ក្រសួងព្រះបរមរាជវាំងបានចេញសេចក្តីជូនដំណឹងអំពីមរណភាពរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ដែលជាឥស្សរជននយោបាយខ្មែរមួយរូបនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ សម្ដេចទទួលមរណភាពនៅក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
សម្ដេច គង់ សំអុល គឺជាឥស្សរជនមួយរូបនៅក្នុងនយោបាយកម្ពុជាដែលបានកាន់មុខតំណែងសំខាន់ៗជាច្រើន។ លោកបានបម្រើការជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងចាប់តាំងពីឆ្នាំ១៩៩៨។ នៅចន្លោះឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៩ លោកជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកក៏បានកាន់តំណែងជាតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងផងដែរ។ លើសពីនេះ លោកជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា។
កាលពីដើមឆ្នាំនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានទទួលមរណភាពក្នុងជន្មាយុ៩៣ព្រះវស្សា បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាងមួយខែ។
ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃទទួលដំណឹងអំពីមរណភាពរបស់សម្ដេច គង់ សំអុល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានចេញលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសម្ដេច គង់ សំអុល នៅលើទំព័រហ្វេសប៊ុករៀងៗខ្លួនផងដែរ។
លោក ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយចំពោះការបាត់បង់ឥស្សរជនកម្ពុជាដ៏គួរឱ្យគោរព និងកោតសរសើរបំផុត។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងលិខិតថា៖ «តាំងពីអតីតកាលរហូតរៀងមក សម្ដេច តែងបូជានូវកម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតី និងការធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជាក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ និងលើកស្ទួយកិត្តិយសជាតិ កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»។
សពរបស់សម្ដេចត្រូវបានតម្កល់ដើម្បីប្រារព្ធពិធីបុណ្យនៅគេហដ្ឋាននៃសពនៅខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោក ឈិន កេតនា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ បានបដិសេធធ្វើអត្ថាធិប្បាយ។
លោក គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដោយព្រះរាជក្រឹត្យនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ លោក សុផល បានបដិសេធធ្វើអត្ថាធិប្បាយ និងបានបង្វែរឱ្យអ្នកសារព័ត៌មានទាក់ទងទៅកូនស្រីរបស់សម្ដេច គង់ សំអុល គឺលោកស្រី គង់ បញ្ញា។ តែលោកស្រីមិនបានឆ្លើយតបទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kong Sam Ol, Royal Palace Minister, Dies at Age 94