សហជីពឯករាជ្យ កម្មករ និងសង្គមស៊ីវិល មកពីវិស័យផ្សេងគ្នារាប់រយនាក់ បានប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៧ នៅពីរទីតាំងផ្សេងគ្នា ដោយពួកគេចង់ឃើញរដ្ឋាភិបាលដោះស្រាយវិវាទការងារ លើកកម្ពស់សិទ្ធិពលរដ្ឋ និងសិទ្ធិកម្មករឱ្យមានភាពល្អប្រសើរឡើង ខណៈការបោះឆ្នោតអាណត្តិទី៧នឹងឈានមកដល់នាពេលខាងមុននេះ។
កម្មករ កម្មការិនី សហជីព និងសង្គមស៊ីវិល មកពីគ្រប់វិស័យ រួមទាំងសិស្សនិស្សិត ព្រះសង្ឃ បានជួបជុំគ្នានៅមុខរដ្ឋសភា និងនៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីលើកឡើងពីបញ្ហាប្រឈម កង្វល់ និងការទាមទារចង់បានរបស់ពួកគេទៅដល់រដ្ឋាភិបាល និងតំណាងរាស្រ្តបានដឹងពីទុក្ខកង្វល់របស់ពួកគេ នៅថ្ងៃទិវាពលកម្មអន្តរជាតិនេះ ។ កម្មករមកពីក្រុមផ្សេងៗគ្នា ខ្លះលើកបដា ខ្លះស្រែកទាមទារតាមឧគ្ឃោសនសព្ទ ឯខ្លះទៀត ច្រៀងចម្រៀងសិទ្ធិកម្មករ និងការចងក្រងជាសហជីព ខណៈអាជ្ញាធរឃ្លាំមើល និងស្នើឱ្យមានការរក្សាសណ្ដាប់ធ្នាប់។
កំពុងដើរដង្ហែក្បួនក្នុងឯកសណ្ឋានកម្មករសំណង់ជាមួយមនុស្សប្រមាណជិត២០០នាក់ លោក ថុល ធីម អាយុ ៥១ឆ្នាំ ជាពលរដ្ឋរស់នៅភូមិបឹងក្រសារ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា គោលបំណងក្នុងការចូលរួមក្នុងទិវាពលកម្មអន្តរជាតិនេះ គឺដើម្បីស្នើសុំឱ្យរដ្ឋាភិបាល និងក្រសួងការងារ យកចិត្តទុកដាក់ផ្ដល់បណ្ណរបបសន្តិសុខសង្គម(បសស)ដល់កម្មករសំណង់ ខណៈប្រាក់ឈ្នួលក្នុងវិស័យនេះមិនអាចចំណាយលើថ្ងៃព្យាបាលជំងឺគ្រប់ឡើយ។
លោក ធីម និយាយថា៖ «ធ្វើការសំណង់អស់រយៈពេលជិត២០ឆ្នាំហើយ ប៉ុន្តែពេលឈឺចូលពេទ្យម្ដងៗ គឺត្រូវចេញថ្លៃចំណាយដោយខ្លួនឯង ដូច្នេះហើយបានជាចង់ស្នើសុំបណ្ណហ្នឹង។ បើបានទៅវាក៏ស្រួលដែរ។»។
ជាកម្មកររោងចក្រឧស្សាហកម្មមកពីខេត្តកំពតគឺ អ្នកស្រី មុំ ប្រាប់ឱ្យដឹងថា មូលហេតុនៃការមកចូលរួមនេះ ដោយចង់ស្នើឱ្យអាជ្ញាធរអន្តរាគមន៍រវាងនិយោជក និងកម្មករក្នុងការផ្ដល់អាទិភាព និងសិទ្ធិដល់កម្មករឱ្យស្មើភាពគ្នា ក៏ដូចជាផ្ដល់បរិយាកាសងាយស្រួលនៅកន្លែងធ្វើការ ដោយមិនមានការរឹតត្បិតហួសហេតុពីសំណាក់និយោជក ជាក់ស្ដែងដូចជាការប្រើប្រាស់បន្ទប់ទឹកក៏ត្រូវរងការរិតត្បិតផងដែរ។
អ្នកស្រី មុំ លើលឡើងថា៖ «ស្នើសុំតែការផ្ដល់សិទ្ធិឱ្យមានភាពស្មើគ្នា។ រាល់ដងពេលកម្មករខ្លះមកធ្វើការលើសម៉ោងតិចតួចអី គេក៏បញ្ឈប់ទៅ អត់មានសួរមូលហេតុអីនោះទេ»។
ចំណែកអ្នកស្រី ញៀង រតនា អាយុ៣៥ឆ្នាំ ជាអតីតកម្មកររោងចក្រវាយអូលេត បម្រើការងារអស់រយៈពេល១៧ឆ្នាំ បានឈរលើកបដាជាមួយកម្មករផ្សេងទៀត និយាយពីការចង់បានដំណោះស្រាយពីក្រសួងការងារ និងអ្នកពាក់ព័ន្ធក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ដោយសារតែរោងចក្រដែលអ្នកស្រីធ្វើការបានបិទទ្វារហើយមិនទូទាត់សំណងទៅតាមច្បាប់ការងារ ហើយអ្វីដែលអ្នកស្រីរំពឹងនោះគឺរដ្ឋាភិបាល និងតំណាងរាស្រ្តត្រូវដោះស្រាយបញ្ហាកម្មករដោយមិនត្រូវអូសបន្លាយទៀតទេ។
អ្នកស្រី រតនា ឱ្យដឹងថា៖ «ក្ដីបំណងខ្ញុំធំបំផុតចង់ឱ្យរដ្ឋាភិបាលរឹតបន្តឹងទៅក្រសួងការងារ និងថៅកែ ដោយសារតែពេលរោងចក្របិទទ្វារ គ្នាមិនបានទទួលផលប្រយោជន៍ ឬសំណងតាមច្បាប់ការងារឡើយ»។
ប្រធានសមាគមអ្នកបម្រើការងារតាមផ្ទះ អ្នកស្រី យឹម សុធី ប្រាប់ឱ្យដឹងថា បុគ្គលិកធ្វើការតាមផ្ទះនៅតែរងការប្រឈមក្រោមរូបភាពនានាពីម្ចាស់ផ្ទះ និងបាត់បង់អត្ថប្រយោជន៍ការងារ ខណៈអ្នកទាំងនោះមិនទាន់មានការគាំពារសង្គមឱ្យបានដិតដល់នៅឡើយទេ ហើយការចូលរួមបន្លឺសំលេងនៅថ្ងៃពលកម្មអន្តរជាតិ។ អ្នកស្រី សុធី រំពឹងថា រដ្ឋាភិបាល នឹងគិតគូរទៅលើបញ្ហាទាំងនេះ។
អ្នកស្រី សុធី ថ្លែងថា៖ «យើងចង់បង្ហាញសារថា កម្មករតាមផ្ទះមិនមែនជាអ្នកបម្រើ ហើយយើងចង់បានច្បាប់ បសស ហ្នឹងឱ្យបានទូលំទូលាយព្រោះថៅកែ ឬម្ចាស់ផ្ទះត្រូវតែទិញឱ្យកម្មករ ព្រោះខ្ញុំចង់បានសេវាថែទាំងសុខភាព និងគ្រោះថ្នាក់ការងារ»។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថា អ្វីដែលក្រុមសហជីពឯករាជ្យចង់បាន គឺការអនុវត្តសិទ្ធិសេរីភាពពេញលេញក្នុងការបង្កើតសហជីពដោយគ្មានការគំរាមកំហែង ឬប្រើប្រាស់ប្រព័ន្ធច្បាប់មកគាប និងរើសអើងពីសំណាក់ថៅកែ ដូច្នេះរដ្ឋសភាគួរដោះស្រាយបញ្ហាអាទិភាពរបស់ក្រុមសហជីព ខណៈការបោះឆ្នោតនឹងមកដល់នាពេលខាងមុខនេះ។
អ្នកស្រី សុភ័ណ្ឌ ថ្លែងថា៖ «ជាទូទៅពេលដែលយើងរៀបចំការចងក្រងបង្កើតសហជីព គឺត្រូវបានច្បាប់ការពារពិសេស ប៉ុន្តែនៅពេលដែលយើងចងក្រង យើងអត់ទទួលបានការការពារពិសេសទេ យើងទទួលបានការបញ្ឈប់ពិសេសពីការងារ»។
កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ក៏មានវត្តមាននៅក្នុងទិវាពលកម្មពន្តរជាតិលើកទី១៣៧នេះដែរ បើតាមកញ្ញា ម៉ម សុវឌ្ឍិន ជាកូដករដែលតស៊ូក្នុងការទាមទារសិទ្ធិការងារជាមួយថៅកែនៃក្រុមហ៊ុនណាហ្គាវើលដ៍ អស់រយៈពេលជិត២ឆ្នាំជាងមកនេះ លើកឡើងថា ការតស៊ូមតិដើម្បីរកដំណោះស្រាយក្នុងវិវាទការងារជាមួយថៅកែណាហ្គាវើលដ៍ គឺជារឿងត្រឹមត្រូវតាមច្បាប់ និងមិនស្ថិតក្រោមរូបភាពនយោបាយ ឬក្នុងន័យប្រឆាំងរដ្ឋាភិបាលទេ។ ពោល វិវាទនេះ សុវឌ្ឍិន បញ្ជាក់ថា ជាវិវាទការងាររវាងកម្មករ និងថៅកែ មិនមែនកម្មករ និងរដ្ឋាភិបាលឡើយ ហើយរដ្ឋាភិបាល គួររកដំណោះស្រាយជូនកម្មករ ជាជាងចោទប្រកាន់ ឬលាបពណ៌ក្រោមទម្រង់នយោបាយ។
កញ្ញា សុវឌ្ឍិន បញ្ជាក់ថា៖ «ការតស៊ូមតិជាមួយថៅកែណាហ្គាវើលដ៍អត់មានទាមទារប្រឆាំងរដ្ឋាភិបាល ឬទម្លាក់រដ្ឋាភិបាលទេ។ យើងទាមទារតែជាមួយថៅកែណាហ្គាវើលដ៍ឱ្យគាត់គោរពសិទ្ធិសេរីភាពរបស់សហជីព ព្រោះថៅកែរំលោភសេរីភាពសហជីព»។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងចំៗទៅក្រុមកូដករណាហ្គាវើលដ៍ជាលើកទី៣ថា ជាក្រុមបាតុករ ដែលមានបរទេសគាំទ្រផ្ដល់ថវិកាដើម្បីធ្វើសកម្មភាពតវ៉ាខុសច្បាប់ និងបានស្នើឱ្យប្រទេសទាំងនោះបញ្ឈប់ការផ្ដល់ថវិកាមកក្រុមកូដករ ខណៈលោកលើកជាសំណួរថា កម្មករដែលបាត់បង់ការងារធ្វើ២ឆ្នាំហើយ ប៉ុន្តែនៅមានបាយហូប នៅមានកម្លាំងធ្វើសកម្មភាពតវ៉ា។
លោក ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «បាតុកម្មតាំងពីមនុស្សជាង៣០០នាក់ រហូតដល់មនុស្សនៅសល់១០០នាក់ ចោទចេញជាសំណួរថា ខ្លួនជាកម្មករសោះក៏ប៉ុន្ដែរយៈពេលអត់ការងារធ្វើ២ឆ្នាំ ប៉ុន្ដែនៅមានបាយស៊ី នៅមានកម្លាំងមកធ្វើបាតុកម្ម តើរឿងនេះរដ្ឋាភិបាលដឹងឬមិនដឹង មិនមែនរដ្ឋាភិបាលមិនដឹងទេ កន្លែងបើកលុយនៅកន្លែងណានោះ»។
ឆ្លើយតបនឹងការប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កញ្ញា សុវឌ្ឍិន អះអាងថា ក្រុមកូដករដែលតស៊ូដើម្បីសិទ្ធិការងារជិត២ឆ្នាំមកនេះ ថ្វីត្បិតតែមិនមានការងារធ្វើ តែគេក៏មានជំនាញរកប្រាក់កម្រៃចិញ្ចឹមជីវិត ហើយកញ្ញាបដិសេធថា ក្រុមកម្មករមិនដែលទទួលបានថវិកាពីក្រុមបរទេស ឬប្រទេសក្រៅនោះទេ។
កូដកររូបនេះលើកឡើងថា៖ «ខ្ញុំមានជំនាញតិចតួចរកលុយដើម្បីអាហារ៣ពេល វាមិនស្លាប់ទេ តែវាគ្មានជីជាតិទេហូបឱ្យតែរួចមួយពេលៗ។ ការចោទប្រកាន់ថាមានអ្នកឧបត្ថម្ភនៅពីក្រោយ គឺមិនពិតទេ ហើយអ្វីដែលសម្ដេចមានប្រសាសន៍ ធ្វើដូចពួកខ្ញុំធ្វើខុសច្បាប់ ឬទទួលជំនួយពីបរទេស»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួងបានទទួល និងពិនិត្យឃើញថាខ្លឹមសារញត្តិដែលសហព័ន្ធសហជីព និងសមាគមចំនួន១០ បានដាក់មកនោះគឺមានមួយចំនួនធំបានដោះស្រាយរួចរាល់។ រីឯមួយចំនួនទៀត លោកថា ក្រសួងនឹងយកទៅធ្វើការសិក្សា រួមទាំងដាក់ឱ្យយន្តការត្រីភាគីសិក្សាផងដែរ ខណៈ ចំណុចតិចតួចបំផុត គឺមិនពាក់ព័ន្ធនឹងរឿងសិទ្ធិការងារ ឬសេរីភាពអង្គការវិជ្ជាជីវៈនោះទេ។
លោក ហេង សួរ មានប្រសាសន៍ថា៖ «ក្រសួង និងដៃគូពាក់ព័ន្ធរួមទាំងអង្គការអន្តរជាតិខាងការងារដែលជាអង្គការជំនាញនឹងបន្តបង្កើតយន្តការត្រីភាគីនានា ដែលនឹងកាន់តែនាំប្រយោជន៍ដល់កម្មករនិយោជិត អ្នកវិនិយោគ និងប្រជាពលរដ្ឋទូទៅ ជាពិសេសធានាបាននូវភាពប្រកួតប្រជែងរបស់ប្រទេសធៀបជាមួយនឹងប្រទេសជិតខាងយើង»។
បន្ទាប់ពីមានការថ្លែងសារ និងសម្ដែងមតិនៅមុខរដ្ឋសភាអស់ជិត២ម៉ោង តំណាងសហជីព កម្មករ និងសង្គមស៊ីវិល បានចូលទៅដាក់ញត្តិនៅរដ្ឋសភា ហើយភ្លាមៗនោះមានមន្រ្តីនៃរដ្ឋសភា បានចេញមកចុះហត្ថលេខាទទួលញត្តិផងដែរ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា គណៈកម្មការទី១នៃរដ្ឋសភាបានទទួលញត្តិរួចរាល់ហើយ ដោយនឹងចាត់ការទៅតាមបែបបទដែលធ្លាប់បានធ្វើកន្លងមក តែមន្រ្តីរូបនេះ មិនបានបញ្ជាក់លម្អិតពីនីតិវិធី និងដំណោះស្រាយបន្ទាប់បែបណានោះទេ។
លោក ប៉េងឡុង មានប្រសាសន៍ថា៖ «ព្រឹកមិញនេះខាងគណៈកម្មការលោកបានទទួលញត្តិ ទាំងអស់ ដោយក្រោយពីបានទទួលញត្តិ គាត់នឹងចាត់ការទៅតាមបែបបទនិងវិធីដែលធ្លាប់បានធ្វើដែរ»។

ជុំវិញករណីនេះ លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា បញ្ហារបស់កម្មករ កម្មការិនី មកពីគ្រប់វិស័យ គប្បីត្រូវបានដោះស្រាយ និងយកចិត្តទុកដាក់ពីរដ្ឋាភិបាល ពិសេសតំណាងរាស្រ្តដែលជាប់ឆ្នោតហើយ មិនគួរប្រងើយកន្តើយចំពោះបញ្ហារបស់ម្ចាស់ឆ្នោតឡើយ ហើយខណ
ៈការបោះឆ្នោតអាណត្តិទី៦នឹងជិតមកដល់ ដូច្នេះគណបក្សនយោបាយផ្សេងៗមិនគួរមើលរំលងបញ្ហាពលរដ្ឋឡើយ។
លោក សំអាត មានប្រសាសន៍ថា៖ «ការបោះឆ្នោតក៏គៀកមកដល់ហើយ អ៊ីចឹងមិនមែនតែតំណាងរាស្រ្តទេ គណបក្សនយោបាយដទៃទៀត ដែលគ្រោងប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះ ត្រូវមើលបញ្ហារបស់កម្មករ សហជីព ដែលកំពុងកើតឡើង»។
យោងតាមខ្លឹមសារនៃញត្តិ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានដាក់ចេញគោលនយោបាយជាច្រើនពាក់ព័ន្ធវិស័យការងារក្នុងក្របខណ្ឌកម្មវិធីលើកកម្ពស់ការងារសមរម្យឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ប៉ុន្តែគោលនយោបាយទាំងនោះមិនទាន់បានឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចសង្គមនៅឡើយ។
ជាក់ស្តែងមានបណ្តឹងសរុប៥៨ករណី រួមទាំងករណីព្រហ្មទណ្ឌ និងស៊ីវិលប្រឆាំងនឹងថ្នាក់ដឹកនាំ និងសកម្មជនសហជីពចាប់តាំងពីឆ្នាំ ២០១៣ មិនទាន់ត្រូវបានដោះស្រាយនៅទ្បើយ ដោយមានករណីតិចតួចប៉ុណ្ណោះត្រូវបានដោះស្រាយ។ សហជីពមូលដ្ឋានជាង១០ កំពុងជួបប្រទះឧបសគ្គក្នុងការចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំសហជីព និងស្ថាបនិកសហជីពមូលដ្ឋានជាង៥០ករណីត្រូវបានបញ្ឈប់ពីការងារដោយការរើសអើងសហជីព និងត្រូវបានញែកចេញឱ្យទៅជាវិវាទបុគ្គល ឬហេតុផលចប់កិច្ចសន្យាការងារដោយក្រសួងការងារ បានធ្វើឱ្យប៉ះពាល់សិទ្ធិជាមូលដ្ឋានរបស់កម្មករ និងសេរីភាពផ្នែកសហជីព៕
