សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អនុប្រធានបក្សភ្លើងទៀន លោក រ៉ុង ឈុន ត្រូវបាន គ.ជ.ប បដិសេធ​ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

លោក រ៉ុង ឈុន ចូលរួមដង្ហែក្បួនជាមួយសមាជិក CITA និងសកម្មជនស្ត្រីថ្ងៃសុក្រ ចម្ងាយ ២១០គីឡូម៉ែត្រពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដើម្បីអំពាវនាវឱ្យមានការដោះលែងអ្នកនយោបាយ និងសកម្មជនផ្សេងទៀតចេញពីពន្ធនាគារ។ រូបថតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង
លោក រ៉ុង ឈុន ចូលរួមដង្ហែក្បួនជាមួយសមាជិក CITA និងសកម្មជនស្ត្រីថ្ងៃសុក្រ ចម្ងាយ ២១០គីឡូម៉ែត្រពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដើម្បីអំពាវនាវឱ្យមានការដោះលែងអ្នកនយោបាយ និងសកម្មជនផ្សេងទៀតចេញពីពន្ធនាគារ។ រូបថតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ត្រូវបានគណៈកម្មាធិការរៀបចំការ​បោះឆ្នោត​​ជាតិប​ដិសេធឈរឈ្មោះ​ជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រោះលោកមិនទាន់មាននីតិសម្បទា​គ្រប់គ្រាន់​នៅឡើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានមានប្រសាសន៍ថា លោក រ៉ុង ឈុន ជាបេក្ខជន​តំណាងរាស្ត្រ​របស់គណបក្សភ្លើងទៀនឈរឈ្មោះលេខរៀងទី១​ មិនមានសិទ្ធិឈរឈ្មោះ​ជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ ព្រោះគាត់មិនមាននីតិសម្បទា​គ្រប់គ្រាន់នៅឡើយ។

លោក ពុទ្ធា ថ្លែងថា៖ «ករណីលោក រ៉ុង ឈុន ហ្នឹង គឺគាត់អត់ទាន់មាននីតិសម្បទាឡើងវិញទេ អ៊ីចឹងគាត់មិនអាចឈរឈ្មោះជាបេក្ខជនបានទេ»។ លោកបន្តថា៖ «នេះជាសេចក្តីបញ្ជាក់​របស់ស្ថាប័ន​ពាក់ព័ន្ធដែលគាត់បញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានតុលាការផ្តន្ទាទោស​ពីបទ​មជ្ឈិម ហើយដែលមិនទាន់មាន​នីតិសម្បទា​ឡើងវិញ»

ដោយឡែក លោក រ៉ុង ឈុន បានលើកឡើងថា គជប បានផ្ញើលិខិតទៅកាន់​គណបក្ស​ភ្លើងទៀន ឱ្យធ្វើការផ្លាស់ប្តូររូបគាត់ ដោយ គជប បញ្ជាក់ថា​ គាត់មិនទាន់មាននីតិសម្បទា​គ្រប់គ្រាន់។ គាត់គ្រាន់ឃើញលិខិត គជប ប៉ុន្តែមិនទាន់ឃើញលិខិតពីក្រសួងយុត្តិធម៌នៅ​ឡើយទ។

លោក រ៉ុង ឈុន បញ្ជាក់ថា៖ «ខ្ញុំគិតថា រឿងខ្ញុំជារឿងនយោបាយច្រើនជាងថានីតិសម្បទា​មិន​គ្រប់គ្រាន់»។ លោកបន្តថា៖ «ចំពោះខ្ញុំ និយាយអំពីទណ្ឌិត រឺមួយមិនទាន់ទទួលបាន​នីតិសម្បទា ពេលនោះនឹងពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ ប៉ុន្តែខ្ញុំមានឈ្មោះក្នុង​បញ្ជីបោះ​ឆ្នោត ហើយមានសិទ្ធិបោះឆ្នោត កាលពីខែ៦ ឆ្នាំ២០២២ បោះឆ្នោតឃុំសង្កាត់»

លោកបន្ថែមថា៖ «ចំណុចមួយទៀត បើសិនជាគាត់មិនមាននីតិសម្បទាគ្រប់គ្រាន់ ប្រហែល​ក្រសួង​មហាផ្ទៃ មិនទទួលស្គាល់ខ្ញុំជាអនុប្រធានគណបក្សភ្លើងទៀនទេ តែហេតុអី ក្រសួងមហាផ្ទៃ បន្ទាប់សមាជថ្ងៃទី១១ ខែកុម្ភៈ នៅក្រុងសៀមរាប ខេត្តសៀមរាប ដល់ធ្វើ​របាយការណ៍​កំណត់ហេតុជូនក្រសួងមហាផ្ទៃអំពីបញ្ហាបន្ថែមក្បាលម៉ាស៊ីនដឹកនាំក្តី បន្ទាប់មក​ក្រសួងមហាផ្ទៃចេញលិខិតទទួលស្គាល់ខ្ញុំ រ៉ុង ឈុន ជាអនុប្រធានគណបក្សភ្លើងទៀន»

438 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម