សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

មហាជនសាទរការរុះរើ​ទម្លាក់ផ្ទាំងផ្សព្វផ្សាយ​ស្រាបៀរ តែទាមទារឱ្យរឹតបន្តឹងថែមទៀត

ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដែលត្រូវបានរុះរើនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ (ខេមបូចា/ លេង លួត)
ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដែលត្រូវបានរុះរើនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ (ខេមបូចា/ លេង លួត)

រៀងរាល់ព្រឹក កញ្ញា ចាវ សុធារម្យ និស្សិតពេទ្យរង ធ្វើដំណើរ​ទៅ​រៀន​ដូចសព្វដង ​នៅក្នុង​ទីក្រុង​បាត់ដំបង​ដែលនាងកំពុងរស់នៅ។ ប៉ុន្តែ​ នាព្រឹកមួយនៅចុងខែកក្កដា នាង​មានការភ្ញាក់ផ្អើល ដោយ​សារ​​ស្លាក​ផ្សាយពាណិជ្ជកម្ម​​ស្រាបៀរដែល​ធ្លាប់​តែ​មាន​លម្អ​នៅតាម​ដង​ផ្លូវ បាត់​ទៅណាអស់រលីង។

កញ្ញាឱ្យដឹង​ថា៖ «ខ្ញុំមិនបានសង្កេតថា គេដកពីពេលណាមកក៏ម៉េចទេ តែទៅផ្សារ ទៅណាទៅណី ក្នុងក្រុងក៏អត់មានឃើញមានស្លាកផ្សាយស្រាផង»

នៅតាម​ទីប្រជុំជន​សំខាន់ៗក្នុង​ខេត្ត​មួយចំនួន ​​​ផ្ទាំងផ្សាយ​ពាណិជ្ជកម្ម​​គ្រឿង​ស្រវឹងដែលធ្លាប់​តែលម្អ​ស្អេកស្កះតាម​ដង​ផ្លូវ ត្រូវ​បានដកចេញ ហើយ​កន្លែងខ្លះ​ត្រូវ​បាន​ជំនួស​មក​ដោយ​ស្លាកលើកកម្ពស់​ទេសចរណ៍វិញ នៅក្នុង​យុទ្ធនាការ​ដែល​អាជ្ញាធរ​កម្ពុជា​ធ្វើ​ឡើង​ក្នុង​គោល​បំណង​កាត់​បន្ថយ​អន្តរាយ​ដល់​សង្គម ​ដោយសារ​គ្រឿង​ស្រវឹង។

យុទ្ធនាការនេះ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ខេត្តមួយចំនួន រួមមាន ​បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កណ្តាល, តាកែវ, កំពង់ចាម, ក្រចេះ ​មណ្ឌលគីរី​ កែប​ កំពង់ធំ សៀមរាប កំពត ស្ទឹងត្រែង កំពង់ស្ពឺ  ព្រៃវែង បន្ទាប់​ពីការចេញ​​បញ្ជា​របស់​ ឯកឧត្តម​ ស សុខា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​​ថ្ងៃ​ទី​៨ ខែ​កក្កដា ​កន្លងទៅ។ ​ចំណាត់​ការ​នេះ​ត្រូវ​​បានមហា​ជន​​សាទរ​ ជាមួយ​នឹង​​ទទូច​​ឱ្យរាជ​រដ្ឋា​ភិបាល​​​រឹត​បន្តឹងថែមទៀត​លើចរាចរណ៍ និង​ការ​​ប្រើ​ប្រាស់​​​គ្រឿង​ស្រវឹង ​ ដែលត្រូវ​បានចាត់ទុក​ថាជា​ដើម​ចម​មួយ​បង្ក​គ្រោះ​ថ្នាក់​​​ចរាចរណ៍ និងអន្តរាយ​ដល់​​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ក្នុង​ចំណោម​យុវជន។  

គ្រាន់តែបានចូលកាន់តំណែងជាអភិបាលខេត្តតាកែវនៅដើមខែកក្កដាភ្លាម លោក វ៉ី សំណាង ចាប់ផ្តើមទម្លាក់ផ្ទាំងផ្សាយស្រាបៀរនៅក្នុងទីរួមខេត្ត ដូចអ្វីដែលលោកធ្លាប់បានធ្វើកាលលោកនៅធ្វើជាអភិបាលខេត្តកំពង់ស្ពឺដែរ។ លោកមានប្រសាសន៍ថា ការផ្សព្វផ្សាយស្រាបៀរនៅទីសាធារណៈ ជះឥទ្ធិពលមិនល្អដល់ពលរដ្ឋ ជាពិសេសកុមារ។

លោក វ៉ី សំណាង មានប្រសាសន៍ដូច្នេះក្នុងបទសម្ភាសតាមប្រព័ន្ធសារទូរសព្ទថា៖ «យុវជន ដែលស្ថិតក្នុងការសិក្សារៀនសូត្រ គាត់មើលឃើញ ព្រោះគេផ្សាយ [ស្រាបៀរ] ជាសាធារណៈ។ អ៊ីចឹងវាមិនមែនជាព័ត៌មានល្អសម្រាប់ចែករំលែកដល់គ្រប់ស្រទាប់មនុស្សនោះទេ។ ក្មេងទៅសាលាបែរជាមើលឃើញស្រាបៀរនៅតាមដងផ្លូវមានភាពសំខាន់ ហើយមើលឃើញការផឹកស៊ីហ្នឹង សំខាន់ជាងការទៅសាលា»

មិនខុសពីខេត្តតាកែវទេ លោក គួច ចំរើន ក្រោយ​ពីផ្លាស់ពី​​ខេត្តព្រះសីហនុ​មក​ធ្វើ​ជា​អភិបាល​ខេត្ត​កណ្តាល​ បានបញ្ជាឱ្យ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវជាតិ​លេខ១។

នៅក្នុង​លិខិត​ចុះថ្ងៃទី១៧ ខែកក្កដា លោក គួច ចំរើន និយាយ​ថា ចំណាត់ការនេះ​ គឺដើម្បី​បង្កើន​សោភ័ណ​ភាព​ និងរៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ «ក៏​ជា​ការ​ចូលរួម​កាត់​បន្ថយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​អាច​កើត​មាន​ឡើងដោយ​ការ​ដាក់​តាំង​មិន​រៀបរយ​របស់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​ផង​ដែរ»។

នៅក្នុង​ក្រុងពោធិ៍សាត់ តាម​ដង​ផ្លូវ​ធំៗមួយចំនួន ផ្ទាំងពាណិជ្ជកម្មស្រាបៀរត្រូវបានជំនួសមកដោយផ្ទាំងផ្សព្វផ្សាយអំពីរមណីយដ្ឋានប្រវត្តិសាស្រ្ត និងកន្លែងកម្សាន្តនានានៅក្នុងខេត្ត ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍។

លោក លាង ទិតដ្ឋាន អ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា អាជ្ញាធរបានរើផ្ទាំងផ្សាយស្រាបៀរចេញអស់ហើយនៅលើកំណាត់ផ្លូវជាតិលេខ៥ឆ្លងកាត់ខេត្ត គិតចាប់ពីព្រំប្រទល់ជាមួយខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ជាមួយខេត្តបាត់ដំបង និងបន្តរុះរើលើផ្លូវជាតិផ្សេងៗទៀតក្នុងទឹកដីរបស់ខេត្ត។

អ្នកនាំពាក្យរូបនេះ​ បានថ្លែងថា៖ «ផ្ទាំងមួយចំនួនក៏បានកាត់ចោលតែម្តង ហើយកាលពីថ្ងៃទី១៤ ខែសីហា ក្នុងកិច្ចប្រជុំមួយ ឯកឧត្តមអភិបាល​ខេត្ត បានណែនាំដល់ក្រុមការងារឱ្យ​បំពាក់​រូបភាពថ្នាក់ដឹកនាំកំពូលៗរបស់យើង ក៏ដូចជាដាក់រូបផ្សេងៗទាក់ទងនឹងរមណីយដ្ឋាននៅក្នុងខេត្តជំនួសវិញ»

នៅខេត្តស្ទឹងត្រែងឯណោះវិញ លោក ម៉ែន គុង អ្នកនាំពាក្យរបស់​សាលាខេត្ត បានបញ្ជាក់ថា យុទ្ធនាការរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរនៅទូទាំងខេត្តបានបញ្ចប់ ប៉ុន្តែសម្រាប់ផ្ទាំងផ្សព្វ​ផ្សាយ​ដែលគ្មានច្បាប់តែប៉ុណ្ណោះ។  

នៅក្នុង​បទសម្ភាសន៍តាមទូរសព្ទ លោកមាន​ប្រសាសន៍ថា៖ «កុំឱ្យមានការយល់ថាស្លាកស្រាបៀរទាំងអស់នៅក្នុងខេត្តស្ទឹងត្រែងត្រូវតែរុះរើ។ ហេតុអីបានខ្ញុំបញ្ជាក់ជូនដូច្នេះ គឺនៅតាមដេប៉ូលក់ស្រាបៀរដែលគាត់ទទួលបានសិទ្ធិច្បាស់​លាស់ត្រឹមត្រូវស្របតាមគោលការណ៍ គាត់នៅដាក់បាន។ តែបើគាត់មិនចង់ដាក់ទេ ចង់ចូលរួមជាមួយថ្នាក់ដឹកនាំខេត្ត​ក្នុងការរុះរើស្លាកនេះចេញ ហើយដាក់ស្លាកអីផ្សេងដែលមិនមែនជាស្រាបៀរ ក៏ជាការចូលរួមរបស់គាត់ដែរ»

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដើម្បីពិភាក្សាអំពីក្រមប្រតិបត្តិនៃការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យសមស្រប ក្នុងគោលបំណងធានាបានសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចវប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដាក់តាំងបង្ហាញលើដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដាក់តាំងបង្ហាញលើដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

មហាជនសាទរ

អ្នកស្រី​​ ផូ សុភាព ដែលជាអាវជីករលក់គ្រឿងភេសជ្ជនៅស្រុកភ្នំព្រឹក​ ខេត្ត​បាត់​ដំបង សម្តែង​ការពេញចិត្តនៅពេល​ដែលអាជ្ញា​​​​​​ធរ​មូលដ្ឋាន​អនុវត្តវិធានការដកស្លាកផ្សាយ​ពាណិជ្ជកម្មស្រាចេញ។

អ្នក​ស្រី ផូ សុភាព លើកឡើងថា៖ «ខ្ញុំគ្រាន់តែគេប្រកាសតាមភូមិថាឱ្យដក ខ្ញុំស្រាយទម្លាក់ខ្លួនឯងហ្មង»។ អ្នក​ស្រី​បានបន្តថា៖ «បើគេដកប៉ាណូចេញទៅ ខ្ញុំគិតថាល្អដែរដូចស្រុកគេ កុំឱ្យពេលគេមកលេងស្រុកយើង ថាទៅណាមកណាឃើញតែ[ផ្ទាំងពាណិជ្ជកម្ម]ស្រា»

នៅឯទីរួមខេត្តកំពង់ចាម អ្នកស្រី វណ្ណា សម្ដែងក្តីត្រេកអរ បន្ទាប់​ពី​អាជ្ញាធរបានទម្លាក់​ស្លាកពាណិជ្ជ​កម្ម​ស្រា​បៀរ​ចេញ​ពីមុខអាហារដ្ឋាន​របស់​អ្នកស្រី ដោយនិយាយថា៖ «ព្រោះហាងខ្ញុំក៏មិនមែនរកស៊ីពឹងលើស្លាកស្រាបៀរនេះទេ។ បន្ទាប់ពីគេរុះចេញ ខ្ញុំក៏បានធ្វើស្លាកថ្មីសម្រាប់រកស៊ីខ្លួនឯង ដោយមិនមានផ្សាយស្រាបៀរណាមួយដែរ»

អ្នកស្រីឱ្យដឹងបន្តទៀតថា៖ «សព្វថ្ងៃខ្ញុំជាប្រជាជនមួយរូបដែលមិនគាំទ្រសោះរឿងស្រាបៀរនេះ។ ខ្ញុំឃើញថាប្រជាជនខ្មែរយើងសព្វថ្ងៃពិសាស្រាបៀរច្រើនណាស់ បើកាត់បន្ថយបានគួរតែកាត់បន្ថយ ហើយមួយទៀតគឺព្រោះតែស្រាហ្នឹងហើយ ទើបបានជាមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ជាពិសេសគឺគ្រោះថ្នាក់ចរាចណ៍នៅពេលយប់»

របាយការណ៍មួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍មានដល់ទៅ ៣ ៣១៧លើក ក្នុង​នៅ៥៥ភាគរយនៃករណីទាំងអស់ កើតឡើងនៅពេលយប់។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ក្នុង​ឆ្នាំកន្លងទៅបានកើន ៣៤១លើក។ របាយ​ការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា គ្រោះ​ថ្នាក់​ភាគច្រើនបណ្តាលមកពីការបើកលើសល្បឿនកំណត់, មិនគោរពសិទ្ធិ, ប្រជែងគ្នា បូករួមនឹងការសេពគ្រឿងស្រវឹងផងដែរ។  

ឥទ្ធិពលរបស់គ្រឿងស្រវឹងទៅលើយុវជន

នៅប្រទេស​កម្ពុជា ​​​ការ​ទទួល​ទាន​ស្រាបៀរមានបរិមាណ ៨៨,១ភាគរយ ក្នុង​ចំណោមគ្រឿង​ស្រវឹងគ្រប់ប្រភេទ​, នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់វ៉ិបសាយ Our World in Data ដែល​ស្រង់​ទិន្នន័យត្រឹម​ឆ្នាំ២០១៦ ​ពីអង្គការសុខភាពពិភពលោក (WHO)។ វ៉ិបសាយ​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ គិត​ត្រឹមឆ្នាំ២០១៩ ​ជនកម្ពុជា​​ទទួល​ទាន​ស្រា​បៀរ​ក្នុងមួយ​ឆ្នាំអស់ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល។ ​​បរិមាណ​សរុប​នៃជាតិ​អាល់កុល​​​ក្នុង​ស្រាបៀរដែល​ជនកម្ពុជាម្នាក់​ទទួល​ទាន​ក្នុង​មួយ​ឆ្នាំ​​​​ គឺមាន ៤,១២លីត្រ ច្រើន​ជាងគេ​​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​ទាំង​បី​របស់​ខ្លួន គឺឡាវ ដែលមាន ៣,៦២លីត្រ​អាល់កុលសុទ្ធ, វៀតណាម ៣,១៨លីត្រ​អាល់កុលសុទ្ធ, និង​ថៃ ១,៨៥លីត្រ​អាល់កុល​សុទ្ធ។ ក្នុង​ចន្លោះ​ឆ្នាំ​២០១០ និង ២០១៩។ ជាដំណាក់​កាលដែលកម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ ៧ភាគរយ​ក្នុង​មួយ​ឆ្នាំ ទិន្នន័យរបស់​វ៉ិបសាយនេះ​បង្ហាញថា ​ការ​ទទួល​ទាន​ស្រាបៀរនៅ​កម្ពុជា​​កើន​ជាលំដាប់ ដូច​គ្នា​នៅ​ប្រទេស​ឡាវ និង​វៀតណាមដែរ លើកលែង​តែ​នៅ​ប្រទេស​ថៃ​ ដែល​​ការ​ទទួល​ទាន​ស្រាបៀរ​នៅ​ក្នុង​រយៈពេលដូច​គ្នា​នេះ មានចរន្ដ​ធ្លាក់ចុះ​ បើ​ទោះ​ជា​តិច​តួច​ក្តី។

ពលរដ្ឋ​ដែល​ត្រូវ​បាន​​សម្ភាស​​សម្រាប់​អត្ថ​បទនេះ បាន​សម្តែងការ​​ព្រួយ​បារម្ភខ្លាំងអំពីឥទ្ធិ​ពល​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ស្រាបៀរ ជា​ពិសេស​ទៅលើ​អនីតិជន។ ពួកគាត់​និយាយថា តាម​ការ​សង្កេត ​មាន​ក្មេងៗជាច្រើន​ផឹក​គ្រឿង​ស្រវឹង​ ខណៈ​ដែល​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​កំណត់​អាយុ​​ដែល​អនុញ្ញាត​ឱ្យ​ជាវ និង​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ នៅឡើយ។

អ្នកស្រី ហៀន សេងហ៊ាង អាយុ ៤៥ឆ្នាំ រស់នៅក្នុងខេត្តត្បូងឃ្មុំ បាននិយាយ​ដូច្នេះថា៖ «ក្មេងៗ​ឥឡូវឃើញផឹកស្រាបៀរច្រើនណាស់ទាំងមិនទាន់ចប់វិទ្យាល័យផង ហើយអ្នកខ្លះរៀនទី៨ ទី៩ក៏ផឹកដែរ។ បើតាមខ្ញុំធ្លាប់មើលព័ត៌មាននៅប្រទេសគេ គេកំណត់អាយុមិនឱ្យក្មេងៗផឹកគ្រឿងស្រវឹងទេ ហើយនៅខ្មែរយើងបើមានអ៊ីចឹងដែរ ខ្ញុំគិតថាល្អណាស់»

លោក គង់​ ចិត្រា រស់នៅខេត្តកំពង់ចាម បង្ហាញក្ដីបារម្ភអំពីអនាគតក្មេងជំនាន់ក្រោយ ជាពិសេសកូនៗរបស់លោក ដែលត្រូវរង​ឥទ្ធិ​ពលនៃការ​ចរាចរ និង​ការ​ផ្សព្វផ្សាយ​ផលិតផលគ្រឿងស្រវឹងកាន់តែគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាពេលបច្ចុប្បន្ន។

លោក គង់​ ចិត្រា អាយុ ៥០ឆ្នាំ បានឱ្យដឹងថា៖ «ខ្ញុំខ្លាចថ្ងៃមុខទៅក្មេង​ៗវានាំគ្នាផឹកស្រាទាំងមិនទាន់គ្រប់អាយុ ធ្វើឱ្យ​ប៉ះពាល់សុខភាព។ នៅតាមផ្លូវក៏ដោយ អ្នកខ្លះស្រវឹងហើយនៅបើកបរទៀត ខ្លាចតែគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀតដែលគ្នាមិនដឹងអី។ សូម្បីតែកូនខ្ញុំក៏ធ្លាប់គ្រោះថ្នាក់ដោយសារគេស្រវឹងហើយមកប៉ះដែរ ហ្នឹងហើយដែលខ្ញុំបារម្ភ»

លោក ឆេង ហុងលី ជាអាជីវករលក់ស្រាបៀរម្នាក់​នៅរាជធានីភ្នំពេញ បានលើកឡើង​ថា បើប្រៀបនឹងប៉ុន្មានឆ្នាំមុន ការលក់គ្រឿងស្រវឹងមានការកើនឡើងខ្លាំងមែនទែន ហើយមានមនុស្សកាន់តែច្រើនទាំងក្មេងទាំងចាស់ ទទួលទានស្រាបៀរកាន់តែខ្លាំង។

លោកនិយាយថា៖ «ឥឡូវស្រាបៀរមានគ្រប់ម៉ូតគ្រប់ម៉ាកទាំងថ្លៃទាំងថោក ហើយលក់ដាច់ជាងមុនច្រើនណាស់។ ស្រាបៀរគ្រប់ម៉ាកហ្នឹងគេផឹកច្រើនជាងមុន មិនថាក្មេង ចាស់ ប្រុសស្រីទេ»

លោកបានបន្ថែមថា៖ «កាលមុនអត់សូវទេក្មេងៗ តែឥឡូវមានច្រើនណាស់ ពេលខ្លះនៅពាក់អាវសិស្សសាលាទៀតពេលមកទិញ ហើយឧស្សាហ៍មកទិញណាស់ អាចក្នុងមួយខែ ពីបី ទៅបួន ដង»

ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដែលត្រូវបានរុះរើនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ (ខេមបូចា/ លេង លួត)
ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដែលត្រូវបានរុះរើនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ (ខេមបូចា/ លេង លួត)

ប្រសិទ្ធភាពបានយូរប៉ុនណា?

ទន្ទឹម​នឹង​ការ​សាទររបស់​មហាជន គេ​នៅ​មិន​ដឹង​ទេ​ថា​តើ​ចំណាត់​ការ​រុះរើ​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​នេះ មាន​ប្រសិទ្ធភាព​បាន​យូរ​អង្វែង ឬ​យ៉ាងណានោះ​ទេ។

កញ្ញា ឆេង ដាលីន អាយុ ១៩ឆ្នាំ និង​ជានិស្សិតមកពីខេត្តកំពង់ចាម  យល់ឃើញថា អាជ្ញាធរគួរតែមានវិធានការរឹតបន្តឹងជាងនេះទៀតទៅលើការចរាចរណ៍គ្រឿងស្រវឹង ក៏ដូចជាបង្កើតច្បាប់ហាមឃាត់បុគ្គល​មិនទាន់​គ្រប់​អាយុ​ ពីការប្រើប្រាស់គ្រឿងស្រវឹងជាដើម។

កញ្ញានិយាយថា៖ «ជាក់ស្ដែងនៅកម្ពុជាយើង មិនទាន់ឃើញមានការហាមឃាត់កុមារក្នុងការទិញគ្រឿងស្រវឹងឡើយ ដែលធ្វើឱ្យក្មេងខ្លះត្រូវឪពុកម្ដាយប្រើទៅទិញឱ្យខ្លួន។ អាជ្ញាធរគួរតែគិតគូរឡើងវិញលើបញ្ហានេះ ជាពិសេសដំឡើងថ្លៃពន្ធ និងថ្លៃលក់ស្រាបៀរជាដើម ដើម្បីកាត់បន្ថយការប្រើប្រាស់របស់ប្រជាពលរដ្ឋ»

លោក យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព មានប្រសាសន៍​​ថា​ ​ការ​រុះ​រើ​ស្លាក​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង ​គឺ​ជា​ជំហាន​រីក​ចម្រើន​មួយ​ក្នុង​ការ​គិត​គូរ​ពី​សុខ​ភាព​សាធារ​ណៈ និង​សន្តិសុខ​សហគមន៍។ ​ប៉ុន្តែ លោក មាន​ប្រសាសន៍បន្ថែមទៀតថា ក្រៅពីវិធានការនេះ ​រដ្ឋាភិបាល​ត្រូវដំឡើង​ពន្ធ​គ្រឿង​ស្រវឹង​ និង​​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​ឱ្យ​បាន​ឆាប់ ពីព្រោះ «ពួក​គាត់ [រដ្ឋាភិបាល] ​មាន​សមត្ថ​កិច្ច​ក្នុង​ការ​រៀប​ចំ​សង្គម​មួយ​សម្រាប់​យុវជន»

លោក ប៊ុន ថន ប្រធានវិទ្យាស្ថានទំនាក់ទំនង​វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែងថា បើចង់ធ្វើឱ្យការសេពគ្រឿងស្រវឺងថយចុះពិតមែន ជាពិសេសក្នុងចំណោមយុវជននោះ ការដកស្លាកពាណិជ្ជកម្មតែមួយមុខមិនគ្រប់គ្រាន់ទេ ដ្បិតថាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗនៅតែបន្តចែកចាយពាណិជ្ជកម្មគ្រឿង​ស្រវឹងដដែល។

លោកមានប្រសាសន៍ថា៖ «ការអូសទាញមនុស្ស ឬយុវជនឱ្យសេពសុរា មិនមែនមានតែស្លាកប៉ាណូមួយ​មុខនោះទេ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ វិទ្យុ តាមអនឡាញ មានឥទ្ធិពលទៅលើយុវជនច្រើនជាង។ ប្រសិនបើយើងអាចដកពាណិជ្ជកម្មពីតាមប្រព័ន្ធទាំងនោះចេញ អាចនឹងមានប្រសិទ្ធភាពជាង»

នៅឯខេត្ត​បាត់ដំបងឯណោះវិញ កញ្ញា ចាវ សុធារម្យ និយាយថា ​សោភ័ណភាពតាម​ដង​ផ្លូវ​នៅ​ក្នុង​ទីរួមខេត្ត​មាន​ភាព​ប្រសើរ​ឡើងវិញ ប៉ុន្តែនាង​មិន​គិត​ថា​ចំណាត់ការដក​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹងនេះ​ជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពខ្លាំងនោះទេ សម្រាប់​កាត់​បន្ថយ​ផលប៉ះពាល់​លើ​សុខភាព និង​អន្តរាយ​ក្នុង​សង្គម។

កញ្ញាបានលើកឡើងដូច្នេះថា៖ «ការដកប៉ាណូចេញវាបង្ហាញពីរូបភាពល្អមួយរបស់ខេត្តដែរ តែអ្នកផឹក គឺមិនមែនផឹកប៉ាណូឯណា គេផឹកស្រាតើ»។ កញ្ញាបានបន្ថែមថា៖ «មួយទៀតបើគេដកតែតាមផ្លូវចេញ សួរថាមនុស្សប៉ុន្មាននាក់ដែលតាមមើលស្លាកស្រាលើផ្លូវខ្លះ ព្រោះឥឡូវមនុស្សភាគច្រើនវ័យណាក៏គេកាន់ទូរសព្ទច្រើនជាងមើលផ្លូវដែរ ហើយឃើញពាណិជ្ជកម្មស្រាលើទូរសព្ទដដែលហ្នឹង!»

រាយការណ៍ដោយ ប៉ិត ឈុនហ័ង, រឹម សុបញ្ញា,​ ធី វិ​ច្ឆរ៉ា, និង​ ឈឹម​ ជូលីណា

សូមបញ្ជាក់ថា អត្ថបទនេះសរសេរដោយនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាន់ទី២២

414 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម