អំឡុងពេលមានការតានតឹងនៅព្រំដែន អ្នកស្រី សុផាន់ណា បានត្រឡប់មកកម្ពុជាវិញមួយរយៈ មុននឹងសម្រេចចិត្តត្រឡប់ទៅធ្វើការងារប្រចាំថ្ងៃរបស់គាត់វិញនៅថ្ងៃចន្ទ ដោយសង្ឃឹមថាស្ថានការណ៍នឹងដោះស្រាយដោយសន្តិវិធី ហើយអ្វីៗនឹងវិលទៅរកភាពប្រក្រតីវិញ។

អ្នកស្រីបាននិយាយជាមួយអ្នកយកព័ត៌មានមុនពេលឆ្លងចូលប្រទេសថៃថា៖ «ខ្ញុំមិនដឹងថាថ្ងៃមុខវានឹងទៅជាយ៉ាងណាទេ ប៉ុន្តែខ្ញុំសម្រេចចិត្តទៅប្រទេសថៃវិញថ្ងៃនេះ»។

អ្នកស្រីបានបន្តថា៖ «ខ្ញុំចង់ឃើញការចរចាដោយសន្តិភាព ព្រោះយើងជាអ្នករកស៊ីតូចតាច។ ពួកយើង ប្រឈមនឹងការលំបាកក្នុងការរស់នៅទៅហើយ» អ្នកស្រីអាចរកចំណូលបានចន្លោះពី ៣០០ បាត ទៅ ១០០០ បាត (៣៧.០០០ រៀល ទៅ ១២៣.០០០ រៀល) ជារៀងរាល់ថ្ងៃ ហើយពេលខ្លះក៏បានតិចជាងនេះដែរ។

តាំងពីមានការប៉ះទង្គិចគ្នាមក អ្នកស្រីថា​ហាងអ៊ុតសក់របស់គាត់គឺមិនសូវមានអតិថិជនច្រើនទេ។ ហើយប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ អ្នកស្រីគ្រោងនឹងត្រឡប់មកកម្ពុជាវិញ ប៉ុន្តែមិនទាន់ច្បាស់​ ថាតើគាត់អាចធ្វើអ្វីបានក្នុងជីវភាពរស់នៅទីនេះនៅឡើយទេ។

អ្នកស្រី សុផាន់ណា បាននិយាយថា៖ «យើងទាំងអស់គ្នាពឹងផ្អែកលើច្រកទ្វារ [បើកប្រតិបត្តិការ] ដូច្នេះនៅពេលដែលបញ្ហាព្រំដែនកើតឡើង កម្មករខ្លះមិនមានអាហារហូបចុកគ្រប់គ្រាន់ទេ។ យើងមិនដែលជួបប្រទះការលំបាកបែបនេះពីមុនមកទេ»។  

ពលរដ្ឋ​ខ្មែរ​ប្រញាប់ប្រញាល់ដើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​បឹង​ត្រកួន​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​យោធា​ថៃ​កាត់​បន្ថយ​ម៉ោង​បើក​មក​ត្រឹម​តែ​កន្លះ​ថ្ងៃ។(ខេមបូចា/ព្រីង សំរាំង)

អ្នកភូមិម្នាក់ទៀតឈ្មោះ រឿន អាយ អាយុ ៣២ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានរបស់ខេមបូចា ថា អ្នកស្រីកំពុងរង់ចាំច្រកព្រំដែនបើក ដោយសារគាត់ត្រូវការឆ្លងទៅប្រទេសថៃ ដើម្បីទិញរបស់របរមកលក់នៅក្នុងភូមិ ដែលជាប្រភពចំណូលដ៏សំខាន់របស់គាត់។ អ្នកស្រីធ្វើដំណើរទៅប្រទេសថៃជារៀងរាល់ថ្ងៃ។

អ្នកស្រីឱ្យដឹងថា ចាប់តាំងពីការផ្លាស់ប្តូរម៉ោងប្រតិបត្តិការ អ្នកលក់តូចតាចនៅកម្ពុជានិងថៃគឺសុទ្ធតែរកបានចំណូលទាប។

អ្នកស្រី​និយាយ​ដោយសង្ឃឹមថាការចរចាអាចដោះស្រាយដោយរលូន​៖ «ខ្ញុំទិញទំនិញសព្វមុខពីថៃមកលក់ក្នុងភូមិ។ ភាគច្រើនពួកយើងទិញពីថៃ។ ដូច្នេះ សូមកុំឲ្យមានជម្លោះកើតឡើង ព្រោះអ្នកដែលប៉ះពាល់គឺពលរដ្ឋទន់ខ្សោយ ដូចជាយើងនេះឯង។ សូមអាណិតពួកយើងផង សូមគិតពីពលរដ្ឋទន់ខ្សោយដូចពួកយើងផង»

ស្ត្រីវ័យ៥០ឆ្នាំម្នាក់ទៀត គឺអ្នកស្រី ញេវ ធី​ កំពុងប្រញាប់ប្រញាល់ឆ្លងដែន ដើម្បីទៅធ្វើការជាកម្មករចំការដំឡូងមីក្នុងប្រទេសថៃ ដែលអ្នកស្រីអាចរកចំណូលបាន ២៥០ បាត (ប្រហែល ៣ ម៉ឺនរៀល)ក្នុងមួយថ្ងៃ បន្ទាប់ពីផ្លាស់ទៅទីនោះជាមួយគ្រួសារជិត ២០ ឆ្នាំមុន។

អ្នកស្រីមានក្ដីបារម្ភពីការស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក្រោយប្រទេសថៃធ្វើការ​ផ្លាស់​ប្តូរ​ពេល​វេលា​ចេញចូលច្រកព្រំដែន​។ ជាមួយគ្នា អ្នកស្រីឱ្យដឹងដែរថា រៀងរាល់ប្រាំពីរថ្ងៃម្តង គាត់ត្រូវត្រឡប់ទៅព្រំដែនវិញ ដើម្បីបន្តលិខិតឆ្លងដែន។ ចំណែកឯ កូនរបស់គាត់ក៏កំពុងរស់នៅ និងសិក្សានៅប្រទេសថៃផងដែរ។

អ្នកស្រីបន្ថែមថា៖ «ពួកយើងពិតជាមានការបារម្ភណាស់អំពីបញ្ហានេះ។ បើសិនថ្ងៃណាមួយថៃគេមិនឱ្យយើងចូល ពួកយើងនឹងគិតជំហានបន្ទាប់ទៀត ប៉ុន្តែយើងគ្រាន់តែចង់រស់មួយថ្ងៃដើម្បីមួយថ្ងៃប៉ុណ្ណឹងឯង។ ដូច្នេះយើងអត់ចង់ឱ្យមានវិវាទនោះទេ»។

មន្ត្រីប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយថា អាជ្ញាធរថៃបានបើកច្រកទ្វារនៅម៉ោង ៨ ព្រឹក និងបិទនៅម៉ោង ១២ ថ្ងៃត្រង់ ខណៈភាគីកម្ពុជាបើកទ្វារនៅម៉ោង ៩ ព្រឹក និងបិទនៅម៉ោង ១២ ថ្ងៃត្រង់។

មន្ត្រីរូបនោះបានថ្លែងថា៖ «ភាគីថៃបានបិទដោយឯកតោភាគី​ ដោយមិនបានពិភាក្សាជាមួយភាគីកម្ពុជាឡើយ»​ ដោយលោកបន្ថែមថា៖ «ព័ត៌មានទាំងអស់ពីភាគីថៃ គឺមិនច្បាស់លាស់ ពីព្រោះពួកគេអនុវត្តដោយឯកតោភាគី»

លោក​ថា ការ​ផ្លាស់​ប្តូរ​ម៉ោង​ធ្វើ​ការ​បាន​ប៉ះ​ពាល់​ដល់​ពលរដ្ឋដែលត្រូវ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ ឬ​ទិញ​ទំនិញ​នៅ​ប្រទេស​ថៃ។

លោកបាននិយាយថា៖«វាពិតជាប៉ះពាល់ដល់ការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសេដ្ឋកិច្ចផងដែរ»។​

ជាធម្មតា​មាន​ប្រជាពលរដ្ឋ​ខ្មែរចន្លោះពី ២០០ ទៅ៣០០នាក់ បានឆ្លងកាត់ច្រកនេះជាប្រចាំ ហើយពួកគេភាគច្រើន​ទៅធ្វើជា​កម្មករ​ចម្ការ​ដំឡូងមី និង​អំពៅ ខណៈ​អ្នកខ្លះ​ទៀតទៅ​ទិញឥវ៉ាន់​ពី​ថៃ​មក​វិញ។

យោធា​ថៃ​បិទ​ច្រក​ព្រំដែន​បឹង​ត្រកួន​នៅ​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ផ្លាស់ប្ដូរ​ម៉ោង​ប្រតិបត្តិការ។ (ខេមបូចា/ព្រីង សំរាំង)

ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ លោក ញាណ ឡាញ់ ដែល​ជួយ​គ្រប់គ្រងផ្នែករដ្ឋបាល​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យបាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

មន្ត្រីនគរបាលម្នាក់បានប្រាប់អ្នកសារព័ត៌មានរបស់ខេមបូចា ថា ពលរដ្ឋខ្មែររាប់រយនាក់បានចូលប្រទេសថៃ នៅពេលច្រកទ្វារព្រំដែនបើកនៅម៉ោង ៩ ព្រឹក ប៉ុន្តែចន្លោះម៉ោង ១០ ព្រឹក ដល់ម៉ោង ១២​ ​ថ្ងៃត្រង់ មិនមានមនុស្សច្រើនទេ ដែលឆ្លងព្រំដែន។

ប្រភពដដែលឱ្យដឹងទៀតថា ភាគច្រើនពលរដ្ឋទាំងនោះធ្វើការនៅប្រទេសថៃ ឬក៏ទៅទិញទំនិញមួយចំនួនតូចមកលក់ក្នុងប្រទេសកម្ពុជា ដោយលោកកត់សម្គាល់ថាម៉ោងដ៏ខ្លីបានបង្ខំឱ្យពួកគេមួយចំនួនប្រញាប់ត្រឡប់មកវិញមុនពេលច្រកទ្វារព្រំដែនបិទ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ហាងមួយចំនួនក្នុងប្រទេសថៃ បានបង្ហាញសញ្ញាហាមប្រាមប្រជាជនកម្ពុជា និងព្រមានថា «ពួកគេនឹងមានគ្រោះថ្នាក់ ប្រសិនបើពួកគេព្យាយាមចូលមក»។

អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា​​ បានគូសបញ្ជាក់ថា កម្ពុជាបាននាំចេញទំនិញទៅប្រទេសថៃជាង ១,១ ពាន់លានដុល្លារ និងបាននាំចូលទំនិញចំនួន ៥,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលមានន័យថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយថៃមានចំនួនជាង ៤,១ ពាន់លានដុល្លារ។

លោកមានប្រសាសន៍បន្ថែមថា ក្នុង​រយៈពេល​ប្រាំ​ខែ​ដើម​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​ជាង ២០០ លាន​ដុល្លារ​ទៅ​ប្រទេស​ថៃ ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មាន​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ។

នគរបាល​កម្ពុជា​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​​បឹង​ត្រកួន​នៅ​ថ្ងៃ​ចន្ទ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ បន្ទាប់​ពី​យោធា​ថៃ​កាត់បន្ថយម៉ោង​ប្រតិបត្តិការ​មក​ត្រឹម​តែ​កន្លះ​ថ្ងៃ។ (ខេមបូចា/ព្រីង សំរាំង)

ចំពោះការវិវត្តចុងក្រោយនេះ ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងយោធាកម្ពុជា និងថៃបានជួបប្រជុំគ្នាកាលពីថ្ងៃទី ៨ ខែមិថុនា ដោយបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង​ និងប្រឈមមុខគ្នានៅតាមព្រំដែន។

ចំពេលមានភាពតានតឹងកើតឡើង គណៈកម្មាធិការព្រំដែនរួម (JBC) ដែលជាយន្តការយូរអង្វែងសម្រាប់ដោះស្រាយវិវាទព្រំដែន គ្រោងនឹងពិភាក្សាលើបញ្ហានេះនៅរាជធានីភ្នំពេញនៅថ្ងៃទី ១៤ ខែមិថុនាខាងមុខ។

ក្រសួងការពារជាតិរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែមិថុនា ដោយបញ្ជាក់ថា កងទ័ពមិនត្រូវបានដកចេញពីតំបន់នានាក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ជាទីដែលកងទ័ពកម្ពុជាឈរជើងជាយូរមកហើយនោះឡើយ។

យោងតាមក្រសួង ការរៀបចំដោយកងទ័ពកម្ពុជា រួមទាំងការឈរជើង ការដាក់ពង្រាយ ការកែសម្រួល និងការចល័តកងកម្លាំង គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវបានអនុវត្តដើម្បីការពារបូរណភាពទឹកដីកម្ពុជា ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Half-day Operating Hours at Boeng Trakoun Checkpoint Worry Cambodians Reliant on Thai Jobs

68 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម