សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សា៣នាក់របស់បក្សប្រឆាំង

សន្តិសុខម្នាក់ឈរយាមនៅមុខច្រកចូល ខណៈមន្ត្រីបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ បានជួបប្រជុំគ្នានៅទីស្នាក់ការរបស់បក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ រាជធានីភ្នំពេញ ជុំវិញការបែងចែកមណ្ឌលគ្នាកាន់កាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ (ខេមបូចា/ ព្រីង សំរាំង)
សន្តិសុខម្នាក់ឈរយាមនៅមុខច្រកចូល ខណៈមន្ត្រីបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ បានជួបប្រជុំគ្នានៅទីស្នាក់ការរបស់បក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ រាជធានីភ្នំពេញ ជុំវិញការបែងចែកមណ្ឌលគ្នាកាន់កាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី២៨ ខែកក្កដា បានសម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សាស្រុកពីររូបរបស់គណបក្សឆន្ទៈខ្មែរ​ និងជំទប់​ទី២​ម្នាក់​ទៀតរបស់គណបក្សភ្លើងទៀនជាបណ្ដោះ​អាសន្ន ក្រោមបទចោទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ ថ្លែងថាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនសកម្មជនបក្សប្រឆាំងទាំងបីរូប ជាបណ្ដោះអាសន្ន នៅពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា នៅឯពន្ធនាគារខេត្ត ដើម្បីទុកចាត់ការបន្តតាមនីតិវិធីច្បាប់ និងកំពុងស្វែងរកបក្ខពួកចំនួន១នាក់ទៀត ដែលកំពុងគេចខ្លួន។

បើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ​ បានអះអាងថា បន្ទាប់ពីធ្វើការសាកសួរលើជនសង្ស័យ និងពិនិត្យភស្តុតាង តំណាងអយ្យការបានសម្រេចចោទប្រកាន់ សកម្មជនបក្សប្រឆាំងទាំងបីរូប ក្រោមបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ បទញុះញង់ឱ្យមានការរើសអើង បទរំលោភលើលំនៅឋាន និងបទប៉ុនប៉ងកំហែងយកមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមបញ្ញតិ្តមាត្រា ២៩៩,​ ៣០៥, ៤៩៦, ២៧ និង ៣៦៥ នៃក្រមព្រហ្មទណ្ឌ។

តំណាងអយ្យការបានបញ្ជាក់ដែរថា ក្នុងសំណុំរឿងនេះ មានអ្នកពាក់ព័ន្ធផ្សេងទៀតដែលកំពុងគេចខ្លួន ហើយត្រូវបានចោទប្រកាន់​ពី​បទ ផ្ដើមគំនិតក្នុងអំពើញុះញង់ឱ្យមានការរើសអើង និងផ្ដើមគំនិតក្នុងអំពើប៉ុនប៉ងកំហែងយកមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ។

យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនកាលថ្ងៃទី២៧​ ខែកក្កា បញ្ជាក់ថា ក្រុមប្រឹក្សាទាំងបីរូប​ដែលត្រូវបានចាប់ខ្លួន មាន លោក ប៊ុន សារុំ និងលោក ចែម សាវឿន សមាជិកក្រុមប្រឹក្សាស្រុកបសេដ្ឋមកពីបក្សឆន្ទៈខ្មែរ និងលោក អ៊ុក សុវណ្ណឆន ជំទប់​ទី២ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មកពីបក្សភ្លើងទៀន។

លោក លី សុធារ៉ាយុទ្ធ បន្ថែមថា ដើមបណ្ដឹងឈ្មោះ ញ៉ែម ឈឹន និង ចាន់ រតនា ជាសមាជិកក្រុមប្រឹក្សាឃុំពោធិអង្គ្រង មកពីគណបក្សភ្លើងទៀន ដែលបច្ចុប្បន្ននៅបន្តក្នុងមុខតំណែង។

យោងតាមសេចក្ដីប្រកាសរបស់គណបក្សភ្លើងទៀន បានឱ្យដឹងថា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីរបស់ខ្លួនចំនួនមួយរូប និងមន្រ្តីបក្សឆន្ទៈខ្មែរចំនួនពីររូប អំឡុងពេលហៅពួកគេ សាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នៅសប្ដាហ៍មុននេះដែរ ក៏មានសកម្មជនសង្គម៥នាក់ត្រូវបានចាប់និងឃុំខ្លួន បន្ទាប់ពីពួកគេបានអត្ថាធិប្បាយពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម (CLV)។ ក្នុងនោះមាន លោក ធែល ធីលែន និងសកម្មជនសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស៤នាក់ទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅមុនពេលបញ្ចប់ទស្សនៈកិច្ចរបស់ខ្លួន លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេសរបស់អង្គការសហប្រជាជាតិទទួល​បន្ទុកស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា បាន​លើកឡើងពីកង្វល់ និងអនុសាសន៍ចំ​នួនប្រាំបួន ទាក់ទងនឹងបញ្ហាដែល​ពាក់ព័ន្ធ​នឹងដំណើរការបោះឆ្នោត ជនជាតិដើមភាគតិច ប្រព័ន្ធពន្ធនាគារ និងលំហ​នយោបាយ និងពលរដ្ឋ។

លោក បានគូសបញ្ជាក់ថា លំហនយោ​បា​យ និងពលរដ្ឋ និងសិទ្ធិជនជាតិដើមភាគតិចនៅតែត្រូវបាន​រឹតត្បិត​នៅឡើយ បើទោះជារដ្ឋាភិបាលថ្មី នៅពេលនេះ ត្រូវបានដឹកនាំដោយមនុស្សជំនាន់ថ្មីក្ដី។

អធិការនគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ  លោក ចន សុភិត ថ្លែងថា ករណីនេះលោកគ្រាន់តែអនុវត្តតាមច្បាប់ប៉ុណ្ណោះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ។ លោកបានបដិសេធក្នុងការផ្ដល់ព័ត៌មានបន្ថែមដោយសារករណីនេះបានដល់ដៃតុលាការ។

លោកបញ្ជាក់ថា៖ «រឿងនេះ យើងបានអនុវត្តតាមនីតិវិធីដែលមានបណ្ដឹងពីបុគ្គលភាគីរងគ្រោះ ហើយយើងបានអនុវត្តហើយបន្តនីតិវិធីទៅតុលាការ»។

ភរិយារបស់លោក អ៊ុក សុវណ្ណឆន ថ្លែងយ៉ាងខ្លីថា អ្នកស្រីកំពុងជាប់រវល់ ដោយសារមានគេកំពុងសួរនាំ។ អ្នកស្រីបញ្ជាក់ថា៖ «កំពុងរវល់ គេកំពុងសួរនាំខ្ញុំដែរ»។

ចំណែកភរិយារបស់លោក ប៊ុន សារុំ ថ្លែងថា ប្ដីរបស់អ្នកស្រី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃម្សិលមិញ។

លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន មានប្រសាសន៍ថា ការចាប់ខ្លួនក្រុមប្រឹក្សាជាប់ឆ្នោតរបស់បក្សប្រឆាំង នឹងបណ្ដាលឱ្យប៉ះពាល់ដល់ដំណើរការ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ រួមទាំងសេរីភាពខាងនយោបាយ។ 

លោកលើកឡើងថា៖ «ការបន្តចាប់ខ្លួននេះ គឺជាការយាយី រំខាន ធ្វើទុក្ខបុកម្នេញខាងនយោបាយ និង ការបំភិតបំភ័យលើសកម្មជន និងមន្រ្តីគណបក្ស មិនឲ្យអាចធ្វើសកម្មភាពនយោបាយបាយ។ នេះវាគឺប៉ះពាល់ដល់ដំណើរការ ឬគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនយោបាយ»។

លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការ លីកាដូ បង្ហាញក្ដីបារម្ភចំពោះ ការចាប់ខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសង្គម ជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះ។ លោក បន្តថា សកម្មភាពនេះ បើទោះបីជារដ្ឋាភិបាលបកស្រាយ​ថា ជាការអនុវត្តច្បាប់ក្ដី ក៏ត្រូវបានសហគមន៍អន្តរជាតិលើកឡើងថា ជាការរំលោភសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋដែរ។

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានចាត់ទុកករណីនេះ ជាការគំរាមកំហែងនិងធ្វើទុក្ខបុកម្នេញដើម្បីរារាំងការធ្វើសកម្មភាពនយោបាយរបស់សកម្មជនខ្លួន ដែលស្របតាមច្បាប់។

គណបក្សប្រឆាំងទាំងពីរ ក៏បានអំពាវនាវឱ្យអាជ្ញាធរដោះលែងសកម្មជនរបស់ខ្លួនទាំងអស់ ដែលត្រូវបានចាប់ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព មកលើកសកម្មជនគណបក្សភ្លើងទៀននិងឆន្ទៈខ្មែរបន្តទៀត។

បើតាមរបាយការណ៍ពីលោក លី សុធារ៉ាយុទ្ធ ឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន មានសកម្មជនបក្សភ្លើងទៀន និងឆន្ទៈខ្មែរចំនួន២៧នាក់ ត្រូវបានចាប់និងឃុំខ្លួន។ ក្នុងនោះមាន៧នាក់ត្រូវបានដោះលែង៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម