សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញទូទាំងប្រទេស ខណៈអ្នកវិភាគថាមានទីតាំងធំៗពាក់ព័ន្ធអ្នកមានឥទ្ធិពលមិនទាន់ត្រូវបានបង្រ្កាប

អាជ្ញាធរខេត្តបន្ទាយមានជ័យបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យថាជាមជ្ឈមណ្ឌលបទល្មើសអនឡាញនៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ តាមការបញ្ជាក់ពីអាជ្ញាធរ អ្នកដែលត្រូវបានឃាត់ខ្លួនភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី។ (រូបថតពី AKP)
អាជ្ញាធរខេត្តបន្ទាយមានជ័យបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យថាជាមជ្ឈមណ្ឌលបទល្មើសអនឡាញនៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ តាមការបញ្ជាក់ពីអាជ្ញាធរ អ្នកដែលត្រូវបានឃាត់ខ្លួនភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី។ (រូបថតពី AKP)

សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យថាជាមជ្ឈមណ្ឌលប្រព្រឹត្តិបទល្មើសអនឡាញនៅក្នុងខេត្តយ៉ាងហោចចំនួនប្រាំមួយ ចាប់តាំងពីថ្ងៃពុធ ក្រោយមានបទបញ្ជារបស់រដ្ឋាភិបាល និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ទោះជាយ៉ាងណា អ្នកជំនាញខាងបទល្មើសឆ្លងដែន និងក្រុមឃ្លាំមើល បង្ហាញក្តីបារម្ភថាទីតាំងធំៗដែលគេស្គាល់ច្បាស់ និងពាក់ព័ន្ធនឹងអ្នកមានឥទ្ធិពលនយោបាយនៅតែមិនទាន់ត្រូវបានប៉ះពាល់នៅឡើយ។

សេចក្តីរាយការណ៍ខ្លះបានលើកឡើងថា អាជ្ញាធរមូលដ្ឋានមួយចំនួនត្រូវបានគេសង្ស័យថាបានរារាំងដំណើរការបង្ក្រាប ដោយបានដោះលែងជនសង្ស័យ​ ខណៈរូបភាពវីដេអូពីខេត្តកំពង់ស្ពឺបង្ហាញថា ជនសង្ស័យប្រព្រឹត្តបទល្មើសអនឡាញដែលមិនទាន់ដឹងច្បាស់ថាត្រូវបានបង្ខំឬជាអ្នកចូលរួមដោយស្ម័គ្រចិត្ត បានរត់ចាកចេញពីទីតាំងមួយមុនការចុះបង្ក្រាប។

ជនបរទេសជាង ១ ០០០ នាក់ត្រូវបានឃាត់ខ្លួនគិតមកដល់ពេលនេះ ក្នុងនោះមានស្ត្រីប្រមាណ ១១៥នាក់។ តាមរបាយការណ៍របស់សមត្ថកិច្ច ពួកគេភាគច្រើនជាជនជាតិចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី បង់ក្លាដែស តៃវ៉ាន់ និងមីយ៉ាន់ម៉ា។

ប្រតិបត្តិការបង្ក្រាបភាគច្រើនបានធ្វើឡើងនៅថ្ងៃពុធ រហូតដល់យប់ នៅទូទាំងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ ព្រះសីហនុ និងរាជធានីភ្នំពេញ។

លោក Jacob Sims អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យ Harvard ដែលសិក្សាអំពីបណ្តាញបទល្មើសឆ្លងដែន និងការពាក់ព័ន្ធរបស់រដ្ឋក្នុងប្រតិបត្តិការបោកប្រាស់នៅកម្ពុជា បានលើកឡើងថា៖ «ការពិតដែលប្រតិបត្តិការទាំងនេះមិនបានផ្តោតលើទីតាំងបទល្មើសធំៗដែលគេស្គាល់ច្បាស់ គឺជាចំណុចសំខាន់—នេះហាក់​ដូចជាសកម្មភាពដែលរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីបង្ហាញថាមានសកម្មភាពគួរឱ្យកត់សម្គាល់ ខណៈរក្សាឧស្សាហកម្មស្នូល និងផលប្រយោជន៍របស់អ្នកពាក់ព័ន្ធដែលមានឥទ្ធិពល»។

មជ្ឈមណ្ឌលបទល្មើសអនឡាញទ្រង់ទ្រាយធំបានរីកសាយភាយនៅទូទាំងប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយការប៉ាន់ប្រមាណមុនការបង្ក្រាបកាលពីថ្ងៃពុធបង្ហាញថា មានទីតាំងសកម្មរហូតដល់ ៣៥០កន្លែង ដែលបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១២ ពាន់លានទៅ ១៩ ពាន់លានដុល្លារ។ ទីតាំងទាំងនេះពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មដែលត្រូវបានបង្ខិតបង្ខំ ដោយមានប្រជាជនប្រមាណ ១៥០ ០០០នាក់មកពីយ៉ាងហោចណាស់ ២២ ប្រទេសត្រូវបានកេងប្រវ័ញ្ច។ នេះបើតាមអង្គការ Winrock International ដែលដឹកនាំគម្រោងប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។

លោក Jacob Sims បានលើកឡើងថា៖ «ទីតាំងទាំងនេះមិនមែនជាកន្លែងសម្ងាត់ ឬលាក់កំបាំងនោះទេ។ ទីតាំងជាច្រើនត្រូវបានកត់ត្រាដោយអង្គការ Amnesty International, Cyberscam Monitor, ការស៊ើបអង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ និងអ្នកផ្សេងទៀត ហើយទីតាំងខ្លះថែមទាំងធ្លាប់ត្រូវបានអាជ្ញាធរចុះទៅត្រួតពិនិត្យដោយគ្មានលទ្ធផលគួរឱ្យកត់សម្គាល់អ្វីឡើយ។ ទោះជាយ៉ាងណា ទីតាំងដែលគ្រប់គ្រង ឬប្រតិបត្តិការដោយអ្នកមានឥទ្ធិពលធំៗដែលមានទំនាក់ទំនងនយោបាយនៅតែមិនទាន់រងផលប៉ះពាល់»។

អាជ្ញាធរខេត្តព្រះសីហនុបានបើកប្រតិបត្តិការបង្ក្រាបចូលអគារមួយដែលសង្ស័យថាមានប្រព្រឹត្តិបទល្មើសអនឡាញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០៥២។ (រូបថតពីអគ្គស្នងការដ្ឋាននគរបាលជាតិ)

របាយការណ៍មួយដែលចេញផ្សាយដោយលោក Sims កាលពីខែឧសភា បានណែនាំឱ្យមានការចោទប្រកាន់ ការដាក់ទណ្ឌកម្ម ការហាមឃាត់ទិដ្ឋាការ និងវិធានការទទួលខុសត្រូវផ្សេងទៀតសម្រាប់មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញចំនួន ២៨ នាក់ ដែលរួមទាំងសាច់ញាតិរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ដោយត្រូវបានចោទថាមានទំនាក់ទំនង ឬជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មខុសច្បាប់ ដែលការលើកឡើងរបស់លោក Sims នេះរងការការថ្កោលទោសជាខ្លាំងពីមន្ត្រីរដ្ឋាភិបាល។

អង្គការ Cyberscam Monitor ដែលជាក្រុមឃ្លាំមើលក្នុងតំបន់តាមដានបណ្តាញបទល្មើសអនឡាញ បានកំណត់ទីតាំងសង្ស័យថាជាកន្លែងបទល្មើសមានចំនួនយ៉ាងហោច ១៨១កន្លែងនៅទូទាំងប្រទេស រួមទាំងទីតាំងចំនួនប្រាំមួយនៅជិតកន្លែងសង្ស័យមួយដែលត្រូវបានបង្ក្រាបនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា។ អង្គការនេះក៏បានកត់សម្គាល់ថា ទីតាំងធំៗដែលគេស្គាល់ច្បាស់មួយចំនួននៅមិនទាន់ត្រូវបានគេបង្ក្រាបនៅឡើយ។

ទីតាំងសង្ស័យធំមួយដែលនៅមិនទាន់បានបង្ក្រាបគឺជាទីតាំងមួយនៅខេត្តតាកែវ ដែលគេស្គាល់ថាជា «Mango Park 2»។ ទីតាំងនេះស្ថិតនៅចម្ងាយប្រមាណ៩គីឡូម៉ែត្រពី Mango Park នៅខេត្តកំពង់ស្ពឺ ដែលត្រូវបានរាយការណ៍ថាត្រូវបាននគរបាលជាតិបង្ក្រាបកាលពីចុងឆ្នាំមុន ប៉ុន្តែហាក់ដូចជានៅតែបន្តដំណើរការ ដោយមានជនរងគ្រោះដែលអាចជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សជាង ១ ០០០ នាក់នៅមិនទាន់ត្រូវបានគេរកឃើញនៅពេលនោះ។

សេចក្តីរាយការណ៍ខ្លះបានទម្លាយថា មានការសហការរវាងក្រុមជនខិលខូច និងអាជ្ញាធរមូលដ្ឋានក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាប។

ក្នុងប្រតិបត្តិការមួយនៅខេត្តពោធិ៍សាត់នៅល្ងាចថ្ងៃពុធ ព្រះរាជអាជ្ញារងម្នាក់ត្រូវបានគេចោទថា «បានដោះលែងក្រុមជនប្រព្រឹត្តបទល្មើសអនឡាញ» នេះបើយោងតាមសារព័ត៌មាន Fresh News ដែលគាំទ្រដោយរដ្ឋាភិបាល ដោយដកស្រង់ពីសារសំឡេងបែកធ្លាយរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបញ្ជាឱ្យចាត់វិធានការប្រឆាំងនឹងមន្ត្រីនោះ។

ការបង្ហោះនៅលើបណ្តាញសង្គមដែលត្រូវបានផ្ទៀងផ្ទាត់ដោយ សារព័ត៌មានខេមបូចា បង្ហាញថា មានមនុស្សមួយចំនួនភៀសខ្លួនចេញពីទីតាំងមួយនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងវ៉ាលីរបស់ពួកគេ មុនពេលប្រតិបត្តិការបង្ក្រាប។ ក្រោយមក សមត្ថកិច្ចបាននិយាយថា ពួកគេបានឃាត់ខ្លួនមនុស្ស ៦៣នាក់ ដែលភាគច្រើនជាជនជាតិចិន នៅក្នុងប្រតិបត្តិការនោះ។

នៅពេលសួរថាតើអ្នកដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបត្រូវបានពិនិត្យរកជនរងគ្រោះនៃការជួញដូរមនុស្ស ឬអត់ ជាដំណាក់កាលមួយដែលអ្នកជំនាញប្រឆាំងការជួញដូរមនុស្សបានរិះគន់ថាអាជ្ញាធរកម្ពុជាបានខកខានក្នុងការបំពេញ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  បានឆ្លើយតបថា នីតិវិធីត្រូវបានដាក់ចេញដើម្បីកំណត់ថាតើបុគ្គលទាំងនោះជាជនរងគ្រោះ ជនប្រព្រឹត្តបទល្មើស ឬរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

លោកស្រីបានលើកឡើងថា៖ «នៅក្នុងប្រតិបត្តិការបង្ក្រាបថ្មីៗនេះ ការពិនិត្យបឋមរបស់យើងភាគច្រើនបានរកឃើញការរំលោភច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារ។ ចំពោះបទល្មើសផ្សេងទៀត ខ្ញុំជឿជាក់ថាក្រុមនេះនឹងមិនផ្តល់ចម្លើយច្បាស់លាស់ ឬត្រឹមត្រូវដល់យើងទេ»។

លោកស្រីបានបន្ថែមថា ការចំណាយពេលវេលាច្រើនក្នុងការស៊ើបអង្កេតរាល់បទល្មើសនឹងធ្វើឱ្យមណ្ឌលឃុំឃាំងមានសម្ពាធ ហើយអាចនាំឱ្យមានការរិះគន់បន្ថែមទៀតចំពោះការរំលោភសិទ្ធិមនុស្ស។ លោកស្រីបានអំពាវនាវឱ្យមាន «ការទទួលខុសត្រូវរួម» ជាមួយបណ្តាប្រទេសដើមកំណើតរបស់បុគ្គលទាំងនោះ ដោយជំរុញឱ្យពួកគេទទួលយកជនជាតិរបស់ខ្លួនត្រឡប់ទៅវិញដើម្បីសួរចម្លើយបន្ថែម ខណៈពេលដែលកម្ពុជាផ្តោតលើការកាត់ទោសជនល្មើសនៅតុលាការ។

នៅពេលសួរអំពីចំនួនទីតាំងបទល្មើសអនឡាញដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស ដែលជាតួលេខដែលលើកឡើងដោយ Cyberscam Monitor និងអ្នកស៊ើបអង្កេតផ្សេងទៀត លោកស្រី បានឆ្លើយថា៖ «យើងកំពុងធ្វើការស៊ើបអង្កេត។ ថាចំនួនពិតប្រាកដប៉ុន្មានដែលយើងនឹងរកឃើញ យើងនឹងដឹង»។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់ គឺលោក សិទ្ធិ ឡោះ  និង លោក ស ថេង មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយថាតើទីតាំងបទល្មើសធំៗត្រូវបានគេបង្ក្រាប ឬអត់ តើការពិនិត្យរកជនរងគ្រោះនៃការជួញដូរមនុស្សបានធ្វើឡើងឬអត់ ឬតើមេក្លោង ឬម្ចាស់ទីតាំងត្រូវបានចាប់ខ្លួន ឬស្ថិតនៅក្រោមការស៊ើបអង្កេត ឬអត់។

អ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ​។

សម្រាប់លោក Sims ការបង្ក្រាបពិតប្រាកដទាមទារឱ្យមានការទទួលខុសត្រូវពីសមាជិកព្រឹទ្ធសភា អភិបាលខេត្ត រដ្ឋមន្ត្រី និងទីប្រឹក្សាជាន់ខ្ពស់ដែលនៅកៀកនាយករដ្ឋមន្ត្រីដែលជាឥស្សរជនដែលលោកកំណត់ថាជាអ្នកកាន់កាប់ និងការពារទីតាំងបទល្មើសធំៗ។ ប៉ុន្តែលោកបាននិយាយថា ការពិតនៃនយោបាយធ្វើឱ្យរឿងនេះមិនអាចកើតឡើងឡើយ ហើយការបង្រ្កាបពិតប្រាកដត្រូវការសម្ពាធពីក្រៅប្រទេសកម្ពុជា។

ដោយផ្អែកលើការស្រាវជ្រាវរបស់លោក លោក Sims មើលឃើញថា បទបញ្ជា និងប្រតិបត្តិការបង្ក្រាបនៅសប្តាហ៍នេះភាគច្រើនជាការសម្តែង ដែលមានគោលបំណងបន្ធូរសម្ពាធអន្តរជាតិ ខណៈពេលដែលពង្រឹងអំណាចក្នុងចំណោមអ្នកមានឥទ្ធិពល។ លោកកត់សម្គាល់ថា លំនាំនេះធ្លាប់បានកើតឡើងពីមុនមកហើយដែរនៅក្នុងវិស័យមួយចំនួនដូចជាការកាប់ឈើខុសច្បាប់ ដែលប្រតិបត្តិការបង្ក្រាបបានផ្តោតលើប្រតិបត្តិករតូចតាច ប៉ុន្តែការពារផលប្រយោជន៍អ្នកដែលមានទំនាក់ទំនងល្អជាមួយខ្លួន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nationwide Raids Miss Key Scam Sites, Powerful Elites, Analysts Say

ព័ត៌មានថ្មី

អត្ថបទពេញនិយម