សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

បទបញ្ជា​ព្រំដែន​ថ្មី​រំខាន​ដល់​ជីវភាព​ពលរដ្ឋ ខណៈភាព​តានតឹង​នៅព្រំដែនកម្ពុជា-ថៃ​បន្តកើនឡើង

ប៉ូលិសកម្ពុជាបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីយោធាថៃប្តូរកាលវិភាគបិទព្រំដែននៅម៉ោង៤រសៀល។ (ខេមបូចា/ព្រីងសំរាំង)
ប៉ូលិសកម្ពុជាបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីយោធាថៃប្តូរកាលវិភាគបិទព្រំដែននៅម៉ោង៤រសៀល។ (ខេមបូចា/ព្រីងសំរាំង)

នារសៀលម៉ោង៤ នៅថ្ងៃអាទិត្យ អាជ្ញាធរថៃប្រមាណ ១០នាក់ក្នុងឯកសណ្ឋានពណ៌ខ្មៅបានដើរចេញពីអគារក្បែរនោះដើម្បីទាញទ្វាររបងបិទប៉ុស្តិ៍ត្រួតពិនិត្យ។

ជាមួយគ្នានោះ អាជ្ញាធរកម្ពុជាប្រមាណ ៣០នាក់ ដែលឈរក្បែររបងព្រំដែនក៏បានចាប់ផ្ដើមបិទច្រកទ្វារព្រំដែន ស្របពេលពលរដ្ឋខ្មែរបានប្រញាប់ប្រញាល់ចាកចេញពីប្រទេសថៃត្រឡប់មកផ្ទះវិញ។

កំពុងដើរឆ្លងកាត់ច្រកព្រំដែនថៃ ដោយស្ពាយនូវបង្វិចធំមួយ លោក សុខ សុខនី វ័យ ៦៧ឆ្នាំ ជាអ្នករស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងប្រទេសកម្ពុជា ឱ្យដឹងថា លោកជាអាជីវករលក់អាវជជុះនៅផ្សាររោងក្លឿប្រទេសថៃជាង២០ឆ្នាំមកហើយ។ ចំពោះដំណឹងដែលអាជ្ញាធរថៃនឹងបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង៤រសៀលនោះ លោកថាបានលឺតៗគ្នាប៉ុណ្ណោះ ដោយមិនមែនដឹងពីអាជ្ញាធរនៃប្រទេសទាំងពីរនោះទេ។

លោក សុខនី និយាយថា៖ «​ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរនៃ​ប្រទេស​ទាំង​ពីរ​ប្រកាស​ជា​ផ្លូវ​ការនូវការ​បិទ​ប៉ុស្តិ៍​ត្រួតពិនិត្យ ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច»។ ដោយលោកបន្ថែមថា លោកក៏ទើបតែបានលឺថ្ងៃនេះដែរ (ថ្ងៃអាទិត្យ) ថាអាជ្ញាធរថៃបិទប៉ុស្តិ៍នៅម៉ោង ៣ រសៀល ទើបគាត់ប្រញាប់ចាកចេញពីព្រំដែនថៃឱ្យបានមុនម៉ោង។

ជាទូទៅ ការបិទប៉ុស្តិ៍ត្រួតពិនិត្យពិតជាមានផលប៉ះពាល់​ដល់អាជីវកម្មរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រោះពួកគេជាអ្នកជិតខាងគ្នា។ លោក សុខនី បានលើកឡើងថា៖«ការកាត់បន្ថយម៉ោងធ្វើអាជីវកម្មនិងតម្រូវឱ្យទៅដល់ប៉ុស្ត៍ត្រួតពិនិត្យលឿនជាងរាល់ដង គឺបានប៉ះពាល់ដល់អាជីវកម្មខ្ញុំ។ វាពិតជាលំបាកព្រោះខ្ញុំមានពេលខ្លីក្នុងការលក់សម្លៀកបំពាក់របស់ខ្ញុំ»។

កំពុងឈរកាន់ដៃកូនទាំង២នាក់ រង់ចាំនៅមុខប៉ុស្តិ៍ត្រួតពិនិត្យប៉ោយប៉ែត នៅម៉ោងប្រមាណ៣និង៣០នាទីរសៀល អ្នកស្រី ឈិត ស្រីនិច អាយុ ២៨ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានខេមបូចា ថា ភាពតានតឹងនៅព្រំដែនកម្ពុជា និងថៃ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសាមញ្ញដូចអ្នកស្រី ជាពិសេសអ្នកដែលធ្វើការនៅប្រទេសថៃ។

អាជ្ញាធរ​ថៃបាន​តម្រូវ​​ឱ្យពលរដ្ឋ​ខ្មែរ​ចាកចេញ ឬ​ចូល​ប្រទេស​ថៃ​ត្រឹម​ម៉ោង​៤​រសៀល។ ហើយមានតែទិដ្ឋាការរយៈពេលប្រាំពីរថ្ងៃប៉ុណ្ណោះសម្រាប់ប្រជាជនកម្ពុជាដែលមានលិខិតឆ្លងដែន ឬបណ្ណព្រំដែនបច្ចុប្បន្ន។

ប្រកបរបរ​ជា​ជាង​ប៉ូលា​ស្បែក​ជើងម្នាក់​នៅ​ផ្សារ​រោង​ក្លឿ អ្នកស្រី ស្រីនិច មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ធំ បាន​និយាយ​ថា ក្នុងមួយថ្ងៃគាត់អាចរកបានចំណូលត្រឹមតែ ៣០០ បាត (ប្រមាណ ៣៦០០០ ​រៀល) ប៉ុណ្ណោះ។ ដូច្នេះ ពេល​មាន​ភាព​តានតឹង​នៅ​ព្រំដែន កម្មករ​ធម្មតា​ដូច​ជា​អ្នកស្រី​ងាយប្រឈមនឹង​ការ​បាត់បង់​ការងារ ហើយវានឹងប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសាររបស់គាត់ និងអ្នកផ្សេងទៀត។

អ្នកស្រីបាននិយាយថា៖​ «វាពិបាកណាស់។ កន្លងមកភាគីថៃបិទនៅម៉ោង ១០ យប់ ប៉ុន្តែឥឡូវខ្ញុំត្រូវប្រញាប់ចេញពីការងារមុនម៉ោង ៤ រសៀល អាជ្ញាធរថៃមិនបានជូនដំណឹងដល់ពួកយើងអំពីការបិទជាមុនទេ»។

អ្នកស្រីបានត្អូញត្អែរថា៖ «ផលប៉ះពាល់ទីមួយគឺទាក់ទងនឹងសេដ្ឋកិច្ចមិនដំណើរការល្អ យើងមិនអាចលក់អ្វីបានទេ ហើយយើងមានការងារធ្វើលុះត្រាតែអតិថិជនមករកយើង ខ្ញុំខ្លាចបាត់បង់ការងារ ប្រសិនបើព្រំដែនបិទទាំងស្រុង»។

ប៉ូលិស​កម្ពុជា​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បន្ទាប់​ពី​យោធា​ថៃ​ប្តូរ​កាលវិភាគ​បិទ​ព្រំដែន​នៅ​ម៉ោង​៤​រសៀល។ (ខេមបូចា/ព្រីងសំរាំង)

កម្មករ និងភ្ញៀវទេសចរណ៍ប្រឈមនឹងការលំបាក

អ្នកស្រី យ៉ាន អាយុ ៣៨ឆ្នាំ ជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ដែលធ្វើការជាអ្នកអូសរទេះសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បាននិយាយថា ការផ្លាស់ប្តូរម៉ោងធ្វើការរបស់អាជ្ញាធរថៃដោយមិនជូនដំណឹងដល់ភាគីកម្ពុជា បានបង្កការលំបាកដល់កម្មករ និងម្ចាស់អាជីវកម្មខ្នាតតូច។ អ្នកស្រីបញ្ជាក់ថា ទាំង​ពលរដ្ឋ​ខ្មែរ និង​ថៃ​ប្រឈម​នឹង​បញ្ហា​ដោយសារ​ច្បាប់​ថ្មី​នេះ។

អ្នកស្រី យ៉ាន បារម្ភ​ថា បើ​ស្ថានភាព​បែប​នេះ​នៅ​តែ​បន្ត ម្ចាស់​អាជីវកម្ម​តូចតាចអាច​ប្រឈម​នឹង​ការ​ខាត​បង់ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។ អ្នកស្រីបន្តថា ពួកគេក៏អាចប្រឈមនឹងសម្ពាធផ្លូវចិត្តផងដែរ ជាពិសេសអ្នកដែលជួលផ្ទះនៅជិតផ្សាររោងក្លឿ ហើយមានកូនទៅសាលារៀនក្នុងប្រទេសកម្ពុជា ត្រូវធ្វើដំណើរទៅមក។

អ្នកស្រី យ៉ាន បន្ថែមថា៖ «សម្រាប់ខ្ញុំ ដរាបណាច្រកទ្វារបើកចំហ ហើយប្រជាជនថៃ និងខ្មែរមិនឈ្លោះគ្នា កម្មករដែលរកបានដោយធ្វើការនៅជិតព្រំដែន នឹងមិនបាត់បង់ប្រាក់ចំណូលរបស់ពួកគេទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជានឹងរងផលប៉ះពាល់»។

ក្នុង​នាម​ជា​ខ្មែរ អ្នកស្រីមិន​ចង់ឱ្យមាន​ជម្លោះ​ជាមួយ​ជនជាតិ​ថៃ​ទេ ហើយ​សង្ឃឹម​ថា​នឹង​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ឆាប់ៗ។

ស្រ្តីដែលធ្វើការនៅទីនោះអស់រយៈពេលជាង១០ឆ្នាំ រៀបរាប់ថា៖ «យើងជាប្រជាពលរដ្ឋបានត្រឹមតែរង់ចាំមើល ហើយសង្ឃឹមថាពួកគេនឹងមិនបិទព្រំដែនទេព្រោះវានឹងប៉ះពាល់ដល់ប្រជាជន»។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លឹម សុដា ដែលចូលរួមត្រួតពិនិត្យស្ថានភាពនៅច្រកប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មានថា ការផ្លាស់ប្តូរម៉ោងបើកច្រកព្រំដែនបានបង្កការលំបាកខ្លះដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខ្មែរដែលតែងតែធ្វើដំណើរឆ្លងដែនទាំងព្រឹកព្រលឹមទៅរកស៊ីនៅប្រទេសថៃ។

លោក សុដា បានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរពេលវេលាគឺពិតជាប៉ះពាល់ដល់ប្រជាជនរបស់យើង [អាជីវករនៅក្នុងផ្សារថៃ]»។ ដោយលោកបន្ថែមថា បច្ចុប្បន្ននេះប៉ុស្តិ៍ត្រួតពិនិត្យក្នុងតំបន់ផ្សេងទៀតក៏បានផ្លាស់ប្តូរម៉ោងបើកចន្លោះពីម៉ោង ៨ ព្រឹកដល់ម៉ោង ១២ យប់មានន័យថាតែពាក់កណ្តាលថ្ងៃប៉ុណ្ណោះ។

លោក​បន្តថា ភាគី​ថៃ​មិន​បាន​ប្រាប់​អាជ្ញាធរ​កម្ពុជា​អំពី​ម៉ោង​បើក​ជា​លាយលក្ខណ៍អក្សរ​ទេ គ្រាន់តែ​និយាយ​ផ្ទាល់មាត់​ថា ប៉ុស្តិ៍ត្រួតពិនិត្យ​នឹង​បើក​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៤ រសៀល។

លោក សូដា បន្ថែមថា៖ «ខ្ញុំបានជួបអាជីវករខ្មែរនៅផ្សាររោងក្លឿកាលពីព្រឹកមិញ ពួកគេមិនខឹងនឹងអាជ្ញាធររបស់យើងទេ ព្រោះពួកគេដឹងថាជាភាគីថៃដែលបិទច្រកមុន»។

នៅពេលអ្នកសារព័ត៌មានសួរគាត់ថា តើប្រទេសណាដែលរងផលប៉ះពាល់ខ្លាំងជាង ទាក់ទងនឹងការបាត់បង់អាជីវកម្ម ដោយសារច្បាប់ព្រំដែនថ្មីនេះ លោកថាមិនអាចផ្តល់ចម្លើយបានទេ។

ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរ​ និងបរទេសសម្រុកចេញ ចូលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥  បន្ទាប់ពីភាគីថៃបានកាត់បន្ថយម៉ោងចេញចូល ច្រកអន្តរជាតិ នៅខេត្តបន្ទាយមានជ័យដោយឯកតោភាគី។​ (ខេមបូចា/ព្រីង សំរាំង)

ម៉ោងប្រតិបត្តិការប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានផ្លាស់ប្ដូរ

ប្រធានប៉ុស្តិ៍ត្រួតពិនិត្យនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា អាជ្ញាធរថៃបានបិទច្រកទ្វាររបស់ខ្លួនជាឯកតោភាគី ដោយមិនបានជូនដំណឹងដល់កម្ពុជាជាផ្លូវការនោះទេ។

លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ថា​៖«​ខ្ញុំ​មិន​អាច​បញ្ជាក់​លម្អិត​អំពី​បញ្ហា​នេះ​បាន​ទេ​ព្រោះ​វា​ជា​ការ​សម្រេច​ចិត្ត​របស់​ភាគី​យោធា​ថៃ»​។

យ៉ាងណាមិញ លោក​មិន​បាន​ឆ្លើយ​តបនឹង​សំណួរ​ទាក់​ទង​នឹង​ផលប៉ះពាល់ដែលនឹងកើតមានមកលើប្រជាជនកម្ពុជាក្រោយការផ្លាស់ប្ដូរម៉ោងនោះទេ ប៉ុន្តែ​លោក​ថា៖ «ពលរដ្ឋ​សប្បាយ​ចិត្ត និង​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​យើង»។

ជាមួយគ្នានេះ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតរបស់កម្ពុជា ក៏បានប្រកាសបើកម៉ោងថ្មីគឺពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច និងអនុវត្តចាប់ពីថ្ងៃទី០៨ ខែមិថុនា តទៅ។​ លើសពីនេះ អ្នកដំណើរកម្ពុជា ដែលចង់ចូលប្រទេសថៃ គឺត្រូវបានអនុញ្ញាតឱ្យតែរយៈពេល៧ថ្ងៃប៉ុណ្ណោះ មិនថាកាន់លិខិតឆ្លងដែន ឬបណ្ណព្រំដែន។

មុនពេលកើតមានភាពតានតឹងនៅព្រំដែន កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួនប្រាំមួយដែលត្រូវបានបន្ថែមថ្មី ដែលពលរដ្ឋមានសិទ្ធិស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់ ៦០ថ្ងៃ នេះបើយោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការបង្កើនទេសចរណ៍។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅរសៀលថ្ងៃទី៨ ខែមិថុនា អាជ្ញាធរកម្ពុជាបានបិទច្រកទ្វារអន្តរជាតិអូរស្មាច់ ដើម្បីឆ្លើយតបនឹងការសម្រេចចិត្តឯកតោភាគីរបស់ប្រទេសថៃក្នុងការរឹតបន្តឹងប្រតិបត្តិការ។

ក្នុងនោះ ច្រកទ្វារព្រំដែនអូរស្មាច់ ជាំ និងជប់គគីរ ក្នុងខេត្តឧត្តរមានជ័យ ពេលនេះបើកបានតែបីថ្ងៃក្នុងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានចំណាត់ការរបស់អាជ្ញាធរថៃ។

បន្ថែម​លើ​នេះ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំយាម ក្នុង​ខេត្ត​កោះកុង ក៏​បាន​បិទ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ដែរ។

ប្រជាជនថៃនឹងប្រឈមខ្លាំងបំផុត

រលកនៃការប្រតិកម្មជាសាធារណៈបានផ្ទុះឡើងបន្ទាប់ពីការបិទជាឯកតោភាគីដោយប្រទេសថៃ ដោយប្រជាជនកម្ពុជាស្នើឱ្យធ្វើពហិកាផលិតផលថៃ។ ទោះជាយ៉ាងនេះក្តី ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជំរុញឱ្យមានការអត់ធ្មត់ ដោយបានក្រើនរំលឹកពលរដ្ឋថា លោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនចង់ឱ្យជម្លោះនេះរីកធំឡើងដល់កម្រិតនៃការស្អប់ខ្ពើមជាតិសាសន៍នោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យោធា​ថៃ​បាន​បិទ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​ជា​ឯកតោភាគី​មុន​កាល​កំណត់។ ដូច្នេះ​ថៃ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​សកម្មភាព​នេះ។ ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​រក្សា​ភាព​ចាស់​ទុំ​ ​និង​ថ្លៃថ្នូរជា​និច្ច​ ​ហើយ​ចៀសវាង​ការ​បង្កជាសកម្មភាពណាមួយ​​បន្ត​ទៀត​»​។​

លោក​ថា ប្រសិនបើ​ផលិតផល​ថៃ​អវត្តមាន​ពី​ទីផ្សារ​កម្ពុជា វា​មិនមែន​ដោយសារ​ប្រជាជន​កម្ពុជា​បាន​ជ្រើសរើស​រួម​ធ្វើ​ពហិកា​ទេ ផ្ទុយទៅវិញ​វា​ជា​ផលវិបាក​នៃ​ការ​បិទ​ព្រំដែន ព្រោះថាបើពលរដ្ឋត្រូវបានរាំងស្ទះ នោះទំនិញក៏ដូចគ្នា។

លោក​ថ្លែង​ថា​៖ «​ប្រសិនបើ​ទំនិញ​ដែល​នាំ​ចូល​លែង​ចូល​ប្រទេស​កម្ពុជា​ហើយ​នោះ ប្រជាជន​ថៃ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​របស់​ពួកគេ ​ព្រោះ​អ្នក​ដែល​នឹង​រង​គ្រោះ​ច្រើន​ជាងគេ​គឺ​ប្រជាជន​ថៃ​ខ្លួនឯង​»​។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ហាងជាច្រើននៅក្នុងប្រទេសថៃបានបង្ហាញសញ្ញាហាមប្រាមប្រជាជនកម្ពុជា និងព្រមានថា «ពួកគេនឹងមានគ្រោះថ្នាក់ប្រសិនបើពួកគេព្យាយាមចូល»។

លោក ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា កម្ពុជាបាននាំចេញទំនិញទៅប្រទេសថៃជាង ១,១ ពាន់លានដុល្លារ ហើយបាននាំចូលទំនិញចំនួន ៥,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលមានន័យថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយថៃមានចំនួនជាង ៤,១ ពាន់លានដុល្លារ។

ក្នុង​រយៈពេល​ប្រាំ​ខែ​ដើម​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​ជាង ២០០ លាន​ដុល្លារ​ទៅ​ប្រទេស​ថៃ ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មាន​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ។

យោធា​ថៃបាន​បិទទ្វារ​ព្រំដែន​នៅ​ម៉ោង​៤​រសៀល ដែល​បាន​កំណត់​ពេល​វេលា​ជា​ថ្មី​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន នៅថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ជម្រើសដែលល្អបំផុតគឺដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានប្រាប់សារព័ត៌មានខេមបូចាថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនសមភាគីថៃ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយពន្យល់ថា ជម្លោះព្រំដែនបានបន្តអូសបន្លាយជាច្រើនទស្សវត្សមកហើយ ទោះបីជាមានយន្តការទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងដោយសុច្ឆន្ទៈក្នុងការដោះស្រាយក៏ដោយ។

លោក សុន្ទរី បាននិយាយដោយដកស្រង់សម្ដីក្នុងលិខិតថា៖ «បញ្ហាដែលមិនអាចដោះស្រាយបានទាំងនេះនៅតែបន្តជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹងដែលកើតឡើងដដែលៗ ហើយនាំឱ្យមានឧប្បត្តិហេតុអកុសលជាច្រើន»។

ថ្មីៗបំផុតគឺការប្រឈមមុខដាក់គ្នាកាលពីថ្ងៃទី២៨ ឧសភា នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារ មកលើទីតាំងកងទ័ពកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។

លិខិតនោះបានសរសេរថា៖ «ឧប្បត្តិហេតុនេះបានគូសបញ្ជាក់បន្ថែមអំពីភាពបន្ទាន់នៃការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាព។ ដោយមើលឃើញពីភាពស្មុគស្មាញ លក្ខណៈប្រវត្តិសាស្ត្រ និងភាពរសើបនៃជម្លោះទាំងនេះ វាកាន់តែបង្ហាញឱ្យឃើញច្បាស់ថា ការសន្ទនាទ្វេភាគីតែម្ខាងអាចនឹងមិនគ្រប់គ្រាន់ដើម្បីនាំមកនូវដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងឡើយ»។

ក្នុងបរិបទនេះ រដ្ឋាភិបាលកម្ពុជា ជឿជាក់ថា ផ្លូវឆ្ពោះទៅមុខដ៏សមស្រប និងសន្តិភាពបំផុត គឺការដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់ប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្តី។

សេចក្តីសម្រេចធ្វើឡើងដោយICJ ដែលជាស្ថាប័នធ្វើការផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់នូវដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងយូរអង្វែង។ ក្នុងនោះដែរ វានឹងផ្តល់ភាពច្បាស់លាស់អំពីព្រំដែនទឹកដីរៀងៗខ្លួន ហើយសំខាន់ជាងនេះទៅទៀត វានឹងជួយលើកកម្ពស់បរិយាកាសនៃសន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លិខិតនោះក៏បានចែងដែរថា៖ «សកម្មភាពបែបនេះក៏នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមករបស់យើងក្នុងការលើកកំពស់នីតិរដ្ឋ រក្សាភាពសុខដុមរមនាក្នុងតំបន់ និងការជំរុញវិបុលភាពរួមរបស់ប្រជាជនយើងនៅក្នុងសហគមន៍អាស៊ាន»។

ចំពោះការវិវត្តចុងក្រោយនេះ ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងយោធាកម្ពុជា និងថៃបានជួបប្រជុំគ្នាកាលពីថ្ងៃទី ៨ ខែមិថុនា ដោយសម្រេចបន្ធូរបន្ថយភាពតានតឹង ដោយត្រឡប់ទៅទីតាំងឈរជើងរៀងខ្លួនវិញ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Border Rules Disrupting Lives, Livelihoods as Cambodia-Thailand Tensions Escalate

92 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម