សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការ​ខេត្ត​រតនគិរី​បន្ត​សាកសួរ​អ្នក​ភូមិ​ជន​ជាតិ​​ដើម​ភាគតិចដែល​ពាក់ព័ន្ធ​នឹង​​សំណុំរឿង​ទន្ទ្រាន​យក​ដី​ព្រៃតំបន់ការពារ​

អគារតុលាការខេត្តរតនគិរី រូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់តុលាការ។
អគារតុលាការខេត្តរតនគិរី រូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់តុលាការ។

នៅសប្តាហ៍នេះ តុលាការខេត្តរតនគិរី បានសាកសួរ​មេភូមិ និងជន​ជាប់​ចោទ​ពីរនាក់នៅ​ក្នុងសំណុំរឿងដែល​ពាក់​ព័ន្ធ​នឹង​ជនជាតិដើមភាគតិច ដែលត្រូវបាន​​ចោទប្រកាន់ពីបទទន្ទ្រានយកដីក្នុងតំបន់ការពារធម្មជាតិ​ឧទ្យានជាតិវីរៈជ័យ​។

ចាប់តាំងពីខែមិថុនាមក ​ជនជាប់ចោទចំនួន១៥នាក់ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតនៅក្រោម​​ការត្រួតពិនិត្យតាម​ផ្លូវ​តុលាការ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទកាន់កាប់ដីរដ្ឋ ដើម្បីធ្វើស្រែចម្ការនៅឃុំតាវែងលើ ស្រុកតាវែង។

លោក ក្រ ឈឹនចាំ ជា​មេភូមិតាបូក បាននិយាយ​ថា ចៅក្រមស៊ើបសួរបានសាក​សួរលោក​ក្នុងនាមជាសាក្សីក្នុងសំណុំរឿងរបស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ​​ ដ រំដួល ជា​អ្នក​ភូមិតាបូក ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាម​ផ្លូវ​តុលាការ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទទន្ទ្រាន កាប់រាន​ និងដុតបំផ្លាញព្រៃ​ក្នុង​តំបន់​ការពារ។ ការ​ចោទ​ប្រកាន់​​របស់​សាលា​ដំបូង​ខេត្ត​រតនគិរី ធ្វើ​ឡើងបន្ទាប់ពី​មាន​​​ពាក្យ​បណ្តឹង​ផ្លូវ​ការ​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ដែល​ជាដើម​បណ្តឹង​។

លោក ឈឹនចាំ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បន្ទាប់​ពីសាក​​សួរអ​ស់​​រយៈពេល​កន្លះ​ម៉ោង។

លោកមេភូមិរូប​នេះ​បាន​និយាយ​ថា តុលាការបានសាកសួរថា តើលោក ដ រំដួល បាន​ទន្ទ្រានយកដីព្រៃតំបន់​ការពារ និងតើគាត់ជាប្រជាពលរដ្ឋនៅភូមិតាបូកមែន​ឬយ៉ាងណា​។

លោក ឈឹនចាំ បាន​និយាយ​​ថា៖ «ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ថា តើ​គាត់​បាន​​ចូល​កាន់​កាប់​​​​ដី​រដ្ឋមែន​ឬ​យ៉ាងណា​​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ចូល​រួម​ល្បាត​ជាមួយ​គេទេ» ដោយ​លោក​សំដៅ​ដល់​ការ​វាស់វែង​ដី​ធ្លី ដែល​អ្នក​ភូមិធ្វើជា​រឿយៗ។​

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ក៏​បាន​ឆ្លើយ​ផងដែរ​ថា រំដួល​ គឺ​ជា​អ្នក​ស្រុក​ ​ដែល​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នោះ​រាប់​ឆ្នាំ​មក​ហើយ»។

បន្ទាប់ពីផ្តល់​ចម្លើយ​រួច លោក ឈឹនចាំ បានទទូច​ឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើជនជាតិដើមភាគតិចព្រៅ​ ដែលតាមប្រពៃណីពឹងផ្អែកលើការ​ដាំ​ដុះ​សម្រាប់អាហារ​ និងការ​ចិញ្ចឹមជីវិត ទោះបីជាតំបន់ខ្លះក្នុងឃុំត្រូវ​បានចាត់ទុក​ជាតំបន់ការពារក៏ដោយ។

លោក​បាន​និយាយ​​ថា៖ «សម្រាប់​ខ្ញុំ វា​អយុត្តិធម៌​ ព្រោះ​យើង​ជា​អ្នក​ស្រុក​ដែល​បាន​ការ​ពារ [ធនធាន​ធម្មជាតិ] និង​បាន​ដាំដុះ​លើ​ដី​ទាំង​នោះ​តាម​ទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​យើង»។  លោកបានបន្ថែមថា៖ «ទី​២ មិន​មាន​ការ​ប្រកាស​ច្បាស់​លាស់​អំពី​ព្រំ​ប្រទល់​នៃ​តំបន់​ការពារ​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​បានដឹង​​ទេ»។

មេ​ភូមិ​រូប​នេះ​បាន​និយាយ​ថា លោក​ចង់​ឲ្យ​មន្ត្រី​បរិស្ថាន​កំណត់​ព្រំប្រទល់​​ឲ្យ​បាន​ច្បា​ស់លាស់​សម្រាប់​តំបន់​ការពារ។ លោក​បាន​អះអាង​ថា ប្រសិន​បើមាន​ការ​យល់​ដឹង​ពេញលេញ​ និង​មាន​ការ​ឯកភាព​​​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​នឹង​គោរព​សិទ្ធិ​កាន់​កាប់​​​ដីធ្លីនោះ​។

លោក ពីង ប៉ុច ជាអ្នកភូមិតាបូក ដែលបច្ចុប្បន្នត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតក្រោមការត្រួត​ពិនិត្យតាម​ផ្លូវ​តុលាការ បានផ្តល់ចម្លើយ​នៅថ្ងៃទី១៨ ខែកញ្ញានេះ​ថា គ្រួសាររបស់លោក​បានដាំដុះលើ​ដីដែលមាន​ទំនាស់​នេះ ច្រើនជំនាន់មកហើយ ហើយថា វាមិនមែនជាតំបន់ការពារនោះទេ។

បន្ទាប់​ពី​ផ្តល់ចម្លើយ​រួច​ លោក ប៉ុច បានប្រាប់ខេមបូចាថា ចៅក្រមស៊ើបសួរបញ្ជាក់​ថា លោកនឹងណែនាំមេឃុំតាវែងលើ ធ្វើ​ការ​វាយតម្លៃឡើងវិញនូវខ្សែបន្ទាត់ព្រំប្រទល់​​នៃតំបន់ដែលមាន​ទំនាស់​នេះ​។

ដី​ចម្ការ​របស់ជនជាតិដើមភាគតិចព្រៅនៅ​ ភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ពូ​ សូរាជីនី)

បើ​តាមការលើក​ឡើង​របស់​​លោក ឈឹនចាំ ថា មាន​ការ​បារម្ភ​ពីហានីភ័យ​នៃការ​ទន្ទ្រានយក​ដី​តំបន់​ការពារ​រប​ស់​​រដ្ឋពី​សំណាក់​​ប្រជាពលរដ្ឋ​ប្រហែល១២០គ្រួសារ​នៅ​ភូមិ​តាបូក និង​ឃុំ​​តាវែងលើ​។ ទិន្នន័យ​នេះ ដែល​​ត្រូវ​បាន​លើ​ក​ឡើង​ ​​​អំ​​ឡុង​​បទសម្ភាស​​​ជាមួយខេមបូចាកាល​ពី​ខែ​សីហា ត្រូវ​បានប្រមូល​ដោយ​​អាជ្ញាធរ​មូលដ្ឋាន​និង​​ដាក់ជូន​​ទៅ​​មន្ទីរ​​បរិស្ថាន។

នៅឆ្នាំ២០២៣ រដ្ឋាភិបាលបានពង្រីកតំបន់ការពារយ៉ាងហោចណាស់១៥កន្លែង​ ដើម្បីបញ្ចូលច្រករបៀងជីវចម្រុះដែលនៅជាប់គ្នានោះ​ ដោយចាត់ថ្នាក់តំបន់ទាំងនោះជាតំបន់ការពារវិញ។ ការពង្រីកនេះ បាន​បញ្ចូលដីសម្បទានសម្រាប់ឧទ្យានជាតិវីរៈជ័យ ដែលបានកើនពី ៣៣២ ៥០០ ទៅ ៤០៥ ៧៦៦ហិកតា។

បើតាម​លោក ឈឹនចាំ ផ្ទៃដី​ប្រមាណ ៤ ០០០ ហិកតា​នៅ​​ភូមិ​តា​បូក ​ឥឡូវ​ត្រូវ​គេ​ជឿថា ​ជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។

លោក សំ​ប៉យ​ ចាន់​សុភា មន្ត្រី​​សម្រប​សម្រួល​គម្រោង​ នៃសម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​ចាត់​ថ្នាក់​ឡើង​វិញ​របស់​រដ្ឋាភិបាល​អាច​ប៉ះពាល់​​ដល់​ការ​ប្រកប​របរ​កសិកម្ម​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ។

លោកបាននិយាយថា៖ «នៅពេលពួកគាត់​ [អាជ្ញាធរ] បានប្រកាសពី​ព្រំប្រទល់​ [សម្រាប់តំបន់ការពារ] ដោយមិនពិគ្រោះជាមួយ [អ្នកភូមិ] សហគមន៍មិន​ដឹង​ព្រំប្រទល់​ដី​ទេ។ ដូច្នេះ​ នៅ​ពេល​សហគមន៍​ធ្វើ​ការដាំដំណាំ​វិលជុំ​​តាម​បែប​ប្រ​ពៃណី ពួក​គេ​ត្រូវ​បាន​រឹតត្បិត និង​ប្រឈម​ការ​ចាប់​ខ្លួន»។

លោក ចាន់សុភា បានបន្តថា៖ «ទីពីរ រដ្ឋាភិបាលមិនទាន់ផ្តល់បណ្ណកម្មសិទ្ធិដី​សមូហភាព ដែលជាកង្វល់ចម្បងមួយ» ដោយកត់សម្គាល់ថា ​កិច្ចខិតខំប្រឹង​ប្រែងតិចតួចរបស់​​រដ្ឋាភិបាលក្នុងការទទួលស្គាល់សិទ្ធិ​កាន់​កាប់​ដីធ្លីរបស់ជនជាតិ​ដើមភាគតិច បានបង្ហាញថា រដ្ឋាភិបាល​ផ្តល់​អាទិភាពលើ​ការការពារ​បរិស្ថាន និងផលប្រយោជន៍របស់​ដីរដ្ឋជាង​សិទ្ធិ​របស់​ពួកគាត់។

ក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកកាល​ពី​ខែសីហា អង្គការសិទ្ធិមនុស្ស មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរិះគន់រដ្ឋាភិបាលថា ខកខាន​មិន​បាន​សម្រេច​តាម​គោលដៅ​របស់ខ្លួន ក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីសមូហភាពឱ្យ​បាន​ចំនួន១០ដល់សហគមន៍ជនជាតិដើមជារៀងរាល់ឆ្នាំ​។

យោងតាម ​​CCHR មានតែសហគមន៍ជនជាតិដើមភាគតិចចំនួន៤៣ ប៉ុណ្ណោះ​ក្នុង​ចំណោម ៤៥៨ ទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពចាប់ពីឆ្នាំ២០១១ដល់ខែកក្កដា ឆ្នាំ២០២៤។

លោក ឌិន ខន្នី​ មន្ត្រីសម្របសម្រួល​អង្គការ​អាដហុក (ADHOC) ប្រចាំខេត្តរតនគិរី​ បាន​អំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអ្នកភូមិតាបូក និងសហគមន៍ផ្សេងទៀតពាក់ព័ន្ធ​ក្នុងជម្លោះដីធ្លី ដោយលោក​កត់សម្គាល់ថា ជនជាតិ​ដើមភាគតិចជាទូទៅពឹងលើអនុផលព្រៃឈើ និងការដាំដំណាំ​វិលជុំដែលមិនបង្កការគំរាមកំហែងចំពោះតំបន់​ការពារ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «វា​មាន​សារៈ​សំខាន់​ក្នុង​ការ​កំណត់​ឲ្យ​បាន​ច្បាស់​រវាង​ដី​សហគមន៍ និង​ដី​បរិស្ថាន» ដោយ​បាន​បន្ថែម​ថា ​គួរ​មាន​ការ​ចូល​រួម​ពី​សហគមន៍​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ធានា​បាន​នូវ​ការ​យល់​ដឹង​ច្បាស់​លាស់​អំពី​ដី​ជា​តំ​បន់​ការពារ។

លោក ឌិន ខន្នី​ បន្ត​ថា វា​ផ្តល់​ប្រយោជន៍​ដល់​ថ្នាក់​ក្រោម​ជាតិ ដូចជា​មន្ត្រី​បរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្តល់​ឱកាសសម្រាប់រក​ដំណោះ​ស្រាយ​​​ដោយ​​សន្តិវិធី។

លោក ថុង​ សុខុន អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បដិសេ​ធ្វើ​អត្ថាធិប្បាយ​។

អ្នក​​ភូមិ​តាបូកដែលនៅសេសសល់និង​ត្រូវបានចោទប្រកាន់ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​​ស្ថិតក្រោមការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការនោះ​ នឹងត្រូវចូល​បំភ្លឺ​នៅតុ​លាការខេត្តរតនគិរីជាបន្តបន្ទាប់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ratanakiri Court Commences Testimony for Case Involving Indigenous Land Cultivators

312 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម