UPDATE:
ម៉ោង ២១:៥០ ៖ ១. ធនាគារជាតិ ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយ៖
ក. លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និង
ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ
២. ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន ៨០ (ប៉ែតសិប) លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី
៣. តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំ ផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និង
៤. លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាព ជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងយោធិនជួរមុខ។
ម៉ោង ១៧:០២ ៖ នៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចសម្រាប់អនុព័ន្ធយោធាមកពីស្ថានទូតនានា នៅតាមតំបន់ព្រំដែន នឹងត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការធានាតម្លាភាព និងសន្តិភាព។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីត្រួតពិនិត្យទីតាំងជាក់លាក់ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមព្រំដែនកម្ពុជា-ថៃ។ លោកស្រីបានបន្ថែមថា អនុព័ន្ធយោធាមកពីរដ្ឋសមាជិកអាស៊ាន និងអ្នកដែលមកពី «ប្រទេសដែលមានអំណាច» បានសម្តែងការគាំទ្ររបស់ពួកគេចំពោះគំនិតផ្តួចផ្តើមនេះ។
ម៉ោង ៤:៥៨ ៖ លោក ហេង រតនា អគ្គនាយក CMAC បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៥ គ្រាន់តែស្ងប់ស្ងាត់គ្រាប់កាំភ្លើងបន្តិច ប្រជាពលរដ្ឋបានទំនាក់ទំនងមករកអង្គភាពCMACជួយបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងការប្រយុទ្ធគ្នារវាងទាហានសៀម និងកងកម្លាំងកម្ពុជា។
នៅពេលណាសភាពការណ៍នៃសង្គ្រាមបានបញ្ឈប់កម្លាំងអង្គភាពCMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព។
លោក រតនា បន្ថែមថា៖ «ក្នុងសភាពការណ៍ចំពោះមុខក្នុងតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម (ករណីភ័យខ្លាចនិងជួបប្រទះគ្រាប់មិនទាន់ផ្ទុះ) ខ្ញុំសូមអំពាវនាវជូនប្រជាពលរដ្ឋទាំងអស់មេត្តាធ្វើទំនាក់ទំនងមកមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ដោយផ្ទាល់ ដែលប្រចាំការ២៤ម៉ោងលេី២៤ម៉ោងនៅទិសខេត្តប្រាសាទព្រះវិហារនិងខេត្តឧត្តរមានជ័យ»។
ម៉ោង ៤:35 ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥កម្ពុជា បានជួបពិភាក្សាជាមួយមេបញ្ជាការ កងការពារព្រំដែនចាន់បូរី-ត្រាត របស់ថៃ នៅស្ពានតំបន់ស ច្រកព្រំដែនព្រំ ខេត្តប៉ៃលិន។
ការជួបប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីម៉ោង១២យប់មិញ ក្រោយមានការឯកភាពរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃនៅប្រទេសម៉ាឡេស៊ី។ ការជួបពិភាក្សានេះ ក៏ធ្វើឡើងដើម្បីបន្ធូរសភាពការណ៍តានតឹងតាមព្រំដែន នៃប្រទេសទាំង២ផងដែរ។
ម៉ោង ១៤:១០ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា លើកឡើងថា អ្នកលេងបណ្តាញសង្គម ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខ ដែលកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់តាំងពីម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ហើយព័ត៌មានដែលផ្សព្វផ្សាយនោះ គ្រាន់តែឮគេថាតៗតាមគ្នា ជាព័ត៌មានមិនអាចយកជាការបានទេ។
ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែក្រសួងការពារជាតិតែមួយប៉ុណ្ណោះដែលនឹងធ្វើបច្ចុប្បន្នភាពជូនដោយឈរលើការពិត ត្រឹមត្រូវ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ ការផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្រាន់តែ[1]ឮតាមគ្នា ជាកំហុសឆ្គង និងមិនទទួលខុសត្រូវ។
លោក ភក្ត្រា បានថ្លែងថា៖ «ដូច្នេះ ខ្ញុំស្នើសូមបងប្អូនអត់ធ្មត់ និងរង់ចាំទទួលព័ត៌មានផ្លូវការដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការពារជាតិ និងក្រសួងព័ត៌មានផ្តល់ជាផ្លូវការ ចៀសវាងការច្រឡោត និងភ័យស្លន់ស្លោរ ឬប្រតិកម្មឆ្លើយតបតាមការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងព័ត៌មានដែលគ្រាន់តែឮគេថា»។
លោកបានបន្ថែមថា សូមរក្សាភាពអត់ធ្មត់ គោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងរួមគ្នាផ្តល់តែព័ត៌មានពិតត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងផ្តល់នូវការពិតជូនដល់ពលរដ្ឋ។ ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា!។
ម៉ោង ១២:១៤ ៖ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការអះអាងរបស់អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទថៃ ដែលថាមានការប៉ះទង្គិចគ្នាបានកើតឡើង។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោក ម៉ាលី សុជាតា កងយោធពលខេមរភូមិន្ទ បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្របតាមកតិកាសញ្ញាកម្ពុជា និងថៃ។
យោធាភូមិភាគនៃប្រទេសទាំងពីរបានបើកកិច្ចប្រជុំនៅព្រឹកនេះ រួមទាំងយោធាភូមិភាគទី៥ ទី៤ និងទី៣ របស់កម្ពុជា ដើម្បីពិភាក្សា និងសម្របសម្រួលការអនុវត្តទាំងស្រុងនូវបទឈប់បាញ់។
កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការគោរពនិងអនុវត្តលក្ខខណ្ឌនៃសេចក្តីប្រកាសបទឈប់បាញ់រួមរវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ ដែលបានសម្រេចកាលពីថ្ងៃចន្ទនៅប្រទេសម៉ាឡេស៊ី។
លោកស្រី សុជាតា បានលើកឡើងថា មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា និងមេបញ្ជាការយោធភូមិភាគទី១ របស់ថៃ បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នាក្នុងជំនួបរបស់ពួកគេ។ ពួកគេក៏បានយល់ព្រមបញ្ឈប់ការពង្រឹងកងទ័ព ហើយនឹងភ្ជាប់ និងចែករំលែកព័ត៌មាន និងជូនដំណឹងដល់ថ្នាក់ដឹកនាំ ប្រសិនបើមានអ្វីកើតឡើង។ លោកស្រីបានកត់សម្គាល់ថា លោកស្រីមិនទាន់បានទទួលព័ត៌មានថាមេបញ្ជាការយោធាក្នុងតំបន់ផ្សេងទៀតគ្រោងនឹងជួបគ្នានៅឯណា។
អ្នកនាំពាក្យខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបញ្ជាក់ថា សំឡេងកាំភ្លើងធំ និងការបាញ់កាំភ្លើងបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីពាក់កណ្ដាលអធ្រាត្រ នៅតំបន់ដែលការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ភាគីទាំងពីរបានធ្វើតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចតាមកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃចន្ទរវាងកម្ពុជានិងថៃ។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា គ្មានការផ្ទុះអាវុធក្រោយម៉ោង១២ព្រឹកទេ សង្ឃឹមថាថ្ងៃស្អែកនឹងមានរឿងកាន់តែល្អបន្តទៀត។
នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះថា ការបន្ធូរបន្ថយភាពតានតឹងនៅជួរមុខ បន្ទាប់ពីបទឈប់បាញ់បានចាប់ផ្តើមនៅម៉ោង១២ព្រឹក គឺស្របតាមកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីកាលពីរសៀលថ្ងៃចន្ទ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភាសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ»។
បន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី លោកបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយ Trump ទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដានេះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ»។
លោក Trump យល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។









