សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ផ្លូវជាតិលេខ៤១រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋទទូចឱ្យពន្លឿនការស្ថាបនាឡើងវិញ

ប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវជាតិលេខ៤១ ក្បែរវិទ្យាល័យអង្គមេត្រី ខណៈផ្លូវមានទឹកដក់ និងគ្រលុកធំៗ ដែលពិបាកបើកបរ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
ប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវជាតិលេខ៤១ ក្បែរវិទ្យាល័យអង្គមេត្រី ខណៈផ្លូវមានទឹកដក់ និងគ្រលុកធំៗ ដែលពិបាកបើកបរ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ផ្លូវជាតិ៤១ត្រូវបានស្ថាបនាក្នុងឆ្នាំ២០១៤ដែលជាកំណាត់ផ្លូវដ៏សំខាន់មួយតភ្ជាប់ពីផ្លូវជាតិ​លេខ៤ទៅកាន់ខេត្ត​កំពត កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបង្កការលំបាក​ដល់ការធ្វើ​ដំណើរ។ ខណៈពលរដ្ឋ​ដែលរស់នៅតំបន់នោះ ទទូច​ឱ្យ​​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេសក្រសួង​សាធារណការ​​ពន្លឿន​ការ​ជួសជុល​រឺស្ថាបនាឱ្យបាន​ឆាប់​រហ័ស​​ប្រកប​ដោយ​គុណភាពខ្ពស់។

បើធ្វើដំណើរពីផ្លូវជាតិលេខ៤ បត់ឆ្វេងមកតាមផ្លូវលេខ៤១ ដល់ចំណុចផ្សារអង្គមេត្រី​ទៅ​វិទ្យាល័យអង្គមេត្រី គេឃើញមានជង្ហុកធំៗ កន្លែងខ្លះមានទឹកដក់ ខ្លះដាច់កៅស៊ូមានសភាព​រដិបរដុប ខណៈអ្នកដំណើរស្រីប្រុសធ្វើដំណើរដោយប្រុងប្រយ័ត្ន​ ព្រោះខ្លាចមានគ្រោះថ្នាក់ ដោយសារស្ថានភាពផ្លូវមានការលំបាកខ្លាំង ជាពិសេសពេលមេឃភ្លៀង។ អ្វីដែលគួរឱ្យ​កត់​សម្គាល់ ផ្លូវនេះសំបូរឡានដឹកកម្មកររោងចក្រ និងឡានដឹកជំនិញធំៗចម្រុះមុខ ដែលជា​ហេតុ​ធ្វើឱ្យផ្លូវនេះកាន់តែមមាញឹក។

​ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ៤១ ពិសេសត្រង់ចំណុចផ្សារអង្គមេត្រី ស្ថិតក្នុងភូមិ​អង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ត្អូញត្អែរថាផ្លូវគ្មានគុណភាព ពិបាក​ធ្វើដំណើរ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនានា ហើយពួកគេស្នើសុំឱ្យក្រសួងពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋានចុះពិនិត្យដោយយកចិត្តទុកដាក់ ដើម្បីពន្លឿនការស្ថាបនាផ្លូវនេះ​ឱ្យបានឆាប់​រហ័ស ត្បិតថាផ្លូវនេះជាផ្លូវសំខាន់មិនអាចខ្វះបានសម្រាប់ការធ្វើដំណើរប្រកបការងារ។

កំពុងកាន់ចបកាយដីដែលហៀរចេញពីថ្នល់នៅខាងមុខផ្ទះ ពលរដ្ឋមួយរូបរស់នៅឃុំ​រលាំងគ្រើល គឺលោក សៅ តន អាយុ៥៣ឆ្នាំ  ថ្លែងប្រាប់ ខេមបូចា ថា ផ្លូវ៤១ គឺមានភាព​លំបាកខ្លាំងណាស់សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ហើយកាន់តែលំបាកសម្រាប់​អ្នករស់​នៅ​តំបន់នេះ តួយ៉ាងដូចលោកជាដើមចង់ធ្វើដំណើរទៅណាមកណា មានការតានតឹងចិត្ត​ណាស់។

លោកបន្តថា ដោយសារតែស្ថានភាពផ្លូវពិបាកបែបនេះ កាន់តែបង្កការកកស្ទះនៅ​ពេល​ពលរដ្ឋសម្រុកធ្វើដំណើរទៅធ្វើការ និងពេលត្រឡប់មកផ្ទះវិញ ព្រោះមានឡានដឹកកម្មករ​រោងចក្រ ឡានដឹកទំនិញ ឡានដឹកថ្ម ដឹកខ្សាច់ ឆ្លងកាត់ច្រើន។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ផ្លូវហ្នឹងវាលំបាក ទីមួយឃើញអ្នកធ្វើដំណើរលំបាក ហើយយើង​អ្នកនៅផ្ទះជុំវិញហ្នឹងក៏លំបាកចឹងទៅ ផ្លូវឡានវាមកជាប់កន្លែងហ្នឹងវាច្រើន ស្ទះចរាចរក៏​ច្រើន។ ភ្លៀងវិញទឹកដក់ពេញផ្លូវ ថ្ងៃមុនមានឡានគ្រោះថ្នាក់ទៀត ដោយសារផ្លូវវាខូចខ្លាំង»។

លោកបន្ថែមថា ដោយសារតែផ្លូវនេះខូចខ្លាំង លោកឃើញក្រុមហ៊ុនចិនដែលគ្រប់គ្រង​ការ​សាងសង់បានចាក់ដី និងជួសជុលណ្ដោះអាសន្នដែរ តែមិនបានប៉ុន្មានផងផ្លូវក៏នៅតែខូច​ដដែល។ ដោយសារតែផ្ទះរបស់លោកនៅជាប់នឹងថ្នល់ លោកថាមានការលំបាកខ្លាំងការ​រស់​នៅ និងរកស៊ី។

 លោកប្រាប់ថា៖ «រំខានមែនទែន ពេលខ្លះយើងចេញឡានចេញអីអត់រួច ចង់ធ្វើដំណើរ​ទៅ​នេះទៅនោះអត់បាន ដល់តែពេលវាស្ងួតទៅវាហ៊ុយទៀត»។

ឡានដឹកដីកំពុងធ្វើដំណើរលើផ្លូវជាតិ៤១ ខណៈផ្លូវមានសភាពខូចខាតខ្លាំង។ រូបថតនៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

លោក តន លើកឡើងថា ផ្លូវនេះខូចខាតក៏ដោយសារតែមិនមានប្រព័ន្ធលូបង្ហូរទឹកត្រឹមត្រូវ ដូច្នេះពេលមានភ្លៀងទឹកលិចផ្លូវ គួបផ្សំនឹងមានឡានដឹកលើសទម្ងន់ឆ្លងកាត់ច្រើន ក៏បណ្ដាល​ឱ្យផ្លូវទ្រុឌទ្រោមដូច្នេះ។

លោករំពឹងថា អាជ្ញាធរពាក់ព័ន្ធនឹងជួយជំរុញឱ្យក្រុមហ៊ុនសង់ផ្លូវប្រកបដោយស្ដង់ការ ដើម្បី ប្រើប្រាស់បានយូរអង្វែង ពិសេសពន្លឿនការជួសជុលតាមដែលអាចធ្វើបាន។ ព្រោះលោក​ឮដំណឹងមកថា គ្រោងនឹងធ្វើឆាប់ៗនេះហើយ តែមកដល់ពេលនេះ​មិនទាន់ឃើញមាន​សកម្មភាព​អ្វីឡើយ។

លោក តន​ បន្ថែមថា៖ «បញ្ហាសំខាន់គឺប្រលាយទឹកហ្នឹងហ្មង៎​ ដល់ទឹកហូរមកផ្លូវវាខូច ចឹង​សំណូមពរ[ក្រុមហ៊ុន]ធ្វើឱ្យស្រួល ឱ្យស្អាតឱ្យជាប់បានយូរ មានប្រលាយទឹកត្រឹមត្រូវ»។

បុរសវ័យ៥០ប្លាយអង្គុយលើម៉ូតូ បានអនុញ្ញាតផ្ដល់បទសម្ភាសន៍ជាមួយខេមបូចា តែសុំ​មិន​បញ្ចេញឈ្មោះ​ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤១នេះកាន់តែខូចធ្ងន់ធ្ងរទៅៗ ពិសេស​ពេលមេឃភ្លៀងហើយពិបាកក្នុងការធ្វើដំណើរ។ លោកតែងសង្កេតឃើញថា ពលរដ្ឋដែល​ធ្វើដំណើឆ្លងកាត់ ពើបប្រទះនឹងគ្រោះថ្នាក់ចរាចរជាញឹកញយ ពិសេសអ្នកដំណើរដែលមិនដឹងពីស្ថានភាពផ្លូវ។

បុរសសុំមិនបញ្ចេញឈ្មោះរូបនេះបញ្ជាក់ថា៖«ផ្លូវហ្នឹងវាពិបាកជិះអ៊ីចឹងទៅ  បើនិយាយពី​ពិបាក ពិបាកដល់កហើយ ហ៊ុយក៏ហ៊ុយ អ្នកដំណើរដួលរហូត អាគ្រលុកចឹង​អ្នកធ្លាប់​ជិះ​កាត់គេអត់ដែលដួលទេ ដួលតែអ្នកដំណើរថ្មីៗទេ»។

បុរសរូបនេះប្រាប់ឱ្យដឹងថា ផ្លូវនេះជាគម្រោងក្រោមការគ្រប់គ្រងសាងសង់របស់ក្រុមហ៊ុនចិន ហើយផ្លូវនេះ មានកាខូចខាតយូរហើយ តែក្រុមហ៊ុនជួសជុលតិចតួចបណ្ដោះអាសន្ន តែនៅតែ ខូចដដែល។ លោក បានសម្ដែងការបារម្ភចំពោះសុវត្ថិភាពអ្នកដំណើរ និងប្រជាពលរដ្ឋក្នុង មូលដ្ឋាន ដូច្នេះក៏បានស្នើទៅអ្នកពាក់ព័ន្ធឱ្យជួយពន្លឿនការស្ថាបនាកំណាត់ផ្លូវជាតិ៤១នេះ ពិសេសឱ្យអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធលូសងខាងផ្លូវឡើងវិញ ដើម្បីកុំឱ្យមានការលិចផ្លូវទៀត។

លោកឱ្យដឹងថា៖«ផ្លូវហ្នឹងចិនអ្នកធ្វើ ដូច្នេះសំណូមពរឱ្យឆាប់ធ្វើទៅ បានជិះស្រួលទាំងអស់គ្នា​ និងកាយប្រឡាយផង បើនាំគ្នាលុបប្រឡាយអស់ហើយ បានទឹកឯណាហូរអស់»។

ពលរដ្ឋរូបនេះបង្ហើបប្រាប់ថា បញ្ហាដែលពលរដ្ឋជួបប្រទះ ធ្លាប់បានស្នើទៅអាជ្ញាធរដែរ តែដោយសារតែផ្លូវនេះមានក្រុមហ៊ុនចិនជាអ្នកកាន់កាប់ ដូច្នេះអាជ្ញាធរមិនលូកដៃឡើយ។

លោកបញ្ជាក់ថា៖ «អាជ្ញាធររដ្ឋខ្ជិលមាត់ ខ្ជិលតអ៊ីចឹងទៅណា អាងតែថាក្រុមហ៊ុនចិន​គេមកធ្វើ។ ខ្ញុំចង់ឱ្យតែគេមកធ្វើទេ អ្នកណាក៏ចង់ដែរ»។

ពលរដ្ឋមួយរូបទៀត គឺ​លោក ទេព វិបុល កំពុងតែប៉ះកង់រ៉ឺម៉ក ដែលបែកពេលជិះកាត់ផ្លូវ៤១ បានប្រាប់ថា កង់បីលោកបែកកង់ព្រោះទង្គិចនឹងដុំថ្ម និងជង្ហុកធំៗ ហើយផ្លូវនេះមានស្ថានភាព​ពិបាកខ្លាំងណាស់ប្រសិនបើមេឃភ្លៀងវិញកាន់តែវេទនាមួយតង់ទៀត ពេលជិះអាចនឹង​ក្រឡាប់​ក៏មាន។

លោកប្រាប់ថា៖ «បើមេឃភ្លៀងវិញមានទឹកដក់ ពេលខ្លះមើលផ្លូវអត់ឃើញ​គ្រលុក​ជួនកាល​ទៅបិះក្រឡាប់រឺម៉ក់ក៏មានដែរ បើធ្វើឱ្យស្មើបន្តិចស្រួលជិះ»។

ឡានដឹកកម្មកររោងចក្របើកលើផ្លូវជាតិ៤១​យ៉ាងយឺតៗ ទាំងផ្អៀងទៅម្ខាង ពេលបើក​ដល់កន្លែងផ្លូវពិបាក។ រូបថតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

មេភូមិអង្គមេត្រី លោក គឹម ហួត ប្រាប់ឱ្យដឹងថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋានមួយរូប លោក៏មានការកង្វល់ចិត្តចំពោះបញ្ហាផ្លូវខូចខាតនេះដែរ ប៉ុន្តែលោកអះអាងថាមិនអា​ចធ្វើអ្វីចេញឡើយក្រៅតែពីសម្ដែងការមិនសប្បាយចិត្ត។

លោកហួតថ្លែងថា៖«ទៅឃើញពិបាកចិត្តចង់ងាប់ហើយ ឡានវាកកស្ទះនៅហ្នឹង អាណាស្ទុះចូលទៅអត់រួចអ៊ីចឹងទៅ»។

លោកបន្តថា ក្នុងនាមលោកជាមេភូមិ លោកមិនអាចចេញវិធានការណ៍អ្វីធំដុំឡើយ ព្រោះផ្លូវខូចក៏ដោយសារតែឡានដឹកលើសទម្ងន់ យានយន្តចរាចរណ៍ស្ទះខ្វាត់ខ្វែង។ លោកក៏រំពឹង ដែរថា ក្រោយការជួសជុលរួចនឹងមានផ្លូវល្អសម្រាប់ពលរដ្ឋប្រើប្រាស់។

លោក  ចែម ភិនរីមវុទ្ធី អភិបាលស្រុកគងពិសី ថ្លែប្រាប់ឱ្យដឹងថា ថ្វីត្បិតតែផ្លូវនេះកំពុងខូច តែនៅពេលបញ្ចប់ការស្ថាបនាហើយ លោកនឹងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីថែរក្សាផ្លូវមួយខ្សែរនេះកុំឱ្យរងការខូចខាតធ្ងន់ធ្ងរ។

លោកបញ្ជាក់ថា៖«យើងនឹងដាក់ជញ្ជីងចល័តក្នុងករណីដឹកលើសទម្ងន់ ចំពោះការចូលរួម គឺរួមគ្នាទប់ស្កាត់ទាំងអស់គ្នាទាំងជំនាញពាក់ព័ន្ធ ទាំងអាជ្ញាធរ»។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងប្រាប់ ខេមបូចា ថា ផ្លូវជាតិលេខ៤១ មិនស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរថ្នាក់ខេត្តឡើយ គឺស្ថិតក្រោមការគ្រប់គ្រង់​របស់​ថ្នាក់ជាតិម្យ៉ាងផ្លូវនេះបានប្រគល់សិទ្ធិស្ថាបនាទៅឱ្យក្រុមហ៊ុនចិនជាអ្នកស្ថាបនាហើយ។

លោក សំណាង ថ្លែងថា៖ «ផ្លូវជាតិ៤១ជារបស់ថ្នាក់ជាតិដែលទទួលបន្ទុកក្នុងការធ្វើអីៗ​ហ្នឹងណា​ ចិនគាត់ទទួលបន្ទុក ហើយគេបានធ្វើពីដំបូងៗមកតែឥឡូវវាខកខាន ខ្ញុំអត់​ដឹង​ថាសួរពីណាបាន»។

លោកអះអាងថា ក្រុមហ៊ុនចិនដែលកាន់កាប់នេះ នឹងស្ថាបនាផ្លូវ៤១ឱ្យប្រសើរជាងមុន ទាំង​ស្ដង់កា ទំហំ និងការរចនាលម្អ ហើយពលរដ្ឋខ្មែរគប្បីចូលរួមថែរក្សាផ្លូវឱ្យបានយូរអង្វែង។

លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំអំពាវនាវដល់អ្នករកស៊ីដឹកជញ្ជូនឱ្យគោរពច្បាប់ចរាចរណ៍ គោរព​វិធាន​នៃទម្ងន់ដើម្បីធ្វើយ៉ាងណាឱ្យផ្លូវយើងប្រើប្រាស់បានយូរ ហើយបើយើង​ចេះតែ​ចង់បាន​ម្នាក់ៗឯងចឹងវាអត់ល្អ»។

លោក ប៉ាល់ ចន្ទតារា លេខាធិការនិងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងស្ថាបនាផ្លូវជាតិ៤១ គឺគ្រាន់តែពង្រឹងគុណភាពឱ្យល្អជាងមុន និងត្រឹមត្រូវតាមស្ដង់ដា ព្រោះក្រសួងមានថវិការសម្រាប់កែលម្អឡើងវិញ។ ម្យ៉ាង ក្រសួង​មានគម្រោងច្បាស់លាស់  នឹងគ្រោងសម្ពោធចុងឆ្នាំ២០២២នេះ។

លោកថ្លែងថា៖ «កាលលើកមុនយើងអត់លុយចង់ធ្វើផ្លូវឱ្យបានច្រើន តែឥឡូវនេះ​យើងគិតគូរ​ពីគុណភាព ឥឡូវវាដល់ម៉ោងគិតពីគុណភាពហើយក្មួយ»។

លោកបានបន្ថែមថា ក្រសួងមានកញ្ចប់ថវិការសម្រាប់ជួសជុលផ្លូវ៤១ហើយ ប៉ុន្តែក្នុង​រង្វង់ទឹក​ប្រាក់ប៉ុន្មានលោកមិនច្បាស់ទេ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនចិន ជាអ្នកកាន់កាប់ក្នុងការជួសជុល​ផ្លូវមួយខ្សែនេះ។

ស្ថានភាពផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រូបថតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោកប៉ិច ពិសី បានឱ្យដឹងថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធ​ដែលគ្មានគុណភាពនេះជារឿងដដែលៗ និងកើតមានជាយូរមកហើយ។ បញ្ហាផ្លូវគ្មាន​គុណភាព​នេះ ក៏ធ្វើឱ្យពលរដ្ឋកើតជាកង្វល់ផងដែរ។

លោកមានប្រសាសន៍ថា៖ «ធ្វើផ្លូវធ្វើស្ពានអត់គុណភាព ហើយនឹងសំណង់សាធារណៈផ្សេង​ទៀត ជាក្ដីបារម្ភសម្រាប់សាធារណជន ពលរដ្ឋគាត់ខ្វល់ខ្វាយ»។

ដើម្បីដោះស្រាយបញ្ហានេះ លោកពិសី លើកឡើងថា​ រដ្ឋាភិបាល គប្បីមើលទៅលើធាតុ​សំខាន់ពីរយ៉ាង៖ ទី១ គឺការធ្វើលទ្ធកម្ម(ការចូលរួមដេញថ្លៃ)ជាសាធារណៈប្រកបដោយ​តម្លាភាព និងបើកចំហ។ ទីពីរ ដើម្បីដោះស្រាយឱ្យចំគោលដៅ រដ្ឋាភិបាលគួរតែសិក្សាឱ្យស៊ី​ជម្រៅ​បន្ថែមពីដើមចម និង​ពិនិត្យលើក្រុមហ៊ុនដែលគ្រប់គ្រងគម្រោងសង់ផ្លូវ ថាហេតុ​អ្វីសង់​ផ្លូវគ្មានគុណភាព ។

លោកពន្យល់យ៉ាងដូច្នេះថា៖ «លទ្ធកម្ម(ការចូលរួមដេញថ្លៃ)សាធារណៈគួរបើកជាសាធារណៈ  មានការ​ប្រកួត​ប្រជែង ពិតប្រាកដមិនមានអំពើរពុករលួយ ដោយផ្ដល់ឱកាសដល់ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ផ្នែកបច្ចេកទេស ផ្នែកហិរញ្ញវត្ថុអាចធ្វើកម្រោងសាធារណៈបាន»។ លោក​បន្តថា៖ «គួរតែមានការសិក្សាឱ្យស៊ីជម្រៅ ថាហេតុអ្វីក្រុមហ៊ុនដែលដេញថ្លៃបានធ្វើ​គម្រោង​អត់​មាន​គុណភាពហើយចេះតែខូច?»។

យោងតាមលិខិតបំភ្លឺរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤១ ខ្សែផ្លូវនេះស្ថិត​ក្នុង​គម្រោងធ្វើឱ្យប្រសើរឡើងវិញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ​ពីសាធារណរដ្ឋ​ប្រជាមានិតចិន ហើយក្រុមហ៊ុនដេញថ្លៃបានដោយក្រុមហ៊ុន​ចិនសាងសង់ផ្លូវនិងស្ពាន​(CRBC)​បានសន្យាថានឹងចុះជួសជុល ឆាប់ៗខាងមុខនេះ ហើយគ្រោងនឹងបើកការដ្ឋាននៅ​ពេលវេលា​សមស្របណាមួយ។ 

គួរជម្រាបជូនថា ផ្លូវជាតិលេខ៤១ ចាប់ពីផ្សារថ្នល់ ទទឹងចំណុចប្រសព្វនៃផ្លូវជាតិលេខ៤ ខេត្តកណ្តាល កាត់ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ទៅដងទង់ខេត្តកំពត មានប្រវែង​សរុបជាង​៩៥គីឡូម៉ែត្រ ជាប្រភេទក្រាលកៅស៊ូពីរជាន់(DBST)បានបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៤ និងដាក់ឱ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ២០១៥ ដោយចំណាយថវិកា​សរុបប្រមាណ​៤៦លានដុល្លារ។

បើតាមក្រសួងសាធារណការ  មកដល់បច្ចុប្បន្នផ្លូវនេះបានរងការខូចខាតយ៉ាងដំណំ​ដោយ​សារ​ការបើកបរលើសទម្ងន់កំណត់ គួបផ្សំនឹងស្ថានភាពផ្លូវមានកម្រិតទាប និងលិចលង់ ដោយ​ជំនន់ទឹកភ្លៀង ដែលតម្រូវឱ្យធ្វើការជួសជុលលើកកម្ពស់ឡើងវិញ ដើម្បីងាយស្រួល​ក្នុងការធ្វើចរាចរណ៍។

កន្លងមកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា គម្រោងស្ថាបនា​ឡើងវិញ​នូវផ្លូវជាតិមួយខ្សែនេះ នឹងត្រូវប្រើប្រាស់ប្រាក់កម្ចីពីប្រទេសចិន ដូចគ្នានឹងគម្រោងកែលម្អ​ឡើងវិញ​នូវផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣៕

895 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម