លោកអភិបាលរាជធានីភ្នំពេញបញ្ជាឱ្យកម្លាំងទាំងអស់ដែលចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបោសសម្អាតមេ Scams ឱ្យអស់ពីក្នុងមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ។ យោងតាមហ្វេសប៊ុកផេករបស់ក្រសួងព័ត៌មាន ដែលដកស្រង់ប្រសាសន៍របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៦ នេះនៅសាលារាជធានីភ្នំពេញ ថា ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អស់ពីក្នុងមូលដ្ឋាន «ដាច់ខាត់យើងត្រូវរួមគ្នាសម្អាតមេSCAMERឱ្យអស់ផងដែរ។ បើមិនអស់ទេ វានិងកើតកូន កើតចៅបន្តមកទៀត»។
លោកបានបន្តថា អភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែ ម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះ ជាយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅ រាជធានីភ្នំពេញ ឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។
លោកអភិបាលរាជធានីបានបញ្ជាក់ថា៖ «ពេលនេះជាយុទ្ធនាការសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាយុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ស»។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ជាទិសដៅបន្តរបស់ខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវកំណត់ទីតាំងដែលសង្ស័យ ឱ្យដូចភ្លៀងរលឹម ជាមួយនិងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួនឱ្យអស់លទ្ធភាព និងជឿជាក់ថា «នៅមូលដ្ឋានរបស់ខ្លួនគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សេសសល់ដាច់ខាត នៅក្រោយថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខ»។
លោក ឃួង ស្រេង បានបន្ថែមថា ប៉ុន្តែមិនមែនមានន័យថា សមត្ថកិច្ចទាំងអស់បោះចោលការងារផ្សេង មកធ្វើតែរឿងមួយនេះទេ ដូចនេះ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានក៏ត្រូវពង្រឹងផងដែរ មិនត្រូវ ធ្វេសប្រហែសជាដាច់ខាត ។ ក្នុងនាមអាជ្ញាធរត្រូវអនុវត្តការងារទាំងពីរខាងលើនេះ ឱ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

គួររំលឹកថា រដ្ឋាភិបាលកម្ពុជាកំពុងសម្រុកចុះបង្ក្រាបទូទាំងប្រទេស លើបណ្ដាញឆបោកអនឡាញ ដែលអាជ្ញាធរអះអាងថា មានគោលដៅ «បោសសម្អាត» បណ្តាញទាំងនេះឲ្យបាននៅត្រឹមខែមេសា ឆ្នាំ២០២៦ ក្រោមយុទ្ធនាការដែលគេហៅថា «ប្រតិបត្តិការ XXL»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ សារព័ត៌ខេមបូចា នៅថ្ងៃទី៥ ខែកុម្ភៈនេះ ថា តាំងពីដើមឆ្នាំមក មានជនបរទេសជាប់ពាក់ព័ន្ធជាង ៨០០ នាក់ ត្រូវបានបណ្តេញចេញពីប្រទេស ខណៈជិត ៦០០ នាក់ទៀត កំពុងរង់ចាំនីតិវិធីក្នុងការបណ្តេញចេញ។ លោកបញ្ជាក់ថា ប្រហែល ៩០ ភាគរយ នៃអ្នកដែលត្រូវបានឃាត់ខ្លួន ជាជនរងគ្រោះ និង១០ភាគរយជាអ្នកពាក់ព័ន្ធដែលមានមេក្លោងនៅក្រៅប្រទេស៕










