រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងផ្លូវការដោយបានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខានៅថ្ងៃទី២៣ ខែឧសភា ដោយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជម្រាបជូនថា រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ ដូចជា កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ ៤F ជាផ្លូវការ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានកំណត់យយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលឆាប់ៗនេះ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
យោងតាមសារព័ត៌មានក្នុងស្រុកមួយ អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។
សូមរំលឹកថា លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពេលដែលលោកអញ្ជើញជាអធិបតីភាពនៃថ្ងៃខួប៨០ឆ្នាំថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា លោកបញ្ជាក់ជាបឋមជូនប្រជាពលរដ្ឋ ជាពិសេសអ្នករាជធានីភ្នំពេញថាគ្មានការលក់ដូរ ឬគ្មានការឯកភាព ឬគម្រោងក្នុងការលក់ដូរដែលធ្លាប់រាជរដ្ឋាភិបាលបានសម្រេចកាលពីមុនមក ឬទើបសម្រេចឥឡូវនេះ ឬមួយទៅថ្ងៃអនាគតនោះទេ គឺគ្មានប្រែក្លាយព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅជាកន្លែងឯកជនណាទេ គឺទុកជាទ្រព្យរបស់រដ្ឋ និងប្រើប្រាស់ជាសាធារណៈ ឬបម្រុងទុកកន្លែងនេះទៅជាកន្លែងសម្រាប់ចុះចតព្រលានយន្តហោះកម្រិតណាមួយ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ខ្ញុំនិយាយបាននៅពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រី បើសិនជាបក្សផ្សេងឡើង ខ្ញុំមិនដឹងទេ តែបើខ្ញុំជានាយករដ្ឋមន្ត្រី គណបក្សប្រជាជននៅដឹកនាំប្រទេស យើងនៅធានាកន្លែងនេះ[អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ]មិនឱ្យមានការប៉ះពាល់ក្រៅពីគោលការណ៍បី ដូចខ្ញុំបានលើកឡើងហើយនោះទេ គឺមិនមានការលក់ដូរ ដោះដូរអីកន្លែងណាទេ ព្រលានយន្តហោះនេះ»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា ទោះបីយ៉ាងណាក៏ដោយ កន្លែងនេះត្រូវរក្សាជាតម្លៃប្រវត្តិសាស្ត្រជាតិ មិនអាចលក់ឱ្យក្រុមហ៊ុនឯកជនបានទេ។ លោកបានបន្តទៀតថា គេធ្លាប់វាយតម្លៃហើយ ៣០០ហិកតា ក្នុងមួយម៉ែត្រការ៉េ គេគិតតែ១០០០ដុល្លារ អ៊ីចឹងឡើង៣ពាន់លានដុល្លារ តែ៣លាននេះ គិតជាលុយ មិនស្មើនឹងផលដែលប្រជាពលរដ្ឋ ផលនិងតម្លៃជាប្រវត្តិសាស្ត្រដែលព្រលានមួយនេះបានផ្តល់ដល់ប្រជាពលរដ្ឋនោះទេ។
លោកនាយករដ្ឋមន្ត្រីក៏សូមឱ្យប្រជាពលរដ្ឋឈប់ជជែកដេញដោលពីការលក់ដូរព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះទៀតទៅ ប៉ុន្តែបើសិនជាបងប្អូនណាមាន កុងត្រា ឬសជណ ណាមួយដែលរដ្ឋស៊ីញ៉េលក់ឱ្យឯកជនណាមួយ សុំយកប្រគល់ឱ្យលោកមក «ព្រោះបើសិនជាខ្ញុំនិងសម្តេចតេជោមិនស៊ីញ៉េផ្តល់គោលការណ៍ គ្មាននរណាមានសិទ្ធិទេ»។

បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ លោក គង់ ម៉ូនីកា សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំងបានលើកឡើងថា យោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីស្តីពីព្រលានយន្តហោះពោធិ៍ចិនតុងដែលនឹងត្រូវបិទក្នុងពេលខាងមុខឆាប់ៗនេះថា ព្រលានយន្តហោះនេះនឹងត្រូវរក្សាទុកជាសម្បត្តិរដ្ឋឱ្យតែលោកនៅជានាយករដ្ឋមន្ត្រី ឬក៏គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សកាន់អំណាច ហើយមិនធានាថាគណបក្សដទៃឡើងមកធ្វើបែបណានោះទេ។ លោ ម៉ូនីកា យល់ថា ប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត បង្កប់នូវខ្លឹមសារនយោបាយមួយដែលជាការដាក់បន្ទុកដល់ប្រជាពលរដ្ឋឱ្យមើលឃើញថា មានតែលោក ឬគណបក្សប្រជាជនកម្ពុជាមួយទេដែលថែរក្សាសម្បត្តិរដ្ឋបាន។
លោក ម៉ូនីកា មានប្រសាសន៍ថា៖ «ខ្ញុំគិតថា គឺជាប្រសាសន៍ដែលបង្កប់នូវខ្លឹមសារនយោបាយមួយដែលជាការដាក់បន្ទុកដល់ប្រជាពលរដ្ឋឱ្យមើលឃើញថាសម្តេច ឬគណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលអាចថែរក្សានូវសម្បត្តិរដ្ឋ តែមួយគត់»។ លោកបន្តថា៖ «ប៉ុន្តែខ្ញុំយល់ថា ការថែរក្សាសម្បត្តិសាធារណៈ ឬសម្បត្តិរបស់រដ្ឋ សម្បត្តិរបស់ជាតិ មិនស្ថិតនៅលើបុគ្គល ឬគណបក្សនយោបាយណាមួយនោះទេ គឺទាមទារឱ្យមានច្បាប់មួយកំណត់ជាក់លាក់អំពីទ្រព្យសម្បត្តិរបស់រដ្ឋ»៕