សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយករដ្ឋមន្ត្រីពិភាក្សាអំពីក្រមសីលធម៌នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាមួយក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម

អ្នក​បើក​បរ​រថយន្តឆ្លង​កាត់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង នៅ​ផ្លូវ​បំបែក​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
អ្នក​បើក​បរ​រថយន្តឆ្លង​កាត់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង នៅ​ផ្លូវ​បំបែក​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដើម្បីពិភាក្សាអំពីក្រមប្រតិបត្តិនៃការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្ទាំងប៉ាណូ ដើម្បីធានាសណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច វប្បធម៌ និងប្រពៃណី ទន្ទឹមនឹងការលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌។

កិច្ចប្រជុំធ្វើនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មានការចូលរួមពីរដ្ឋមន្ត្រី អភិបាលខេត្ត តំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ក្នុងនោះមានតំណាងស្រាបៀរវឌ្ឍនៈ និងស្រាបៀរកម្ពុជាផងដែរ។ ទោះ​យ៉ាង​ណា​ព័ត៌មាន​លម្អិត​ទាំង​ស្រុង​នៃ​ការ​ពិភាក្សា​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹងនៅ​ឡើយ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានអនុវត្តនីតិវិធី និងវិធានការដែលមានចែងក្នុងបទប្បញ្ញត្តិ ដើម្បីឆ្លើយតបទៅនឹង «ការផ្សាយពាណិជ្ជកម្មស្រាបៀរហួសកម្រិត និងគ្មានក្រមសីលធម៌» ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខុមាលភាពសង្គម។

លោក ទេព អស្នារិទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា កិច្ច​ប្រជុំ​ដែលទើបប្រារព្ធ​ឡើងកាលពីពេលកន្លងទៅ គឺ​ដើម្បី​ពង្រឹង​វិធានការ​រៀបចំ ​និង​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង។

កិច្ចការទាំងនោះស្ថិតក្នុងក្របខណ្ឌការងារអាទិភាពរបស់ក្រុមការងារអន្តរក្រសួងសម្រាប់ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានក្រសួងព័ត៌មានជាប្រធាន។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងបានដាក់ចេញនូវគោលការណ៍ជាក់លាក់ចំនួន១៧ សម្រាប់ឧស្សាហកម្មគ្រឿងស្រវឹង ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធដើម្បីអនុវត្ត។ ទាំងនេះរួមបញ្ចូលការបង្កើតច្បាប់ និងគោលការណ៍ដើម្បីកំណត់ខ្លឹមសារ និងពេលវេលានៃការផ្សាយពាណិជ្ជកម្មនៃផលិតផលដែលអាចប៉ះពាល់ដល់អ្នកមើល ការហាមឃាត់ការផ្សាយពាណិជ្ជកម្មហួសហេតុ និងប្រាកដថាវាមិនត្រូវកំណត់គោលដៅអនីតិជនឡើយ។

ប្រសិទ្ធភាពនៃការអនុវត្ត គឺអាស្រ័យលើការចូលរួមរបស់តួអង្គពាក់ព័ន្ធក្នុងការធានាការអនុលោមតាមក្រមសីលធម៌សម្រាប់ការផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងពាណិជ្ជកម្ម និងការប្រកួតប្រជែងដោយស្មោះត្រង់ និងដោយការទទួលខុសត្រូវដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងពង្រឹងក្រមសីលធម៌ឧស្សាហកម្ម និងទំនួលខុសត្រូវសង្គម។

លោកបន្តថា៖ «ខ្ញុំអំពាវនាវឱ្យឧស្សាហកម្មគ្រឿងស្រវឹង និងដៃគូពាក់ព័ន្ធបន្តការប្តេជ្ញាចិត្តរបស់​ខ្លួនក្នុងការទប់ស្កាត់ និងបញ្ចប់ទីផ្សារឧស្សាហកម្មគ្រឿងស្រវឹងដែលមិនទទួលខុសត្រូវ។ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុន ប្រតិបត្តិករ អាជីវករ និងភាគីពាក់ព័ន្ធ ធានាការអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាពនៃប្រកាស សារាចរ និងគោលការណ៍ណែនាំដែលបានចេញនាពេលកន្លងមក»

លោក ចាប វន្នី អ្នកនាំពាក្យខេត្តកណ្តាល មានប្រសាសន៍ថា មិនទាន់មានការណែនាំណាមួយត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក ហ៊ុន ម៉ាណែត និងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនោះទេ។ យ៉ាង​ណា​មិញ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​លុប​ស្លាក​សញ្ញា​ស្រាបៀរ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​ហើយ ព្រោះ​មិន​មាន​ការ​ចុះ​បញ្ជី​ត្រឹមត្រូវ​ដើម្បី​ផ្សព្វផ្សាយ​។

លោក វន្នី និយាយថា៖ «កន្លង​មក យើង​បាន​ចាត់​វិធាន​ការ​លើ​ស្លាក​សញ្ញា​ផ្សាយ​ពាណិជ្ជកម្ម​ខុស​ច្បាប់ មិន​មែន​តែ​គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​ផ្សាយ​ពាណិជ្ជកម្ម​ភាគ​ច្រើន​ គឺ​អំពី​ផលិតផល​គ្រឿង​ស្រវឹង»

លោកលើកឡើង​ថា ស្លាក​សញ្ញា​ស្រាបៀរ​ខ្លះ​បិទ​ផ្លូវ ឬ​ចាស់​ត្រូវ​បាន​រុះរើចេញ ព្រោះ​វា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ខូច​សោភ័ណភាព​ផ្លូវ​សាធារណៈ។ លោកបានបន្តថា ការដកចេញ​​នេះក៏នាំឱ្យមានការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្មស្រាបៀរផងដែរ ប៉ុន្តែលោកមិនបានបង្ហាញពីទិន្នន័យស្តីពីការប្រមូលពន្ធពីការផ្សាយពាណិជ្ជកម្មទាំងនេះទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​ជាមួយ​តំណាង​ក្រុមហ៊ុនស្រាបៀរ និងតំណាងក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ហ្វេសប៊ុក ហ៊ុន ម៉ាណែត)

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានសង្កត់ធ្ងន់ថា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រឿងស្រវឹងប្រកបដោយប្រសិទ្ធភាព វិធានការ​សំខាន់ៗ​ចំនួនបីត្រូវតែជាអាទិភាព៖ ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការបង្កើនពន្ធ​គ្រឿងស្រវឹង និងការពន្លឿនការអនុវត្តច្បាប់លើការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង។

លោកបន្តថា ដើម្បីឱ្យរដ្ឋាភិបាលធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព ពួកគេត្រូវតែផ្តល់អាទិភាពដល់សុខភាពសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងពេកចំពោះឧស្សាហកម្មគ្រឿងស្រវឹង វាអាចប៉ះពាល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់​បន្ថយផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃគ្រឿងស្រវឹង។​

លោក​បន្ថែម​ថា វិធានការ​ជាក់លាក់​ត្រូវ​តែ​អនុវត្ត។ លោកនិយាយថា៖ «ឧទាហរណ៍ យើងបានឃើញកន្លងមកមានផ្សាយរង្វាន់ធំ គគ្រឹកគគ្រេង អ្នកខ្លះថែមទាំងនិយាយបែបចំអកថា ពួកគេមិនចាំបាច់ធ្វើអ្វីទេ! ផ្នត់គំនិតនេះមានបញ្ហា និងគ្រោះថ្នាក់សម្រាប់សង្គម ជាពិសេសប្រសិនបើមនុស្សចាប់ផ្តើមដាក់ក្តីសង្ឃឹមលើការលើកទឹកចិត្តទៅលើរង្វាន់»

លោក​ក៏​បាន​បន្ថែម​ថា កម្ពុជា​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា។ លោកនិយាយថា៖ «ដូច្នេះយើងត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់គ្រឿងស្រវឹង។ យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ប្រទេស​មួយ​ដែល​ពលរដ្ឋ​ភាគច្រើន​គោរព​ព្រះពុទ្ធសាសនា ប៉ុន្តែ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ដោយសារ​ការ​សេព​គ្រឿង​ស្រវឹង»

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានបទប្បញ្ញត្តិស្តីពីការទិញស្រា និងបារី ប៉ុន្តែច្បាប់ទាំងនេះមិនទាន់អនុវត្តឱ្យមានប្រសិទ្ធភាពនៅឡើយ។

លោកបានបញ្ជាក់ថា ប្រសិនបើការផ្សាយពាណិជ្ជកម្មនៅលើផ្ទាំងប៉ាណូត្រូវបានហាមឃាត់ ការរឹតបន្តឹងដូចគ្នាគួរតែអនុវត្តចំពោះវេទិកាឌីជីថល។

លោកនិយាយថា៖ «បច្ចុប្បន្ន ការផ្សាយពាណិជ្ជកម្មនៅលើ TikTok ច្រើនជាង​ការ​លើក​ស្ថាក​ទៅទៀត។ បច្ចុប្បន្នយើងឃើញគេលេង TikTok ជាវីដេអូខ្លីបែបរឿងកំប្លែងយកស្រាបៀរផឹកម្នាក់ឯង ហើយជល់ជាមួយកញ្ចក់។ ខណៈ​ដែល​វា​ហាក់​ដូច​ជា​វីដេអូ​គួរ​ឱ្យ​អស់​សំណើច វា​បាន​បង្ហាញ​ពី​យីហោ​ស្រាបៀរ ហើយ​មនុស្ស​ជា​ច្រើន​កំពុង​មើល​វា»

លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​វិធានការ​ជាក់លាក់។ ប្រសិនបើមិនមានច្បាប់ដែលមានស្រាប់ទេ គួរតែបង្កើតបទប្បញ្ញត្តិដើម្បីបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ហាមឃាត់ការលក់ស្រាបៀរដល់អ្នកដែលមានអាយុក្រោម១៨ឆ្នាំ កំណត់បរិមាណលក់ និងដាក់កម្រិតម៉ោងដែលអាចលក់គ្រឿងស្រវឹងបាន។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បដិសេធមិនឆ្លើយតបនឹងសំណួរដែលតាមតេឡេក្រាម ដោយលោកថាមានក្រសួងចំនួនបីដែលទទួលបន្ទុកលើការផ្សាយពាណិជ្ជកម្មស្រាបៀរ រួមមានក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល។

លោកថ្លែងថា៖ «សូម​សួរ​អ្នក​នាំ​ពាក្យ​ក្រសួង​ទាំង​នោះ ជា​ពិសេស​ក្រសួង​ព័ត៌មាន»

លោក សុខ សុភ័ក្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បដិសេធមិនឆ្លើយតបនឹងសំណួររបស់ សារព័ត៌មានខេមបូចា ដោយលោកស្នើឱ្យទាក់ទងទៅមន្ត្រីដែលគ្រប់គ្រងការងារហ្នឹងជំនួស។ ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ខណៈ​អ្នកស្រី​កំពុង​ប្រជុំ។

អ្នក​បើក​បរ​រថយន្តឆ្លង​កាត់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង នៅ​ផ្លូវ​បំបែក​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

យោងតាមអង្គការសុខភាពពិភពលោក ការប្រើប្រាស់គ្រឿងស្រវឹង គឺប្រឈមចំពោះការស្លាប់ប្រមាណ២,៦លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៩។ ក្នុងចំណោមអ្នកស្លាប់ ១,៦លាននាក់ត្រូវបានចាត់ទុកថាជាជំងឺមិនឆ្លង  ៧០០ ០០០​នាក់រងរបួស និង៣០០ ០០០នាក់ជាសារជំងឺឆ្លង។

ការវិភាគទិន្នន័យពីការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បង្ហាញពីទំនាក់ទំនងយ៉ាងសំខាន់រវាងការប្រើប្រាស់គ្រឿងស្រវឹង និងការកើតឡើងនៃអំពើហិង្សាដៃគូក្នុងគ្រួសារ។ ជាពិសេស វាកត់សម្គាល់ថាកម្រិតខ្ពស់នៃការទទួលទានគ្រឿងស្រវឹងត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃអំពើហិង្សា។

របាយកាណ៏ដដែលបញ្ចាក់ថា៖ «ប្រហែល ៤៩,៥% នៃស្ត្រីដែលមានអាយុពី១៥ទៅ៤៩ឆ្នាំតែងតែជួបប្រទះអំពើហិង្សានៅពេលដែលដៃគូរបស់ពួកគេស្រវឹង»

យោងតាមអង្គការសហប្រជាជាតិនៅកម្ពុជា ចរាចរណ៍ គឺជាមូលហេតុចម្បងមួយនៃការស្លាប់ និងរបួសនៅក្នុងប្រទេសកម្ពុជា ខណៈដែលកំហុសរបស់មនុស្សបានរួមចំណែកដល់៩៨ភាគរយនៃគ្រោះថ្នាក់។

គូសបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៩ កម្ពុជាមានអ្នករបួសជិត ១៣ ៧០០នាក់ និងស្លាប់ជាង ២ ០០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាមធ្យមមានមនុស្ស ៥,៤នាក់បានស្លាប់ជារៀងរាល់ថ្ងៃ។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ការ​ស្លាប់ និង​របួស​ក្នុង​ប្រទេស​កម្ពុជា។

យោងតាមហ្វេសប៊ុករបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំនេះ មនុស្សជាង ១ ៥០០នាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣​។ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវបានកំណត់ថាជាកត្តារួមចំណែក។

របាយការណ៍ស្តីពីចំនួនគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំដើម្បីប្រកាសសមាសភាពអនុគណៈកម្មការទី២ និងបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ នៃអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ១ ៥៣៤លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៧៩៣នាក់ និងរបួសចំនួន ២ ១១៦នាក់ ក្នុងនោះរបួសធ្ងន់ ១ ២៣៤នាក់។ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ និយាយថា ៣ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្តាលមកពីអ្នកបើកបរយានយន្ត ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

នៅក្នុងការសិក្សាថ្មីមួយរបស់ Astute Analytica តម្លៃនៃទីផ្សារស្រាបៀរកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ២,២៣ពាន់លានដុល្លារនៅឆ្នាំ២០៣២ ពី១,០៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ៩,០៣ភាគរយ ចន្លោះឆ្នាំ២០២៤ និង២០៣២​។

សារព័ត៌មានខេមបូចា មិន​បាន​ទទួល​ការ​ឆ្លើយ​តប​​ពី​ក្រុមហ៊ុន Vattanac Brewery និង Chip Mong Group តាម​រយៈ​អ៊ីម៉ែល៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Discusses Code of Conduct of Alcohol Advertising with Beer and Advertising Companies

115 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម