សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កូន​សិស្សភៀស​សឹក​ជាង​១៥​ម៉ឺន​នាក់​មិន​បាន​ចូល​រៀន ខណៈសាលា​នៅ​បន្ត​បិទទ្វារ

ក្រុម​គ្រូបង្រៀនស្ម័គ្រ​ចិត្ត​អង្គការ​ទស្សនៈពិភព​លោក​កម្ពុជា​កំពុង​បង្រៀន​ក្មេងៗ​នៅ​តាម​ជុំរុំជនភៀស​ខ្លួន​ក្នុង​ខេត្ត​ព្រះ​វិហារ​។ (រូបភាព៖ អង្គការ​ទស្សនៈពិភព​លោក​កម្ពុជា)
ក្រុម​គ្រូបង្រៀនស្ម័គ្រ​ចិត្ត​អង្គការ​ទស្សនៈពិភព​លោក​កម្ពុជា​កំពុង​បង្រៀន​ក្មេងៗ​នៅ​តាម​ជុំរុំជនភៀស​ខ្លួន​ក្នុង​ខេត្ត​ព្រះ​វិហារ​។ (រូបភាព៖ អង្គការ​ទស្សនៈពិភព​លោក​កម្ពុជា)

កូន​សិស្សជាង​១៥ម៉ឺន​នាក់​មិន​អាច​ចូល​រៀន​​បាន​ទេ ​ដោយសារ​សាលា​ជា​ច្រើន​​នៅ​បន្ត​បិទទ្វារ​ ហើយ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​កំពុង​រស់​នៅ​ក្នុង​ទីតាំងភៀស​សឹក បើទោះ​បីជាមាន​​បទឈប់​បាញ់​ ក្រោយ​កម្ពុជា-​ថៃ​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម​ព្រំ​ដែន​​ចំនួន​ប្រាំថ្ងៃ​។​​

ក្រ​សួង​អប់រំ និង​អង្គការ​ដៃគូ​អន្តរជាតិ​ដូចជា​អង្គការទស្សនៈពិភព​លោក និង​អង្គការ​យូនីសេហ្វ​​កម្ពុជា​បាន​ពង្រីក​ជំនួយ​មនុស្ស​ធម៌របស់​ខ្លួន​ ដើម្បី​គាំទ្រ​ដល់​កុមារ និង​គ្រួសារ​របស់​ពួក​គេ​ដែល​បាន​ភៀស​ខ្លួន​ដោយ​ជម្លោះ​ព្រំ​ដែន ហើយ​​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព សុវត្ថិភាព និង​មិន​ទទួល​បាន​រៀនសូត្រ​។​

រដ្ឋមន្ត្រី​ក្រ​សួង​អប់រំ​លោក ​ហង់ជួន ណារ៉ុន បាន​បញ្ជាក់ថា ​កូន​សិស្ស​ចំនួន​១៥​ម៉ឺន​នាក់ និង​គ្រូបង្រៀន​៦៥០០​នាក់​បាន​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​ព្រំដែននេះ ហើយ​ក៏​បាន​បណ្ដាល​ឲ្យ​សាលា​រៀន​ចំនួន​៦០០​ត្រូវ​បិទទ្វារ​​នៅ​ក្នុង​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ​។​​

លោក​មាន​ប្រសាសន៍​ថា៖ «​កូនសិស្ស​ប្រមាណជា​១៥ម៉ឺន​នាក់​​លែង​បាន​ទៅរៀន អ៊ីចឹង​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​រៀន​សូត្រ​»។ លោក ហង់ជួន ណារ៉ុន ថ្លែង​បែប​នេះ​ក្នុង​ពិធីប្រគល់សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ភៀសសឹក​នៅ​ខេត្ត​ព្រះវិហារដែលគាំទ្រដោយយូនីសេហ្វ។

លោក​បន្ត​ថា ​វិធានការ​បន្ទាន់​ត្រូវ​បាន​ដាក់​ចេញ​​ ទោះជា​សាលា​នៅ​បន្ត​បិទទ្វារ ហើយ​ស្ថានភាព​នៅ​មិន​ទាន់​មាន​សុវត្ថិភាព​ល្អ​​សម្រាប់ការវិលត្រឡប់វិញ​។​

លោក​បន្ថែម​ថា៖ «ក្រសួង​ចែក​នូវ​សៀវភៅសិក្សាដើម្បី​ឲ្យ​សិស្ស​ធ្វើ​ស្វ័យសិក្សា​ដោយ​ខ្លួន​ឯង​​ ហើយ​កន្លែងណា​ដែលអាច​រៀន​ដោយ​ខ្លួន​ឯង​បាន​គឺ​រៀបចំ​ថ្នាក់ពិសេស​មួយ​​នៅ​តាម​សាលា​រៀន​»​។ លោក​បន្ត​ថា ​​នេះ​គឺ​​ជា​វិធានការ​ដើម្បី​ធានាថា​អាច​បើក​បវេសនកាល​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែល​អាច​ឲ្យ​កូន​សិស្ស​វិល​ទៅ​សិក្សា​វិញ​បាន​​។​​

បន្ទាប់​ពី​មានការ​ប៉ះទង្គិចគ្នា​ម្ដង​នៅ​ថ្ងៃទី២៨ ខែឧសភា និង​ការ​បន្ត​ផ្ទុះ​អាវុធកាន់តែ​ខ្លាំង​នៅ​ថ្ងៃទី​២៤ ដល់​ថ្ងទី២៨ ខែមិថុនា ដែល​មាន​ទាំង​ការ​ប្រើ​ប្រាស់ទាំង​កាំភ្លើងធំ និង​ប្រតិបត្តិការ​តាម​អាកាស​ផង​​ បាន​ធ្វើ​ឲ្យ​ជនស៊ីវិល​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​លំនៅ​ដ្ឋាន​ប្រហែល​១២ម៉ឺន​នាក់​​​ក្នុង​ខេត្ត​ចំនួន​ប្រាំ​។​

ក្រុម​គ្រួសារ​ជនស៊ីវិល​ទាំង​នោះ​ត្រូវ​បន្ត​រស់​នៅ​តាម​សាលា​រៀន វត្តអារាម និង​​ខ្លះ​បាន​យក​តង់កៅស៊ូ ឬ​សម្ភារៈ​សង្គ្រោះ​​ផ្សេង​ទៀ​តរៀបចំ​ជា​កន្លែង​សម្រាប់​ស្នាក់​នៅ​។​

​ប្រធានមន្ទីរ​អប់រំ​ខេត្ត​ព្រះ​វិហារ លោក ជ័យ លឹមហាន់ មាន​ប្រសាសន៍​ថា ​ស្ថានភាព​នៅ​តែតានតឹង​ ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​នៅ​មានការភ័យ​ខ្លាច ហើយ​ថា​អ្នកខ្លះ​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជូន​កូន​ទៅ​សាលា​។​

លោក​បន្ត​ថា​​​ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​ខាតបង់ច្រើន​សម្រាប់​វិស័យ​អប់រំ ខណៈ​កូន​សិស្ស​ជា​ច្រើន​បាត់​បង់ទឹកចិត្ត​ក្នុង​ការ​សិក្សា​។​

លោក​បន្ថែម​ថា៖ «​យើង​មិន​រំពឹង​ថា​នឹង​មាន​កូន​សិស្សត្រឡប់​មក​រៀន​ច្រើន​ដូច​មុន​ទេ ព្រោះ​ថា​ស្ថានភាពបច្ចុប្បន្ន​បានធ្វើ​ឲ្យ​កូន​សិស្ស​បាត់បង់​អារម្មណ៍​រៀនសូត្រ​​»។​

លោក​ឲ្យ​ដឹង​ទៀត​ថា ​ចាប់តាំងពី​មានការ​ផ្ទុះ​អាវុធ​មក សាលាចំនួន​៦១ ក្នុង​ស្រុក​ជាំក្សាន្ត ​តាំងពីកម្រិត​មតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ ត្រូវ​បិទទ្វារ ខណៈកូន​សិស្ស​និង​ក្រុម​គ្រួសារ​អ្នកទាំង​នោះ​បានភៀស​ខ្លួន​ទៅរកទីសុវត្ថិភាព​។​

លោក​បន្តថា​​​ មាន​តែ​សិស្ស​ថ្នាក់​មតេយ្យ និង​ថ្នាក់​បឋម​ដែល​ស្នាក់​នៅ​តាម​​​វត្ត​ និង​អ្នក​ដែល​រស់​នៅ​តាមជំរំ​​តង់ដែល​​​ត្រូវ​បាន​បង្ហាត់បង្រៀន​ឡើងវិញ ដោយ​មានការ​បែង​ចែក​ជា​ពីរវេន​។ ​នៅវត្តទួលប្រាំពាន់ នៅស្រុកគូលេន មានអគារមួយមាន​​ថ្នាក់រៀនចំនួន​ប្រាំបន្ទប់ ហើយ​ក្រុមការងារ​បាន​រៀបចំ​សិស្សទៅ​តាម​ថ្នាក់​ដើម្បី​សិក្សា និង​ឡើង​ទៅ​ថ្នាក់​បន្តបន្ទាប់​។​ ដោយឡែកចំពោះថ្នាក់វិទ្យាល័យបានប្រឡងសញ្ញាប័ត្រថ្នាក់បឋមភូមិរួចហើយ ចឹងនៅតែឆមាសទី២សម្រាប់ទី៧ និងទី៨ ចឹងយើងមិនសូវព្រួយបារម្ភទេ យើងចាំមើលស្ថានភាពបន្តបើសិនឆាប់ចប់បានបន្តការសិក្សាវិញ។

​យ៉ាងណា​លោក​ថា ​​មិនមាន​សម្ភារៈសិក្សា​សម្រាប់សិស្ស​​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​នោះទេ​។

លោក​បន្ថែម​ថា៖ «យើងមាន​សិស្ស​រហូត​ដល់​ទៅ​១ពាន់​នាក់ ហើយ​មានគ្រូតែ​១៨​នាក់ ដែល​វា​ពិត​ជាមានការ​លំបាក​»។​

ការ​រៀបចំ​ជាបណ្ដោះអាសន្ននេះ​នឹង​នៅ​រក្សា​នៅ​​នឹង​កន្លែង​ដដែល​​បើ​ជម្លោះព្រំដែន​នៅតែបន្ត​។​ ពេល​ណា​សាលា​អាច​បើក​ដំណើរ​ការ​ឡើងវិញ​បាន សិស្ស​នឹង​ត្រូវ​ចូល​រៀន​ថ្នាក់​បំប៉ន​​ដើម្បី​ឲ្យ​បាន​រៀន​ទាន់​កម្មវិធី​។​

លោក​បន្ថែម​ទៀតថា៖ «​ខ្ញុំ​បាន​ណែនាំ​ដល់​នាយក​សាលា​ឲ្យ​ចាត់​ចែង​កាលវិភាគ​បង្រៀន​​នៅ​តាម​មណ្ឌល​សុវត្ថិភាព ដូច​នេះ​កូន​សិស្ស​អាច​បន្ត​រៀន​សូត្រ​បាន​ក្នុង​អំឡុង​ពេល​នេះ»។​

លោក​បន្តថា​៖ «អំឡុង​ពេល​សាលា​វ៉ាកង​​ យើង​មិន​ឲ្យ​សិស្ស​ឈប់​សម្រាកទេ យើង​នឹង​ឲ្យកូនសិស្ស​មក​រៀន​បំប៉ន។ ខ្ញុំ​បាន​ចាត់ចែង​ឲ្យ​នាយក​សាលា​នី​មួយៗ​​រៀបចំ​ឲ្យ​សិស្ស​នៅ​តាម​មណ្ឌល​សុវត្ថិភាព​បាន​បន្ត​សិក្សា»។​

លោកគ្រូបង្រៀនម្នាក់នៅវិទ្យាល័យមួយ ក្នុងខេត្តឧត្តរមានជ័យ បានលើកឡើងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខេត្តឧត្តរមានជ័យ ត្រូវមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប​។ ដូច្នេះសូមសប្បុរស ឧកញ៉ា ឯកឧត្តម លោកជំទាវ លោកស្រី មេត្តាជួយឧបត្ថម្ភបាយទឹក នំចំណី ការស្នាក់អាស្រ័យរយៈពេល២ថ្ងៃផង។ កាលបរិច្ឆេទ៖ ថ្ងៃទី២៨ -២៩ ខែសីហា ឆ្នាំ២០២៥។

ក្មេងៗ​ក្នុង​ទីតាំងភៀស​សឹក​បាន​ទទួល​វគ្គអប់​រំ​ផ្លូវ​ចិត្ត​ពី​បុគ្គលិក​អង្គការ​ TPO ​កាលពីថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២៥​។ (ខេមបូចា/ វ៉ា សុភានុត)

អ្នកស្រី ឌិត ណាត រស់​នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ អ្នកស្រីមានកូនចំនួនបី​នាក់​រៀន​នៅ​កម្រិតមតេយ្យ​សិក្សាម្នាក់ ថ្នាក់ទី​២ម្នាក់ និង​ថ្នាក់ទី៥​ម្នាក់​។ កូនៗអ្នកស្រី​បច្ចុប្បន្ន​កំពុង​សិក្សា​រៀនសូត្រ​នៅ​ក្រោម​សំពត់តង់​ក្នុង​ជំរំ ដែល​មើល​ទៅ​មាន​ស្ថាន​ភាព​លំបាក​។​

អ្នកស្រី​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មិន​រំពឹងទេ​ថា​ពួកគេ​អាច​រៀន​បាន​ច្រើន​ ព្រោះ​មានសិស្សច្រើន​ណាស់ ហើយ​មាន​គ្រូតែពីរ​បី​នាក់​។ ទីធ្លាក៏តូច ហើយ​វាមើល​ទៅ​មិន​ដូច​ជា​ថ្នាក់រៀន​នោះ​ដែរ»។​

អ្នកស្រី​បន្ថែម​ថា៖ «​វាពិតជា​ពិបាក​រៀន​ណាស់​។ កូន​ប្រុស​របស់​ខ្ញុំ​មិន​ចង់ទៅ​រៀន​ទេ​។ ទោះខ្ញុំ​បង្ខំ​ឲ្យទៅ​​រៀនយ៉ាងណា ក៏​មិន​ចង់​ទៅ​រៀន​ដែរ​។ ថា​មាន​សិស្ស​ច្រើន​ណាស់នៅ​កន្លែង​រៀន ធ្វើ​ឲ្យ​ពិបាក​រៀន»។​

អ្នកស្រី​កត់​សម្គាល់​ថា ​ក្មេងៗ​ខ្លះមិន​ចង់ទៅរៀនទេ ព្រោះពួក​គេ​​មើល​ឃើញ​ពី​ស្ថានភាព​លំបាក​នៅជុំវិញ​ខ្លួន​ ហើយ​លក្ខខណ្ឌ​​រស់​នៅ និង​ការរៀនសូត្រ​​ក៏​មាន​ការ​លំបាក​ដែរ​។​​

អ្នកស្រី​ឲ្យ​ដឹង​ទៀតថា​៖ «​ខ្ញុំ​ចង់​ឲ្យ​តែគេ​ឈប់​បាញ់​គ្នា​ឆាប់ៗ​ទេ​ យើង​ឆាប់បានត្រឡប់ទៅ​ផ្ទះ​វិញ​បាន ត្រឡប់ទៅធ្វើស្រែចម្ការ និង​ឆាប់​បាន​កូនៗចូល​រៀ​ន​ជា​ថ្មី​វិញ​។ កូនៗ​ខ្ញុំ​បីបួននាក់មិន​បាន​សិក្សា​គ្រប់គ្រាន់​ទេ​»។ អ្នកស្រី​បន្តថា ​ការសិក្សា​នៅ​តាម​ជំរំ​​បាន​ចាប់​ផ្ដើម​កាល​ពី​មួយ​សប្ដាហ៍​មុន​។​

ជម្លោះ​ព្រំដែន​​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការភ័យ​ខ្លាច និង​ហត់នឿយ ជាពិសេស​ក្មេងៗ​ដែល​មិន​អាចចូល​រៀន​បាន​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​មួយ​នេះ ខណៈគ្រូៗ​វិញ​ក៏​មាន​ការ​លំបាក​ក្នុង​ការបង្រៀន​ដល់​ក្មេងៗ​នៅ​ទី​នោះដែរ។​

ពល​រដ្ឋ​​ម្នាក់ទៀត អ្នកស្រី ម៉ាន ថង ដែល​ភៀស​ខ្លួន​ពី​ខេត្ត​ឧត្តរមានជ័យ​​មក​​ស្នាក់​នៅ​ជា​មួយ​សាច់ញ្ញាតិ​នៅ​ខេត្ត​សៀម​រាប​ តាំងពីថ្ងៃទី​២៤ ខែមិថុនា បាន​ឲ្យ​ដឹង​ថា ចៅ​ប្រុស​អាយុ​​ប្រាំពីរ​ឆ្នាំ​របស់​ខ្លួន​មិន​បាន​ចូល​រៀននោះ​​ទេ។​

អ្នកស្រី​ឲ្យ​ដឹងថា​៖ «​បើ​សិនជា​ស្ថានភាព​នៅ​តែបន្ត​បែប​នេះ ក្មេងៗ​នឹង​មិន​អាច​ចូល​រៀន​បាន​ស្រួល​បួល​ទេ។ បើ​សិនជា​សាលា​នៅ​បន្ត​បិទ​រយៈពេលវែង ពួក​គេ​ប្រឈម​នឹង​ការ​បោះ​បង់​ការ​សិក្សា​។ ពួក​គេ​នឹង​មិន​ចង់​ចូល​រៀន​វិញ​ទេ​»។ ​អ្នកស្រី​ឲ្យដឹងថា ​អ្នកស្រី​សម្រេច​ចិត្ត​ស្នាក់នៅ​ជាមួយ​បងប្អូន​ព្រោះ​តែ​ស្ថានភាព​នៅ​ក្នុង​ជំរំភៀស​សឹកមានការ​លំបាក និង​មាន​មនុស្ស​ច្រើន​។​

អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ លោក ម៉េត មាសភក្ដី មានប្រសាសន៍​ថា​ មន្ទីរអប់រំ​បាន​ចែក​សៀវភៅ​សិក្សា​ និង​សម្ភារៈសិក្សា​ផ្សេង​ទៀត​​ដល់​កូន​សិស្ស​ដើម្បី​អាច​សិក្សា​ដោយ​ខ្លួន​ឯង​បាន​នៅ​ក្នុង​ជំរំ​។​

លោក​បន្ថែម​ថា​មន្ទីរអប់រំ ដោយ​មាន​ដៃគូសហការ​ជាមួយ​អង្គការ​ធ្វើ​ការ​លើវិស័យអប់រំផ្សេង​ទៀត​បាន​រៀបចំ​ឲ្យ​មានគ្រូបង្រៀន​នៅ​តាម​ជំរំជនភៀស​សឹក​ទាំង​នោះ​។​

លោក Janes Imanuel Ginting នាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោក បាន​ចុះ​សួរ​សុខទុក្ខ​ដល់​ក្រុម​គ្រួសារ​ភៀស​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​។ អង្គការ​បាន​រៀបចំ​ជំនួយ​សម្រាប់​​ជនភៀស​ខ្លួន​ទាំងនោះ​កាលពី​សប្ដាហ៍​មុន ដោយ​បាន​ចែក​ទឹក​សម្រាប់​ពិសារ និង​សម្ភារៈអនាម័យ​ដល់ប្រជាពល​រដ្ឋ​ក្នុង​ជំរំ។​

លោក​មាន​ប្រសាសន៍ថា៖ «អង្គការទស្សនៈពិភពលោក​បានធ្វើ​ការ​ជាមួយមន្ត្រី​​មន្ទីរ​អប់រំខេត្ត​​រៀបចំ​ឲ្យ​មានទី​ធ្លាកុមារមេត្រី ដែល​ក្មេងៗ​​អាច​មក​លេង​បាន​»។​

លោក​បន្តថា៖ «យើង​បានជួយ​គាំទ្រ​ដល់​គម្រោង​ផ្សេងៗទៀត ដោយ​បាន​ផ្ដល់​សម្ភារៈ​មិន​មែន​ជា​អាហារ​ ដូច​ជាមុង និង​ភួយ ដូច្នេះគ្រូសារ​ជាច្រើន​អាច​មាន​អារម្មណ៍​កក់​ក្ដៅ​បន្តិច​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​មួយ​នេះ​»។​

ទីតាំងជំរំនេះ​មាន​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពីព្រំ​ដែន​ និង​ជា​ជំរំធំជាង​គេ​មួយ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​មាន​ជនភៀស​ខ្លួន​រហូត​ដល់ ​១៥ ០០០​នាក់​ ហើយ​ភាគ​ច្រើន​ជាកុមារ​។​

តំណាង​អង្គការ​យូនីសេហ្វ លោក Will Parks ដែល​បាន​ចុះសួរសុខទុក្ខ​ជនភៀសសឹក​បាន​លើក​ឡើងថា៖ «គ្រួសារជនភៀសខ្លួន ភាគច្រើន​ជាកុមារ រស់នៅ​ក្រោម​សំពត់តង់ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ការ​ជា​ខ្លាំង​នូវ​អាហារ ទឹកស្អាត ការ​ថែទាំសុខភាព និង​ការ​ទទួល​បានការអប់រំ​»។​

អង្គការ​យូនីសេហ្វ​បាន​បង្ហោះ​លើហ្វេស​ប៊ុក​ កាលពី​ថ្ងៃទី​៣ ខែសីហា​ ថា អង្គការ​យូនីសេហ្វ​កម្ពុជា​តាមរយៈកិច្ចសហការជាមួយនឹងក្រសួងអប់រំបានបន្តដឹកជញ្ជូនសម្ភារៈសរុបចំនួន ៦០៥ ឈុត​ដល់កុមារតូចៗ និងសិស្សានុសិស្សដែលបានរងផលប៉ះពាល់។​

សម្ភារៈទាំងនោះ​គឺ​ជា «គឺជាឈុតសម្រាប់កុមារតូច និង សម្ភារៈសិក្សាបណ្ដោះអាសន្ន»​ រួមមានដូចជា តង់សម្រាប់សិក្សា ក្តារខៀន សៀវភៅគំនូរ សម្ភារៈប៊ិក គូល័រ ក្រដាសពណ៌ បាល់ទាត់ បាល់ទះ និងសម្ភារៈជាច្រើនទៀត៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Over 150,000 Students Who Fled Conflict Have No Access to Lessons As Schools Remain Shut

ព័ត៌មានថ្មី

អត្ថបទពេញនិយម