សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋបាលរាជធានីភ្នំពេញ​បង្កើតក្រុមការងារចំពោះកិច្ច​ប្រឆាំង​នឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

ទីតាំងអគារកម្ពស់២០ជាន់មួយកន្លែងស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មានរបងហ៊ុំព័ទ្ធដោយបន្លាលួស និងកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានសមត្ថកិច្ចចូលទៅបង្ក្រាបបាន ក្រុមឆបោកជិត២០០នាក់។ រូបភាពថតនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ព្រីង សំរាំង)
ទីតាំងអគារកម្ពស់២០ជាន់មួយកន្លែងស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មានរបងហ៊ុំព័ទ្ធដោយបន្លាលួស និងកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានសមត្ថកិច្ចចូលទៅបង្ក្រាបបាន ក្រុមឆបោកជិត២០០នាក់។ រូបភាពថតនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ព្រីង សំរាំង)

រដ្ឋាបាលរាជធានី​ភ្នំពេញ​បាន​បង្កើត​គណៈកម្មការពិសេស​មួយ​ដើម្បី​បង្ក្រាបបទ​ល្មើស​ឆបោក​តាម​អនឡាញ បន្ទាប់ពីមាន​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។

កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​​ស្ដី​ពី​ការ​បង្កើត​គណៈកម្មការចំពោះ​កិច្ច​​ដើម្បី​ប្រឆាំង​នឹងការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​នោះ​​មាន​លោក​អភិបាល​រាធានីភ្នំពេញ ឃួង ស្រេង ជា​ប្រធាន​។ ​គណៈកម្មការ​នេះ​មាន​សមាសភាព​អនុប្រធានប្រចាំ​ការ​មួយ​រូប ​អនុប្រធាន និង​សមាជិក​ជា​ច្រើន​រូប​ផ្សេង​ទៀត​។​​

កាលពីខែមេសា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់​ឲ្យពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រឆាំង​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ​។ លោក​បាន​សង្កត់ធ្ងន់ថា ​គណៈកម្មការ​ថ្មី​សម្រាប់​ប្រឆាំង​បទល្មើសអនឡាញ គឺ​ជួយ​បំពេញបន្ថែម មិនមែនជំនួស យន្តការ​ដែល​មាន​ស្រាប់​នោះទេ គឺ​ធ្វើឡើង​តាម​រយៈ​ការ​អនុវត្ត​កិច្ច​សហការគ្នា​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​។​

គណៈកម្មការ​ដែល​បង្កើត​នេះ​នឹង​អនុវត្ត​ការងារ​ប្រឆាំង​បទល្មើស​ឆបោក​តាមបច្ចេកវិទ្យា​តែក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ​។​ ​ក្រុមការងារ​ប្រតិបត្តិការបង្រ្កាមការ​ឆបោក​​​​តាមប្រព័ន្ធបច្ចេកវិទ្យា មាន​ភារកិច្ច​ប្រើ​ប្រាស់​កម្លាំង​​សរុប​នៃ​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ ដើម្បីអនុវត្ត​ការបង្រ្កាប​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ឲ្យ​អស់​ពី​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​​

អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នកស្រី ដោរ សម្ផស្ស មាន​ប្រសាសន៍​ថា ​គណៈកម្មការ​នេះ​នឹង​ធ្វើ​ការ​ប្រឆាំង​នឹង​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ហើយ​គ្រប​ដណ្ដប់​ក្នុង​រដ្ឋបាល​រាជធានីភ្នំពេញ​។ អ្នក​ស្រី​មិន​បាន​បញ្ជាក់ទេថា​គណៈកម្មការ​​នឹង​ចាប់​ដំណើរ​ការពេល​ណា និង​ដំណើរការ​ប្រឆាំង​នឹង​បទល្មើស​ឆបោក​បែប​ណានោះដែរ​ ដោយ​អ្នកស្រី​ថា​កំពុងជាប់​រវល់ភារកិច្ច​នៅ​ប្រទេស​វៀតណាម​។​

អភិបាលរាជធានី​ភ្នំពេញ លោក ឃួង ស្រេង បដិសេធធ្វើអត្ថាធិប្បាយ ដោយ​លោក​បញ្ជាក់​ថា​កំពុង​ជាប់​រវល់ប្រជុំ​។​

អ្នកនាំពាក្យ​ក្រ​សួង​មហាផ្ទៃលោក ទូច សុខៈ ប្រាប់ សារព័ត៌មានខេមបូចា ​ថា ​គណៈកម្មការ​មាន​ភារកិច្ច​បោស​សម្អាត​បទល្មើស​ឆបោក​តាម​អនឡាញ និង​បាន​អះអាង​ថា ​កន្លង​មក«មាន​ជាច្រើនករណី​ត្រូវ​បាន​បង្ក្រាប​»។​ យ៉ាងណាក៏ដោយ លោក​ថា​ ដើម្បីបង្កើនការបង្ក្រាប តំបន់ដែលអាចមានការប្រមូលផ្តុំនៃបទល្មើសបែបនេះ គួរបង្កើតគណៈកម្មការមួយ ដើម្បីបន្តគ្រប់គ្រង និងទប់ស្កាត់បទល្មើស។

លោក​ឲ្យ​ដឹង​ទៀតថា ​​ក្រសួង​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្ត​នានា​​ដែលកន្លង​មក​​បាន​បង្ក្រាប​បទល្មើស​​​ហើយ​​បាន​បណ្ដេញ​អ្នក​ពាក់ព័ន្ធចេញពីប្រទេស និង​បានកសាងសំណុំ​រឿង​មួយ​ចំនួន​ទៅ​តុលាការ ឲ្យ​បង្កើត​គណៈកម្មការ​មួយ​ដូច​នឹង​រដ្ឋបាល​រាជធានីភ្នំពេញ​ដែរ។​

លោក​មាន​ប្រសាសន៍ទៀតថា៖ «ភ្នំពេញ​នឹង​ចាប់​ផ្ដើម​មុន​គេ ហើយ​ខេត្ត​ផ្សេងៗ​ទៀត​នឹង​ធ្វើ​ការ​ងារ​នេះ​ជា​បន្ត​បន្ទាប់​ដោយ​មិន​មាន​ការ​ដកថយទេ​។ ហើយ​បើទោះបីជាមិនទាន់​​មាន​គណៈកម្មការនេះ អភិបាលខេត្ត និង​គណៈអភិបាលខេត្ត​នឹង​បន្ត​ទប់ស្កាត់ និង​បញ្ឈប់​បទល្មើសទាំង​នេះ»។​

ជាមួយ​គ្នា​នេះ​ដែរ លោក​បន្តថា រដ្ឋាភិបាល​ស្វាគមន៍​រាល់​កិច្ច​សហការ​ពី​ប្រទេសដទៃ​ដើម្បី​ប្រឆាំង​នឹង​បទល្មើស​មួយ​នេះ ដោយថា «វាជាបញ្ហារួម»​ នៅ​ក្នុង​តំបន់។​ លោក​លើកឡើងថា​​សហរដ្ឋអាមេរិកបាន​​ផ្ដល់ការបណ្ដុះបណ្ដាល​ក្នុង​ការងារ​ប្រឆាំង​នឹងការជួញដូរ​មនុស្ស ជាពិសេស​ទាក់ទង​នឹង​បញ្ហា​ស្មុគស្មាញ​របស់​បទល្មើស​អនឡាញ​នេះ​ដែរ។​​ លោក​បន្ថែម​ថា​កម្ពុជា​កំពុង​សហសការ​ជាមួយ​ប្រទេស​ជាច្រើនទៀត​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​គ្នា ជាពិសេសជាមួយ​ប្រទេសចិន​។​

លោក​ឲ្យ​ដឹងទៀតថា ​ចំនួន​អ្នកពាក់ព័ន្ធ​ក្នុង​បទ​ល្មើស​បច្ចេកវិទ្យានេះ​គិត​តាំងពី​ពេល​អតីតនាយក​រដ្ឋមន្ត្រីលោក ហ៊ុន សែន នៅ​​ដឹកនាំរដ្ឋាភិបាល មក​ដល់ពេល​នេះ កម្ពុជា​រកឃើញ​អ្នក​ពាក់​ព័ន្ធ​នឹង​​បទ​ល្មើស​​ប្រហែល​២ម៉ឺន​នាក់ ហើយ​ក្នុង​នោះ​មនុស្ស​ប្រហែល​២០០​នាក់ មាន​១១​សញ្ជាតិ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។​

អាជ្ញាធរ​បាន​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញមួយ​​នៅរាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៥ ដោយ​បាន​ឃុំ​ខ្លួន​ជនបរទេស​ចំនួន​១៨៦​នាក់ ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់ថា​បានប្រតិបត្តិការ​ឆបោក​តាមប្រព័ន្ធអនឡាញ​។​

កាលពី​ថ្ងៃទី​៣០ ខែមិថុនា គណៈប្រតិភូ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ជួប​ជាមួយ​អ្នកស្រី​ ជួ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង​មន្ត្រី​ អនុវត្ត​ច្បាប់ជាន់ខ្ពស់ជា​ច្រើន​រូប​ទៀត ដើម្បីពិភាក្សា​កិច្ចសហការ​ដែល​កំពុង​មាន និង​ចែក​រំលែក​ព័ត៌មាន​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ការ​ឆបោក​តាមអនឡាញ និង​ការជួញដូរ​មនុស្ស​។​

ប្រធានផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា Andrew Leyva ​បាន​ឲ្យ​ដឹង​ថា៖ «​យើង​ប្ដេជ្ញាចិត្តការពារ​ពល​រដ្ឋ​អាមេរិកដោយ​​​ធ្វើ​យ៉ាងណា​ឲ្យ​ជនល្មើស​ក្នុង​បទ​ល្មើស​ឆបោក​តាម​អនឡាញ​ទទួល​ខុសត្រូវចំពោះបទល្មើស​របស់ពួកគេ តាមរយៈ​កិច្ចហសការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា»។​

សារព័ត៌មានខេមបូចា មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយពី អ្នកស្រី ជួ ប៊ុនអេង ​បាន​ទេ​។​

នៅ​ថ្ងៃទី​៣ ខែកក្កដា អ្នកស្រី ជូ ប៊ុនអេង បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និង​អូស្រ្តាលី​ ដែល​ជា​សហប្រធាន​កិច្ច​ប្រជុំនៅ​បាលី ក៏​ដូច​ជា​ឯកអគ្គរដ្ឋទូត​លាវ ម៉ីយ៉ាន់ម៉ា ហ្វីលីពីន និង​ម៉ាឡេស៊ី ​ដើម្បី​ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​​ក្នុង​ការ​ឆ្លើយ​តបទៅ​នឹង​ការ​ជួញដូរ​មនុស្ស​ឆ្លងដែន និង​បទ​ល្មើស​ពាក់ព័ន្ធតាមប្រព័ន្ធ​អនឡាញ​។​

របាយការណ៍​របស់អង្គការ​លើកកលែងទោសអន្តរជាតិ​មួយ​បាន​កំណត់​អត្តសញ្ញាណ​​មជ្ឈមណ្ឌល​ឆបោក​តាមអនឡាញ​ចំនួន​៥៣ទីតាំង​នៅ​ក្នុង​តំបន់ចំនួន​១៣​ផ្សេង​គ្នា ដែល​ភាគច្រើន​នៃទីតាំងទាំងនោះ​មាន​នៅ​តំបន់មាត់សមុទ្រ និង​ព្រំដែន​។ ក្រៅពី​នេះ​នៅ​មាន​ «តំបន់គួរ​ឲ្យ​សង្ស័យ» ចំនួន​៤៥​ផ្សេង​ទៀតទំនង​ជាកំពុង​ធ្វើ​សកម្មភាពដូច​គ្នា​នេះ។​​ កម្រោង​ប្រឆាំង​ការ​ជួញដូរមនុស្ស​នៅ​កម្ពុជា កាលពីខែ​តុលា ឆ្នាំ២០២៤ ​បាន​ប៉ាន់ប្រមាណ​ថា​យ៉ាងហោចណាស់​មាន​ទីតាំង​ឆបោក​តាមអនឡាញ​ចំនួន​​៣៥០​កន្លែង កំពុង​ដំណើរការ​នៅ​ទូទាំងប្រទេស​ និង​បាន​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កម្មករបរទេស​ចំនួន ​១៥០ ០០០​នាក់​។​

បើ​តាម​របាយការណ៍​កន្លង​ទៅ​របស់​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ អំពើឆបោក​បាន​ចល័ត និង​រាលដាល​ខ្លាំង​នៅ​ក្នុង «ខេត្ត​ព្រះសីហនុ រាជធានីភ្នំពេញ ប៉ៃលិន អន្លង់វែង អូស្មាច់ ខេត្ត​កណ្ដាល ពោធិ៍សាត់ កោះកុង ក្រុង​បាវិត ជ្រៃធំ កំពត ឧត្តរមានជ័យ ប៉ោយប៉ែត បន្ទាយមានជ័យ ស្វាយរៀង និង​មាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​តារាសាគរ និង​ តំបន់សេដ្ឋកិច្ចពេសេស Henge ថ្មដា»​ផងដែរ។​

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ មាន​ប្រសាសន៍ថា ​ការ​បង្កើត​គណៈកម្មការមួយ​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺ «ជារឿង​ល្អ​» ដោយថា​វា​អាចធានានូវ​តម្លាភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​។ យ៉ាងណា​លោក​សង្ឃឹម​ថា​គណៈកម្មការ​ដូច​គ្នានេះ​នឹង​ត្រូវ​បង្កើត​នៅ​តាម​ខេត្ត​ផ្សេង​ៗ​ទៀត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​នៅ​តំបន់ទាំងនោះ​។​

លោក​ថ្លែងថា៖ «បញ្ហា​បទល្មើស​តាមអនឡាញ​បានធ្វើ​ឲ្យ​ប៉ះពាល់មុខមាត់​កម្ពុជា ពីព្រោះថា​កន្លង​មក​របាយការណ៍​អន្តរជាតិ​លើក​ពី​អំពើឆបោក​នៅ​ទី​នេះ។ ដូច​នេះ ការ​បង្កើត​គណៈកម្មការ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​គណៈកម្មការ​ត្រូវ​តែ​បង្ក្រាប [បទល្មើស] ឲ្យ​មាន​ប្រសិទ្ធភាព [បញ្ឈប់]​អំពើពុក​រលួយ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រឹង និង​ហសការជាមួយ​ប្រទេសជាដៃគូ​ផ្សេងទៀត»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Sets Up Anti-Scam Task Force Amid Rising Online Scams

ព័ត៌មានថ្មី

អត្ថបទពេញនិយម