ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅថ្ងៃទី១៦ ខែធ្នូ ដើម្បីកំណត់ និងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបើកឱ្យមានការអន្តរាគមន៍ចំគោលដៅក្នុងអំឡុងពេលមានវិបត្តិ។ សហគ្រិនសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងជួយទ្រទ្រង់អាជីវកម្មរបស់ពួកគេ ខណៈដែលភាគច្រើនពឹងផ្អែកលើប្រាក់កម្ចីឯកជនដើម្បីបើកដំណើរការអាជីវកម្ម។
ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ពាណិជ្ជករក្រៅប្រព័ន្ធបាននិយាយថា ពួកគេមិនទទួលបានកញ្ចប់ជំនួយទេ ហើយពួគគេជាច្រើនបានងាកទៅរកធនាគារ ក៏ដូចជាប្រាក់កម្ចីឯកជនដើម្បីចាប់ផ្តើមអាជីវកម្មរបស់ពួកគេឡើងវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលស្គាល់បញ្ហាប្រឈមរបស់រដ្ឋាភិបាលក្នុងការផ្តល់ជំនួយចំគោលដៅក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ដោយសារកង្វះមូលដ្ឋានទិន្នន័យទូលំទូលាយនៃអាជីវកម្មក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
លោកបានសង្កត់ធ្ងន់ថា ការចុះឈ្មោះកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលប្រមូលទិន្នន័យច្បាស់លាស់សម្រាប់ការអន្តរាគមន៍តាមគោលដៅ និងទាន់ពេលវេលាក្នុងវិបត្តិនានា ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាត។ គំនិតផ្តួចផ្តើមនេះក៏មានគោលបំណងផ្តល់នូវសេដ្ឋកិច្ចក្រៅប្រព័ន្ធនូវលទ្ធភាពទទួលបានយន្តការគាំទ្រផ្សេងៗ រួមទាំងសេវាហិរញ្ញវត្ថុផ្លូវការ កម្មវិធីអភិវឌ្ឍន៍ជំនាញ និងអត្ថប្រយោជន៍គាំពារសង្គមដូចជាការថែទាំសុខភាពជាដើម។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសបើកដំណើរការថ្នាលនេះថា៖ «តាមរយៈការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋាភិបាលនឹងមានសមត្ថភាពផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងចំគោលដៅដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងពេលមានវិបត្តិ»។
ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលបានដាក់ចេញនូវ «អនុក្រឹត្យស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីទទួលស្គាល់អាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈវិញ្ញាបនបត្រ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះធ្វើឡើងចំពេលកម្ពុជាខ្វះមូលដ្ឋានទិន្នន័យដ៏ទូលំទូលាយ ដែលបង្ហាញពីបញ្ហាប្រឈមក្នុងការធានាប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពក្នុងអន្តរាគមន៍របស់រដ្ឋាភិបាល។
លោក វណ្ណឌី ថ្លែងថា៖ «ការរៀបចំប្រព័ន្ធទិន្នន័យ និងការអនុញ្ញាតឲ្យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះខ្លួនឯងបាន គឺមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការដោះស្រាយវិសមភាពសង្គម»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះដោយមិនគិតថ្លៃ ហើយប្រតិបត្តិករដែលមានចំណូលប្រចាំឆ្នាំប្រហែល ៦ម៉ឺនដុល្លារ ត្រូវបានលើកលែងពីការយកពន្ធ។
ដើម្បីជួយសម្រួលដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចប្រើប្រាស់កម្មវិធីទូរសព្ទចល័ត CAM-IE ឬវិបផតថល ដោយធានានូវដំណើរការដែលងាយស្រួល និងអាចចូលដំណើរការបានសម្រាប់ការចាប់ផ្តើមចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
លោកស្រី ពៅ វរលក្ម្សណ៍ អនុរដ្ឋលេខាធិការ នៃក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងជាប្រធាន លេខាធិការដ្ខាននៃគណ: កម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រាប់ សារព័ត៌មានខេមបូចា ថា វាជារឿងសំខាន់ក្នុងការចុះឈ្មោះជាមួយប្រព័ន្ធឌីជីថល ដោយសារវាផ្តល់វិញ្ញាបនបត្រនៃការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយនឹងតម្លៃស្របច្បាប់។ វាបើកលទ្ធភាពទទួលបានការគាំទ្រពីរដ្ឋាភិបាល រួមទាំងកម្ចីទន់ និងការវិនិយោគដើម្បីពង្រីកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
រដ្ឋាភិបាលនឹងជួយស្របតាមការប្រមូលទិន្នន័យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្តល់ការគាំទ្រតាមគោលដៅអំឡុងពេលមានវិបត្តិ។
លោកស្រីបានមានប្រសាសន៍ថា៖ «យើងដឹងបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជាគន្លងមកគឺនៅក្នុងកំឡុងពេលឆ្លងរីករាលដាលជំងឺកូវីដ-១៩ យើងបានបង្ហាញថាអ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័គឺជាក្រុមប្រភេទដែលងាយរងគ្រោះបំផុតហើយនឹងងាយទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងគ្រាំមានវិបត្តិនេះ»។
![](https://b1949157.smushcdn.com/1949157/wp-content/uploads/2024/12/2024-12-17-08.42.14.webp?lossy=1&strip=0&webp=1)
អ្នកស្រី ឈិន យ៉ុង អ្នកលក់ផ្លែឈើស្រស់បានប្រាប់ សារព័ត៌មានខេមបូចា ថា អ្នកស្រីមិនដឹងអំពីថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះទេ ប៉ុន្តែអ្នកស្រីបានបង្ហាញអារម្មណ៍រំភើបដោយកត់សម្គាល់ថាអ្នកស្រីនឹងសប្បាយចិត្តប្រសិនបើវាផ្តល់ការគាំទ្រជាក់ស្តែងដល់កម្មករក្រៅប្រព័ន្ធ។
បន្ទាប់ពីជំងឺរាតត្បាតនេះ អ្នកស្រី យ៉ុង បានខ្ចីប្រាក់ឯកជនដែលមានការប្រាក់ខ្ពស់ ដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នកស្រីឡើងវិញ។ អ្នកស្រីបន្តថា៖ «នៅពេលនោះ យើងខ្ចីដើម្បីពង្រីកអាជីវកម្មរបស់យើង។ ខ្ញុំលំបាកតាំងពីពេលនោះមក»។
អ្នកស្រីក៏បានជំរុញឱ្យរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើការជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយស្នើវិធានការដូចជាលទ្ធភាពទទួលបានដើមទុន ឬសហការជាមួយធនាគារដើម្បីផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប។
ស្រដៀងគ្នានេះដែរ អ្នកលក់ម្នាក់ទៀតឈ្មោះ អ្នកស្រី សូរ បូរី ប្រាប់ថា អ្នកស្រីមិនបានដឹងពីកម្មវិធីនេះទេ។ អ្នកស្រីក៏បានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាត ហើយមិនបានទទួលជំនួយណាមួយឡើយ។
អ្នកស្រី បូរី លើកឡើងថា៖ «នៅពេលយើងចាប់ផ្តើមអាជីវកម្ម យើងបានខ្ចីលុយពីអ្នកដទៃ។ ក្នុងអំឡុងពេលមានវិបត្តិ យើងមិនអាចខ្ចីលុយបានទេ ដូច្នេះយើងគ្មានទំនិញសម្រាប់លក់ទេ»។
អ្នកស្រី បូរី បន្ថែមថា ប្រសិនបើកម្មវិធីចុះឈ្មោះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល និងវិស័យឯកជននោះ វាអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អាជីវកម្ម ជាពិសេសជួយសម្រួលដល់ការទទួលបានដើមទុន។
លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រជាធិបតេយ្យឯករាជ្យ (IDEA) បានប្រាប់ សារព័ត៌មានខេមបូចា ថា វាក៏ជាការរួមចំណែករបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទិន្នន័យសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
លោកបន្តថា អនុក្រឹត្យនេះក៏រួមបញ្ចូលផងដែរនូវឱកាសបណ្តុះបណ្តាលក្នុងអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករ និងអាចឱ្យរដ្ឋាភិបាលប្រមូលទិន្នន័យបានត្រឹមត្រូវ ដើម្បីផ្តល់ការគាំទ្រតាមគោលដៅ។ លើសពីនេះ លោកមើលឃើញពីតួនាទីរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីប្រមូលពន្ធពីកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការលើកឡើងនេះ លោកគិតថា ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិតមានការលំបាក ជាពិសេសបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅមានការយល់ដឹងនៅមានកម្រិត។ លោកបន្តថា អនុក្រឹត្យតម្រូវឱ្យមានឯកសារបញ្ជាក់អត្តសញ្ញាណ រូបថតទីតាំងអាជីវកម្ម និងទិន្នន័យចំណូល ដែលធ្វើឱ្យដំណើរការស្មុគស្មាញ។
លោក វន់ ពៅ បានថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលមិនផ្តល់ការបណ្តុះបណ្តាល និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល នោះវានឹងជាឧបសគ្គមួយដែរ»។
លោកបានបន្តថា សម្រាប់ការបង្កើនការចុះឈ្មោះតាមប្រព័ន្ធឌីជីថល ត្រូវតែមានការអប់រំ និងការគាំទ្រច្បាស់លាស់ ដើម្បីធានាថាពួកគេយល់ និងប្រើប្រាស់ប្រព័ន្ធប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ការផ្តល់ដើមទុនមានសារៈសំខាន់ណាស់ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងអាជីវកម្មដែលកំពុងជួបការលំបាក។ ការបណ្តុះបណ្តាលគឺចាំបាច់ដើម្បីជួយពួកគេគ្រប់គ្រង និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព។
ទោះយ៉ាងណា លោកសង្កេតឃើញថា បញ្ហាចម្បងដែលកម្មករក្រៅប្រព័ន្ធនៅតែជួបប្រទះ គឺបណ្ដាលមកពីការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្ដាលមកពីការធ្លាក់ចុះនៃវិស័យទេសចរណ៍។ បញ្ហាសំខាន់មួយទៀតគឺការបាត់បង់ប្រាក់ចំណូលដោយសារតែជនបរទេសមួយចំនួនធំចាប់យកការងារប្រពៃណីរបស់ពាណិជ្ជករក្រៅប្រព័ន្ធ ដែលបង្កើតការលំបាកក្នុងការដំណើរការអាជីវកម្មរបស់ពួកគេ។
ភាពមិនច្បាស់លាស់ជារឿយៗបង្ខំពួកគេឱ្យផ្លាស់ទីប្រតិបត្តិការរបស់ពួកគេជាញឹកញាប់។ លើសពីនេះ ការប្រែប្រួលអាកាសធាតុ បង្កបញ្ហាប្រឈមមួយទៀត។
លោក វន់ ពៅ បានបន្ថែមថា៖«បញ្ហាមួយចំនួនទៀតទាក់ទងទៅនឹងទាក់ទងទៅនឹងសម័យបច្ចេកវិទ្យាទំនើបក៏ជាបញ្ហាមួយដែរ ពីព្រោះពួកគាត់មួយចំនួនធំធ្វើអាជីវកម្មបែបបុរាណ»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា (RAC) បានប្រាប់ សារព័ត៌មានខេមបូចា ថា ការធ្វើឌីជីថលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាជំហានដ៏សំខាន់មួយដែលរដ្ឋាភិបាលទទួលខុសត្រូវចំពោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការគ្រប់គ្រងទិន្នន័យ។
លោកបន្តថា ការចុះឈ្មោះកម្មករក្រៅប្រព័ន្ធមានសារៈសំខាន់ ដើម្បីយល់ពីតម្រូវការរបស់ពួកគេ និងគ្រប់គ្រងធនធានរបស់ពួកគេឲ្យមានប្រសិទ្ធភាព។ វាជួយរដ្ឋាភិបាលដោះស្រាយតម្រូវការ និងគាំទ្រកំណើនសេដ្ឋកិច្ច ជាពិសេសតាមរយៈការរួមចំណែកពន្ធពីវិស័យក្រៅប្រព័ន្ធ។
លោកបានបញ្ជាក់ថា៖«កិច្ចការសំខាន់របស់រដ្ឋ ដែលជាយកចិត្តទុកដាក់ហើយ ពិនិត្យតាមដានប្រាកដប្រជាដើម្បីជួយជម្រុញ ប្រពន្ធ័នឹងមុខរបបទាំងឡាយដែលនៅក្រៅប្រពន្ធ័សេដ្ឋកិច្ចដែលមិនទុកឲ្យពួកគាត់ឯកកោរបានទេ។ ទោះបីជាយ៉ាងណាយើង[រដ្ឋាភិបាល] ត្រូវការគ្រប់គ្រងឲ្យបាននៅក្នុងតួលេខ»។
លោក វណ្ណៈ បានបន្ថែមថា ក្រសួងត្រូវកំណត់ឱ្យបានច្បាស់នូវការទទួលខុសត្រូវរបស់ក្រុម ឬស្ថាប័ននីមួយៗ។ លោកបានបន្ថែមថា ភារកិច្ចគួរតែត្រូវបានកំណត់ដើម្បីលើកកម្ពស់ប្រព័ន្ធខាងក្រៅដោយមានគោលការណ៍ច្បាស់លាស់ដើម្បីណែនាំការរួមចំណែក និងជៀសវាងគោលនយោបាយដែលគ្មានប្រសិទ្ធភាព៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Digital Platform Introduced to Assist Informal Businesses and Improve Livelihoods