ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារ បានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដែលត្រូវបានពន្យារពេលជាយូរមកហើយ ដោយដាក់ប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់ Tier 3 ដែលជាចំណាត់ថ្នាក់ទាបបំផុតដដែល សម្រាប់ពេលបួនឆ្នាំជាប់ៗគ្នា ហើយជាលើកដំបូង បានចាត់ទុកជា «រដ្ឋដែលជាប់ពាក់ព័ន្ធនឹង» ការជួញដូរមនុស្ស។
មកទល់ពេលនេះ មិនទាន់មានមន្ត្រីណាមួយបានឆ្លើយតបច្រើន ចំពោះការចាត់ចំណាត់ថ្នាក់នេះទេ ដែលធ្វើឡើង បន្ទាប់ពីកម្ពុជាបានស្នើបេក្ខភាពលោក Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាព។ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានបង្ហោះរបាយការណ៍នេះនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែមិនបានផ្សព្វផ្សាយវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬចេញសេចក្តីប្រកាសព័ត៌មានដូចកាលពីឆ្នាំមុននោះទេ។ ការចេញផ្សាយនេះ បានកើតឡើងមុនពេលរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកបិទកាលពីថ្ងៃពុធ បានបង្ខំឱ្យស្ថានទូតត្រូវបន្ថយប្រតិបត្តិការ។
របាយការណ៍នេះ ចេញផ្សាយយឺតជាងកាលកំណត់ដើម បីខែ ហើយក៏ចេញមកស្របពេលដែលមានសេចក្តីរាយការណ៍ថា រដ្ឋបាលលោក Trump បានកាត់បន្ថយការខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្ស ដែលសេតវិមានបានច្រានចោលហើយចាត់ទុកថាជា«រឿងមិនសមហេតុសមផល»។
របាយការណ៍ផ្លូវការនេះ មានឈ្មោះថា របាយការណ៍ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០២៥ (TIP) ដែលរៀបរាប់លម្អិតអំពីស្ថានភាពនៃការជួញដូរ និងកិច្ចខិតខំប្រឹងប្រែងឆ្លើយតប នៅសហរដ្ឋអាមេរិក និងប្រទេសជាង១៨៥ផ្សេងទៀត។
ការស្ថិតនៅក្នុងចំណាត់ថ្នាក់ Tier 3 បង្ហាញថា កម្ពុជាមិនបានបំពេញតាមស្តង់ដារអប្បបរមា របស់ក្រសួង ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងមិនបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីដោះស្រាយរឿងនេះ។ ប្រទេសចំនួន ១៩ ផ្សេងទៀត ក៏ត្រូវបានចាត់ថ្នាក់ក្នុង Tier 3 ផងដែរនៅឆ្នាំនេះ ខណៈដែលប្រទេសចំនួន ១២ ផ្សេងទៀត រួមទាំងប្រទេសជិតខាងគឺ មីយ៉ាន់ម៉ា និងសម្ព័ន្ធមិត្តយូរអង្វែងរបស់កម្ពុជា គឺ ចិន ត្រូវបានចាត់ទុកថា មាន «គំរូ ឬទម្លាប់» នៃការជួញដូរមនុស្ស ដែលធ្វើឱ្យពួកគេក្លាយជារដ្ឋដែលគាំទ្រការជួញដូរមនុស្ស។ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។
ការរិះគន់របស់សហរដ្ឋអាមេរិក ផ្តោតសំខាន់លើការដែលកម្ពុជាបានផ្តល់ជម្រកដល់ឧស្សាហកម្មបោកប្រាស់តាមអនឡាញ និងការពឹងផ្អែកលើកម្លាំងពលកម្មដោយបង្ខំ ដែលអ្នកស្រាវ ជ្រាវ និងអ្នកស៊ើបអង្កេតបាននិយាយថា មានការគប់គិតពីមន្ត្រីជាន់ខ្ពស់។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងផ្នែកសម្រាប់ប្រទេសកម្ពុជា នៅក្នុងរបាយការណ៍នោះថា៖ «មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ បានបំភិតបំភ័យជនរងគ្រោះ និងសាក្សីនៃការធ្វើការដោយបង្ខំ នៅក្នុងប្រតិបត្តិការបោកបញ្ឆោតតាមអនឡាញ ក៏ដូចជាសកម្មជនសង្គមស៊ីវិល ដែលកំពុងធ្វើការដើម្បីទម្លាយរឿងអាស្រូវ នៃការជួញដូរមនុស្ស ដែលទាក់ទងនឹងការបោកបញ្ឆោត និងបានរារាំងការស៊ើបអង្កេត លើការជួញដូរមនុស្ស នៅក្នុងមជ្ឈមណ្ឌលបោកបញ្ឆោតតាមអនឡាញ»។
របាយការណ៍ដដែល បានបន្ថែមថា មន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជា«ទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ពីបទឧក្រិដ្ឋកម្មដោយបង្ខំ និងកម្លាំងពលកម្មដោយបង្ខំ របស់ជនរងគ្រោះដោយសារការជួញដូរ រួមទាំងតាមរយៈភាពជាម្ចាស់នៃទីតាំង និងអចលនទ្រព្យ ដែលបានប្រើប្រាស់សម្រាប់ប្រតិបត្តិការទាំងនេះ»។
អង្គការ Winrock International បានឱ្យដឹងថាទីតាំងបោកបញ្ឆោតទ្រង់ទ្រាយធំ ប្រហែល ៣៥០ កន្លែង ត្រូវបានរាយការណ៍ថា កំពុងប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា ដោយពឹងផ្អែកលើកម្លាំងពលកម្មដោយបង្ខំ ឬដោយការបង្ខិតបង្ខំ ពីមនុស្សប្រមាណ ១៥០ ០០០ នាក់ មកពីជាង ២២ ប្រទេស និងបង្កើតប្រាក់ចំណូល ចន្លោះពី ១២ ទៅ ១៩ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
បណ្តាញខុសច្បាប់នេះ ក៏បានរីកសាយភាយ ទៅដល់ប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ ដោយមានមនុស្សត្រូវបានគេប៉ាន់ស្មានថា មានច្រើនជាង ៣០០ ០០០ នាក់ ត្រូវបានជួញដូរ ចូលទៅក្នុងឧក្រិដ្ឋកម្មដោយបង្ខំ នៅទូទាំងប្រទេសទាំងបី។
នៅក្នុងទណ្ឌកម្មចុងក្រោយដែលកំណត់គោលដៅ លើកាស៊ីណូ ដែលគេសង្ស័យថា ជាកន្លែងបោកបញ្ឆោត និងមេខ្លោង ដែលនៅពីក្រោយបណ្តាញបោកបញ្ឆោតរបស់កម្ពុជា ក្រសួងរតនាគារអាមេរិក បានលើកឡើងថា ជនជាតិអាមេរិក បានបាត់បង់ប្រាក់ជាង ១០ពាន់លានដុល្លារ កាលពីឆ្នាំមុន ដោយសារការបោកបញ្ឆោត ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍។
កាលពីដើមឆ្នាំនេះ បន្ទាប់ពីមានការកើនឡើងសម្ពាធពីអន្តរជាតិ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមានការបង្ក្រាបទ្រង់ទ្រាយធំ ទូទាំងប្រទេស លើបណ្តាញបោកបញ្ឆោត។ ការបង្រ្កាបនេះ ភាគច្រើនបានកំណត់គោលដៅ លើប្រតិបត្តិការខ្នាតតូច ដោយបន្សល់ទុកទីតាំងធំៗ ដែលគេសង្ស័យថា មានទំនាក់ទំនង ជាមួយមន្ត្រី និងអ្នកមានអំណាច រួមទាំងសមាជិកព្រឹទ្ធសភា លី យ៉ុងផាត់ ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ឱ្យនៅដដែល។

របាយការណ៍នេះបានកត់សម្គាល់ថា ទោះបីជាការជួញដូរមនុស្ស មានភាពរីកសាយភាយ នៅក្នុងប្រតិបត្តិការបោកបញ្ឆោតក៏ដោយ រដ្ឋាភិបាលកម្ពុជា មិនដែលបានចាប់ខ្លួន ឬកាត់ទោសប្រតិបត្តិករ ឬម្ចាស់ទីតាំង ដែលគេសង្ស័យណាមួយឡើយ ហើយកម្ពុជាក៏បានបរាជ័យក្នុងការកាត់ទោសមន្ត្រីដែលត្រូវបានរងទណ្ឌកម្មពីអាមេរិកផងដែរ។
របាយការណ៍ដដែល បានបន្ថែមថា ខណៈពេលដែលរដ្ឋាភិបាលក្រុងភ្នំពេញបានចាត់វិធានការកម្រិតខ្លះ ដូចជា ការសហការជាមួយរដ្ឋាភិបាលបរទេស លើការស៊ើបអង្កេត រដ្ឋាភិបាល មិនបានរាយការណ៍ពីការកាត់ទោស អ្នកជួញដូរពលកម្មណាមួយទេ ចាប់តាំងពីឆ្នាំ២០២២មក។
ប្រទេសថៃដែលទំនាក់ទំនងជាមួយកម្ពុជានៅតែមានភាពតានតឹង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏សាហាវ នៅតាមព្រំដែនកាលពីខែកក្កដា បានចេញដីកាចាប់ខ្លួនមហាសេដ្ឋី និងមន្ត្រីជាន់ខ្ពស់កម្ពុជា ឈ្មោះ កុក អាន ពាក់ព័ន្ធនឹងការបោកបញ្ឆោត កាលពីដើមឆ្នាំនេះ។ ទន្ទឹមនឹងនេះ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា នៅសប្តាហ៍នេះ បានលើកសំណុំរឿងប្រឆាំងនឹងក្រុមមន្ត្រីនគរបាលកម្រិតមធ្យមមួយក្រុម ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូក ពីម្ចាស់ទីតាំងបោកប្រាស់អនឡាញដែលជាជនជាតិថៃ នៅប៉ោយប៉ែត ដែលជាតំបន់ជាមួយគ្នានឹងទីតាំងអគារដែលជាប់ទាក់ព័ន្ធនឹងមូលដ្ឋានរបស់លោក កុក អាន។
លោក Jacob Sims ដែលជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ី នៃសាកលវិទ្យាល័យ Harvard និងជាអ្នកវិភាគលើបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន នៅកម្ពុជា និងក្នុងតំបន់ បានមានប្រសាសន៍ថា៖ «បើក្រឡេកមើលរបាយការណ៍ស្តីពីការជួញដូរមនុស្សសម្រាប់កម្ពុជាកាលពីប៉ុន្មានឆ្នាំមុន គេឃើញថា បញ្ហាសំខាន់បំផុតគឺ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើន បានគប់គិតគ្នា ក្នុងអំពើជួញដូរមនុស្សនេះ»។
លោកបានបញ្ជាក់ថា ការដាក់ចំណាត់ថ្នាក់នេះ គឺសមស្របហើយ ហើយគួរតែបានធ្វើឡើងយូរហើយ។
លោក Sims បានកត់សម្គាល់ថា កំហុសឆ្គងដែលគេចោទប្រកាន់ថា មាននៅក្នុងការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីប្រឆាំងការជួញដូរមនុស្ស មិនមែនគ្រាន់តែផ្តោតលើប្រតិបត្តិការបោកប្រាស់ប៉ុណ្ណោះទេ តែវាកើតមាននៅក្នុងគ្រប់រូបភាពនៃអំពើជួញដូរទាំងអស់។ លោកបានពន្យល់បន្ថែមថា ការដែលរដ្ឋមានការទាក់ទងនឹងការជួញដូរមនុស្ស គឺជាប្រព័ន្ធមួយ ដែលពួកឥស្សរជនមានអំណាចនៅក្នុងស្រុក ដែលជាអ្នកត្រូវទទួលខុសត្រូវ បានបើកផ្លូវឱ្យពួកឧក្រិដ្ឋជនមកពីបរទេសដែលភាគច្រើនក្រុមជនជាតិចិន មកបង្កើតមជ្ឈមណ្ឌលបោកប្រាស់ និងកេងចំណេញពីដំណើរការផ្តល់សញ្ជាតិរបស់កម្ពុជា។
របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីកង្វល់ផ្សេងទៀត ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដែលក្នុងនោះរួមមាន ការរំលោភបំពាន ដែលប៉ះពាល់ដល់ពលករចំណាកស្រុកកម្ពុជា ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការជួញដូរផ្លូវភេទ។
លោក Sims បានសង្កត់ធ្ងន់ថា៖ «អ្វីដែលធ្វើឱ្យប្រតិបត្តិការបោកបញ្ឆោតខុសពីគេ គឺទំហំធំ និងដានជើងបច្ចេកវិទ្យា ដែលបានធ្វើឱ្យភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់រដ្ឋ កាន់តែច្បាស់ រហូតដល់ចំណុចមួយដែលលែងមានអ្នកណាអាចបដិសេធបាន»។
អ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានធ្វើការរាយការណ៍អំពីឧស្សាហកម្មបោកប្រាស់ និងទំនាក់ទំនងរបស់វា ទៅនឹងក្រុមអ្នកមានអំណាចដែលមានខ្សែរយៈនយោបាយ ធ្លាប់ត្រូវបានចាប់ដាក់ពន្ធនាគារ ដោយសារបទចោទប្រកាន់ដែលអាជ្ញាធរអះអាងថា មិនពាក់ព័ន្ធនឹងការសរសេរព័ត៌មានរបស់ពួកគេនោះទេ ប៉ុន្តែស្ថិតនៅក្នុងអំពើញុះញង់ជាដើម។
អាជ្ញាធរ បានបដិសេធជាយូរមកហើយ នូវការគប់គិតនៅក្នុងឧស្សាហកម្មបោកប្រាស់ ឬការធ្វេសប្រហែសណាមួយក្នុងកាតព្វកិច្ចនៃអនុវត្តច្បាប់របស់ពួកគេ។
អង្គភាពរដ្ឋាភិបាល ដូចជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស របស់នគរបាលជាតិ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរងការរិះគន់ ចំពោះការខកខាន ក្នុងការត្រួតពិនិត្យឱ្យបានគ្រប់គ្រាន់ លើជនរងគ្រោះដោយការជួញដូរ ដែលអាចកើតមាន ដោយច្រានចោលការប្តឹងតវ៉ាថាជា «ជម្លោះការងារ» និងធ្វើការបង្រ្កាបដែលត្រូវបានពិពណ៌នាដោយអ្នកសង្កេតការណ៍ថា ជាការសម្តែងប៉ុណ្ណោះ។
អ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងនាយកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស លោក សុខ សំបូរ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានឱ្យអ្នកសារព័ត៌មាន ទៅសួរលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលលោកស្រីក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះដែរ។
ក្រសួងការបរទេសអាមេរិក បានជំរុញឱ្យកម្ពុជា បង្កើនការអនុវត្តច្បាប់ និងគណនេយ្យភាព ដោយអំពាវនាវឱ្យមានការស៊ើបអង្កេត និងការកាត់ទោសអ្នកជួញដូរមនុស្ស ដែលក្នុងនោះរួមមានទាំងមន្ត្រី និងគួបផ្សំជាមួយនឹងការដាក់ទោសទណ្ឌ ដែលមានប្រសិទ្ធភាព។ ក្រសួងបានផ្តល់អនុសាសន៍ ឱ្យមានការត្រួតពិនិត្យកាន់តែប្រសើរឡើង លើជនរងគ្រោះដោយការជួញដូរ ដែលអាចកើតមាន ការពង្រីកការការពារ និងសេវាកម្ម សម្រាប់ជនរងគ្រោះក្នុងស្រុក និងបរទេស និងប្រតិបត្តិការដោយសេរី សម្រាប់សង្គមស៊ីវិល និងអ្នកសារព័ត៌មាន។
ជាធម្មតា ការដែលកម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់ Tier 3 និងត្រូវបានចាត់ទុកថា ជារដ្ឋដែលគាំទ្រការជួញដូរមនុស្ស ធ្វើឱ្យប្រធានាធិបតីអាមេរិក អាចចាត់វិធានឆ្លើយតបបន្ថែមទៀតបាន ដូចជាការកាត់ជំនួយបរទេសជាដើម។ ជាក់ស្តែង រដ្ឋបាលលោក Trump បានកាត់ជំនួយមកកម្ពុជាស្ទើរតែទាំងអស់រួចហើយ ដោយបានរំសាយ USAID នៅឆ្នាំនេះ។
នៅពេលដែលមានសំណួរថា តើសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មថ្មី ទៅលើមន្ត្រីកម្ពុជា ដែលត្រូវបានចោទប្រកាន់ថា បានគប់គិតក្នុងអំពើជួញដូរមនុស្សដែរឬទេ លោក Sims បានឆ្លើយថា វាមិនទាន់ច្បាស់នៅឡើយទេ។ ប៉ុន្តែ ការដែលកម្ពុជាត្រូវបានចាត់ទុកជារដ្ឋដែលគាំទ្រការជួញដូរមនុស្សបែបនេះ បង្ហាញថា សហរដ្ឋអាមេរិក «អាចនឹងមានការពិចារណា» ដាក់វិធានការបន្ថែមទៀត។
លោកបានសន្និដ្ឋានថា៖ «និយាយឱ្យស្រួលយល់ទៅ ការដាក់ចំណាត់ថ្នាក់នេះ មិនមែនជាដំណោះស្រាយដែលមានប្រសិទ្ធភាពភ្លាមៗទេ ប៉ុន្តែវាជាជំហានដ៏សំខាន់ ក្នុងទិសដៅត្រឹមត្រូវ»៕
សម្គាល់៖ អត្ថបទនេះត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង២និង៣០នាទីរសៀល។ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានបង្ហោះរបាយការណ៍នេះនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែមិនបានផ្សព្វផ្សាយវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬចេញសេចក្តីប្រកាសព័ត៌មានដូចកាលពីឆ្នាំមុននោះទេ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US State Department Labels Cambodia ‘State Sponsor’ of Human Trafficking










