សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមអ្នកជំនាញផ្តើមគំនិត ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារ

ស្រ្តីកសិករប្រមូលផលម្ទេសនៅចម្ការរបស់គាត់។ (Cambodia Harvest)
ស្រ្តីកសិករប្រមូលផលម្ទេសនៅចម្ការរបស់គាត់។ (Cambodia Harvest)

ស្ត្រីអ្នកជំនាញ និងមានភាពច្នៃប្រឌិតមួយក្រុមក្នុងវិស័យចំណីអាហារ និងកសិកម្មនៅកម្ពុជាបានពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនានានៃការបង្កើតបណ្តាញគាំទ្រ និងផ្សព្វផ្សាយផលិតផលកសិកម្ម នៅក្នុងសិក្ខាសិលាមួយដែលរៀបចំឡើងដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

លោកស្រី Torres Small ជាលេខាធិការរងរបស់ USDA បានគូសបញ្ជាក់ថា ស្ត្រីមានតួនាទីជាមូលដ្ឋានក្នុងវិស័យកសិកម្មនាពេលអនាគត មិនថានៅក្នុងរោងចក្រ ថ្នាក់រៀន ឬបន្ទប់ប្រជុំក៏ដោយ។

លោកស្រី ​មានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកដឹកនាំ វាជាទំនួលខុសត្រូវរបស់យើងក្នុងការធ្វើឱ្យប្រាកដថា កសិករជាស្ត្រីជំនាន់ក្រោយមានសិទ្ធិទទួលបានភាពស្មើគ្នាក្នុងសេដ្ឋកិច្ច ការអប់រំ និងឱកាសក្លាយជាអ្នកដឹកនាំ»។ ដោយលោកស្រីបន្ថែមថា៖ «យើង [ត្រូវតែ] រុះរើរបាំងពិសេសដែលពួកគេប្រឈម ដូចនេះពួកគេនឹងអាចមានលទ្ធភាពដោះស្រាយបញ្ហាកើតឡើងចំពោះមុខជាច្រើន ជាពិសេសតម្រូវការកំពុងកើនឡើងរបស់ពិភពលោកសម្រាប់អាហារ ឥន្ធនៈ និងធុញជាតិដែលមានជាតិសរសៃ‍»។

សិក្ខាសិលានេះ បានចែករំលែកជាចម្បងអំពីតួនាទីរបស់ស្ត្រីក្នុងវិស័យកសិកម្ម ដោយបានជំរុញឱ្យមានគំនិតថ្មីៗអំពីរបៀបកសាងអ្នកដឹកនាំស្ត្រីជំនាន់ក្រោយក្នុងវិស័យកសិកម្ម។

លោកស្រី Aleks Zittle អនុប្រធានស្តីទីស្ថានទូតអាមេរិក មានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់តួនាទីដ៏សំខាន់ដែលស្ត្រីដើរតួក្នុងការផ្តល់អាហារដល់សហគមន៍ ការជំរុញការបង្កើតថ្មី និងការគ្រប់គ្រងធនធានធម្មជាតិ។ ស្ត្រីមានទំនួលខុសត្រូវខ្ពស់ក្នុងការធ្វើកសិកម្ម ដោយមានជិតពាក់កណ្តាលនៃផលិតកម្មស្បៀងរបស់ពិភពលោក ហើយចំនួនកម្មករកសិកម្មទាំងអស់នៅក្នុងវិស័យដាំដុះ បសុសត្វ នេសាទ និងព្រៃឈើនៅទូទាំងពិភពលោក មានរហូតជិត៣៨ភាគរយ។

លោកស្រី Zittle បានបញ្ជាក់ថា៖ «មិនថាតាមរយៈការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ការស្រាវជ្រាវមូលដ្ឋាន ឬភាពជាសហគ្រិននៅគ្រប់វិស័យកសិកម្ម ស្ត្រីបាននិងកំពុងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ទោះបីជាមានផលប៉ះពាល់សំខាន់ខ្លះ កើតឡើងចំពោះស្ត្រីលើឧស្សាហកម្មនេះក៏ដោយ យើងត្រូវតែទទួលស្គាល់បញ្ហាប្រឈម និងឧបសគ្គជាច្រើននៅតែបន្តកើតឡើង ដែលស្ត្រីត្រូវបន្តដោះស្រាយ»។

គម្រោងហាវែស III (Harvest III) របស់ USAID បានបណ្តុះបណ្តាលកសិករ និងសហគ្រិនស្ត្រីក្នុងជំនាញអាជីវកម្ម និងបច្ចេកទេស ដើម្បីធានាថាពួកគេដើរតួយ៉ាងសកម្មនៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មប្រកបដោយនិរន្តរភាព។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ គម្រោងហាវែស III បានផ្តល់ជំនួយហិរញ្ញវត្ថុជិត ២,៣ លានដុល្លារ ដល់ ១៧ អាជីវកម្មកសិកម្មដែលដឹកនាំដោយស្ត្រី ដោយប្រើប្រាស់ការវិនិយោគពីវិស័យឯកជនចំនួន ៨,៦ លានដុល្លារក្នុងវិស័យកសិកម្ម។

លើសពីនេះ តាមរយៈភាពជាដៃគូអាជីវកម្មកសិកម្មដែលដឹកនាំដោយស្ត្រី គម្រោងហាវែស III បានផ្តល់សិទ្ធិអំណាចដល់កសិករស្ត្រីក្នុងការជំរុញផលិតភាពកសិកម្មរបស់ពួកគេ និងទប់ទល់ការប៉ះទង្គិចពីអាកាសធាតុ។ គម្រោងនេះបានកសាងសមត្ថភាពរបស់ស្ត្រីជាង ១០៥០ នាក់ ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ការអនុវត្តកសិកម្មឆ្លាតវៃតាមអាកាសធាតុ និងការគ្រប់គ្រងអាជីវកម្មកសិកម្ម ហើយបានជួយពួកគេបង្កើនប្រាក់ចំណូលបាន ២៤ ភាគរយ។

វាគ្មិន​កិត្តិយស​ផ្នែក​ឧស្សាហកម្ម​ម្ហូបអាហារ និង​កសិកម្ម​ចែករំលែក​បទពិសោធន៍ និង​យោបល់​ក្នុង​កិច្ចពិភាក្សា​ដែល​រៀបចំឡើង​ដោយ USDA និង​ស្ថានទូត​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤។  (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

លោកស្រី គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកជំនាញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានលើកទឹកចិត្តដល់សហគ្រិនស្ត្រីក្នុងវិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារឱ្យសម្របតាមការស្រាវជ្រាវ និងបង្កើតផ្នត់គំនិតមិនថានៅក្នុងការធ្វើពិពិធកម្មផលិតផល ឬការច្នៃប្រឌិត «វានឹងធ្វើឱ្យយើងឃ្លាតឆ្ងាយពីការប្រកួតប្រជែង» ។

លោក​ស្រី​បាន​បន្ត​ថា វិស័យ​កសិកម្ម ​ជា​ឧស្សាហ​កម្ម​មួយ​មានការប្រឈម​ ដែល​ទាំង​បុរស និង​ស្ត្រី​ ជួប​ប្រទះការ​លំបាក​ដូច​គ្នា។ ប្រសិនបើស្ត្រីត្រូវបានបញ្ចូលក្នុងតួនាទីដឹកនាំ និងការសម្រេចចិត្ត ពួកគេអាចដើរតួយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងនោះ។

លោកស្រីបានចង្អុលបង្ហាញថា៖«តាមរយៈក្រសួងពាក់ព័ន្ធ រួមទាំងយុទ្ធសាស្ត្រផ្សេងៗរបស់ MoC និងគោលនយោបាយយេនឌ័រ ដើម្បីរួមបញ្ចូលស្ត្រីកាន់តែច្រើនក្នុងតួនាទីដឹកនាំ និងការសម្រេចចិត្តទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិត្រូវបានបង្កើតឡើង»។

ទន្ទឹមនឹងនេះ លោកស្រី ស្រីរ័ត្ន បានបន្ថែមថា ស្ត្រីនៅក្នុងវិស័យម្ហូបអាហារ និងកសិកម្មគួរតែបង្កើតរបៀបវារៈផ្ទាល់ខ្លួនរបស់ពួកគេ ហើយ «ធ្វើឱ្យសំឡេងរបស់ពួកគេបានឮ ការខិតខំប្រឹងប្រែងបានឃើញ និងចងចាំកេរ្តិ៍ដំណែល»។ លោកស្រីនិយាយថា៖ «យើងជាស្ត្រី [គួរតែ] ដើរចេញពីតំបន់ផាសុកភាពរបស់យើង ហើយចាប់យកឱកាសដើម្បីចូលរួមក្នុងការធ្វើផែនការយុទ្ធសាស្រ្ត [ដោយ] ការផ្តល់ធាតុចូលដល់បទប្បញ្ញត្តិ និងការរចនាគោលនយោបាយ។ កុំ​ខ្លាច​ក្នុង​ការ​ទទួល​យក​តួនាទី​ជា​អ្នក​ដឹកនាំ​ដើម្បី​បន្ត​មាន​ឥទ្ធិពល​លើ​គោលនយោបាយ​សាធារណៈ និង​ឧស្សាហកម្ម​ដើម្បី​ឲ្យ​មាន​ការ​រួម​បញ្ចូល​គ្នា​កាន់​តែ​ច្រើន​សម្រាប់​ស្ត្រី»។

លោកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោង Feed Future Cambodia Harvest III មានប្រសាសន៍ថា គម្រោងរបស់ USAID ដែលបានដំណើរការអស់រយៈពេលប្រាំឆ្នាំមកនេះ បានជួយកសិករ និងសហគ្រិនកម្ពុជា ជាពិសេសស្ត្រីក្នុងការកសាងសមត្ថភាពក្នុងការផលិតទំនិញ និងប្រកួតប្រជែងក្នុងស្រុក។

លោកស្រី​បាន​បន្ត​ថា​៖ «ដោយសារ​គម្រោង​នេះ​មាន​ថវិកា​ចំនួន ៦,៨ ​លាន​ដុល្លារ យើង​បាន​ជួយ​សហគ្រិន​ស្ត្រី [​ដោយ​ការ​ផ្ដល់​] ជំនួយ​ប្រហែល ២,៣ ​លាន​ដុល្លារ​ដល់​ស្ត្រី ១៧​នាក់ ​ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​»

គម្រោងរបស់ USAID នេះ រំពឹងថានឹងវិនិយោគ ៣៨លានដុល្លារ ក្នុងវិស័យឯកជន ១៥លានដុល្លារ ក្នុងការផ្តល់ហិរញ្ញប្បទានទាក់ទងនឹងកសិកម្ម និង ១០០លានដុល្លារ ក្នុងការលក់ដូរនៅកសិដ្ឋាន និងក្រុមហ៊ុន និងបង្កើតការងារចំនួន ៣២០០កន្លែង ក្នុងអំឡុងពេលកម្មវិធីនេះដំណើរការ។

ទោះយ៉ាងណា លោកស្រី កល្យាណ លើកឡើងបន្ថែមថា វិស័យកសិកម្មកម្ពុជានៅខ្វះខាតការកែច្នៃ ដែលមិនអនុញ្ញាតឱ្យមានការប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ខណៈខ្វះថវិកាសម្រាប់ស្ត្រីចូលរួមក្នុងវិស័យនេះ។

លោកស្រី កល្យាណ បញ្ជាក់ថា៖ «ប្រសិនបើអ្នកចង់ឱ្យស្ត្រីកាន់តែច្រើនចូលរួមក្នុងវិស័យនេះ អ្នកត្រូវតែវិនិយោគក្នុងការបើក [ឡើង] ឧស្សាហកម្មនេះ។ ម៉្យាងវិញទៀត ចាំបាច់ត្រូវមានការគាំទ្រដល់ដៃគូអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការជាមួយសហគ្រាសផ្សេងទៀត ដែលវាមានសារៈសំខាន់ណាស់ក្នុងការចូលរួមក្នុងវិស័យនេះ»។

លោកស្រី បានបន្ថែមថា តាមរយៈការផ្តល់ហិរញ្ញប្បទាន សហគ្រិនស្ត្រីអាចបង្កើតការងារដល់កសិករ និងការងារក្នុងសហគមន៍ ជាពិសេសតាមរយៈការផ្សព្វផ្សាយ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីឲ្យការកែច្នៃអាចប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេសបាន។

ក្រុម​អ្នក​ជំនាញ​ពិភាក្សា​អំពី​ឱកាស និង​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​ស្បៀង​អាហារ និង​កសិកម្ម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤។(ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ដោយឡែក លោកស្រី កែវ យ៉ាដា ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមកពីខេត្តសៀមរាប បានទទួលជំនួយពី​ គម្រោងហាវែស I (Harvest I)។ លោកស្រី​បាន​និយាយ​ថា ស្ត្រី​អាច​ធ្វើ​កិច្ចការ​បាន​ច្រើន ប៉ុន្តែ​ពួកគេ​ប្រឈម​នឹង​បញ្ហា។ ពេលខ្លះមនុស្សស្រីមិនអាចសម្រេចដូចបុរសទេ ប៉ុន្តែនៅពេលដែលពួកគេធ្វើ នោះសមិទ្ធផលទាំងនោះគឺស្រដៀងនឹងបុរសដែរ។

ដោយផ្អែកលើបទពិសោធន៍របស់លោកស្រីក្នុងការបើកកសិដ្ឋានចិញ្ចឹមត្រី លោកស្រីបាន «តស៊ូច្រើន» ដើម្បីស្វែងរកឱកាសថ្មីៗ និងទទួលបានចំណេះដឹងបច្ចេកទេសបន្ថែមទៀត ពីព្រោះការចេញទៅរៀនជំនាញថ្មីៗតម្រូវឱ្យលោកស្រីចាកចេញពីគ្រួសារ។

លោកស្រីបាន​និយាយ​ ដោយ​ចែក​រំលែក​ថា​លោកស្រី​មាន​បញ្ហា​ជាមួយ​នឹង​ភាសា​អង់គ្លេស​៖ «ជំនាន់​របស់​ខ្ញុំ​រង​ផល​ប៉ះពាល់​ដោយ​ឧបសគ្គ​ភាសា។ ការ​សរសេរ​ភាសា​អង់គ្លេស​គឺ​ជា​បញ្ហា​ប្រឈម​មួយ ដូច្នេះ​ដើម្បី​អាច​ទំនាក់​ទំនង ឬ​ធ្វើ​ការ​បាន​រលូន យើង​ត្រូវ​ដឹង​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​អ៊ីនធឺណិត»។

ចំណែក លោកស្រី សឿង រស្មី សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានសង្កេតឃើញថា ស្ត្រីមួយចំនួនតូចបានសិក្សាផ្នែកកសិកម្មក្នុងឆ្នាំ ២០១១ ប៉ុន្តែវាជាចំនួនមួយដែលមានសក្ដានុពលនៃស្ត្រី ដែលបង្កើនការចូលរួមក្នុងវិស័យកសិកម្មនេះចំនួន ៣០ភាគរយ។

ដើម្បីលើកទឹកចិត្តស្ត្រីឱ្យចូលរួមកាន់តែច្រើន គួរតែមានឱកាសអាហារូបករណ៍បន្ថែមទៀតដើម្បីសិក្សាលើមុខជំនាញនេះ។ ស្ត្រី​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ខ្លះ​ពី​អ្នក​ជុំវិញ​ខ្លួន​ដើម្បី​រៀន​ពី​កសិកម្មផងដែរ។

លោកស្រីបានបញ្ជាក់ថា៖ «បញ្ហា​​មួយ​ទៀត​ដែល​ស្ត្រី​ប្រឈម​មុខ​ក្នុង​ការងារ [កសិកម្ម] គឺ​ការ​ខ្វះ​ការ​ថែទាំ​កុមារ។ ប្រសិន​បើ​កន្លែង​ធ្វើការ​មាន​មជ្ឈមណ្ឌល​ថែទាំ​កុមារ វា​នឹង​ជំរុញ​ស្ត្រី​ឱ្យ​ចូល​ក្នុង​វិស័យ​ការងារ​នេះ»។

ចុងភៅល្បីឈ្មោះ លោកស្រី រស់ រតនៈ ឬត្រូវបានគេទទួលស្គាល់យ៉ាងច្បាស់ថា ចុងភៅណាក់ (Chef Nak) នោះ គឺជាចុងភៅស្ត្រីល្បីឈ្មោះដំបូងគេរបស់កម្ពុជា។ លោកស្រី​លើកឡើងថា បេសកកម្ម​របស់​លោកស្រី​គឺ​ថែរក្សា និង​ផ្សព្វផ្សាយ​ម្ហូប​ខ្មែរ​លើ​ឆាក​អន្តរជាតិ។ ហើយលោកស្រី ​ក៏​ប្រារព្ធ​វប្បធម៌​ខ្មែរ​តាម​រយៈ​អាហារនេះផងដែរ។ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​គោលដៅ​ទាំង​នោះ លោកស្រីក៏​ត្រូវ​ការ​ការ​គាំទ្រ​ពីសំណាក់​គ្រួសារ​​ ព្រម​ទាំង​ចំណេះដឹង។

ចុងភៅណាក់ (Chef Nak) មានប្រសាសន៍ថា៖ «វាគួរតែចាប់ផ្តើមពីថ្ងៃនេះ។ ទោះ​បី​ជា​សំឡេង​របស់​យើង​សព្វ​ថ្ងៃ​នេះ​មិន​ទាន់​បាន​ឮ​ក៏​ដោយ ក៏​វា​រួម​បញ្ចូល​ទាំង​អស់។ ពិត​ណាស់ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ថា គ្មាន​មនុស្ស​ណា​ផ្ដល់​ឱ្យ​យើង [មក] ដោយ​ងាយ​នោះ​ទេ។ ប្រសិន​បើ​យើង​ទទួល​បាន​អ្វី​មួយ​ដោយ​ងាយ​នោះ វា​មិនសូវជា​មានតម្លៃ​អ្វី​ឡើយ»។

តាមរយៈការគាំទ្ររបស់ USDA នេះ ​កម្មវិធីស្បៀងអាហារពិភពលោក (World Food Program) បានអនុវត្តការផ្តល់អាហារដល់សាលារៀន ដើម្បីផ្តល់អាហារមានជីវជាតិ ដល់សាលារៀនជាង ១០០០ ក្នុងប្រទេសកម្ពុជា ដោយផ្តល់អត្ថប្រយោជន៍ដល់សិស្សក្មេងៗរាប់ពាន់នាក់ (៤៩ភាគរយ ជាក្មេងស្រី)។ ខណៈកម្មវិធីនេះក៏បានស្វែងរកអ្នកផ្គត់ផ្គង់ជាស្ត្រីក្នុងស្រុក ដើម្បីបន្តផ្គត់ផ្គង់ប្រភពអាហាររបស់ខ្លួន។ នៅក្នុងឆ្នាំសិក្សាបច្ចុប្បន្ន (២០២៣-២៤) អ្នកផ្គត់ផ្គង់/កសិករសរុបចំនួន ៤៩៧ នាក់បានចូលរួមជាអ្នកផ្គត់ផ្គង់ ដែលមាន ៣២៣ ឬ ៦៤ភាគរយ ជាស្ត្រី។

គម្រោងហាវែស III (Harvest III) ដែលកំពុងដាក់ឱ្យដំណើរការទូទាំងប្រទេសនោះ រួមមានគ្រាប់ធញ្ញជាតិ ត្រី និងផលិតផលផ្សេងទៀត ក្រៅពីផ្លែឈើ បន្លែ និងគ្រឿងទេស បានផ្តល់ឱ្យកសិករបង្កើនប្រាក់ចំណូលរបស់ពួកគេដោយទទួលបានឧបករណ៍ ដូចជាផ្ទះកញ្ចក់ដែលពង្រីករដូវដាំដុះ និងកែលម្អគុណភាពរុក្ខជាតិ។

លោកស្រី កល្យាណ បានបញ្ជាក់ថា បើ​ខ្វះ​ការ​កែច្នៃ និង​វត្ថុ​ធាតុ​ដើម​ដែល​ត្រូវបាននាំ​ចេញ​គ្រប់​ពេលវេលានោះ កម្ពុជា​នឹង​ចាញ់​ប្រទេស​ជិត​ខាងមិនខាន។

ដូច្នេះ លុះត្រាតែស្ត្រីមានដើមទុនក្នុងការវិនិយោគ ពួកគេនឹងត្រូវបានលើកទឹកចិត្តឱ្យចូលរួមកាន់តែច្រើន បើទោះបីជាស្ត្រីនៅក្នុងវិស័យខ្នាតតូចមានប្រហែល ៨៥ភាគរយ នៃឧស្សាហកម្មក៏ដោយ។ លោក​ស្រីបន្ថែម​ថា ស្ត្រី​ត្រូវ​ការ​ទុន​វិនិយោគ​បន្ថែម​ទៀត និង​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍។

លោកស្រី កល្យាណ ជឿជាក់ថា ប្រសិនបើស្ត្រីកាន់តែច្រើនចូលរួមក្នុងការកែច្នៃស្បៀង និងកសិកម្ម នោះផលិតកម្មក្នុងស្រុកនឹងកើនឡើង ហើយការនាំចេញ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងអាចនឹងធ្វើទៅបាន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Raising Women’s Involvement In Agri, Food Industry Despite Challenges

523 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម