សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពីបទរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ

មន្ត្រីបរិស្ថានខេត្តសៀមរាបបានចុះទៅទីតាំងដីដែលពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលនាពេលកន្លងទៅនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។ (រូបភាពផ្ដល់ឱ្យ)
មន្ត្រីបរិស្ថានខេត្តសៀមរាបបានចុះទៅទីតាំងដីដែលពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលនាពេលកន្លងទៅនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។ (រូបភាពផ្ដល់ឱ្យ)

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនពលរដ្ឋម្នាក់បណ្ដោះអាសន្ននៅថ្ងៃទី៦ ខែកក្កដា ក្រោយពីក្រុមទាហានភាគភូមិ៤ និងមន្ត្រីបរិស្ថានបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា រុករាន កាប់ឆ្ការ ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិឃុំកន្ទួត ស្រុកស្វាយលើ ខណៈសង្គមស៊ីវិល និងក្រុមគ្រួសារថា​ ការប្រើប្រព័ន្ធតុលាការមិនអាចដោះស្រាយវិវាទដីធ្លីបាននោះទេ។

បើតាមលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាប បានប្រាប់ ខេមបូចា ថា ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ន។ តែយ៉ាងណាលោកថា សម្រេចយ៉ាងណាលោកនឹងប្រាប់ពេលក្រោយ។

លោកថ្លែងថា៖«ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ន»

ខេមបូចា មិនអាចសុំការបំភ្លឺពីលោក សឿ តូ មន្រ្ដីបរិស្ថានខេត្ដសៀមរាប បានទេ ដោយ​ទូរសព្ទ​ចូលច្រើនដង ប៉ុន្ដែគ្មានអ្នកលើក។

តែយ៉ាងណាបើតាមលោក អៀម សំអូន  នាយសេនាធិការរងយោធភូមិភាគ៤ បានបញ្ជាក់ប្រាប់ ខេមបូចា នាព្រឹកថ្ងៃទី៨ ខែកក្កដានេះ ថា ការចាប់ខ្លួនលោក ញ៉ែម ផល្លា ពិតជាមានការចូលរួមពីក្រុមទាហានលោក​មែន ដោយលោកថា ​ការចុះអនុវត្ដលើពលរដ្ឋដែលអាស្រ័យផលលើដីរដ្ឋ គឺក្រុមចម្រុះ។ លោកបន្ដ​ថា ដើមបណ្ដឹងមិនមែនខាងក្រុមទាហានលោកនោះទេ គឺខាងបរិស្ថាន ដោយលោកមិនបានពាក់ព័ន្ធនឹងបណ្ដឹងនោះទេ។

មន្រ្ដីរូបនេះបញ្ជាក់ថា៖ «បាទបង!​ ពេលចុះចាប់ខ្លួន គឺពួកខ្ញុំកម្លាំងចម្រុះចុះទៅ តែពួកខ្ញុំមិនមែនដើមបណ្ដឹងទេ គឺខាងបរិស្ថាន ទាល់តែបងទៅខាងគាត់[បរិស្ថាន]បង។ និយាយរួមឥឡូវគឺថ្នាក់លើដាក់បញ្ជាឱ្យសហការគ្នាដើម្បីទប់ស្កាត់ពលរដ្ឋដែលលួចទន្ទ្រានដីរដ្ឋបង»

លោក ញ៉ែម ផល្លា អាយុ ៥០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានកម្លាំងបរិស្ថានចាប់ខ្លួននៅវេលាម៉ោង ១០:១៣ នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលដែលគាត់កំពុងបាញ់ថ្នាំស្មៅលើដីស្រែរបស់គាត់នៅចំណុចត្រពាំងត្រីដៀប ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។

ការចាប់ខ្លួននេះ ដោយមន្ត្រីបរិស្ថានរួមជាមួយទាហានជាមួយទាហានមកពីកងវរៈសេនាតូចលេខ ១ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តសៀមរាប ចំនួន១៦នាក់បាននាំខ្លួនគាត់ទៅកាន់កន្លែងទីស្នាក់ការដែនជម្រក​សត្វព្រៃគូលែនព្រហ្មទេព ខេត្តសៀមរាប ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ទីតាំងដីស្រែរបស់គាត់ ស្ថិតក្នុងតំបន់សហគមន៍ការពារធម្មជាតិ ជប់សោម ដែលត្រូវបានរៀបចំបង្កើតឡើងក្នុងឆ្នាំ ២០១៦។

បើតាមអ្នកស្រី ញ៉ែម ផល្លី អាយុ៤៧ឆ្នាំ ត្រូវជាប្អូនជនជាប់ចោទ បាននិយាយថា លោក ញ៉ែម ផល្លាមិនមានគ្រួសារឡើយដោយរស់ម្នាក់ឯងក្រោយពីបែកបាក់គ្នា។ អ្នកស្រីបន្ថែមថា ខ្លួនមិនអស់ចិត្ដនឹងការចាប់ខ្លួនលោក ញ៉ែម ផល្លា ដោយគ្រាន់តែបានបាញ់ថ្នាំលើចំការដែលអាស្រ័យផលរាប់ឆ្នាំមកហើយ។​ អ្នកស្រីថា ការចាប់ខ្លួននេះវាអយុត្ដិធម៌ណាស់សម្រាប់បងប្រុសខ្លួន។ យ៉ាងណាអ្នកស្រីស្នើឱ្យតុលាការដោះលែងបងប្រុសខ្លួនឱ្យមានសេរីភាពវិញដោយថា ការចោទប្រកាន់គ្មានមូលហេតុច្បាស់លាស់។

អ្នកស្រីបន្ថែមថា៖‍«គាត់មានតែម្នាក់ឯងទេ គ្មានគ្រួសារទេបង។ ខ្ញុំវាមិនយល់ គ្រាន់តែបងខ្ញុំបាញ់ថ្នាំស្មៅនៅចម្ការសោះបែរជាចាប់គាត់ដាក់គុកវិញ ខ្ញុំមិនចេះច្បាប់ទេបង។ ខ្ញុំសុំឱ្យតុលាការ អាជ្ញាធរដោះលែងបងខ្ញុំមកវិញមក»

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ដសៀមរាប បានថ្លែងថា មុននឹងមានការចាប់ខ្លួននេះ កន្លងមក​រដ្ឋបាល​ខេត្ដបានចុះណែនាំ និងពន្យល់ជាច្រើនដងមកហើយ ប៉ុន្ដែពលរដ្ឋមិនព្រមស្ដាប់ រហូតឈានដល់ប្រើផ្លូវច្បាប់បែបនេះ។

នាយករដ្ឋបាលរូបនេះបន្ដថា៖ «អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធបានណែនាំច្រើនដងហើយ ប៉ុន្ដែជននេះនៅតែប្រព្រឹត្ដ នៅតែផ្គើននឹងការណែនាំរបស់អាជ្ញាធរ ទើបឈានដល់ចាត់វិធានការទៅតាមផ្លូវច្បាប់»

បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបានសហការជាមួយកងកម្លាំងថ្នាក់ខេត្ដ ស្រុក ដើម្បីទប់ស្កាត់ការលួចកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងចាត់វិធានការតាមច្បាប់ក្នុងករណីរកឃើញបទល្មើស។

លោកថ្លែងថា៖ «យើងអនុវត្ដច្បាប់១០០ភាគរយលើជនណាកាប់ទន្ទា្រនដីព្រៃ កាប់ឈើជាដើម»

មន្ត្រីទាហានបានចុះទៅទីតាំងដីដែលពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលនាពេលកន្លងទៅនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាលើ ខេត្ដសៀមរាប។ (រូបភាពផ្តល់ឱ្យ)

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្រ្ដីបានចេញ សជណ មួយទៅកាន់រដ្ឋបាលខេត្ដចំនួន២ គឺខេត្ដសៀមរាប និងខេត្ដបន្ទាយមានជ័យ ដោយបញ្ជាក់ថា រដ្ឋាភិបាលបានឯកភាពជាគោលការណ៍កាត់ឆ្វៀលដីទំហំ ៧ ២០៥ហិកតាដែលស្ថិតនៅក្នុងភូមិសាស្រ្ដខេត្ដសៀមរាបចំនួន ១ ០៨៩​​ហិកតា និងខេត្ដបន្ទាយមានជ័យ ៦ ១១៦ហិកតាចេញពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដើម្បីរៀបចំទីតាំងយុទ្ធសាស្រ្ដយោធភូមិភាគទី៤។

ក្នុងលិខិតដដែលបន្ដថា ត្រូវសិក្សា និងដោះស្រាយបញ្ចប់ផលប៉ះពាល់ដែលកើតមានជាយថាហេតុនៅទីតាំងដែលស្នើសុំ និងបែកចែកជូនកងទ័ព និងគ្រួសារទ័ព។ ប៉ុន្ដែដីដែលស្ថិតនៅសហគមន៍តំបន់ការពារធម្មជាតិជប់សោម ត្រូវរក្សាទុកដើម្បីថែរក្សាអភិរក្ស។

ស្រដៀងគ្នានេះដែរលោក សាន ពិសិដ្ឋ ពលរដ្ឋម្នាក់ដែលកំពុង​មានជម្លោះដីធ្លី បានហៅការចាប់ខ្លួនលោក ផល្លា ជារឿងអយុត្ដិធម៌ដែលលោកទាមទារឱ្យដោះលែង ដោយសំអាងថា លោក ផល្លាមិនបានប្រព្រឹត្ដដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកបញ្ជាក់ថា ពលរដ្ឋចំនួន២៥០គ្រួសារបានកាន់កាប់អាស្រ័យ​ផល​តាំងពីឆ្នាំ២០០០ មុននឹងមានអនុក្រឹត្យពីអតីតនាយករដ្ឋមន្រ្ដីចេញកាលពីឆ្នាំ២០១៦។

លោកនិយាយថា៖«ខ្ញុំមើលឃើញវាអយុត្ដិធម៌បង ញ៉ែម ផល្លា បង។ គាត់អត់បានប្រព្រឹត្ដបទល្មើសដូចការចោទទេ ចោទគាត់ថាកាប់ដើមឈើគឺអត់ទេ គាត់ទៅបាញ់ថ្នាំស្មៅទេ។ ខ្ញុំសុំឱ្យដោះលែងគាត់វិញ ព្រោះគាត់អត់បានខុសទេបង»

កន្លងមកប្រជាពលរដ្ឋចំនួន២៥0គ្រួសារនៅស្រុកស្វាយលើបានស្នើជាថ្មីទៀតដោយទាមទារឱ្យរដ្ឋបាលខេត្តសៀ​​មរា​ប​​ជួយចេញប្លង់កម្មសិទ្ធិឱ្យបានឆាប់ ដើម្បីអាចឱ្យពួកគេមានចិត្តស្ងប់ និងយកប្លង់នេះទៅប្រើប្រាស់តាមតម្រូវជាក់ស្តែង ខណៈបញ្ហាដីដែលពលរដ្ឋកំពុងស្នើសុំប្លង់កម្មសិទ្ធិក្នុងទំហំជាង២ពាន់ហិកតានេះ កំពុងប្រ​​​​ឈមមុខគ្នា​ជាមួយយោ​ធាភូមិភាគ៤។ ទីតាំងដី​ដែលកំពុងមានភាពប្រទាញប្រទង់គ្នារវាងពលរដ្ឋ និងយោធាភូមិភាគ៤នេះ ស្ថិតនៅក្នុង​ភូមិសា​ស្រ្ត​​​​ភូ​មិភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប​។  

លោក អ៊ិ​ន គង់ជិត អ្នកគ្រប់គ្រងប្រចាំតំបន់​នៃ​អង្គការ ​​លីកាដូ ​ដែលមានការិយាល័យនៅខេត្តបន្ទាយមានជ័យ  បានលើកឡើងថា ពលរដ្ឋដែលកំពុងមានជម្លោះបានរស់នៅនឹងកាន់កាប់តាំងពី២០០០មកម្ល៉េះ ដោយមានឯកសារបញ្ជាក់ពី​អាជ្ញាធរ​បានទទួលស្គាល់។ លោកថា ការចាប់ខ្លួនពលរដ្ឋដោយប្រើប្រព័ន្ធតុលាការដូច្នេះមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់វិវាទនេះបានទេ។ លោកជំរុញឱ្យភាគីពាក់ព័ន្ធគួរតែកាត់ដីទាំងនោះឱ្យពលរដ្ឋអាចរស់នៅ ឬធ្វើសម្បទានសង្គមកិច្ចឱ្យពលរដ្ឋវាជារឿងចាំបាច់ ជាពិសេសចុះស៊ើបអង្កេតឱ្យបានច្បាស់លាស់មុននឹងឈានដល់ការចាប់ខ្លួន។

មន្រ្ដីរូបនេះបន្ដថា៖‍«មន្រ្ដីពាក់ព័ន្ធគួរចុះស៊ើបអង្កេតដើម្បីដឹងពីដីហ្នឹង។ ការប្រើប្រព័ន្ធតុលាការនេះមិនមែនជាដំណោះស្រាយនោះទេ។តុលាការគួរទម្លាក់បទចោទលើគាត់ទើបជាការល្អ​ និងស្វែងរកការសម្របសម្រួលគ្នាដោយសន្ដិវិធី»

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ពលរដ្ឋ៥នា​ក់​តំ​ណា​ងឱ្យ ២៥០គ្រួសារ ធ្លាប់បានដាក់សំណើសុំកិច្ចអន្តរា​គមន៍ម្តងរួចហើយដែរ​ពីក្រសួងរៀបចំដែនដី នគ​​រ​​រូ​បនីយកម្ម និងសំណង់។ នៅក្នុងសំណើកាលណោះ ពលរដ្ឋស្នើសុំឱ្យរដ្ឋបាលខេត្ត​ទទួលបន្ទុកដោះ​ស្រា​​យ​​​ដីធ្លីដកហូតដីក្នុងទំហំ ២ ៨១៩ហិកតាពីកងយោធពលភូមិភាគ៤ មកឱ្យពលរដ្ឋកាន់កាប់ និងអាស្រ័យ​ផ​លវិញ៕

738 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម