កាលពីថ្ងៃអង្គារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទៀនចំនួន ១៨នាក់ចេញពីបញ្ជីអ្នកឈរឈ្មោះបោះឆ្នោត នៅសង្កាត់មួយក្នុងរាជធានីភ្នំពេញ និងបានផ្ដល់ព័ត៌មានតិចតួចប៉ុណ្ណោះទាក់ទងនឹងរឿងនេះ។
គ.ជ.ប បានសម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់គណបក្សភ្លើងទៀនក្នុងសង្កាត់ទួលស្វាយព្រៃ១ ក្នុងខណ្ឌបឹងកេងកង។ គ.ជ.ប បានលើកឡើងថាការសម្រេចចាត់វិធានការបែបនេះ គឺឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ៅ មុន្នី ដែលបានស្នើឲ្យមានការលុបបេក្ខជនទាំងនេះពីបញ្ជីអ្នកឈរឈ្មោះបោះឆ្នោតដោយអះអាងថាមានភាពមិនប្រក្រតីនៅក្នុងសំណុំឯកសារពាក្យចុះឈ្មោះបេក្ខជនរបស់គណបក្សប្រឆាំងមួយនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ខេមបូចា ថា គ.ជ.ប បានលុបឈ្មោះបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនទាំងនោះកាលពីថ្ងៃអង្គារ ដោយថាខ្លួនបានរកឃើញថាបេក្ខជនបួននាក់ក្នុងចំណោម ១៨នាក់មិនបានបំពេញសំណុំឯកសារដោយខ្លួនឯងទេ ដែលនាំឲ្យមានការសង្ស័យថាអ្នកទាំងនោះចេះអក្សរឬអត់។ ការចេះអក្សរ គឺជាតម្រូវការមួយរបស់ អ្នកឈរឈ្មោះជាបេក្ខជនបោះឆ្នោត ហើយទោះបីជាអ្នកទាំងបួនក្រោយមកត្រូវគេដឹងថាចេះអក្សរក៏ពិតមែន តែ គ.ជ.ប បានសម្រេចលុបឈ្មោះអ្នកទាំងនោះចេញពីបញ្ជីបេក្ខជនដដែល។
លោកបន្ថែមថា៖ «អ្នកដែលប្ដឹងឲ្យលុបឈ្មោះបេក្ខជនទាំងនោះពីបញ្ជី គឺដោយសារតែមានភាពមិនប្រក្រតី ដែលថាបេក្ខជនទាំងនោះមិនបានបំពេញសំណុំឯកសារដោយខ្លួនឯង»។
ភាពមិនប្រក្រតីសម្ដៅដល់អ្នកទាំងបួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើជាបេក្ខជនឈរឈ្មោះ។ គណបក្សទាំងអស់ ជាធម្មតាទទួលខុសត្រូវក្នុងការជ្រើសរើសបេក្ខជនមានសក្តានុពល និងជ្រើសរើសបេក្ខជនបម្រុងសម្រាប់បញ្ជីឈ្មោះបេក្ខជនរបស់ខ្លួន។ យ៉ាងណា ក្នុងករណីនេះ បេក្ខជនទាំង ១៨រូបរបស់គណបក្សភ្លើងទៀន ត្រូវបានដកសិទ្ធិមិនឲ្យឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោត ខណៈដែលពេលវេលាសម្រាប់ចុះឈ្មោះបេក្ខជនក៏ត្រូវបានបិទជាផ្លូវការដូចគ្នា ដែលធ្វើឲ្យគណបក្សភ្លើងទៀនមិនមានបេក្ខជនក្នុងសង្កាត់មួយនេះនោះទេ។
លោក ហង្ស ពុទ្ធា មិនបានផ្ដល់ព័ត៌មានលម្អិតពីមូលហេតុដែលលុបឈ្មោះបេក្ខជនទាំងអស់ពីបញ្ជីនោះទេ ដោយគ្រាន់តែនិយាយថាធ្វើតាមសំណើររបស់ដើមបណ្ដឹង ខុសបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ការលុបឈ្មោះបេក្ខជនពីបញ្ជីឈរឈ្មោះបោះឆ្នោតលើកនេះ ជាវិធានការចុងក្រោយបំផុតមួយ ដែលមាននៅទូទាំងប្រទេស ដែលបេក្ខជនត្រូវលុបឈ្មោះកន្លងមកសុទ្ធតែពាក់ព័ន្ធនឹងគណបក្សប្រឆាំង ដែលការណ៍នេះនាំឲ្យមានការថ្កោលទោសពីអង្គការសង្គមស៊ីវិល ដោយថាវិធានការនេះគឺប្រើដើម្បីជាឧបសគ្គដល់គណបក្សភ្លើងទៀន។ នៅពេលនេះ ភាពចេះអក្សរត្រូវបានគេប្រើជាមូលហេតុសំខាន់ក្នុងការដាក់ពាក្យបណ្ដឹងនៅ គ.ជ.ប។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញការខកចិត្តចំពោះការសម្រេចចិត្តរបស់ គ.ជ.ប នេះ។ លោកឲ្យដឹងថា ដើមបណ្ដឹងឈ្មោះ មុន្នី ជាបេក្ខជនក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា។
លោកបន្ថែមថា៖ «យើងជួបបញ្ហាច្រើន ដូចថ្ងៃនេះ (ថ្ងៃទី២២ ខែមីនា)»។ លោកបន្ថែមថា៖ «វាសំខាន់ទាក់ទងនឹងបញ្ជីឈ្មោះហ្នឹងដែរ គឺគ.ជ.ប.គេសម្រេចលុបបញ្ជីបេក្ខជននៅសង្កាត់ទួលស្វាយព្រៃ១ ទាំងស្រុងតែម្ដង។ មូលហេតុដោយសារគណបក្សប្រជាជនដែលជាគូបដិបក្ស មកប្ដឹងគេយកមកជាមូលដ្ឋាន មករំលាយបេក្ខជនយើងក្នុងមួយសង្កាត់១ វាជារឿងមួយដែលធ្ងន់ធ្ងរ»។
លោកពន្យល់ថា អ្នកទាំងបួនបានតវ៉ាថាពួកគេមិនបានទទួលស្គាល់ឈ្មោះរបស់ខ្លួនជាបេក្ខជននោះទេ។
លោកបន្ថែមថា៖ «វាអយុត្តិធម៌ណាស់ យើងមិនអាចទទួលយកបានទេ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ដែលមានឃុំ-សង្កាត់ទាំងអស់ចំនួន ១ ៦៥២។ បើតាមព័ត៌មានរបស់ គ.ជ.ប. បេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានចុះបញ្ជីមានចំនួន ៨២ ៧៨៦នាក់ នៅទូទាំងប្រទេសមកពីគណបក្សចំនួន ១៧។
គណបក្សភ្លើងទៀន ជាគណបក្សមានបេក្ខជនឈរឈ្មោះច្រើនជាងគេលំដាប់ទៅពីរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រឆាំងមួយនេះថាខ្លួន ខកខានដាក់បេក្ខជនតែនៅឃុំចំនួនបីប៉ុណ្ណោះនៅទូទាំងប្រទេស គឺឃុំក្នុងខេត្តរតនគិរី និងពោធិ៍សាត់។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) មានប្រសាសន៍ថា ការសម្រេចលុបឈ្មោះបេក្ខជនទាំង ១៨រូបនេះ បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកបោះឆ្នោតសម្រាប់ការជ្រើសរើសតំណាងរបស់ពួកគេ។
យ៉ាងណា លោកថា ច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បានអនុញ្ញាតឲ្យមានការលុបឈ្មោះបេក្ខជនណាដែលមិនចេះអក្សរចេញពីបញ្ជីបាន។
លោកនិយាយក្នុងលក្ខខណ្ឌទូទៅថា៖ «បើតាមអ្វីដែលខ្ញុំបានមើលឃើញ គឺមិនមានការប៉ះពាល់អ្វីខ្លាំងដល់ដំណើរការបោះឆ្នោតនោះទេ ពីគ្រោះពួកគេ [គណបក្សនយោបាយ] មានបេក្ខជនបម្រុង»។
ជាមួយគ្នានេះ ការលុបឈ្មោះបេក្ខជនចេញពីបញ្ជី ក្នុងខណ្ឌបឹងកេងកងនេះ គឺជាវិធានការថ្មីមួយទៀតដែល គ.ជ.ប បានកាត់បេក្ខជនចេញពីបញ្ជីអ្នកឈរឈ្មោះបោះឆ្នោតទាក់ទងនឹងបញ្ហាអក្ខរកម្ម។
កាលពីថ្ងៃសុក្រ សប្ដាហ៍មុន គ.ជ.ប ក៏បានលុបឈ្មោះបេក្ខជន ២០នាក់របស់គណបក្សភ្លើងទៀន និងបួននាក់របស់គណបក្សឆន្ទៈខ្មែរ ដែលបានដាក់ឲ្យឈរជាបេក្ខជនសម្រាប់ការបោះឆ្នោតខាងមុខ។
គ.ជ.ប បាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា សមាជិកខ្លួនបានទទួលពាក្យបណ្ដឹងចំនួន ១៦បណ្ដឹងពីប្រជាពលរដ្ឋមូលដ្ឋានប្រឆាំងនឹងបេក្ខជននៅក្នុងទីក្រុងភ្នំពេញ ខេត្តកោះកុង និងខេត្តមួយចំនួនទៀត ដោយចោទបេក្ខជនទាំងនោះថាមិនចេះអាន និងសរសេរអក្សរខ្មែរ។
សេចក្ដីថ្លែងការណ៍របស់ គ.ជ.ប សរសេរថា៖ «បើតាមចម្លើយអ្នកទាំងនោះ ពួកគេពិតជាមិនចេះសរសេរ និងអានមែន»។
ក្រៅពីនេះ មានបេក្ខជនខ្លះទៀតមិនមានទាំងឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងមូលដ្ឋានដែលខ្លួនឈរឈ្មោះឲ្យគេបោះឆ្នោតផង។
បន្ទាប់ពីសេចក្ដីសម្រេចរបស់ គ.ជ.ប កាលពីថ្ងៃសុក្រ លោក ថាច់ សេដ្ឋា បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយបានលើកយកពីបញ្ហាដែលកំពុងកើតមាននៅមូលដ្ឋាន ដោយអាជ្ញាធរបានរារាំង គំរាមកំហែង និងចាប់ខ្លួនបេក្ខជនរបស់គណបក្សភ្លើងទៀន ដោយចោទប្រកាន់ថាបានក្លែងបន្លំឯកសារ។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា៖ «មេឃុំ [គណបក្សប្រជាជនកម្ពុជា] ដែលបានអំណាច បារម្ភខ្លាចបាត់តំណែងរបស់ពួកគេ ដូចនេះ ពួកគេព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបង្កការរំខានដល់គណបក្សភ្លើងទៀន»។
លោក ឲ្យដឹងទៀតថា ក្រសួងមហាផ្ទៃបានទទួលស្គាល់ពីបញ្ហាដែលកំពុងកើតមាន និងបានយកចិត្តទុកដាក់លើរឿងដែលថាអាជ្ញាធរបានបន្តអនុវត្តមិនត្រឹមត្រូវ។
កាលពីសប្ដាហ៍មុន តុលាការខេត្តពោធិ៍សាត់ បានឃុំខ្លួនបេក្ខជនគណបក្សភ្លើងទៀនចំនួនពីររូប គឺឈ្មោះ អ៊ុក សៅវ៉ារិន និង ឈួន ឈឿង ដោយចោទថាបានក្លែងបន្លំឯកសារសាធារណៈ។ លោក ថាច់ សេដ្ឋា បានច្រានចោលការចោទប្រកាន់នេះ និងថាវាជាការគំរាមកំហែងផ្នែកនយោបាយ។
លោក ហង្ស ពុទ្ធា ឲ្យដឹងទៀតថា គ.ជ.ប នៅបន្តដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងការដកឈ្មោះបេក្ខជនពីគណបក្សមួយចំនួន ដែលក្នុងនោះគណបក្សភ្លើងទៀនមានច្រើនជាងគេ។
យ៉ាងណា លោក ពុទ្ធា ថា មានការ «ភាន់ច្រឡំ» អំពីបញ្ហា ដូចជាការលុបឈ្មោះបេក្ខជន ដែលវាមិនមែនជាការដាក់សម្ពាធនយោបាយទេ ប៉ុន្តែជាការអនុវត្តលើលក្ខខណ្ឌតម្រូវលើការចេះអក្សរ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា គណបក្សភ្លើងទៀន ជាគណបក្សមានសក្តានុពលមួយក្នុងការប្រកួតប្រជែងដណ្ដើមកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ ជាមួយគណបក្សប្រជាជនកម្ពុជា។ លោក បានលើកឡើងពីប្រជាប្រិយភាពរបស់គណក្ស ដែលកន្លងមកមានឈ្មោះថាគណបក្សសម រង្ស៊ី និងក្រោយមកបានបញ្ជូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតជាគណបក្សសង្គ្រោះជាតិ និងស្ទើរតែអាចយកឈ្នះការបោះឆ្នោតលើគណបក្សប្រជាជនកម្ពុជាកាលពីការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧។
លោក មានប្រសាសន៍ថា៖ «បើសិនជាការលុបឈ្មោះនៅតែបន្តមាន វានឹងប៉ះពាល់ដក់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ រួមទាំងមានការរិះគន់ពីសហគមន៍អន្តរជាតិអំពីសិទ្ធិចូលរួមបោះឆ្នោតផងដែរ»។
លោកឲ្យដឹងទៀតថា សាធារណជនបានបាត់បង់ជំនឿលើ គ.ជ.ប តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ ហើយសមាជិក គ.ជ.ប បច្ចុប្បន្នស្ទើរទាំងអស់សុទ្ធតែមានទំនាក់ទំនងនឹងគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត បានបដិសេធថាការលុបឈ្មោះបេក្ខជនរបស់បក្សប្រឆាំងនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
លោកបន្ថែមថា៖ «វាមិនមែនជាការរារាំងផ្នែកនយោបាយទេ ពីព្រោះបេក្ខជនគណបក្សភ្លើងទៀនមិនចេះអានអក្សរខ្មែរ»។ លោកថា គ.ជ.ប ធ្វើតាមនីតិវិធីច្បាប់។
លោក ក៏បានច្រានចោលការអះអាងថាមានការគំរាមកំហែងផ្នែកនយោបាយ ដែលថាមានការគំរាមដកហូតបណ្ណក្រីក្រ ពីប្រជាពលរដ្ឋណាដែលចូលរួមជាមួយគណបក្សប្រឆាំង។
យ៉ាងណា សម្រាប់លោក គង់ មូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ មានប្រសាសន៍ថា លោកជឿថាការលើកយករឿងមិនចេះអក្សរគឺ «ជាហេតុផលមិនត្រឹមត្រូវ» សម្រាប់ការលុបឈ្មោះបេក្ខជន។
លោក បន្ថែមថា៖ «យើងគិតថាមានបញ្ហាជាច្រើនផ្សេងទៀត»។ លោកបន្តថា គណបក្សបានដឹងពីនីតិវិធីរបស់ គ.ជ.ប ក្នុងចិត្តស្រាប់ហើយពេលចុះបញ្ជីឲ្យបេក្ខជន។
លោក ឲ្យដឹងទៀតថា ការគំរាមកំហែងមកលើគណបក្សឆន្ទៈខ្មែរនៅក្រៅរាជធានីភ្នំពេញ មានទាំងការស្នើឲ្យដកខ្លួនពីបេក្ខជនឈរឈ្មោះ ដោយមានការគំរាមពីមេឃុំ ដែលថាអ្នកពាក់ព័ន្ធជាមួយគណបក្សនឹងត្រូវដកហូតបណ្ណក្រីក្រ។
លោកបន្តថា៖ «រដ្ឋាភិបាល និងរដ្ឋបាលឃុំសង្កាត់ហ្នឹងឯង ជាអ្នកជួយដល់ប្រជាពលរដ្ឋ មិនមែនណគណបក្សនយោបាយទេ។ ដូច្នេះប្រសិនបើគណបក្សឆន្ទៈខ្មែរជាប់ឆ្នោត យើងអាចធ្វើអ្វីដែលប្រសើរជាងគណបក្សកាន់អំណាចធ្វើសព្វថ្ងៃ»។
លោក ខឿយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ មានប្រសាសន៍ថាគណបក្សរបស់លោក មិនមានជួបបញ្ហារឿងដាក់បេក្ខជនឈរឈ្មោះនោះទេ ប៉ុន្តែថាបានជួបបញ្ហាផ្សេងជាច្រើនទៀតនៅមូលដ្ឋាន រួមមានការគំរាមដកបណ្ណក្រីក្រ ពីសមាជិកគណបក្សផងដែរ។
លោក បានលើកជាឧទាហរណ៍ពីបេក្ខជនបក្សចំនួនប្រាំរូបក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង បានឈប់ចូលរួមយុទ្ធនាការគណបក្សបន្ទាប់ពីខ្លាចបាត់បង់បណ្ណក្រីក្ររបស់ខ្លួន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In unusual move, NEC cuts entire Candlelight candidate list in one Phnom Penh commune