រដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើវិសោធនកម្មមាត្រាចំនួនប្រាំបីនៃរដ្ឋធម្មនុញ្ញដែលការកែប្រែនេះត្រូវបានជំទាស់យ៉ាងខ្លាំងដោយគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល។
នៅក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិកសភាចំនួន ១០៥ រូប ក្នុងចំណោម ១០៦ រូប បានអនុម័តលើការធ្វើវិសោធនកម្មនេះទាំងស្រុង។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការធ្វើវិសោធនកម្មនេះ គឺចាំបាច់ដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាដល់ដំណើរការនៃស្ថាប័នកំពូលរបស់ប្រទេសមិនឲ្យជាប់គាំង។ លោកបានច្រានចោលការចោទប្រកាន់ដែលថាការធ្វើវិសោធនកម្មនេះនឹងធ្វើឱ្យប្រព័ន្ធសភានិយមរបស់ព្រះរាជាណាចក្រចុះខ្សោយ។
លោកបានថ្លែងថា៖ «វិសោធនកម្មធ្វើឡើងដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ»។ លោកបានបន្ថែមថា៖ «ការជាប់គាំងខាងនយោបាយជាអ្វីដែលគណបក្សមួយចំនួនដែលមានជំហរមិនស្របនឹងរដ្ឋាភិបាលចង់បានបំផុតព្រោះនោះជាឧត្តមប្រយោជន៍របស់គណបក្សខ្លួន ហើយគេតែងតែរិះរកវិធីគ្រប់បែបយ៉ាងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឬឆ្លៀតឱកាសពីភាពចន្លោះប្រហោងក្នុងរដ្ឋធម្មនុញ្ញដើម្បីបង្កជាឧបសគ្គធ្វើឱ្យស្ថាប័នជាតិជាប់គាំងឬបង្កជាការរំខាននានាដល់កិច្ចដំណើរការនៃស្ថាប័នជាតិ សំដៅតថ្លៃខាងនយោបាយសម្រាប់ផលប្រយោជន៍របស់គណបក្សខ្លួនតែប៉ុណ្ណោះ»។
ក្រុមសង្គមស៊ីវិលជាង១០០កាលពីថ្ងៃពុធបានអំពាវនាវឱ្យរដ្ឋសភាពន្យារការអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលស្នើដោយគណបក្សប្រជាជនកម្ពុជានេះ។ ពួកគេថា វិសោធនកម្មនេះធ្វើឲ្យប៉ះពាល់ដល់តួនាទីរបស់រដ្ឋសភាដែលត្រួតពិនិត្យអំណាចរបស់រដ្ឋាភិបាល និងធ្វើឱ្យសិទ្ធិពលរដ្ឋចុះខ្សោយផងដែរ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានថ្លែងថា៖ «យើងមិនពេញចិត្តនឹងរឿងដែលកំពុងកើតឡើងឡើយ ប៉ុន្តែយើងក៏មិនអាចធ្វើអីដើម្បីបញ្ឈប់វាបានដែរទេ»។ លោកបានបន្ថែមថា៖ «យើងចង់ឱ្យស្ថាប័នសភាមានការទទួលខុសត្រូវច្រើនជាងនេះ ដើម្បីឱ្យរដ្ឋាភិបាលដែលកើតចេញពីសភា អាចបំពេញមុខងារដោយការទទួលខុសត្រូវ។ យើងមិនចង់ឃើញការផ្លាស់ប្តូរដោយសារតែការបារម្ភពីការពារអំណាចបុគ្គល ឬអ្នកដឹកនាំរដ្ឋាភិបាលទេ»។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសម្តែងការខកចិត្តចំពោះការធ្វើវិសោធនកម្មនេះ។
លោកបានថ្លែងថា៖ «វិសោធនកម្មនេះធ្វើឲ្យការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះការងាររបស់ខ្លួនកាន់តែខ្សោយ ។ យើងបារម្ភថាអំពើពុករលួយ ក៏ដូចជាការរំលោភអំណាចនឹងកើនឡើងនៅពេលអនាគត»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារការកែប្រែនេះ ដោយថាការធ្វើវិសោធនកម្មនេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។ លោកបដិសេធថា វាមិនមែនជាការក្តោបអំណាចរបស់បក្សកាន់អំណាចទេ។
លោកបានថ្លែងថា៖ «ក្រុមអង្គការក្រៅរដ្ឋាភិបាលនិយាយដូច្នេះដើម្បីផ្គាប់ចិត្តមេរបស់ពួកគេនៅក្រៅប្រទេសប៉ុណ្ណោះ ហើយរំខានដល់ការរីកចម្រើនរបស់រដ្ឋាភិបាល។ ការធ្វើវិសោធនកម្មគឺចាំបាច់ដើម្បីធានាដល់ការស្ថាប័នរដ្ឋដោយរលូន»។
ការផ្លាស់ប្តូរដែលបង្កើតក្តីបារម្ភបំផុតសម្រាប់ក្រុមសង្គមស៊ីវិលនិងបក្សប្រឆាំងនោះគឺមាត្រា៩៨និង១១៩ ។
មាត្រា៩៨ចែងពីអំណាចរបស់សភាក្នុងការទម្លាក់សមាជិកគណៈរដ្ឋមន្រ្តីនិងរដ្ឋាភិបាលពីដំណែង។ ក្នុងមាត្រាចាស់ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្រ្តចំនួន៣០នាក់នៃសមាជិកសរុប១២៥នាក់នោះរដ្ឋសភាអាចលើកយកមកពិភាក្សាបាន ប៉ុន្តែក្នុងវិសោធនកម្មលើកទី១០នេះ ចំនួនតំណាងរាស្រ្តត្រូវមានរហូតដល់១ភាគ៣ ឬយ៉ាងហោចណាស់៤១នាក់។ គណបក្សប្រជាជនកម្ពុជា នៅអាណត្តិនេះកាន់កាប់កៅអីនៅក្នុងសភាទាំង១២៥។
មាត្រា១១៩ ចែងពីការតែងតាំងនាយករដ្ឋមន្រ្តី និងការបង្កើតរដ្ឋាភិបាលថ្មី។ កាលពីមុនអំណាចក្នុងការតែងតាំងស្ថិតនៅក្នុងដៃប្រធាន និងអនុប្រធានទាំងពីរនៃរដ្ឋសភា។ ការធ្វើវិសោធនកម្មបានផ្លាស់ប្តូរការទទួលខុសត្រូវទៅលើគណបក្សដែលមានកៅអីច្រើនជាងគេក្នុងរដ្ឋសភាទៅវិញ។
លោក កន សាវាង្ស មន្រ្តីឃ្លាំមើលការបោះឆ្នោតនៃអង្គការ COMFREL បានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សភា ដោយនិយាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគួរតែត្រូវបានដាក់ពីមុខសាធារណជន។
លោកបានថ្លែងថា៖ «វាជាការសម្រេចរបស់សភាក្នុងអាណត្តិរបស់ខ្លួន ។ ប៉ុន្តែក្នុងនាមយើងជាប្រជាជនកម្ពុជា បង្ហាញការព្រួយបារម្ភរបស់យើងជុំវិញរឿងនេះ។ យើងនឹងតាមដានការអនុវត្តដោយយកចិត្តទុកដាក់ ហើយទុកឲ្យសាធារណជនជាវិនិច្ឆ័យទៅចុះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ National Assembly passes CPP-backed changes to Constitution