សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ដោយបង្គាប់ឱ្យប្រធានសហជីពរូបនេះ ស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ដដែល។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា ចៅក្រមជំនុំជម្រះសម្រេចមិនព្រមដោះលែងជនជាប់ចោទឈ្មោះ ឈឹម ស៊ីថរ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ២០២១ និងពេលបន្តបន្ទាប់ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែលោកមិនប្រាប់លំអិតពាក់ព័ន្ធនឹងមូលហេតុនៃការសម្រេចនេះទេ។
បើតាមលោក សំ ចំរើន មេធាវីការពារក្ដីឱ្យកញ្ញា ឈឹម ស៊ីថរ ថ្លែងយ៉ាងខ្លីថា សវនាកាព្រឹក នេះ តុលាការបានបដិសេធនៅក្រៅឃុំ។
លោកមេធាវី ថ្លែងថា៖ «បាទ បាទ! គេបដិសេធហើយ សំណើសុំនៅក្រៅឃុំហ្នឹងបាទ»។
គូររំលឹកដែរថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយក្រុមព័ទ្ធចាប់ខ្លួននៅមុខស្ថានទូតអូស្រ្តាលី កាលពីខែមករា ឆ្នាំ២០២២ និងត្រូវតុលាការចោទប្រកាន់ពីបទញុះញង់ រួមជាមួយសមាជិកដទៃទៀតនៃសហជីពLRSU។
បន្ទាប់ពីជាប់ឃុំខ្លួននៅមណ្ឌល «មណ្ឌលអប់រំកែប្រែទី២» អស់រយៈពេល២ខែ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលារការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីខែមីនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបាននគរបាលអន្តោប្រវេសន៍ចាប់ខ្លួនម្ដងទៀត ដោយចោទប្រកាន់ថាល្មើសបម្រាមតុលាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលកញ្ញាត្រឡប់មកពីចូលរួមសន្និសីទសិទ្ធិការងារមួយនៅប្រទេសអូស្ត្រាលី។
កញ្ញា ឈឹម សុខន អនុប្រធានសហជីពLRSU បានឱ្យដឹងថា តុលាការបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ ថាជារឿងដ៏អយុត្តិធម៌ ខណៈការទាមទារតវ៉ាសិទ្ធិការងារនៅតែអូសបន្លាយអស់ពេលជាយូរ នៅតែមិនទាន់ទទួលបានលទ្ធផល ក្រៅតែពីការជាប់ទោស និងពាក្យបណ្ដឹងនានា។
កញ្ញា សុខន ឱ្យដឹងថា៖ «ខ្ញុំគិតថាវាជារឿងអយុត្តិធម៌ តាមពិតទៅការងារសហជីពគឺជួយសង្គម រដ្ឋាភិបាលគួរតែសប្បាយចិត្តនឹងរឿងហ្នឹង ហេតុអ្វីបានត្រូវធ្វើទុក្ខបុកម្នេញសហជីព មានតែគាត់មិនចង់ឱ្យកម្មករខ្មែរយើងមានលក្ខខណ្ឌការងារល្អ ឬមានជីវភាពសមរម្យ»។
កញ្ញា សុខន បន្ថែមថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទីពីរនេះ គឺជាការគំរាមកំហែងមកលើក្រុមកូដករ ដែលកំពុងតវ៉ាស្វែងរកដំណោះស្រាយពីក្រុមហ៊ុន និងក្រសួងការងារ។
កញ្ញាបន្តថា៖ «ចាប់មេគេយកទៅដាក់ឃុំហើយ នេះជាការគំរាមកំហែងខ្លាំងមកដល់កូដករ ហើយយើងអត់មានអីខ្លាចទេ ព្រោះធ្វើកូដកម្មតាមច្បាប់ដែលបានចែង ព្រោះមនុស្សយើងបើជួបរឿងអយុត្តិធម៌ត្រូវតែទាមទារ អត់អាចសម្ងំបានទេ»។

លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា ការស្នើសុំនៅក្រៅឃុំជាលើកទី២របស់កញ្ញា ឈឹម ស៊ីថរ គឺអាចប្រព្រឹត្តទៅបានដោយសារវាមានលក្ខណៈនីតិវិធីគ្រប់គ្រាន់ដោយលោកថា កញ្ញាមានលំនៅឋានច្បាស់លាស់ មានមុខរបរ ក៏ដូចជាការធានាថានឹងគោរពនីតិវិធីរបស់តុលាការ និងមានម្ដាយចាស់ជរាដែលត្រូវថែរក្សាផងដែរ។
លោកបន្តថា៖ «ខណៈករណីនេះក៏បានដល់ដំណាក់កាលជំនំជម្រះ និងផុតនីតិវិធីនៃការស៊ើបអង្កេតទៅហើយ ដូច្នេះមិនចាំបាច់ដាក់កញ្ញា ឈឹម ស៊ីថរ ក្នុងពន្ធធនាគារដើម្បីរង់ចាំស្ដាប់សវនាការ ដូចការលើកឡើងរបស់សាលាដំបូងរាជធានីភ្នំពេញនោះទេ»។
លោក សំអាត បានបន្ថែមថា តាមការលើកឡើងរបស់សាលាដំបូងរាជធានីភ្នំពេញ ការណ៍ដែលមិនអនុញ្ញាតឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំដោយថា ដើម្បីរក្សាកញ្ញាឱ្យនៅរង់ចាំសវនាការ។ លោកបន្តថា នៅព្រឹកមិញនេះគឺគ្រាន់តែជាសវនាការសុំនៅក្រៅឃុំបណ្ដោះអាសន្ន ដោយមិនមែនជាសវនាការនៃអង្គសេចក្ដីនោះឡើយ។
ជុំវិញករណីចាប់ខ្លួនថ្នាក់ដឹកនាំសហជីព ខណៈពេលដែលសមាជិកកំពុងបន្តតវ៉ានេះ លោកយល់ថា វាគឺជាការបំបិទសិទ្ធិសេរីភាពនៃសហជីព ជាពិសេសការគំរាមកំហែងបំភិតបំភ័យទៅលើមេដឹកនាំសហជីពនេះ។
លោកបន្ថែមថា៖ «ការបន្តឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ គឺវាមិនមានអ្វីចំណេញនោះឡើយ ដោយសារលោកមើលឃើញថាសហរដ្ឋអាមេរិក និងសហគមអន្តរជាតិនៅតែទាមទារឱ្យមានការដោះលែងកញ្ញាដោយឥតលក្ខខណ្ឌ។ ម្យ៉ាងទៀតគឺសហរដ្ឋអាមេរិកក៏នៅពុំទាន់ផ្ដល់ការអនុគ្រោះពន្ធពាណិជ្ជកម្មមកកម្ពុជាវិញនៅឡើយ»។
សមាជិកសហជីពLRSUនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីក្រុមហ៊ុននេះ បញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ដែលភាគច្រើនជាថ្នាក់ដឹកនាំសហជីព និងសមាជិកជាច្រើន ក្រោមហេតុផលថារងវិបត្តិកូវីដ១៩។
បើតាមអនុប្រធានសហជីព បានអះអាងថា ការអូសបន្លាយនៃការរកដំណោះស្រាយមកឱ្យក្រុមកូដករ បានធ្វើឱ្យកូដករជាច្រើន ប្រទះនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ ហើយជាយុទ្ធសាស្រ្តឱ្យកូដករបញ្ឈប់ការទាមទារដោយខ្លួនឯង។
កញ្ញា សុខន បន្តថា៖ «កូដករខ្លះទៅដឹកឥវ៉ាន់ ធ្វើសំណង់ បុគ្គលិកអនាម័យជាដើម គាត់បានប្រាក់ខ្លះដើម្បីឧបត្ថម្ភជីវភាពគាត់ ក៏ប៉ុន្តែយ៉ាងហោចណាស់គាត់នៅខាងក្រៅ មិនព្រមចូលទៅធ្វើការវិញដែរ ដើម្បីទាមទារយុត្តិធម៌»។
ចំណែកកញ្ញា សុខ រស្មី កូដករមួយរូបទៀត លើកឡើងថា វិវាទនេះអាចដោះស្រាយដោយសន្តិវិធីបាន លុះត្រាតែក្រសួងការងារ និងក្រុមហ៊ុនណាហ្គាវើលដ៍ផ្ទាល់ បើកការចរចាដោយពិតប្រាកដ មិនមែនចរចាដើម្បីឱ្យកូដករទទួលយកសំណង ហើយបញ្ចប់រឿងនោះទេ។
កញ្ញា រស្មី និយាយថា៖ «គួរតែបើកការចរចាដែលពិតប្រាកដ មិនមែនការចរចាដូចនៅក្រសួងការងារទេ វាគ្រាន់តែការចរចាមួយរដ្ឋកំណត់ អ្វីដែលជាដំណោះស្រាយពិតប្រាកដគឺបុគ្គលិកទាមទារចូលធ្វើការវិញ មិនមែនឱ្យយើងយកប្រាក់សំណង ហើយថាជាដំណោះស្រាយទេ»។
ក្រៅតែពីការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព សមាជិកសហជីពចំនូន៩នាក់ បានរងបណ្ដឹងពីខាងក្រុមហ៊ុនណាហ្គាវើលដ៍ ពីបទរំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ កាលពីខែតុលា ឆ្នាំ២០២២។
យ៉ាងណាមិញ កញ្ញា សុខន អះអាងថា សិទ្ធិការងាររបស់សហជីពនាពេលចុងក្រោយនេះ ធ្លាក់ដល់សំណុចមួយមិននឹកស្មាន។ «យើងសឹងតែថាធ្លាក់ដល់ចំណុចសូន្យហើយ ព្រោះដូចឃើញសហជីពណាហ៊ានធ្វើសកម្មភាពអីទេ បើយើងធ្វើសកម្មភាពតាមផ្លូវច្បាប់ ក៏គេចោទយើងថាញុះញង់ ស្អីក៏ញុះញង់ ចឹងបានន័យថា សេរីភាពសហជីពចុះ សឹងតែថាគ្មានសិទ្ធិតវ៉ាហ្មង៎» នេះជាការលើកឡើងរបស់ កញ្ញា សុខន៕