អនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍នេះ បានទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានសាងសង់របងដោយប្រើលួសបន្លា និងសំបកកង់ឡានដោយខុសច្បាប់ ដើម្បីបិទផ្លូវ និងហ៊ុំព័ទ្ធផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃចាន់។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។
ប្រជាពលរដ្ឋម្នាក់បានប្រាប់អនុព័ន្ធយោធាមកពីប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលជាសមាជិកនៃក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅទីតាំងនោះថា៖ «ខ្ញុំអត់ចង់បានអ្វីច្រើនទេ ខ្ញុំគ្រាន់តែចង់បានដីផ្ទះខ្ញុំមកវិញ»។
ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា វរសេនីយ៍ឯក Nazlee Abdul Rahim ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានទៅមើលនៅច្រកព្រំដែនបឹងត្រកួន និងទីតាំងផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខ និងផលប៉ះពាល់នៃជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
ចាប់តាំងពីឧបទ្ទវហេតុចុងក្រោយនេះ ប្រជាពលរដ្ឋរាប់រយនាក់ដែលបានផ្លាស់ទីលំនៅអំឡុងការប៉ះទង្គិចព្រំដែនរយៈពេល៥ថ្ងៃ រវាងកម្ពុជា និងថៃ ដែលចាប់ផ្តើមកាលថ្ងៃទី២៤ ខែកក្កដា បានជម្លៀសខ្លួនម្តងទៀត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងទ័ពថៃអាចនឹងបើកការវាយប្រហារថ្មីទៀត។
ប្រជាពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ ហ៊ុល ម៉ាលីស អាយុ៥២ឆ្នាំ បានប្រាប់ សារព័ត៌មានខេមបូចា ថា ផ្ទះរបស់គាត់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ត្រូវបានកងទ័ពថៃឡោមព័ទ្ធយក ដោយពួកគេបានដាក់របងលួសបន្លា មុននឹងឱ្យគាត់ចាកចេញពីផ្ទះរបស់គាត់ដែលនៅចម្ងាយប្រហែល៥០០ម៉ែត្រពីព្រំដែនថៃ។
នៅវេលាម៉ោងប្រហែល៣:៣០នាទីរសៀល ថ្ងៃពុធ កងទ័ពថៃប្រមាណ១០០នាក់ បានបញ្ជាឱ្យគាត់ចាកចេញភ្លាមៗ ដោយមិនអនុញ្ញាតឱ្យយករបស់របរអ្វីចេញពីផ្ទះដែលគាត់រស់នៅជាង២០ឆ្នាំនោះទេ។
អ្នកស្រី ម៉ាលីស បាននិយាយទាំងទឹកភ្នែកថា៖ «ខ្ញុំបានព្យាយាមត្រឡប់ចូលផ្ទះវិញ ប៉ុន្តែកងទ័ពថៃមិនអនុញ្ញាតទេ»។ អ្នកស្រីបានបន្ថែមថា៖ «ប៉ុន្តែ ខ្ញុំបានលបចូលស្ងាត់យកខោអាវ អាហារមួយចំនួន ហើយនិងយកម៉ូតូរបស់ខ្ញុំបានដែរ»។ អ្នកស្រីបានបន្តថា ទាហានបានដាក់លួសបន្លាជុំវិញផ្ទះរបស់គាត់ និងផ្ទះពីរផ្សេងទៀត។
អ្នកស្រី ម៉ាលីស បានប្រាប់ថា៖ «ខ្ញុំមិនហ៊ានតតាំងជាមួយពួកវាទេ ព្រោះពួកវាមានអាវុធ»។
អ្នកស្រីបានទទូចសុំថា៖ «ឥឡូវនេះខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ បន្ទាប់ពីពួកវាបានយកផ្ទះរបស់ខ្ញុំ។ សូមជួយខ្ញុំយកផ្ទះខ្ញុំមកវិញ ដើម្បីឱ្យខ្ញុំអាចរស់នៅទីនោះម្តងទៀត»។
អ្នកស្រី ម៉ាលីស រួមទាំងស្វាមី និងកូន៤នាក់របស់គាត់ បានសុំផ្ទះប្រជាពលរដ្ឋជិតខាងស្នាក់នៅដែលផ្ទះនោះមានចម្ងាយប្រហែល៦០ម៉ែត្រពីផ្ទះរបស់អ្នកស្រី។

យោងតាមមន្ត្រីមួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយអនឡាញដែលគាំទ្ររដ្ឋាភិបាល កងទ័ពថៃត្រូវបានគេរាយការណ៍ថា កំពុងរៀបចំធ្វើការវាយប្រហារមួយទៀតលើកម្ពុជានៅយប់ថ្ងៃទី១៣ ខែសីហា។ ដោយលើកឡើងពី «ប្រភពដែលអាចទុកចិត្តបាន» ការចុះផ្សាយទាំងនេះបានរាយការណ៍ថា អាជ្ញាធរថៃបានបិទសាលារៀន ឱ្យកូនសិស្សវិលត្រឡប់ទៅផ្ទះវិញ និងជម្លៀសប្រជាពលរដ្ឋនៅភូមិឋាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឬក្រសួងការពារជាតិ មិនបានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយដើម្បីបញ្ជាក់ព័ត៌មានដែលអះអាងថា មេបញ្ជាការភូមិភាគ២របស់ថៃ កំពុង «រៀបចំ» ការវាយប្រហារមួយទៀតលើកម្ពុជានៅយប់នោះទេ។
ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៅខេត្តឧត្តរមានជ័យ និងព្រះវិហារ កំពុងភៀសខ្លួនចេញពីផ្ទះរបស់ពួកគេម្តងទៀតទៅកាន់ជំរំភៀសសឹកបណ្តោះអាសន្ន ចាប់តាំងពីយប់ថ្ងៃពុធ។
ក្នុងចំណោមនោះ អ្នកស្រី លួន លីន មកពីខេត្តព្រះវិហារ ដែលដំបូងឡើយបានត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១០ ខែសីហា បន្ទាប់ពីស្ថានភាពព្រំដែនស្ងប់ស្ងាត់ បានចាកចេញពីផ្ទះជាលើកទី២ បន្ទាប់ពីលឺដំណឹងថា ជម្លោះអាចនឹងផ្ទុះឡើងម្តងទៀត។ អ្នកស្រីបានត្រឡប់ទៅជំរំភៀសសឹកវិញហើយ។
អ្នកស្រី បានប្រាប់ថា៖ «ខ្ញុំបានត្រឡប់ទៅផ្ទះ ហើយមកវិញម្តងទៀតនៅយប់មិញ។ បើខ្ញុំមិនចាកចេញទេ តើខ្ញុំអាចធ្វើអ្វីបាន? ខ្ញុំខ្លាចសារធាតុ[គីមី]ពុល និងការប្រយុទ្ធគ្នា។ នៅពេលដែលមេឃុំមកប្រាប់យើងថា អាចនឹងមានការប្រយុទ្ធម្តងទៀតនៅពេលព្រឹក ឬយប់ថ្ងៃទី១៣ ឬ១៤ ខែសីហា ខ្ញុំក៏បានចាកចេញមក»។
អ្នកស្រីបានបន្តថា៖ «ពួកគាត់បានប្រាប់អ្នកភូមិទាំងអស់ឱ្យចាកចេញពីភូមិ។ ខ្ញុំបានខ្ចប់របស់របររបស់ខ្ញុំ ហើយធ្វើដំណើរពេញមួយយប់ ព្រោះខ្ញុំខ្លាច។ ខ្ញុំបានត្រឡប់មកកន្លែងភៀសសឹកវិញ។ ដូចខ្ញុំដែរ អ្នកភូមិជាច្រើនបានត្រឡប់មកតាមវិធីដូចៗគ្នា និយាយទៅ ពួកគាត់បានត្រឡប់ទៅកន្លែងស្នាក់នៅដដែលវិញ។ មនុស្សកាន់តែច្រើនកំពុងត្រឡប់មកទីនេះវិញ»។
អ្នកស្រីបានធ្វើដំណើរជាមួយកូន២នាក់រួមទាំងចៅម្នាក់ផងដែរ ដែលកូនស្រីម្នាក់របស់គាត់កំពុងមានផ្ទៃពោះទៀតផង។ នៅជំរំភៀសសឹកនោះមានមនុស្សជាង ១ ០០០នាក់ រួមទាំងកុមារ មនុស្សចាស់ បុរស ស្ត្រី និងអ្នកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញ។

អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានលើកឡើងថា ពលរដ្ឋជាង ៥ ៥០០គ្រួសារ ឬប្រហែល ១០ ០០០នាក់ បានត្រឡប់ទៅផ្ទះក្នុងរយៈពេល៣ថ្ងៃកន្លងមក។
លោកបានបន្តថា ទោះជាយ៉ាងណា ដោយសារការភ័យខ្លាចនៃជម្លោះដែលអាចឡើងម្តងទៀត ពលរដ្ឋប្រមាណ១៧០គ្រួសារ ឬប្រហែល៥០០នាក់ បានត្រឡប់ទៅកន្លែងភៀសសឹកវិញនៅថ្ងៃទី១៣ ខែសីហា។ លោកបានប្រាប់ថានៅខេត្តរបស់លោកមានទីតាំងសុវត្ថិភាពសម្រាប់ផ្តល់ជាជម្រកបណ្តោះអាសន្នដល់ពលរដ្ឋភៀសសឹកចំនួន១៥កន្លែង។
លោកបានបន្ថែមថា៖ «ពួកគាត់អាចរើសជំរំណាក៏បានដែលពួកគាត់ចង់ទៅ។ យើងទទួលយកពួកគាត់ទាំងអស់។ យើងបានថែទាំពួកគាត់តាំងពីដើមរហូតមកដល់ឥឡូវ»។
តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា កងកម្លាំងប៉ារ៉ា និងតម្រួតព្រំដែននៅថ្ងៃទី១៣ ខែសីហា បានចូលមកត្រួតពិនិត្យតំបន់នៅមុខច្រកជោគជ័យ ហើយបានបន្តសាងសង់របងដោយប្រើលួសបន្លា និងសំបកកង់ឡាននៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅក្នុងយោធភូមិភាគទី៥របស់កម្ពុជា។
អ្នកនាំពាក្យក្រសួង លោកស្រី ម៉ាលី សុជាតា មិនបានលើកឡើងពីចំនួនគ្រួសារដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុចុងក្រោយដែលពាក់ព័ន្ធនឹងកងទ័ពថៃនោះទេ ប៉ុន្តែបានឱ្យដឹងថា ស្ថានភាពតាមបណ្តោយជួរមុខនៅតំបន់យោធភូមិភាគទី៤និងទី៥ ដែលគ្របដណ្តប់ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ នៅតែស្ងប់ស្ងាត់។
កម្ពុជាបានអំពាវនាវឱ្យថៃគោរពឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួម១៣ចំណុចដែលបន្ថែមលើបទឈប់បាញ់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងយុត្តិធម៌ ព្រមទាំងការដោះលែងជាបន្ទាន់នូវកងទ័ពកម្ពុជា១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួន។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១០ នៅទីក្រុងយូណាន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាក្រៅផ្លូវការជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និង លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Interim Observer Team Inspects Village Fenced Up by Thai Military Using Barbed Wire in Banteay Meanchey










