ការទាមទារឱ្យកំណត់ប្រាក់ឈ្នួលអប្បរមា និងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរសម្រាប់កម្មករជំនាញ និងកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ធ្វើឡើងជាងមួយសប្ដាហ៍មកហើយនៅតាមប្រព័ន្ធបណ្ដាញសង្គម។ ការទាមទារនេះធ្វើឡើងពីសំណាក់តំណាងសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ក្នុងន័យជួយសម្រាលបន្ទុកបំណុល ស្របពេលដែលទិវាពលកម្មអន្តរជាតិលើកទី១៣៩ នឹងរៀបចំឡើងនៅថ្ងៃទី១ ខែឧសភា។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន អង្គការអាដហុក បានជំរុញឲ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលគោលអប្បរមាសម្រាប់កម្មករធ្វើការក្នុងវិស័យសំណង់ ទេសចរណ៍ និងសេវាកម្ម ខណៈដែលអង្គការសង់ត្រាល់បានគូសបញ្ជាក់ថាប្រាក់ឈ្នួលទាបជំរុញឲ្យកម្មករធ្លាក់ក្នុងអន្ទាក់បំណុល។
អ្នកស្រី ម៉ៅ ស្រីមុំ វ័យ៤១ឆ្នាំ ប្រធានសហព័ន្ធសហជីពកម្ពុជាប្រចាំរោងចក្រ Tae Young ក្នុងខេត្តកណ្ដាល បានឲ្យដឹងថាថ្នាក់ដឹកនាំសហជីពជាស្រ្តីជាច្រើន ដែលធ្វើការក្នុងវិស័យកាត់ដេរតែរងការគំរាមកំហែង។ ជាក់ស្ដែង អ្នកស្រីថា ម្ចាស់រោងចក្រតែងគំរាមកំហែងអ្នកទាំងនោះ នៅពេលចង់បង្កើតសហជីព។ កម្មករដែលធ្វើជាតំណាងរបស់សហជីពក៏ប្រឈមនឹងការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានផងដែរ។
អ្នកស្រីបន្តថា សហជីពមូលដ្ឋានមិនអាចតតាំងការពារផលប្រយោជន៍ជូនកម្មករបានទេពេលមានបញ្ហាអយុត្តិធម៌កើតឡើងនៅក្នុងរោងចក្រ ព្រោះតែការចុះបញ្ជីសហជីពត្រូវបានអូសបន្លាយ។
អ្នកស្រីលើកឡើងថា៖ «បញ្ហាធំបំផុតនោះគឺពេលយើងទាក់ទងពួកគាត់ [សមាជិកសហជីព] ព្រោះថាក្រោយពីនេះ ក្រុមហ៊ុន និងអាជ្ញាធរនឹងគំរាមកំហែងពួកគេដល់ផ្ទះ ឬគំរាមកំហែងឪពុកម្ដាយពួកគាត់ និងទារប្រាក់ និងតាមដានពួកគេ»។
បន្ថែមពីនេះ អ្នកស្រីជឿថា បញ្ហាដែលសហជីពជួបប្រទះច្រើននោះគឺ ការធ្វើការលើសកម្លាំង បញ្ហាធ្វើមិនទាន់កាលកំណត់ និងហានិភ័យសុខភាព ដោយសារតែមានការដាក់សម្ពាធលើកម្មករណាដែលទៅបន្ទប់ទឹកញឹកញាប់ ជាពិសេសស្រ្តីមានផ្ទៃពោះ។
អ្នកស្រីបន្តថា៖ «ស្រ្តីមានផ្ទៃពោះញ៉ាំទឹកច្រើន ដូចនេះពួកគាត់ក៏ទៅបន្ទប់ទឹកញឹកដែរ ខាងរោងចក្រគេរអ៊ូលើរឿងនេះ [ថាធ្វើការយឺត] ដោយសារតែចំនួនអាវគាត់ដេរ។ ថៅកែងនឹងស្ដីឲ្យពួកគាត់»។
អ្នកស្រីរំពឹងថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនឹងពង្រឹងច្បាប់ការងារដើម្បីការពារផលប្រយោជន៍កម្មករ និងបញ្ឈប់ការយាយីពីសំណាក់ថៅកែ។ កម្មករដែលហ៊ានបញ្ចេញមតិ ក៏ព្រោះតែពួកគាត់ជួបរឿងអយុត្តិធម៌ ហើយស្វែងរកដំណោះស្រាយ។ អ្នកស្រីបន្ថែមថា៖ «ពួកគាត់មិនមែនជាអ្នកបង្កបញ្ហាទេ»។

អ្នកស្រី រឿន ចាន់ធី វ័យ៤៤ឆ្នាំ ធ្វើការនៅរោងចក្រ Yida ក្នុងខេត្តកណ្ដាលឲ្យដឹងថាប្រាក់ខែកម្មកររោងចក្រនៅតែមានកម្រិតទាប។ ទោះបីជាប្រាក់ឈ្នួលគោលបានឡើង៤ដុល្លារសម្រាប់ឆ្នាំ២០២៥ ដែលកើនដល់២០៨ដុល្លារក្នុងមួយខែ ក្រោយពីមានការចរចារវាងសហជីព និងនិយោជក ក៏ចំនួននេះនៅមិនទាន់អាចទប់ទល់នឹងថ្លៃជួលបន្ទប់ និងការចំណាយផ្សេងៗដែរ។ អ្នកស្រីថាទំនិញឡើងថ្លៃ ហើយកម្មករផ្ទាល់ក៏កំពុងជួបបញ្ហាលំបាកផ្នែកថវិកា និងបំណុលរួមរិតផងដែរ។
អ្នកស្រីបន្ថែមថា៖ «ទំនិញឡើងថ្លៃ ហួសប្រាក់ខែថែមដែលកម្មករទទួលបាន។ បន្ទប់ជួលឡើងថ្លៃ ៥ដុល្លារ ហើយប្រាក់ខែយើងឡើងបានតែ៤ដុល្លារ។ បើខ្ញុំខំថែមម៉ោងអាចរកបាន៣៥០ដុល្លារ តែបើខ្ញុំមិនបានថែមច្រើនទេខ្ញុំបានតែ២៧០ដុល្លារក្នុងមួយខែ…វាមិនគ្រប់គ្រាន់ទេសម្រាប់គ្រួសារខ្ញុំ ហេតុនេះហើយបានជាខ្ញុំខ្ចីប្រាក់គេខ្លះ»។
សព្វថ្ងៃអ្នកស្រីជាស្រ្តីមេម៉ាយ និងមានកូនពីរនាក់ក្នុងបន្ទុក។ អ្នកស្រីរំពឹងថា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនឹងពិចារណាដំឡើងប្រាក់ខែគោលឲ្យកម្មករបានប្រសើរជាងនេះ និងលើកកម្ពស់សិទ្ធិការងារឲ្យកាន់តែប្រសើរ។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឲ្យក្រសួងជួយរក្សាប្រាក់ខែគោលអប្បរមាកម្មករឲ្យបាននៅកម្រិតសមរម្យរង្វង់៣០០ដុល្លារ និងជួយធ្វើឲ្យតម្លៃទំនិញចុះថោក។ ធ្វើដូចនេះនឹងល្អសម្រាប់កម្មករ ព្រោះពេលនេះប្រាក់ខែតិច ហើយទំនិញបន្តឡើងថ្លៃ»។
កាលពីថ្ងៃទី២៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថាទិវាពលកម្មអន្តរជាតិ ជាថ្ងៃបុណ្យជាតិមួយនៅកម្ពុជា ដែលត្រូវរៀបចំឡើងរាល់ឆ្នាំដើម្បីលើកកម្ពស់ដល់សិទ្ធិ អត្ថប្រយោជន៍ និងសេចក្ដីថ្លៃថ្នូររបស់កម្មករ។ ឆ្នាំនេះទិវាពលកម្មអន្តរជាតិរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់»។
លោកបន្ថែមថា ទស្សនវិស័យរបស់រដ្ឋាភិបាលទៅថ្ងៃអនាគតគឺស្របទៅនឹងគោលនយោបាយជាតិដែលកម្មករ និងនិយោជក ត្រូវធ្វើការរួមគ្នាដើម្បីបង្កើតទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវសង្គម ខណៈដែលមានការជំរុញឲ្យមានវប្បធម៌គោរពច្បាប់។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ប្រធានបទនេះ គឺឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវគោលដៅរបស់យើង ដើម្បីធានាថាពលរដ្ឋគ្រប់រូបមានឱកាសស្មើៗគ្នា មានការងារ និងប្រាក់ខែសមរម្យ លក្ខខណ្ឌការងារល្អ និងមានទំនាក់ទំនងល្អប្រកបដោយវិជ្ជាជីវៈ និងមានប្រព័ន្ធគាំពារសង្គមរឹងមាំ»។
រដ្ឋាភិបាលបានខិតខំធ្វើការជាច្រើនដើម្បីលើកកម្ពស់សេវីភាពអង្គការវិជ្ជាជីវៈស្របជាមួយនឹងច្បាប់ស្ដីពីសហជីព និងអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័ន។
លោកបន្ថែមថា ជម្លោះការងារត្រូវបានដោះស្រាយបានប្រកបដោយប្រសិទ្ធភាព ដែលនេះក៏ព្រោះតែភាគីពាក់ព័ន្ធមានភាពចាស់ទុំ និងការពង្រឹងយន្តការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ដូច្នេះ ខ្ញុំសូមជំរុញឲ្យតំណាងសហជីព និងអង្គការវិជ្ជាជីវៈអនុវត្តក្នុងក្របខណ្ឌវិជ្ជាជីវៈច្បាស់លាស់ និងស្របតាមច្បាប់ ដើម្បីឲ្យវិវាទអាចដោះស្រាយបាន។ បើការទាមទារហួសពីច្បាប់ គេមិនអាចដោះស្រាយបានទេ ហើយបើវាជាប់ពាក់ព័ន្ធនឹងក្រុមនយោបាយណាមួយ ពួកគេក៏មិនត្រូវដោះលែងដែរ»។
លោកកត់សម្គាល់ថា រដ្ឋាភិបាល និងសហជីព «មិនមែនជាសត្រូវ»នឹងគ្នានោះទេ ហើយថាគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយជម្លោះ ព្រោះថា «កម្មករ និងនិយោជកគឺជាគ្រួសារតែមួយ»។ លោកបន្ថែមថា៖ «អ្នកវិនិយោគនឹងមិនមកកម្ពុជាទេ បើសិនជាពួកគេមើលឃើញតែការធ្វើបាតុកម្ម។ ដូចនេះ ការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកទៅតាមច្បាប់ គឺជាវិធីល្អ ដើម្បីទាក់ទាញអ្នកវិនិយោគមកកម្ពុជា»។

ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានលើកឡើងថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺមានគោលដៅបង្កើនឱកាសការងារ ធ្វើឲ្យមានសមធម៌ កសាងសមត្ថភាព និងមាននិរន្តភាព។
លោកចង្អុលបង្ហាញថា ក្រសួងរបស់លោកបានធ្វើឲ្យកាន់តែប្រសើរនូវនីតិវិធីដោះស្រាយជម្លោះ ដែលជាលទ្ធផល «អត្រាដោះស្រាយជម្លោះបានជោគជ័យមានដល់ទៅ៨៧ភាគរយនៅត្រីមាសទី១ក្នុងឆ្នាំ២០២៥ បើធៀបទៅនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នាមាន៨៤ភាគរយ»។
លោកបន្តថា៖ «ក្រសួងបានជោគជ័យក្នុងការដោះស្រាយជម្លោះបានក្នុងអត្រាខ្ពស់ ដោយបានបន្តពង្រឹងយន្តការអន្តរាគមន៍លើការធ្វើកូដកម្ម និងបាតុកម្មនៅគ្រប់វិស័យ»។
ប្រធានកម្មវិធីរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានប្រាប់ខេមបូចាថា៖ «ការរួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម» គឺផ្ដោតសំខាន់ក្នុងទិវាពលកម្មអន្តរជាតិក្នុងឆ្នាំនេះ។
ប្រធានបទនេះ បង្ហាញពីស្ថានភាពនៃការអនុវត្តសិទ្ធិមូលដ្ឋានរបស់សហជីព ដែលលោកជឿថា ត្រូវការការធ្វើឲ្យប្រសើរថែមទៀត។ វាមានសារៈសំខាន់ណាស់ក្នុងការជំរុញការអនុម័តគោលនយោបាយដែលទាក់ទងនឹងសេរីភាពជាមូលដ្ឋាន ដែលធានានូវវឌ្ឍនភាពនៃទំនាក់ទំនងឧស្សាហកម្ម និងលើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយវិវាទ។
លោកបន្ថែមថា៖ «ក្នុងស្ថានភាពការងារបច្ចុប្បន្ន យើងរកឃើញនូវសំណើអាទិភាពមួយចំនួនដែលត្រូវដាក់ទៅរដ្ឋាភិបាល។ ទីមួយគឺបញ្ហាសង្គ្រាមពាណិជ្ជកម្មទាក់ទងនឹងពន្ធរបស់អាមេរិក។ យើងជំរុញឲ្យរដ្ឋាភិបាលរកវិធីចរចាជាមួយអាមេរិក ដើម្បីធានាការងារ និងស្ថិរភាពទីផ្សារ និងការនាំចេញ ជាប្រយោជន៍សម្រាប់កម្មករ»។
លោកកត់សម្គាល់ឃើញថា បញ្ហាប្រាក់ឈ្នួល និងសេរីភាពរបស់សហជីពនៅតែជួបបញ្ហាប្រឈម ជាពិសេសនីតិវិធីក្នុងការដោះស្រាយវិវាទការងារសម្រាប់កម្មករ និងបណ្ដឹងមកលើមេដឹកនាំសហជីព។ លោកស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារដើម្បីធានាដល់សិទ្ធិចងក្រងសហជីព ការចរចា និងការធ្វើកូដកម្មដោយសន្តិវិធី។
លោកបន្ថែមថា៖ «ការចោទប្រកាន់មកលើមេដឹកនាំសហជីពគួរតែទម្លាក់ចោល និងវិសាលភាពនៃគោលនយោបាយគាំពារសង្គមគួរតែពង្រីកដល់កម្មករក្នុងវិស័យសំណង់ សេវាកម្ម សណ្ឋាគារ កសិកម្ម និងវិស័យផ្សេងទៀត»។
លោកថា រដ្ឋាភិបាលគួរតែពិចារណាពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវពីប្រាក់ឈ្នួលគោលអប្បរមា ដើម្បីធានាថាប្រាក់ឈ្នួលជាតិអាចគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់កម្មករគ្រប់គ្នា ស្របពេលដែលពេលនេះ ការកំណត់ប្រាក់ឈ្នួលគោលមានតែនៅវិស័យកាត់ដេរប៉ុណ្ណោះ។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា មានប្រសាសន៍ថា ដោយសារតែមិនមានការកំណត់ប្រាក់ឈ្នួលគោលអប្បរមា កម្មករសំណង់ប្រឈមនឹងបញ្ហាសន្ដិសុខការងារ និងមិនទទួលបានកម្មកវិធីគាំពារសង្គម។
លោកប្រាប់ខេមបូចាទៀតថា៖ «ស្រ្តីក្នុងវិស័យសំណង់ទទួលបានប្រាក់ខែទាបជាងបុរស និងរងគ្រោះក្នុងការងារច្រើន ដែលអ្វីទាំងនេះតាមច្បាប់ជាការទទួលខុសត្រូវរបស់និយោជក ប៉ុន្តែការអនុវត្តពីភាគីពាក់ព័ន្ធនៅមានកម្រិតទាប។ ដូចនេះ យើងស្នើដល់រដ្ឋាភិបាលឲ្យបង្កើតច្បាប់ ឬសេចក្ដីប្រកាសណាមួយនិយាយពីស្ដង់ដារសុវត្ថិភាពរបស់កម្មករសំណង់»។
បើតាមអង្គការអន្តរជាតិខាងការងារ គ្រោះថ្នាក់នៅកន្លែងការងារបានឆក់យកអាយុជីវិតកម្មករប្រហែល១ ៥០០នាក់ក្នុងមួយឆ្នាំៗ។ ភាគច្រើននៃគ្រោះថ្នាក់នេះកើតនៅនៅតាមឡឥដ្ឋ ការដ្ឋានសំណង់ និងសហគ្រាសតូចៗ ដែលមិនមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ និងចាំបាច់សម្រាប់ធានាដល់សុវត្ថិភាពកម្មករ។
