សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីតែងតាំងនាយកសាលាមត្តេយ្យ និងបឋមសិក្សា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការអប់រំ

សាលាមត្តេយ្យ៧មករា ក្នុងរាជធានីភ្នំពេញ ថតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
សាលាមត្តេយ្យ៧មករា ក្នុងរាជធានីភ្នំពេញ ថតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលបានចេញអនុក្រឹត្យដើម្បីតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងនាយកនៃគ្រឹះស្ថាន​មតេ្តយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដើម្បីធានានូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំ ខណៈគ្រូបង្រៀន សង្គមស៊ីវិល សង្ឃឹម​ថា អង្គភាពពាក់ព័ន្ធនឹងអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាព និងតម្លាភាព ក្នុងការជ្រើសតាំងនាយកសាលានៅក្នុងគ្រឹះស្ថានទាំងពីរ។

អនុក្រឹត្យនៃបទប្បញ្ញត្តិនេះមានគោលបំណងបង្កើតនីតិវិធីច្បាស់លាស់ និងស៊ីសង្វាក់គ្នាក្នុងការជ្រើសរើស តែងតាំង ផ្ទេរ និងបញ្ចប់នាយកសាលាមត្តេយ្យសិក្សាសាធារណៈ និងបឋមសិក្សា ធានានូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងគ្រឹះស្ថានអប់រំ យោងតាមអនុក្រឹត្យដែលចេញនៅដើមខែមករា ឆ្នាំ២០២៥។

រីឯដំណើរការនៃការតែងតាំងនាយកសាលា គឺផ្អែកលើគោលការណ៍ណែនាំច្បាស់លាស់ ដោយធានាថា មានតែអ្នកដែលមានលក្ខណៈសម្បត្តិ និងបទពិសោធន៍គ្រប់គ្រាន់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ ក្នុងករណីមានតំណែងទំនេរ អភិបាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានត្រូវមានភារកិច្ចតែងតាំងនាយកស្តីទី ដើម្បីរក្សាភាពជាអ្នកដឹកនាំសាលារហូតទាល់តែអ្នកជំនួសអចិន្ត្រៃយ៍ត្រូវបានជ្រើសរើស។ វិធានការនេះត្រូវបានរំពឹងថា នឹងជួយការពារការបង្អាក់ដំណើរក្នុងការគ្រប់គ្រងសាលារៀនប្រចាំថ្ងៃ។

លោក ស្មាន់ សំកុ អាយុ៥៦ឆ្នាំ  មានបទពិសោធន៍១៨ឆ្នាំ ជានាយកសាលាបឋមគួកថ្លូក ភូមិឈូកអាន ឃុំបន្លំ ស្ថិតនៅខេត្តបន្ទាយមានជ័យ បានចែករំលែកបទពិសោធន៍ក្នុងការជ្រើសរើសក្លាយជានាយកសាលាខ្លួនផ្ទាល់គឺ ត្រូវការបទពិសោធន៍ជាគ្រូបង្រៀនច្រើនឆ្នាំ និងក្នុងកំឡុងពេលក្លាយជានាយកសាលាពេញសិទ្ធិត្រូវចំណាយពេលរយៈពេល១០ឆ្នាំ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ និងត្រូវឆ្លងការបណ្តុះបណ្តាលជាច្រើនទៀត។

លោកបន្តថា បើប្រៀបធៀបជាមួយនឹងការជ្រើសតាំងក្នុងអនុក្រឹត្យដែលចេញមក គឺមានភាពងាយស្រួលជាង ដោយសារតែគ្រាន់តែជ្រើសរើសក្នុងថ្នាក់ក្រោមជាតិជាអ្នកសម្រេច។

លោកបានលើកឡើងថា រដ្ឋាភិបាលចេញគោលការណ៍អនុក្រឹត្យមួយនេះឡើង គឺមានប្រសិទ្ធភាពក្នុងការពង្រឹងការគ្រប់គ្រងគ្រូនាយកកាន់តែប្រសើរឡើងជាងមុន ដោយសារតែការជ្រើសរើសត្រូវការបុគ្គលដែលមានសមត្ថភាពក្នុងការដឹកនាំគ្រឹះស្ថាន។

លោកប្រាប់ថា៖ «វាមានប្រសិទ្ធភាពព្រោះចៅហ្វាយស្រុកគេចុះផ្ទាល់ ហើយវាមិនមានតែមួយមុខឯណាខេត្តផងស្រុកផង ហើយវាតឹង[និតិវិធីពិបាក]»

អនុក្រឹត្យក៏បានលើកឡើងពីបញ្ហាការប្រព្រឹត្តខុសវិជ្ជាជីវៈ ដោយផ្តល់សិទ្ធិអំណាចដល់អភិបាល​រាជធានី ក្រុង​ និងស្រុក ក្នុងការព្យួរនាយកតាមអនុសាសន៍របស់ក្រុមប្រឹក្សាវិន័យ។ ក្នុងករណីដែលការប្រព្រឹត្តខុសត្រូវបានកំណត់ ដំណើរការនៃការដកនាយកចេញត្រូវបានកំណត់យ៉ាងច្បាស់ ដោយធានានូវការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ។

ដើម្បីធានាបាននូវការត្រួតពិនិត្យជាបន្ត ក្រសួងអប់រំ យុវជន និងកីឡា នឹងតាមដានយ៉ាងដិតដល់នូវការតែងតាំង និងការបំពេញការងាររបស់នាយក ដោយធានាថាពួកគេបំពេញតាមស្តង់ដារដែលមានចែងក្នុងអនុក្រឹត្យ។ មន្ត្រីណាដែលរកឃើញថាមិនគោរពតាមបទប្បញ្ញត្តិថ្មីនេះ នឹងប្រឈមនឹងការដាក់ទណ្ឌកម្មផ្នែកវិន័យ រួមទាំងការពិន័យកម្រិតទី២ ហើយអាចប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌ។

លោក វ៉ាន់ វិបុល​ អាយុ៣១ឆ្នាំ មានតួនាទីជានាយករង មានបទពិសោធន៍បង្រៀន៨ឆ្នាំ នៅសាលាបឋមសិក្សាញ៉ាង នៅខេត្តរតនគីរី បានប្រាប់ សារព័ត៌ខេមបូចា ថា អនុក្រឹត្យមួយនេះជារឿងល្អ ក្នុងការជ្រើសតាំងមុខដំណែងនាយកសាលាដែលមាននីតិវិធីច្បាស់លាស់។

លោកបានលើកឡើងថា គន្លងមកប្រសិនជានាយកសាលា មិនអាចបន្តមុខដំណែងធ្វើការងារខ្លួនឯងបាន មានតែការចាត់តាំងគ្រូនាយករងធ្វើជាគ្រូនាយកសាលាក្នុងការគ្រប់គ្រងនៅក្នុងស្ថាប័នហ្នឹង។

យ៉ាងណាម៉េច លោកនាយករង គិតថា ប្រសិនជាការជ្រើសតាំង បញ្ចប់មុខដំណែងរបស់នាយកសាលា​ប្រសិនជាអនុវត្តដោយមានភាពតម្លាភាព ជារឿងល្អមួយដែលពង្រឹងឲ្យកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងពីរស្ថាប័ន។

លោកមានប្រសាសន៍ថា​៖ «អភិបាលដែលត្រឹមតែទទួលបន្ទុក អ្នកដែលដាក់ពាក្យឡើងជានាយកពួកគាត់នៅក្បែរគ្នា ពេលខ្លះវាអាចនឹងលម្អៀងខ្លះដែលពួកគាត់ស្គាល់គ្នាចឹងហា»

តាមការសង្កេតរបស់លោកនាយករងឲ្យដឹងថា  ការដឹកនាំរបស់នាយកសាលា ទាំងស្ថាប័នទាំងពីរ តាមសាលានីមួយៗមានដឹកនាំខុសគ្នាសាលាខ្លះមានការដឹកនាំរីកចម្រើនលឿន និងសាលាខ្លះទៀត ការដឹកនាំនៅមានកម្រិត។

លោកថ្លែងថា៖ «ពីមុនឡើយគ្រូបង្រៀនបឋមគេជ្រើសរើសសញ្ញាប័ត្រថ្នាក់ទី៩ឡើងទៅចឹងនាយកសាលាខ្លះមានសញ្ញាប័ត្រទាបចឹងការយល់ឃើញរបស់គាត់ចំណេះដឹងទូទៅរបស់គាត់នៅខ្សោយតាមហ្នឹង ពេលខ្លះការដឹកនាំរបស់គាត់នៅរាងខ្សោយ នាយកសាលាខ្លះគាត់រៀនបានច្រើនទៅពេលខ្លះការដឹកនាំរបស់គាត់បានល្អតាមហ្នឹងរាងជឿនលឿនតាមហ្នឹង»

លោកបានបន្ថែមថា បើក្រឡេកទៅតាមតំបន់ដាច់ស្រយ៉ាល និងតាមព្រំដែនវិញក៏មានការបញ្ហាក្នុងដែរ ដោយសារតែបញ្ហាប្រព័ន្ធអ៊ីនធឺណិត ទើបមិនអាចប្រើប្រាស់ទៅលើបច្ចេកវិទ្យា ឲ្យទាន់សម័យកាល ដែលធ្វើឲ្យការប្រាស្រ័យទាក់ទងសង្គមខាងក្រៅនៅមានកម្រិត។

ស្របពេលជាមួយនឹងការដាក់ចេញគោលនយោបាយនៃអនុក្រឹត្យមួយ មន្ត្រីរាជការដែលបង្រៀនមានបទពិសោធន៍ច្រើនឆ្នាំ ចង់ឃើញក្រសួងអប់រំ និងអ្នកពាក់ព័ន្ធឲ្យស្នើសុំបើកឲ្យមានការផ្លាស់ប្តូរទីកន្លែងការងាររបស់មន្ត្រីរាជការឡើងវិញ។

សាលាបឋមមសិក្សាភូមិ៧ ក្នុងរាជធានីភ្នំពេញ រូបថតថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លោក វិបុល ប្រាប់ថា ទីកន្លែងកំណើតរបស់លោកនៅឯខេត្តកណ្តាលហើយទៅធ្វើគ្រូបង្រៀននៅខេត្តរតនគិរី ឆ្ងាយពីក្រុមគ្រួសារ ដែលជាហេតុមានទុក្ខលំបាកមួយកម្រិតបន្ថែមទៀត ដោយសារតែត្រូវរ៉ាប់រងទៅលើការចំណាយច្រើន។

លោកបានប្រាប់ថា ទាក់ទងទៅនឹងការដាក់ពាក្យផ្លាស់ប្តូរទីកន្លែងការងារមន្ត្រីរាជការ អស់​រយៈ​ពេលឆ្នាំ៥ហើយមិនទាន់ឲ្យមានការផ្លាស់ប្តូរបាននៅឡើយ ដែលធ្វើឲ្យមានការលំបាកក្នុងការរស់នៅជាមួយនឹងគ្រួសារខ្លាំង ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ ក៏ជះឥទ្ធិពលក្នុងការបង្រៀនសិស្ស​នៅតាមសហគមន៍ដែលលោកបង្រៀន។

លោកមានប្រសាសន៍ថា៖ «កាលពីមុនៗហ្នឹងមានមែន គេអនុញ្ញាតឲ្យគ្រូផ្លាស់ប្តូរសាលាដែលនៅជិតផ្ទះចឹងហា ហើយឆ្នាំបន្ទាប់ៗមកទៀត គេអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូណាដែលមានសហព័ន្ធមានន័យថាគាត់ផ្លាស់ប្តូរទៅតាមប្តីប្រពន្ធដែលជាមន្ត្រីរាជការដូចគ្នាក៏អាចផ្លាស់ប្តូរបានដែរ»

លោកបន្តថា៖ «ប៉ះពាល់ជីវភាពហើយ ប៉ះពាល់ផ្លូវអារម្មណ៍ក្នុងចិត្ត យើងគិតតែចង់ទៅផ្ទះ យើងមានកូនតូចហើយប្រពន្ធមានជំងឺប្រចាំខ្លួនទៀត បើយើងទៅមើលគាត់ចោលក្មេងនៅនេះ»

ជាមួយគ្នានេះ លោកចង់សំណូមពរទៅកាន់អ្នកពាក់ព័ន្ធឱ្យបើកផ្លូវឱ្យមានការ​ដាក់ពាក្យផ្លាស់ប្តូរកន្លែងធ្វើការងារមន្រ្តីរាជការជាគ្រូបង្រៀនឡើងវិញដែលមានបទពិសោធន៍យូរឆ្នាំ។ យ៉ាងណា ប្រសិនជាគ្រូដែលទើបចេញថ្មីឲ្យពួកគាត់បន្តជួយបង្រៀននៅតាមសហគមន៍។

គ្រូបង្រៀនម្នាក់សុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានប្រាប់​ សារព័ត៌មានខេមបូចា ថា ពាក់ព័ន្ធទៅនឹងអនុក្រឹត្យមួយនេះត្រូវមានអនុវត្តទៅលើថ្នាក់ក្រោមជាតិធ្វើនីតិធីមួយនេះ និងយល់ឃើញថានឹងអាចមានការផ្លាស់ប្តូរ និងមានប្រសិទ្ធភាពជាមុនក្នុងការគ្រប់​គ្រង​របស់នាយកសាលា។

លោកបានចែករំលែកអំពីទុក្ខកង្វល់របស់ខ្លួនពាក់ព័ន្ធទៅនឹងស្ថានភាព គឺមានផលលំបាក ដោយសារតែស្រុកកំណើតនៅខេត្តស្វាយរៀង ត្រូវតម្រូវឲ្យមកបង្រៀននៅខេត្តបាត់ដំបងដែលជាបញ្ហាប្រឈមជាមួយការចាកឆ្ងាយពីគ្រួសារ។

លោកប្រាប់ថា៖ «បើនិយាយអំពីគុណវិបត្តិវិញច្រើនណាស់បើនិយាយចឹងគឺឆ្ងាយពីគ្រួសារ ហើយខ្ញុំមានកូនមួយអត់បានមើលថែកូន ប្រពន្ធ ហើយពិបាកឪពុកម្តាយចាស់ ព្រោះខ្ញុំនៅឆ្ងាយ ការចំណាយវារាងច្រើនដែរ»

លោកបន្តថា បញ្ហាមួយនេះជារឿងបញ្ហារបស់គ្រូបង្រៀនទូទាំងប្រទេស ដែលមានបញ្ហាពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរកន្លែងការងារ និងគ្រូបង្រៀនមួយចំនួនមានអារម្មណ៍តានតឹងក្នុងខ្លួនដែលបណ្តាលឲ្យគ្មានកម្លាំងក្នុងការបង្រៀនសិស្ស។

លោកបន្ថែមថា៖ «ស្នើសុំរដ្ឋាភិបាលបើកឱ្យមានការផ្លាស់ប្តូរទីកន្លែងការងាររបស់មន្រ្តីរាជការ»

លោក ​យង់ គិមអេង នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើ​ម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ (PDP) យល់ឃើញថា អនុក្រឹត្យមួយមានសារៈសំខាន់ ខណៈដែលរដ្ឋាភិបាល បែងចែកក្នុងការទទួលខុសត្រូវ ទៅថ្នាក់ក្រោមជ្រើសរើសការតែងតាំងឱ្យបានត្រឹមត្រូវ។

លោកមានប្រសាសន៍ថា៖ «ដូច្នេះហើយត្រូវមានអនុក្រឹត្យមួយនេះដើម្បីជាផ្លូវការ ថាតើការតែងតាំងធ្វើដូចម្តេច ការដកត្រូវធ្វើដូចម្តេច អនុក្រឹត្យនេះជួយសំខាន់ដែរបាទ ជួយទៅកាន់ថ្នាក់ក្រោមជាតិងាយស្រួលក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការដកដាក់មន្ត្រី»។

លោក គិមអេង បន្តថា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនាយកសាលាទាំងបឋមសិក្សានិងមត្តេយ្យសិក្សានៅតែមានកម្រិតដោយសារតែខ្វះធនធានក្នុងការគ្រប់គ្រងមិនទាន់ល្អប្រសើរនៅឡើយ។ ប៉ុន្តែក្នុងន័យនេះផងដែរត្រូវតែមានការលើកទឹកចិត្តក្នុងការកសាងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងបន្ថែម ដើម្បីឆ្លើយតបក្នុងការពង្រឹងការគ្រប់គ្រងរបស់នាយកសាលា​។

លោក ឡុង រីម សមាជិកគណៈកម្មាធិការនាយកនៅក្នុងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានកត់សម្គាល់ឃើញថា នៅក្នុងអនុក្រឹត្យនេះការជ្រើសតាំងដែលរដ្ឋាភិបាលបានអនុម័ត គឺត្រូវធ្វើការងារដោយអន្តរក្រសួង គឺការចូលរួមដោយក្រសួងអប់រំ ក្រសួងមហាផ្ទៃ ក្នុងការសម្រេចចិត្តជ្រើសរើសនាយកសាលា។ លោកមានការព្រួយបារម្ភថា នៅពេលដែលមានការជ្រើសតាំងបែបនេះ នឹងអាចជ្រើសរើសបក្សពួកខ្លួនឯងក្នុងការគ្រប់គ្រង អាចនឹងមិនមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងក្នុងស្ថាប័នគ្រឹះស្ថានអប់រំ។

លោកថ្លែងប្រាប់ថា៖ «ព្រោះការតែងតាំងនេះវាអាចមិនមានភាពល្អប្រសើរ ដោយសារតែមានលក្ខណៈជាបក្សពួកនិយម ឬក៏ខ្សែបណ្តាយអីហ្នឹង ប៉ុន្តែយើងចង់បានលក្ខណៈការបោះឆ្នោត»

លោកបានបន្តថា ការអនុវត្តបោះឆ្នោតទៅតាមស្ថាប័នគ្រឹះស្ថាន គឺអាចនឹងមានប្រសិទ្ធភាពជាងមុន ព្រោះតែនៅក្នុងអង្គភាពមួយ គឺមានបុគ្គលដែលមានលក្ខណៈសម្បត្តិអាចនឹងធ្វើនាយកបន្តបាន និងការចូលរួមបោះឆ្នោត ដែលចូលរួមដោយមន្រ្តីរាជការក្នុងស្ថាប័នដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនចង់បាន និងអាចមានសមត្ថភាពដឹកនាំបន្ត។

អ្នកវិភាគសង្គម លោក មាស នី បានថ្លែងថា អនុក្រឹត្យមួយនេះជារឿងល្អក្នុងការជ្រើសរើសក្បាលម៉ាស៊ីនក្នុងការគ្រប់គ្រងគ្រឹះស្ថានទាំងពីរ។

លោកមានប្រសាសន៍ថា៖ «ការចាត់តាំងរៀបចាំ ធ្វើកំណែទម្រង់នៅក្នុងកម្រិតមតេ្តយ្យ និងបឋមសិក្សានេះវាមានសារៈសំខាន់ត្រូវទាមទារ ដែលត្រូវការមានសមត្ថភាពខ្ពស់ដើម្បីគិតគូរពីរឿងនេះការអប់រំក្មេងតូច»

លោកបានបន្ថែមថា អ្វីជាការគ្រាំទ្រគោលនរយោបាយមួយនេះ គឺសាលារៀនជានិមិត្តរូបនៃការអប់រំ ដែលជាគំរូនៃភាពស្អាតស្អំ បរិស្ថានល្អ អត្តចរិត ហើយប្រសិនជាការជ្រើសរើសថ្នាក់ដឹកនាំសាលាមិនបានល្អនោះទេ គឺសាលានឹងមានបញ្ហាទៅលើវិស័យអប់រំពីថ្នាក់ក្រោមមក​។

លោកមានប្រសាសន៍ថា៖ «សម្រាប់ការជ្រើសរើសនេះទាមទារឲ្យក្រសួងជំនាញឲ្យកាន់កាប់រឿងហ្នឹងដោយផ្ទាល់​ពិនិត្យពិច័យ គុណភាពសមត្ថភាពរបស់មនុស្ស ពិសេសជ្រើសរើសត្រឹមត្រូវឲ្យមានតម្លាភាព»

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធការបកស្រាយបន្ថែមលើអនុក្រឹត្យនេះ ដោយលោកគ្រាន់តែថ្លែងថា អនុក្រឹត្យមួយនេះបានចែងគោលការណ៍នីតិវិធីច្បាស់លាស់រួចហើយ។

លោកមានប្រសាសន៍ថា៖ «​ចង់ដឹងព័ត៌មានអីលម្អិតផ្សេងក្រៅពីហ្នឹង ទៅ[ទាក់ទង]ក្រសួងអប់រំ សួរទៅអ្នកនាំពាក្យក្រសួងអប់រំពីព្រោះការងារនេះរបស់ខាងអប់រំ»

ដូចគ្នានេះដែរខេមបូចាមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា បាននោះទេ។

យោងតាម​របាយការណ៍សេដ្ឋកិច្ច​កម្ពុជា​ដែល​ចេញដោយ​ធនាគារ​ពិភព​លោក លើកឡើងថាសេដ្ឋកិច្ច​កម្ពុជា​កើនឡើង ប៉ុន្តែវិស័យអប់រំត្រូវ​ពង្រឹង​ជាចាំបាច់ដើម្បី​កំណើន​រយៈពេលវែង៕

 ​

819 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម