ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត និងប្រភេទឈើកម្រ អាចជួយការពារបរិស្ថាន និងអភិរក្សព្រៃឈើនៅកម្ពុជា ដែលបញ្ហានេះត្រូវបានគេលើកមកនិយាយជារឿយៗផងដែរ។ ប៉ុន្តែប្រជាជនភាគច្រើនមិនបានផ្តោតលើការប្រើប្រាស់ផលិតផលគ្រឿងសង្ហារិមកែច្នៃ វត្ថុធាតុដើម ឬឈើសិប្បនិម្មិតនោះទេ ខណៈបញ្ហាទាំងនេះអាចបណ្តាលមកពីកង្វះនូវការលើកទឹកចិត្ត និងការយល់ដឹង។
នៅតាមបណ្តោយដងវិថីសុធារស ក្នុងរាជធានីភ្នំពេញ គេនឹងឃើញមានហាងជាច្រើនបានដាក់លក់គ្រឿងសង្ហារិមហូរហែ ដែលហាងទាំងនោះមានលក់គ្រឿងសង្ហារិមប្រណិត ក្នុងតម្លៃសមរម្យ និងគ្រឿងតុបតែងលម្អគេហដ្ឋានផ្សេងៗយ៉ាងសំបូរបែបទៀតផង។ រីឯទីតាំងមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញដដែល ក៏ឃើញមានអាជីវកម្មលក់ដូរ និងផលិតគ្រឿងតុបតែងគេហដ្ឋាន និងគ្រឿងសង្ហារិមផងដែរ។
ក្នុងចំណោមនោះ លោកឈន់ តារា អាយុ ៥៨ ឆ្នាំ ជាម្ចាស់ហាងលក់គ្រឿងសង្ហារិមធ្វើពីផ្តៅ និងតុបតែងគេហដ្ឋាន បានប្រកបអាជីវកម្មប្រមាណ ១០ ឆ្នាំមកហើយ។ លោក តារា មិនដាក់លក់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត ឬគ្រឿងសង្ហារិមឈើកម្រទេ ព្រោះលោកចង់ថែរក្សាព្រៃឈើ និងបរិស្ថាន។
ការធ្វើបែបនេះ ត្បិតលោកក៏ចង់លើកកម្ពស់សិប្បកម្មក្នុងស្រុក និងផ្តល់ឱកាសការងារដល់សហគមន៍ដែលចេះធ្វើគ្រឿងសង្ហារិមផងដែរ។
លោក តារា អះអាងថា អាជីវកម្មលក្ខណៈគ្រួសារបែបនេះ មិនទទួលបានផលចំណេញច្រើននោះទេ ប៉ុន្តែដោយសារតែចំណង់ចំណូលចិត្ត និងចង់ជំរុញឱ្យប្រជាជនកម្ពុជាងាកមកពិចារណាលើគ្រឿងសង្ហារិមកែច្នៃ ទើបលោកបន្តលក់ទាំងរបស់ក្នុងស្រុក និងនាំចូលពីបរទេស។
លោកបន្តថា៖ «និយាយទៅយើងចង់ទទួលបានការគាំទ្របន្ថែមទៀត ប៉ុន្តែប្រជាជនកម្ពុជាមិនសូវយកចិត្តទុកដាក់លើវាទេ ព្រោះភាគច្រើនចង់បានផលិតផលដែលនាំចូល និងទំនើបៗ»។ លោកបន្ថែមថាគ្រឿងសង្ហារិមរបស់ពួកគេធ្វើពីឈើធម្មតា។ លោកថា៖ «នេះជាឈើដែលគេបោះចោល ប៉ុន្តែយើងកែច្នៃវាឡើងវិញ។ វាមិនជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើទេ»។
ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចម្នាក់ លោកតារាចង់ឲ្យប្រជាជនគាំទ្រផលិតផលខ្មែរ ព្រោះវាផ្តល់ការងារដល់ប្រជាជនក្នុងស្រុក។
លោកថា៖ «មនុស្សគ្រប់រូបពឹងផ្អែកលើបរិស្ថានដើម្បីរស់។ ដូច្នេះនៅពេលដែលដើមឈើត្រូវបានកាប់ [ដើម្បីផលិតគ្រឿងសង្ហារិម] ខ្ញុំមិនចូលចិត្តវាទេ។ នោះហើយជាមូលហេតុដែលខ្ញុំលក់គ្រឿងសង្ហារិមធ្វើពីឈើកែច្នៃ។ យើងមិនគួរពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញ [ធនធានធម្មជាតិ] នោះទេ»។
អត្ថប្រយោជន៍មួយទៀតនៃការប្រើប្រាស់គ្រឿងសង្ហារិមឈើកែច្នៃ គឺដោយសារមានបញ្ហាប្រឈមរបស់សហគមន៍ដែលប្រមូលទិញអនុផលព្រៃឈើដូចជាផ្តៅជាដើម។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយពេលខ្លះតម្រូវឱ្យបង់ប្រាក់ដល់ក្រុមអនុរក្សព្រៃឈើ។
ជាលទ្ធផល ពួកគេមួយចំនួនបាត់បង់ការងារ និងគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមិនអាចផលិតរបស់របរពីវត្ថុធាតុដើមធម្មជាតិបានឡើយ។
លោកតារាលើកឡើងថា៖ «វាចម្លែកនៅស្រុកខ្មែរយើង ខ្ញុំមិនដឹងត្រូវនិយាយថាម៉េច។ អ្នកខ្លះគ្រាន់តែគ្នាកាប់ផ្តៅ ហើយត្រូវចាប់ខ្លួន [ដោយអាជ្ញាធរ] ខណៈអ្នកកាប់ឈើខុសច្បាប់បែរជាអត់អី។ វាគ្រាន់តែជាផ្តៅដែលពលរដ្ឋធម្មតាកាប់យកមកធ្វើតុ ទូ និងកន្ត្រក ប៉ុន្តែឥឡូវពួកគេត្រូវបង់ថ្លៃដឹកជញ្ជូនពី១០ម៉ឺនទៅ២០ម៉ឺនរៀល»។
កែច្នៃឡើងវិញ ប៉ុន្តែប្រើប្រាស់បានយូរ
អ្នកលក់គ្រឿងសង្ហារិមម្នាក់ទៀតឈ្មោះ អ៊ូ ចាន់សេរី បាននិយាយថា អ្នកស្រីបានលក់គ្រឿងសង្ហារិមដែលធ្វើពីឈើកែច្នៃ ឬឈើមិនប្រណិតផ្សេងទៀត ដោយសារតែអ្នកស្រីចង់លើកកម្ពស់ផ្តៅ និងគ្រឿងសង្ហារិមធ្វើពីឈើកែច្នៃដែលមានតម្លៃសមរម្យ ស្រស់ស្អាត និងងាយស្រួលរក។
អ្នកស្រីសង្កេតឃើញថា អតិថិជនទិញគ្រឿងសង្ហារិមដោយផ្អែកលើចំណង់ចំណូលចិត្តរបស់ពួកគេ ដែលពួកគេអាចទិញជាគ្រឿងសង្ហារិមទំនើប ឬគ្រឿងសង្ហារិមឈើកែច្នៃ។
អ្នកស្រីសេរីប្រាប់ថា៖ «គ្រឿងសង្ហារិមកែច្នៃមានតម្លៃថោកជាងបើធៀបនឹងគ្រឿងសង្ហារិមទំនើប។ សម្រាប់ខ្ញុំ ខ្ញុំចូលចិត្ត [គ្រឿងសង្ហារិមកែច្នៃ] នោះហើយជាមូលហេតុដែលខ្ញុំលក់វាក្នុងតម្លៃសមរម្យ ហើយវាក៏ជួយការពារបរិស្ថានរបស់យើងផងដែរ»។
អ្នកបរិស្ថាន លោក ថន ធន បានលើកឡើងពីផលប៉ះពាល់ផ្ទាល់ និងប្រយោលនៃគ្រឿងសង្ហារិមធ្វើពីឈើប្រណិត។ ការបំផ្លិចបំផ្លាញជម្រកសត្វ និងការកេងចំណេញលើដីការពារ ដែលជាធនធានដ៏សំខាន់សម្រាប់ជនជាតិដើមភាគតិច គឺជាផលប៉ះពាល់ផ្ទាល់។ ការកេងចំណេញនេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុរបស់ពួកគេ ដោយសារពួកគេពឹងផ្អែកលើធនធានធម្មជាតិដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកបាននិយាយថា៖ «ប្រជាជនពឹងផ្អែកលើដើមឈើដែលអាចចិញ្ចឹមពួកគេបានប្រហែល២០ឆ្នាំ។ ពេលគេកាប់បំផ្លាញ វាដូចជាបំផ្លាញជីវិតរបស់ពួកគេ»។
ចំណែកផលប៉ះពាល់ដោយប្រយោលពាក់ព័ន្ធនឹងការកាប់ដើមឈើប្រណិតវិញ លោកថា៖ «ការកាប់ឈើមិនមែនជាហេតុផលចម្បងសម្រាប់ការប្រែប្រួលអាកាសធាតុទេ ប៉ុន្តែវាជាហេតុផលមួយ។ នៅពេលដែលយើងបាត់បង់ព្រៃឈើ យើងក៏បាត់បង់អុកស៊ីហ្សែន ដែលប៉ះពាល់ដល់ស្រទាប់អូហ្សូន»។
លោក ធន និយាយថា៖«គ្រឿងសង្ហារិមធ្វើពីឈើកែច្នៃគឺប្រើប្រាស់បានយូរដូចគ្រឿងសង្ហារិមធ្វើពីឈើប្រណិតដែរ។ នៅសកលវិទ្យាល័យរបស់ខ្ញុំ កៅអី និងតុសម្រាប់គ្រូបង្រៀនត្រូវបានប្រើប្រាស់អស់រយៈពេលប្រហែល ១០ ឆ្នាំមកហើយ ដោយមិនមានការខូចខាតអ្វីទេ គឺគ្រាន់តែប្រែប្រួលតាមអាយុកាលធម្មជាតិរបស់វាប៉ុណ្ណោះ»។
បើប្រៀបធៀបតម្លៃ និងការអភិរក្សធនធានធម្មជាតិ គ្រឿងសង្ហារិមឈើកែច្នៃជាជម្រើសប្រសើរជាងគ្រឿងសង្ហារិមប្រណិត។ ការប្រើប្រាស់គ្រឿងសង្ហារិមប្រណិតទាមទារប្រាក់ច្រើន និងនាំឱ្យបាត់បង់ធនធានធម្មជាតិ។ គ្រឿងសង្ហារិមឈើកែច្នៃមានភាពងាយស្រួលក្នុងការថែរក្សា ចល័ត តម្លៃសមរម្យ និងអាចសម្រួលដល់ការរចនាផ្សេងៗ។
លោកបន្តថា៖ «ប្រព័ន្ធផ្សព្វផ្សាយគួរតែផ្សព្វផ្សាយព័ត៌មានបន្ថែមអំពីគុណវិបត្តិនៃគ្រឿងសង្ហារិមធ្វើពីឈើប្រណិត។ បើមិនដូច្នោះទេ ចំណង់ចំណូលចិត្តលើឈើប្រណីតនឹងនៅបន្ត»។
ទីណាមានតម្រូវការ ទីនោះមានការផ្គត់ផ្គង់
អ្នកស្រី គង់ សុភាព អាយុ ៤៧ ឆ្នាំ និយាយថា អ្នកស្រីចូលចិត្តគ្រឿងសង្ហារិមទំនើបៗដែលផលិតពីឈើកែច្នៃ ព្រោះវាមានតម្លៃថោក និងទាន់សម័យជាងគ្រឿងសង្ហារិមប្រណិត។
អ្នកស្រីយល់ឃើញថា គ្រឿងសង្ហារិមឈើកែច្នៃមានគុណភាពល្អ និងប្រើប្រាស់បានយូរជាមួយនឹងការថែទាំត្រឹមត្រូវ ហើយគ្រឿងសង្ហារិមឈើកែច្នៃនេះ អាចប្រៀបធៀបទៅនឹងគ្រឿងសង្ហារិមប្រណីតបាន។
អ្នកស្រីសុភាពអះអាងថា៖ «ខ្ញុំចូលចិត្តគ្រឿងសង្ហារិមទំនើបព្រោះវាការពារបរិស្ថាន។ ដោយប្រើឈើកែច្នៃ យើងជៀសវាងការកាប់បំផ្លាញដើមឈើធំៗ ហើយអាចរក្សាវា។ ដើមឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារយើងពីគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង»។
ចំណែកអ្នកស្រីសម្បត្តិ អាយុ ៤៣ ឆ្នាំ ដែលរស់នៅទីក្រុងភ្នំពេញ បានចែករំលែកថា អ្នកស្រីចូលចិត្តគ្រឿងសង្ហារិមធ្វើពីឈើប្រណិត ដែលជាសម្ភារៈប្រើប្រាស់សម្រាប់គ្រឿងសង្ហារិមតាំងពីបុរាណកាលមក។ ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះអ្នកស្រីបានកត់សម្គាល់ឃើញបច្ទុប្បន្នមនុស្ស នាំគ្នាប្រើសាឡុងដែលធ្វើពីពូក។
អ្នកស្រីសម្បត្តិបន្តថា៖ «គ្រឿងសង្ហារិមប្រណិតគឺប្រើប្រាស់បានយូរ មានក្បាច់រចនាសំបូរបែប ហើយតែងតែមើលទៅថ្លៃថ្នូរ។ វាមានគុណភាពខ្ពស់ ដែលជួយលើកកម្ពស់សោភណភាពផ្ទះ»។
ខណៈបង្ហាញពី«បំណង»ក្នុងការទិញគ្រឿងសង្ហារិមប្រណិតនោះ អ្នកស្រីសម្បត្តិនិយាយថា៖ «ខ្ញុំស្រឡាញ់វាហើយចង់ទិញវា។ ខ្ញុំមិនដឹងថា រដ្ឋាភិបាលមានការរឹតបន្តឹងលើការប្រើប្រាស់ឈើប្រណិតនោះទេ។ ដរាបណាអ្នកលក់បន្តលក់ ហើយអ្នកទិញបន្តទិញ នោះផលិតផលនៅតែមានអ្នកស្រលាញ់ និងទិញ»។
នៅពេលសួរថាតើអ្នកស្រីនឹងបន្តទិញគ្រឿងសង្ហារិមធ្វើពីឈើប្រណិតដែរទេ ប្រសិនបើវាប៉ះពាល់ដល់បរិស្ថាននោះ? អ្នកស្រីសម្បត្តិបាននិយាយថាអ្នកស្រីនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកស្រីប្រសិនបើមានករណីនោះកើតឡើង។
អ្នកស្រីបន្ថែមថា៖ «ប្រសិនបើការប្រើគ្រឿងសង្ហារិមដែលធ្វើពីឈើប្រណិតប៉ះពាល់ដល់សង្គម ខ្ញុំអាចឈប់ទិញនិងបញ្ឈប់ការចង់បាននេះ»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ ខេមបូចា ថា ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដើម្បីការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារ។
ទិសដៅ និងអាទិភាពសម្រាប់ធានានិរន្តរភាពបរិស្ថាន និងបូរណភាពបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ដែលត្រូវបានដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលកម្ពុជាមានគោលបំណងក្លាយជា «ប្រទេសអព្យាក្រឹតកាបូន ដោយមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ ២០៥០»។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តប្រជាជនកម្ពុជា កាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមដែលធ្វើពីឈើព្រៃពិតប្រាកដ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ រក្សាបរិស្ថាន និងរស់នៅប្រកបដោយនិរន្តរភាព»។
លោកអាទិត្យា បានបញ្ជាក់ឡើងវិញនូវការអំពាវនាវរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង
បរិស្ថាន ទៅកាន់ប្រជាពលរដ្ឋថា ឱ្យរួមគ្នាការពារ និងថែរក្សាតំបន់ការពារជីវចម្រុះ ឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបាននូវគុណភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីដែលមានសុវត្ថិភាព ខណៈការរស់នៅប្រកបដោយសុខដុមរមនាក្នុងក្របខ័ណ្ឌជាតិ និងពិភពលោក។
ច្បាប់មូលដ្ឋានច្បាស់លាស់
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ ខេមបូចា ថា គ្រប់គ្នា ត្រូវតែរួមគ្នាកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិតដែលជិតផុតពូជ។
ការការពារ និងការអភិរក្សឈើប្រណិតបានរួមចំណែកដល់ការការពារហ្សែនដែលធ្លាក់ចុះនៅក្នុងព្រៃធម្មជាតិ។
លោកហ្វីណង់មានប្រសាសន៍ថា៖ «ក្រសួងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យប្រើប្រាស់វត្ថុធាតុដើមពីចំការក្នុងស្រុក ឈើកែច្នៃ ឈើមានប្រភពស្របច្បាប់ និងផលិតផលឈើដែលមានការបញ្ជាក់ ដែលមិនប៉ះពាល់ដល់បរិស្ថាន»។
ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត ក្រសួងកសិកម្មបានធ្វើការវាស់វែង និងអនុវត្តគោលនយោបាយ ដូចជាការនាំចេញឈើប្រណិតដោយមានការប្រកាសពន្ធ ហើយមន្ត្រីជំនាញត្រូវពិនិត្យថាតើវាជាប្រភេទអនុផលព្រៃឈើ ឬយ៉ាងណាមុននឹងនាំចេញ។
លោកថា៖ «ក្រសួងលើកទឹកចិត្តឱ្យប្រើប្រាស់សម្ភារៈជំនួសក្រៅពីឈើធម្មជាតិ ដូចជាបន្ទះឈើ កាកសំណល់ឫស្សី ឬសម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថានផ្សេងទៀត។ វាក៏បង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ [នៃសម្ភារៈទាំងនេះ] ផងដែរ»។
លោក ចិត្រា អ្នកលក់គ្រឿងសង្ហារិមធ្វើពីឈើប្រណិតក្នុងរាជធានីភ្នំពេញ បានប្រាប់ ខេមបូចា ថា លោកលក់គ្រឿងសង្ហារិមធ្វើពីឈើប្រណិតដូចជា សុក្រម ធ្នង់ បេង និងនាងនួន នៅដេប៉ូរបស់
លោក។
លោកអះអាងថា៖ «គ្រឿងសង្ហារិមធ្វើពីឈើបេង និងឈើនាងនួន ដែលមានគុណភាពល្អ។ យើងធ្វើតុ ទូ និងគ្រែ។ វាប្រើបានយូរ»។
លោកបានបន្ថែមថា គ្រឿងសង្ហារិមឈើប្រណិតត្រូវបានធ្វើឡើងតាមការបញ្ជាទិញ មិនថាអតិថិជនចង់បានឈើក្រាស់ ឬស្តើងនោះទេ។ឈើប្រណិតគឺមកពីខេត្តព្រះវិហារ ចំណែកឈើបេងត្រូវបាននាំចូល។ ជាឧទាហរណ៍នោះឈើបេងគឺនាំចូលពីទ្វីបអាហ្រ្វិក ឆ្លងកាត់វៀតណាមមកកម្ពុជា។
លោកចិត្រា និយាយថា ការលក់គ្រឿងសង្ហារិមឈើប្រណិតកំពុងធ្លាក់ចុះច្រើន។ បច្ចុប្បន្ននេះមិនមានទីផ្សារច្រើនទេ ដោយសារតែអតិថិជនបានងាកទៅរកគ្រឿងសង្ហារិមធ្វើពីឈើកែច្នៃដែលមានតម្លៃសមរម្យ និង «កាន់តែទាន់សម័យ»។
អតិថិជនប្រើប្រាស់ MFC (ក្តារបន្ទះមេឡាមីន ) ឬឈើកែច្នៃច្រើនសព្វថ្ងៃនេះ។ លោកនិយាយថា៖ «យើងមិនលក់គ្រឿងសង្ហារិមឈើប្រភេទនេះច្រើនទេ ព្រោះអតិថិជននិយាយថាមានម៉ូដថ្មីៗជាច្រើន ហើយឈើកែច្នៃមានតម្លៃថោកជាង»។
លោក ហឿន សុភាព តំណាងបណ្តាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ មានប្រសាសន៍ថា ដើមឈើនីមួយៗមានសារៈសំខាន់ដូចគ្នា ហើយអាយុជីវិតរបស់ដើមឈើមិនថាប្រណិតឬធម្មតាទេ គឺមានប្រយោជន៍ដូចគ្នា។ ការកាប់បំផ្លាញឈើសម្រាប់ធ្វើជាគ្រឿងសង្ហារិម គឺជាទង្វើនៃការបំផ្លាញបរិស្ថាន ហើយជាពិសេសអាចឈានទៅដល់ការផុតពូជនៃប្រភេទឈើទាំងអស់នោះ។
លោកបន្តថា៖ «ត្រង់ចំណុចនេះ ខ្ញុំយល់ថាច្បាប់មូលដ្ឋានរបស់យើងច្បាស់លាស់ ហើយមិនមានការបែងចែករវាងបុគ្គលដែលប្រើប្រាស់ឈើប្រណិត ឬឈើផ្សេងទៀត ជាពិសេសធនធានធម្មជាតិដោយមិន[អនុវត្តតាម]ច្បាប់។ នោះ គឺមិនមែន»។
កាប់ឈើ ដើម្បីធ្វើសិប្បកម្ម
នៅឆ្នាំ ២០២១ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រសួង
បរិស្ថានបានចាប់ផ្តើមយុទ្ធនាការរួមគ្នាមួយដើម្បីផ្លាស់ប្តូរផ្នត់គំនិតសង្គម ពីការកាត់បន្ថយតម្រូវការគ្រឿងសង្ហារិមឈើប្រណិតនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់ប្រភេទដើមឈើដ៏មានតម្លៃនៅក្នុងតំបន់ព្រៃត្រូពិចរបស់កម្ពុជា។
ក្នុងអំឡុងពេលនៃការអនុវត្តគម្រោងនេះ មានយុទ្ធនាការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលផលិតដោយក្រសួង និងអង្គការដៃគូ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត។ គម្រោងអនាគតបៃតងកម្ពុជា USAID ក៏បានធ្វើការស្ទង់មតិសាធារណៈ ដើម្បីកាត់បន្ថយតម្រូវការគ្រឿងសង្ហារិមធ្វើពីឈើប្រណីតផងដែរ។
នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ ទីភ្នាក់ងារ USAID បានប្រារព្ធពិធីបិទគម្រោងអនាគតបៃតងកម្ពុជា ដែលជាគម្រោងរយៈពេល៥ឆ្នាំ ក្រោមកិច្ចសហការជាមួយយុវជន ក្នុងការលើកកម្ពស់ការប្រត្តិបត្តិប្រកបដោយចីរភាពនៅកម្ពុជា។ គោលបំណងគឺដើម្បីកាត់បន្ថយតម្រូវការគ្រឿងសង្ហារិមធ្វើពីឈើប្រណិត កាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងបញ្ឈប់ការទុកដាក់សំរាមមិនត្រឹមត្រូវ។
យោងតាមគោលការណ៍ណែនាំសម្រាប់ការបង្កើត និងចុះបញ្ជីព្រៃឈើឯកជននៅកម្ពុជា រដ្ឋាភិបាលបានកំណត់ក្នុងក្របខ័ណ្ឌនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានគម្របព្រៃឈើ ៥០ភាគរយ នៅឆ្នាំ២០៣០ ក្នុងការពារ ស្តារ និងលើកកម្ពស់ការប្រើប្រាស់របស់វា។
គម្រោងក៏ស្វែងរកការបង្កើតប្រព័ន្ធ និងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ប្រយុទ្ធប្រឆាំងនឹងការរេចរឹល និងសំណឹក លើកកម្ពស់គុណភាពដី និងអភិរក្សធនធានជីវៈចម្រុះ ដូចជាឈើកម្រ និងមានតម្លៃផ្នែកពាណិជ្ជកម្ម។
ជាមួយគ្នានេះ កម្មវិធីព្រៃឈើថ្នាក់ជាតិ ២០១០-២០២៩ បានកំណត់អាទិភាពលើការដាំដើមឈើ
ពហុគោលបំណង ដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ ជាពិសេសកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើ។
គម្របព្រៃឈើជាង ៣៥ ០០០ ហិកតាបានបាត់បង់នៅឆ្នាំ ២០២២ ទោះបីជាទាបជាងកាលពី ២ ឆ្នាំមុនក៏ដោយ ដែលឆ្នាំនីមួយៗមានលើសពី ៤០,០០០ ហិកតា។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេទាំង៤នោះមាន ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃបឹងពែរ។
យោងតាមអង្គការឃ្លាំមើលព្រៃឈើពិភពលោក(Global Forest Watch) ក្នុងឆ្នាំ ២០២៣ កម្ពុជាបាត់បង់ព្រៃឈើចំនួន ១២១,០០០ ហិកតា។ ទំហំនៃការបាត់បង់គឺស្មើនឹងតំបន់នៃទីក្រុង Los Angeles ក្នុងសហរដ្ឋអាមេរិក។
គោលនយោបាយវិជ្ជមាន អាចលើកទឹកចិត្តដល់ការដាំដើមឈើ
លោក ហេង គីមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) មានប្រសាសន៍ថា ការកាប់ឈើប្រណិតក្នុងព្រៃការពារ និងការជួញដូរនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាទង្វើខុសច្បាប់ ដោយសារកង្វះខាតនៃការយកចិត្តទុកដាក់។ ប្រជាជនគួរតែគិតគូរពីសារៈសំខាន់នៃការការពារ និងការអភិរក្សនៃការគ្រប់គ្រងបរិស្ថាន និងធនធាន។
លោកបន្តថា៖ «ខ្ញុំជឿថាម្ចាស់ដីគួរពិចារណាបង្កើតចម្ការឈើប្រណិតដើម្បីផ្គត់ផ្គង់ទីផ្សារ ជាជាងកាប់ឈើក្នុងតំបន់ការពារដែលជាការធ្វើដោយខុសច្បាប់»។
រដ្ឋាភិបាលគួរតែទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើប្រកបដោយប្រសិទ្ធភាព និងពិនិត្យមើលឈ្មួញជួញដូរឈើ ឬអ្នកនាំចេញថាតើពួកគេកែច្នៃឈើ ឬបំផ្លាញព្រៃឈើធម្មជាតិ។
លោកថា គួរមានការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ការដាំកូនឈើឡើងវិញ ជាពិសេសអ្នកដែលមានដីទំនេរ។ ពួកគេអាចចាប់ផ្តើមធ្វើចំការដើម្បីផ្គត់ផ្គង់សម្ភារៈសម្រាប់ធ្វើគ្រឿងសង្ហារិមកែច្នៃឡើងវិញ។
លោកបន្ថែមថា៖ «យើងគួរតែពិចារណាលើគោលនយោបាយ ការបន្ធូរបន្ថយពន្ធ ការធ្វើទីផ្សារ និងការលើកទឹកចិត្តតាមរយៈការផ្តល់មូលនិធិក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំដំបូងនៃប្រតិបត្តិការ និងការគាំទ្រផ្សេងទៀតសម្រាប់នីតិវិធីងាយស្រួលដាំ» ។
លើសពីនេះ ការបង្កើតចម្ការជួយដាំដុះឈើ ជាពិសេសឈើសម្រាប់កែច្នៃ សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ វាមិនត្រឹមតែការពារការបាត់បង់ព្រៃឈើធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការលូតលាស់នៃគម្របព្រៃឈើ និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឈើដែលដាំតាមចម្ការ គឺជាធម្មតាស្តើង ងាយស្រួលប្រើ និងអាចកែច្នៃបាន ដែលឈើទាំងនេះអាចក្លាយជាធនធាននិរន្តរភាព៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Reduce Use of Luxury Wood Furniture To Save The Forest and Livelihoods