អង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជាចំនួន១៩ បានរៀបចំប្រារព្ធយុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាលើ យេនឌ័រ ដែលហៅកាត់ថា «យុទ្ធនាការ ១៦ថ្ងៃ» ក្រោមប្រធានបទ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់»។
យុទ្ធនាការនេះមានរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិចិ្ឆកា រហូតដល់ថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងរយៈ១៦ថ្ងៃនៃយុទ្ធនាការ នៅព្រឹកថ្ងៃទី១ ខែធ្នូ មាន សមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំផ្ទាល់នៅទីលានប្រជាធិបតេយ្យដែលផ្តល់ឱកាសឱ្យស្រ្តីឡើងផ្តល់មតិ និងយោបល់ផ្ទាល់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់លើស្រ្តី និងក្មេងស្រី។
អ្នកនាង កែវ ចាន់រ៉ា ប្រធានសមាគមស្រ្តីជនបទ និងជាគណៈកម្មការយុទ្ធនាការថ្លែងថា ស្ត្រីនិងកុមារនៅតែបន្តរងអំពើហិង្សាគ្រប់ទម្រង់នៅឡើយ។
អ្នកនាង ចាន់រ៉ា បន្តថា៖ «យើងមកទីនេះដើម្បីបង្ហាញថាអ្វីដែលបានសន្យាមិនទាន់បានសម្រេច ដូចអ្វីដែលបានសន្យាទេ គឺត្រូវការពង្រឹង និងការពន្លឿនថែមទៀត ដើម្បីឱ្យបញ្ហានេះត្រូវបានដោះស្រាយ ដើម្បីយើងឆ្ពោះទៅរកសមភាពនិងសមធម៌ក្នុងសង្គម»។
អ្នកស្រី កូប ការីម៉ាស់ ជាសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ករណីរំលោភបំពានលើក្មេងស្រីជនជាតិខ្មែរឥស្លាមចំនួន១៨នាក់ គឺជារឿងមួយដែលត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។
អ្នកស្រីបានបញ្ចាក់ថា៖ «វាជារឿងរបស់យើងទូទៅទាំងអស់គ្នា»។
អ្នកស្រីបន្តសំណូមពរឱ្យអ្នកចូលរួមយុទ្ធនាការ១៦ថ្ងៃចូលរួមឱ្យបានច្រើនក្នុងការចែករំលែកនិងការបញ្ចេញមតិ នៅពេលដែលមានសារ និងព័ត៌មានទាក់ទងជាមួយនឹងអំពើហិង្សានិងរំលោភបំពានលើក្មេងស្រី ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់។
អ្នកស្រីបានបង្ហាញអំពីការព្រួយបារម្ភក្នុងនាមជាអាជីវករ៖ «ដូចពួកខ្ញុំជាអាជីវករចឹងលក់តាំងប្រលឹម ទល់ប្រលប់ អ្នកលក់យប់តាមយប់ អ្នកលក់ថ្ងៃតាមថ្ងៃ អ្នកលក់ល្ងាចតាមល្ងាច លក់កប់យប់អ៊ីចឹង គឺអត់មានសុវត្ថិភាព សូម្បីតែបន្តិចនៅក្នុងសហគមន៍របស់យើង»។
អ្នកស្រីបន្ថែមថា៖ «នៅក្នុងសហគមន៏ខ្ញុំគិតថា បងប្អូនទាំងអស់គ្នាដូចខ្ញុំអ៊ីចឹង សុទ្ធតែព្រួយបារម្ភហេតុអ្វីយើងត្រូវបារម្ភរឿងអស់នឹងនៅពេលប្រទេសយើងមានច្បាប់ស្រាប់ ដោយសារតែច្បាប់វាមិនទាន់មានទម្ងន់នៅឡើយ»។
ដើម្បីគាំទ្រសុវត្ថិភាព និងយុត្តិធម៌ដល់ស្ត្រី និងកុមារ អង្គការលីកាដូបានបើកគេហទំព័រថ្មី ដោយផ្តល់នូវប្រភពព័ត៌មានសំខាន់ៗមួយចំនួន ដើម្បីជួយដល់បុគ្គលគ្រប់រូបដែលកំពុងរងគ្រោះពីអំពើហិង្សា និងកំពុងតែទាមទារឱ្យមានសុវត្ថិភាព និងយុត្តិធម៌ សម្រាប់ពួកគេ។
យោងតាមអង្គការ លីកាដូ គេហទំព័រ សុវត្ថិភាព និងយុត្តិធម៌ នឹងបើកដំណើរការនៅថ្ងៃដំបូងនៃយុទ្ធនាការ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ក្នុងឆ្នាំនេះ ដោយផ្តល់លទ្ធភាពដល់សាធារណជន ឱ្យទទួលបានប្រភពព័ត៌មានមួយចំនួនដូចជា ខិត្តប័ណ្ណ ឯកសារជាសំឡេង វីដេអូ ច្បាប់មួយចំនួនដែលពាក់ព័ន្ធ និងអាសយដ្ឋានទំនាក់ទំនងរបស់ស្ថាប័នមួយចំនួនដែលផ្តល់ជំនួយ ដើម្បីជួយតម្រង់ផ្លូវដល់ពលរដ្ឋដែលមានតម្រូវការ។
យោងតាមរបាយការណ៏ពិនិត្យតាមដានការអនុវត្តអនុសញ្ញាស៊ី- ដ បានបង្ហាញថា អំពើហិង្សាគ្រប់ទម្រង់នៅតែបន្តកើតឡើង ហើយក្នុងរបាយការណ៏ដដែលក៏បានបង្ហាញថា អំពើហិង្សាផ្អែកលើយេនឌ័រ ការរំលោភបំពានផ្លូវភេទទាំងផ្ទាល់និងតាមប្រព័ន្ធអនឡាញមកលើស្រ្តី និងកុមារ ព្រមទាំងការបៀតបៀនលើស្រ្តីជាកម្មករនិយោជិត និងស្រ្តីក្នុងវិស័យផ្សេងទៀតនៅតែជាក្តីព្រួយបារម្ភ។
បើយោងតាមកំណត់ត្រារបស់អង្គការក្នុងឆ្នាំ២០២២មានអំពើហិង្សាចំនួន៤៤២ករណី ដែលក្នុងនោះអង្គការបានផ្តល់ជំនួយផ្នែកច្បាប់ដល់ស្រ្តីរងគ្រោះពីអំពើហិង្សានៅតាមខេត្តដែលអង្គការធ្វើជាមួយ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងមួយឆ្នាំកន្លងទៅមាន១១ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិត ដែលមានអាយុចាប់ពី១២ទៅ១៧ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមអនឡាញ ដែលក្នុងនោះរួមមានការគំរាមឱ្យកុមារចូលរួម ក្នុងសកម្មភាពផ្លូវភេទ ចែករំលែករូបភាពអាសអាភាសដោយពុំមានការអនុញ្ញាត ឬបង្ខំឱ្យពួកគេចូលរួមក្នុងសកម្មភាពផ្លូវភេទដោយសន្យាថា ផ្តល់លុយកាក់ ឬអំណោយផ្សេងៗ។
អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិអង្គការក្លាហាន ឱ្យដឹងថា តាមការកត់សម្គាល់ឃើញថាអំពើហិង្សាលើស្ត្រីនៅក្មេងស្រី គឺនៅតែមានតួលេខដែលគួរឲ្យព្រួយបារម្ភនៅឡើយ ទោះបីជាយើងឃើញថាមានកិច្ចខិតខំប្រឹងប្រែងជាច្រើនទាំងអង្គការដៃគូពាក់ព័ន្ធក៏ដូចជាខាងរដ្ឋាភិបាល។
អ្នកស្រីបន្តថា តួលេខរបស់អង្គការសុខភាពពិភពលោកដែលគេបានធ្វើការសិក្សាស្រាវជ្រាវឃើញថាស្ត្រី១នាក់ក្នុងចំណោម៣នាក់ គឺនៅតែទទួលរងនៅអំពើហិង្សាផ្អែកលើយេនឌ័រនៅឡើយនៅទូទាំងសាកលលោក។
បើក្រឡេកមកមើលនៅកម្ពុជា តាមការសិក្សាស្រាវជ្រាវដែលធ្វើឡើងនៅឆ្នាំ២០២២ ឃើញថា ២0ភាគរយជាងដែលស្រ្តី និងក្មេងស្រីគាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍អំពើហិង្សាពីដៃគូស្និទ្ធសា្នលក៏ដូចជាអំពើហិង្សានៅក្នុងគ្រួសារ នេះបង្ហាញថាស្ថានភាពនៅមិនទាន់ធូរស្រាលនៅឡើយ។
អ្នកស្រីប្រាប់ថា ស្ត្រីភាគច្រើនដែលគាត់រងគ្រោះគឺគាត់មិនបានស្វែងរកការគាំទ្រពីអាជ្ញាធរពាក់ព័ន្ធទេ។ អ្នកស្រីនិយាយបន្តថា ការមិនស្វែងរកការគាំទ្រអាចមកពីបញ្ហាមួយចំនួន។
អ្នកស្រីថ្លែងថា៖ «ទីមួយគាត់អាចនឹងអត់មានជំនឿទៅលើអាជ្ញាធរពាក់ព័ន្ធ ទី២យើងឃើញថាករណីមួយចំនួននៅពេលដែលគាត់ស្វែងរកការគាំទ្រគឺភាគច្រើន ជាពិសេសជារឿងហិង្សាក្នុងគ្រួសារគឺអាជ្ញាធរគាត់តែងតែធ្វើការសម្រុះសម្រួលដោយអត់បានសិក្សាឱ្យបានជាស៊ីជម្រៅពីភាពប្រឈមរបស់ជនរងគ្រោះ»។
អ្នកស្រីបន្តថា ករណីអំពើហិង្សាខ្លះឈានទៅដល់ស្ថានភាពធ្ងន់ធ្ងរនៅពេលដែលមានការសម្រុះសម្រួលត្រលប់ឲ្យគាត់ទៅរស់នៅជាមួយនឹងដៃគូរបស់គាត់វិញ។
អ្នកស្រី ម៉ៅ ម៉ាប់ ឱ្យដឹងថា នៅពេលដែលជនរងគ្រោះស្វែងរកការគាំទ្រគាត់ហ៊ានលើកឡើងអំពីបញ្ហារបស់ពួកគាត់ភាគច្រើនគឺគាត់ទទួលបានការវិនិច្ឆ័យនិងទទួលបានការមាក់ងាយពីសហគមន៍ក៏ដូចជាពីអ្នកផ្សេងៗ ពេលខ្លះសូម្បីនៅក្នុងគ្រួសាររបស់ពួកគាត់។
អ្នកស្រីបានលើកឡើងថា៖ «អ៊ីចឹងវាអាចមកពីផ្នត់គំនិតសង្គមមួយចំនួន តួនាទីយេនឌ័រមួយចំនួនដែលរឹតត្បិតដែលដាក់សម្ពាធទៅដល់គាត់អត់ទទួលស្គាល់នូវបញ្ហារបស់គាត់»។
អ្នកស្រីប្រាប់ថា បញ្ហាមួយទៀតគឺទាក់ទងជាមួយនឹងច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សានៅមានភាពខ្វះចន្លោះនៅឡើយដែលអត់ទាន់បានឆ្លើយតបពេញលេញទៅលើតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះដោយអំពើហិង្សា។
អ្នកស្រីបានបញ្ជាក់ថា៖ «ជាក់ស្ដែងបច្ចុប្បន្ននេះរដ្ឋអត់ទាន់មានមណ្ឌលសុវត្ថិភាពសម្រាប់ស្ត្រីឬក៏សម្រាប់ជនរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារឬក៏ អំពើហិង្សាផ្នែកលើយេនឌ័រទេ យើងឃើញមានមណ្ឌលសុវត្ថិភាពមួយចំនួនដែរ ប៉ុន្តែភាគច្រើនគឺជាមណ្ឌលរបស់អង្គការក្រៅរដ្ឋាភិបាល»។
អ្នកស្រីបន្តទៀតថា បញ្ហាប្រឈមមួយទៀត គឺទាក់ទងការអនុវត្តច្បាប់នៅមានកម្រិតដែលមើលឃើញថាភាគច្រើនស្ត្រីដែលរងគ្រោះដោយអំពើហិង្សាហ្នឹងគឺគាត់អត់ស្វែងរកការគាំទ្រហើយជាឱកាសឱ្យជនប្រព្រឹត្តហ្នឹង តែងតែរួចខ្លួនអំពីបទល្មើសដែលបានប្រព្រឹត្ត។
អ្នកស្រីបញ្ជាក់ថា៖ «ជនប្រព្រឹត្តហ្នឹងគឺគាត់តែងតែរួចខ្លួនអំពីបទល្មើសដែលគាត់បានប្រព្រឹត្តអញ្ចឹងក៏ក្លាយទៅជាវប្បធម៌និទ្ទណ្ឌភាពដែលបានផ្តល់ឱកាសឲ្យជនប្រព្រឹត្តហ្នឹងគឺគាត់នៅតែប្រព្រឹត្តបទល្មើសហើយជនរងគ្រោះនៅតែទទួលរងនូវអយុត្តិធម៌រហូត»។
អ្នកស្រីប្រាប់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើគឺទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមចំណែកក្នុងការទប់ស្កាត់អំពើហិង្សា ក្នុងនោះក្រសួងពាក់ព័ន្ធជាពិសេសរាជរដ្ឋាភិបាលគឺក្រសួងកិច្ចការនារី ជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលត្រូវតែពិនិត្យ និងវិសោធនកម្មច្បាប់ទាក់ទងជាមួយនឹងច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សានិងកិច្ចការពារនិងគាំពារជនរងគ្រោះ។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការ លីកាដូ ក៏បានលើកឡើងថា អំពើហិង្សាលើស្ត្រី និងកុមារ វានៅតែកើតមានញឹកញាប់នៅកម្ពុជា។
លោកថ្លែងថា៖ «អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទគឺជាការរំលោភសិទ្ធិធ្ងន់ធ្ងរ ប៉ុន្តែជារឿយៗ រឿងនេះត្រូវបានច្រានចោល ឬអត់ឱនដោយអាជ្ញាធរ តុលាការ និងសង្គម។ បញ្ហានេះត្រូវចាត់ទុកជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ»។
លោកបន្តថា មនុស្សគ្រប់រូបមានតួនាទីក្នុងការបង្ហាញយ៉ាងច្បាស់ថា អំពើហិង្សាលើស្ត្រី និងកុមារ មិនអាចទទួលយកបានឡើយ។ រដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ហើយអាជ្ញាធរត្រូវតែបំពេញការងាររបស់ពួកគេ ដើម្បីធានាថាស្ត្រី និងកុមារមានយុត្តិធម៌ សុវត្ថិភាព និងសេវាកម្មដែលពួកគេសមនឹងទទួលបាន។
អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងអំពីយុទ្ធការ១៦ថ្ងៃ នៅក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រក្រោមប្រធានបទ តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការទប់ស្កាត់អំពើហិង្សាលើស្ត្រី នៅថ្ងៃទី៥ ខែធ្នូ។
អ្នកស្រីបានថ្លែងថា ក្រោមឆ័ត្រយុទ្ធសាស្រ្តបញ្ចកោណនេះ ក្រសួងកិច្ចការនារីបានអភិវឌ្ឍគោលនយោបាយផែនការយុទ្ធសាស្រ្ត នារីរតនៈទី៦ ពីឆ្នាំ២០២៤ទៅដល់ឆ្នាំ២០២៨ ដោយផ្តោតទៅលើការបញ្ច្រាបយេនឌ័រ តាមរយៈការធ្វើបដិវត្តកម្មយេនឌ័រ។
អ្នកស្រីបានបន្ថែមថា ការងារនារីជាការងារអន្តរវិស័យ ហើយការងារបញ្ច្រាបយេនឌ័រ គឺជាការបញ្ច្រាបបញ្ហានារីនៅក្នុងវិស័យទាំងអស់ ទៅដល់ថ្នាក់ដឹកនាំ ហើយឱ្យបញ្ចូលបញ្ហានារីទៅក្នុងគោលនយោបាយជាតិ៕