សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សវនាការចាប់ផ្តើមលើសំណុំរឿងប្រឆាំងសកម្មជនមាតាធម្មជាតិ

សកម្មជនបីនាក់របស់អង្គការមាតាធម្មជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់សវនាការថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង
សកម្មជនបីនាក់របស់អង្គការមាតាធម្មជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់សវនាការថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

សាលាដំបូង​រាជធានីភ្នំពេញចាប់​ផ្ដើម​បើក​​សវនាការ​​កាល​ពី​ថ្ងៃ​ពុធ ដោយ​ជំនុំជម្រះ​លើ​សកម្មជន​បរិស្ថាន​ចំនួន​បី​រូប​ ក្រោម​បទចោទញុះញង់ បន្ទាប់​ពី​បាន​ចែក​រំលែក​ព័ត៌មាន​ពី​គម្រោងការ​តវ៉ាដោយ​សកម្មជនបរិស្ថាន​ម្នាក់​លើការ​លុប​បឹង​តាមោក​។​

សកម្មជន​បរិស្ថាន​​របស់​អង្គការ​មាតាធម្មជាតិ កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក ថុន រដ្ឋា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ ទាក់​ទង​នឹង​ការ​ផ្សាយ និង​ចែក​ចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ ដោយ​និយាយ​ពី​ផែន​ការ​ដើរ​ទៅ​កាន់​ផ្ទះ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ផល​ផល​ប៉ះពាល់​បរិស្ថាន​លើ​គម្រោង​អភិវឌ្ឍន៍​បឹង​តាមោក​។​

សកម្មជន​ទាំង​បី​រង​​ការ​ចោទ​ប្រ​កាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្រោម​មាត្រា៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ បើ​សិនជា​រក​ឃើញ​ថា​មាន​កំហុស​អ្នក​ទាំង​បី​អាច​ប្រ​ឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ។ ប្រ​ធាន​អង្គការ​មាតាធម្មជាតិ លោក Alejandro Gonzalez-Davidson ​ក៏រង​ការ​ចោទ​ប្រ​កាន់​កំបាំង​មុខក្នុង​បទ​ចោទ​ដូច​គ្នា ព្រម​ជាមួយ​នឹង​សមាជិក​ក្រុម​យុវជនខ្មែរថាវរៈ ជា គន្ធី​ន។

សវនាការ​នេះ​ធ្វើ​ឡើង​ជា​លើក​ដំបូង​ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្អាក​បណ្ដោះ​អាសន្ន​កាលពី​ខែ​មុន ដោយ​សារ​ការ​ផ្ទុះ​រាល​ដាល​ជំងឺកូវីដ​១៩​។​

​ឆ្លើយ​ទៅ​នឹង​សំណួរ​នៅ​​ក្នុង​អង្គជំនុំជម្រះ​កាលពី​ថ្ងៃពុធ យុវជន​ទាំង​បី បាន​ការ​ពារ​ការ​បង្ហោះសារ​របស់​ខ្លួន ដោយ​ថា​គ្មាន​ចេតនា​ញុះញង់ និង​ថា​ការ​តវ៉ា​ដោយសន្តិវិធី និង​​ថ្លែងការ​បញ្ចេញ​មតិ គឺត្រូវ​បាន​អនុញ្ញាត ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​

កញ្ញា ឡុង គន្ធា វ័យ​២២​ឆ្នាំ បាន​និយាយ​ថា​ខ្លួន​បាន​សរសេរ​សារ​ពី​គម្រោង​ដើរ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​លុប​បឹង​តាមោក។ កញ្ញា បាន​ផ្ញើ​សារ​នេះ​ទៅ​កាន់​សមាជិក​អង្គការ​ចលនាមាតាធម្មជាតិ ដើម្បី​ជួយ​ផ្សាយ​បន្ត​ដល់​អង្គការ​សង្គម​ស៊ីវិល និងអ្នក​សារព័ត៌មាន ហើយ​បាន​ផ្សាយ​បន្ត​លើ​ទំព័រហ្វេសប៊ុក​របស់​កញ្ញា​។​

កញ្ញា​និយាយ​ក្នុង​សវនាការថា៖ «ខ្ញុំ​គ្រាន់​តែ​រិះគន់​ដើម្បើស្ថាបនា» និង​បន្ថែមទៀត​ថា​ដូច​ជា​ការ​លុប​បឹង​ជើង​ឯក បឹង​តាមោក ដែល​ជាតំបន់​ដី​សើម​​ជួយ​ស្តុក​ទឹក​នៅ​រដូវ​វស្សា នឹង​ធ្វើ​ឲ្យ​ទឹក​លិចក្នុង​ទី​ក្រុង​កាន់តែ​អាក្រក់​ឡើងនៅរដូវភ្លៀង​។​

កញ្ញា​និយាយ​ទៀតថា៖ «ខ្ញុំ​គ្មាន​បំណង​ញុះញង់​[ពល​រដ្ឋ​]ឲ្យ​ស្អប់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ ចង់បញ្ឈប់​ការ​បំផ្លាញ​បរិស្ថាន​»។​

សកម្មជនបីនាក់របស់អង្គការមាតាធម្មជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់សវនាការថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង
សកម្មជនបីនាក់របស់អង្គការមាតាធម្មជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់សវនាការថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

លោក ថុន រដ្ឋា វ័យ​២៩ឆ្នាំ បាន​និយាយ​ក្នុង​សវនាការ​ដែរថា លោក​បាន​ផ្សាយ​បន្ត​សារ​របស់​កញ្ញា គន្ធា លើ​ហ្វេស​ប៊ុក​ផេក​របស់​លោក ព្រោះ​ថា​អ្នក​ទាំង​ពីរ​មាន​ក្ដី​បារម្ភ​ដូច​គ្នា​លើ​ផល​ប៉ះពាល់​បរិស្ថាន​។​

ឆ្លើយ​ទៅ​នឹង​សំណួរ​ចៅ​ក្រម លិ សុខា ថា​តើ​ លោកបាន​ដឹង​ថា​សកម្មភាព​របស់​លោក​បានធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​រដ្ឋាភិបាល ដែល​កំពុង​អភិវឌ្ឍន៍​ប្រទេស​ «តាមជំហានគីង្គក់» ទេ? លោក រដ្ឋា ថា​លោក​ធ្វើ​វា​ដោយ​ទុក​​ផល​ប្រ​យោជន៍​ជាតិ​ជា​ធំ​នៅ​ក្នុង​ចិត្ត​។ ​

លោក រដ្ឋា បន្ថែមថា៖ «​ខ្ញុំ​គិត​ថា​សកម្មភាព​របស់​ខ្ញុំ​មិន​ខុស​ទេ ព្រោះ​ខ្ញុំ​ស្រឡាញ់ និង​ការពារ​បរិស្ថាន​…​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ប្រទេស​របស់​យើង​ស្អាត​ដូច​ប្រទេស​របស់គេ»។​

ចំណែក កញ្ញា ភួន កែវរស្មី វ័យ​២០​ឆ្នាំ និយាយ​ថានាង​បាន​ចម្លង​សារ​របស់​គន្ធា និង​ផ្សាយ​បន្ត​លើ​ហ្វេសប៊ុក ព្រោះ​គាំទ្រ​គំនិត​របស់​គន្ធា​។​

កញ្ញាអះអាថា៖ «​ខ្ញុំ​គិត​ថា​សកម្មភាព​របស់​គន្ធា មិ​ន​ប៉ះពាល់​សណ្ដាប់​ធ្នាប់​សាធារណៈទេ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​ក្រុមសន្ដិសុខ និង​អាជ្ញាធរ​ដែលធ្វើ​ឲ្យ​ប៉ះពាល់សណ្ដាប់​ធ្នាប់​សាធារណៈ»។ ដោយបន្ថែមថា៖ «​យើង​មិន​ទាន់បាន​ទាំង​ធ្វើស​កម្មភាព​ផង ប៉ូលិស​បាន​ចាប់​ខ្លួន​ពួកយើង នេះជា​ការ​រំលោភបំពាន​សេរីភាព និង​សិទ្ធិរបស់​យើង​»។​​

​ចៅ​ក្រម លិ សុខា បាន​សួរ​ទៅ​សកម្មជន​ថា តើ​កញ្ញា​យល់​ទេថា​ការ​ញុះញង់​មិន​មែន​​ចាំបាច់តែ​ «ស្រែក​ប្រាប់​នរណាម្នាក់» ប៉ុន្តែ​ការ​សរសេរសារ​ដើម្បីធ្វើ​អ្វី​មួយដែល​ប៉ះពាល់​រដ្ឋាភិបាល​ក៍អាចជា «ការ​ញុះញង់​ដែរ»។​

កញ្ញា​ឆ្លើយ​ថា៖ «​ខ្ញុំ​គិត​ថា​សកម្ម​ភាព​នេះ​មិន​មែន​ជា​ការ​ញុះញង់​ទេ»​។

ចៅ​ក្រម​ និង​ព្រះ​រាជអាជ្ញារង បាន​ចំណាយ​ពេលសាក​សួរ​សកម្មជន​ទាំង​បីរូប​ពី​ការ​ងារ​នៅ​អង្គការ​មាតាធម្មជាតិ​តាំងពី​ឆ្នាំ​២០១៣ និង​សួរពួកគេ​លម្អិតពី​សកម្មភាព​ស្ម័គ្រ​ចិត្ត​ផ្សេងៗ​ទាំង​នៅ​កោះកុង ខេត្ត​ព្រះសីនុ និង​នៅ​ភ្នំពេញ រួម​ទាំង​ការធ្វើ​យុទ្ធនាការ​​ជិះកង់ដើម្បី​បរិស្ថាន​ផង​។​

ចៅ​ក្រម​ និង​ព្រះ​រាជអាជ្ញារង​​បាន​ឲ្យ​អ្នក​ទាំង​បី​ពន្យល់​ពី​របៀប​ដែលអ្នក​ទាំង​នោះ​បាន​ស្គាល់​អង្គការ​មាតាធម្មជាតិ​។ អង្គការ​មាតាធម្មជាតិ​ត្រូវ​បានបង្កើត​ឡើង​ដោយ​ជនជាតិ​អេស្ប៉ាញ គឺ លោក​ Gonzalez-Davidson ដែលជា​អ្នក​រិះគន់​រដ្ឋាភិបាល​លេចធ្លោ​មួយ​រូប និង​ត្រូវ​បាន​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៥។ សមាជិក​អង្គការ​មាតាធម្មជាតិ​មិន​តិច​ជាង​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។​

និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅតុលាការ ភរិយា​របស់​លោក ថុន រដ្ឋា គឺ លោកស្រី ប៉ាត រស្មី​ ហៅ​ការ​ចោទ​ប្រកាន់នេះថា «អយុត្តិធម៌បំផុត»។​

លោកស្រី បញ្ជាក់ថា​៖ «​ប្ដី​របស់​ខ្ញុំ​គ្មាន​ធ្វើខុស​អ្វីសោះ» និង​បន្ថែមថា ស្វាមី​អ្នក​ស្រី គ្មាន​ចិត្ត​ចង់​បំផ្លាញ​សង្គមនោះទេ តែថាមាន​បំណង​តែ​មួយ​គឺ ចង់​ជួយ​ការ​ពារ​បរិស្ថាន​។​

លោកស្រី​បន្ថែមថា៖ «​តាំងពី​ប្ដី​ខ្ញុំ​ជាប់ឃុំ គ្រួសារ​បានជួបការ​លំបាក ព្រោះ​យើង​បាត់​បង់ចំណូល​របស់​គាត់ ហើយ​ខ្ញុំ​ត្រូវ​មើល​ថែទាំកូនប្រុស​តែ​ម្នាក់​ឯង»។

លោក ​អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មាន​ប្រ​សាសន៍​ថា​សកម្មភាព​អ្នក​ទាំង​បី​ឆ្លើយ​ក្នុង​សវនាការ​ ដូច​ជាការ​តស៊ូការពារ​តំបន់​កោះកុង​ក្រៅ ក្នុងខេត្ត​កោះកុង ការ​បង្ហាញពី​បញ្ហា​សំរាម​ក្នុង​ខេត្ត​ព្រះសីហនុ និង​ការ​បង្ហាញពី​ករណី​បឹង​តាមោក គឺ​​បង្ហាញ​​ថា​ពួកគេជា​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​។​

លោក ​បន្ថែមថា៖ «​ខ្ញុំ​សោកស្ដាយ ដែល​ពួកគេ​ត្រូវ​ចាប់​ខ្លួន និង​ចោទប្រកាន់ ហើយ​ត្រូវបញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន»។ លោក​បន្តថា រដ្ឋាភិបាល​គួរ​តែ​លើកទឹក​ចិត្ត​ពួកគេ​ឲ្យ​បន្ត​ការ​ពារ​បរិស្ថាន​។​

លោក ​ឲ្យ​ដឹង​ដែរថា ការ​ចោទប្រកាន់នេះ ហាក់ដូច​ជាមិនមាន​មូល​ដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ភស្តុតាង​គ្រប់គ្រាន់បញ្ជាក់ថា​ស្រ្តី​ម្នាក់​ដើរពីរ​វត្ត​ភ្នំ ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​អាច​បង្ក​ឲ្យ​មាន​ចលាចល​និងវឹកវរដល់សង្គម។​

លោក​មានប្រសាសន៍ថា៖ «​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​បី​នឹង​ត្រូវ​បានលើកលែងចោទ»​។​

ចៅក្រម​បាន​ប្រកាស​ថា​សវនាការ​នឹង​ធ្វើ​ឡើង​ជាថ្មី​នៅ​ថ្ងៃទី​៨ ខែមេសា។​

តាមរយៈសារជាអក្សរ លោក Gonzalez-Davidson ហៅ​ការ​ចោទ​ប្រកាន់នេះថា​ «​ជារឿងប្រឌិត​សុទ្ធសាធ»។

លោក​ថា៖ «​ជា​ការពិត អ្នក​ទាំង​បី​គ្មាន​បាន​ប្រព្រឹត្តបទល្មើសនោះទេ មាន​តែ​រដ្ឋទេ ដែល​បាន​ប្រព្រឹត្ត​បទល្មើស ធ្វើ​ខុស​ច្បាប់ និង​បន្តចាប់ជំរិត​ជន​ស្លូត​ត្រង់​បី​នាក់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Trial begins against Mother Nature activists

269 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម