សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ប្រធានាធិបតីចិនចុះកិច្ចព្រមព្រៀងជាច្រើន​ជាមួយកម្ពុជា តែមិនមែន​កម្ចី

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងអំឡុងពេលចុះកិច្ចព្រមព្រៀងចំនួន៣៧ នៅវិមានសន្តិភាពក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ (រូបភាព៖ AKP)
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងអំឡុងពេលចុះកិច្ចព្រមព្រៀងចំនួន៣៧ នៅវិមានសន្តិភាពក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ (រូបភាព៖ AKP)

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping ) បានធ្វើ​ដំណើរ​បំពេញទស្សនកិច្ចផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ចំនួន​បី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ក្នុងរយៈពេល​ប្រាំ​ថ្ងៃ ហើយ​កាលពី​ថ្ងៃសុក្រ កម្ពុជា-ចិន បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​ថ្មីលើ​ឯកសារចំនួន​៣៧ ដែល​ពិធីចុះហត្ថលេខានេះធ្វើឡើង​ក្នុងរាជធានីភ្នំពេញ​។​

កិច្ច​ព្រម​ព្រៀង​នេះ​គ្រប​ដណ្ដប់​លើ​វិស័យ​ជា​ច្រើន ប៉ុន្តែមិន​បាន​បញ្ចូល​កម្ចី ឬ​ជំនួយ​ថ្មីនោះទេ ហើយ​ក៏មិន​បាន​បញ្ជាក់​ច្បាស់​ពី​ជំនួយ​សម្រាប់​គម្រោង​ព្រែង​ជីកហ្វូណនដ៏​ធំ​របស់​កម្ពុជា ។

ប្រ​ធានាធិបតីចិន លោក ស៊ី ជីនពីង បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា ហើយ​មុន​មក​ដល់​កម្ពុជា​លោក​បាន​ធ្វើដំណើរទៅ​កាន់ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី​ផង​ដែរ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​ គាប់ជួនពេល​ដែល​សហរដ្ឋអាមេរិក​បាន​ពង្រីក​គោល​នយោបាយគាំពារ​និយម និង​ដាក់ពន្ធ «បដិការ» ជាមួយ​ចិន និង​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់​ខ្លាំង​ដល់ប្រទេស​ក្នុង​តំបន់។ ទាក់ទង​នឹង​ពន្ធ​បដិការ​អាមេរិក​នេះ កម្ពុជា​មាន​រយៈពេល​៩០​ថ្ងៃ​សម្រាប់​ចរចា។​

កាល​មក​ដល់​ភ្នំពេញ​នេះ ជា​ដំណើរ​ទស្សនកិច្ច​លើ​ទី​មួយ​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្ស​មកនេះ ហើយ​ការ​មក​ដល់​របស់​ប្រធានាធិបតីចិន​ ក៏​ចំ​ពេល​ខួប​៥០​ឆ្នាំ​នៃ​របប​​ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច ។​ ជំនួប​ទ្វេភាគីកម្ពុជា-ចិន នេះ​ត្រូវ​ភាគីទាំងពីរ​ចាត់ទុក​ថា​ជាជំនួប​រវាង «​មិត្ត​ដែក​ថែប» ហើយ​កម្ពុជា​ជា​ដៃគូជិត​ស្និទ​មួយ​របស់​ចិន​ក្នុង​ចំណោមប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​

ដោយ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ជំហរ​ច្បាស់​ក្នុង​ការ​សន្យាផ្ដល់ជំនួយ ទំនង​ជា​ចិន​នៅ​មាន​ភាព​ប្រយ័ត្ន​ប្រយែងច្រើន​ទាក់ទង​នឹងកម្មវិធីខ្សែក្រវ៉ាត់ និង​​ផ្លូវ របស់​ខ្លួន​។​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​មួយ​ចំពោះ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​កសាង​គម្រោង​ព្រែកជីក។ អ្នក​វិភាគជា​ច្រើន​យល់ឃើញ​ថា​ ទាំង​នេះអាច​នាំ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​វិបត្ត​ហិរញ្ញវត្ថុ និង​ហានិភ័យ​ផ្នែក​យុទ្ធសាស្រ្ត​ស្រប​ពេល​ដែល​ចិន និង​អាមេរិក កំពុង​តឹង​សរសៃកដាក់​គ្នា។​

ចិនគាំទ្រគម្រោងអភិវឌ្ឍន៍ តែមិនទាន់ផ្ដល់ថវិកា

កម្ពុជា​បាន​ចុះ​ហត្ថលេខាកិច្ច​ព្រម​ព្រៀង​លើឯកសារ​ចំនួន​៣៧ ជាមួយ​ចិន គឺ​ច្រើ​ន​ជាង​ម៉ាឡេស៊ី តែ​តិច​ជាង​វៀត​ណាម​។ កិច្ច​ព្រម​ព្រៀង​ដែល​ប្រធានាធិបតីចិន បាន​ចុះ​ជាមួយ​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ភ្នំពេញ រួម​មាន​ការ​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​វិនិយោគ​ ពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ និង​ទេសចរណ៍ជា​ដើម​។ បន្ថែម​ពី​នេះ​ ប្រទេស​ទាំង​ពីរ​ក៏​បានចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​លើ​គម្រោង​ជា​ច្រើន​ចំពោះ​​វិស័យ​រដ្ឋ និង​ឯកជន និង​វិស័យ​ឯកជន និង​ឯកជន ដែល​គម្រោង​ធំ​ៗទាំង​នោះ​រួម​មាន​ព្រែកជីកហ្វូណនតេជោ គម្រោង​ថាមពល​ដើ​រដោយ​ឧស្ម័ន​៩០០មេហ្គាវ៉ាត់​ក្នុង​ខេត្ត​កោះកុង និង​គម្រោង​ផ្លូវ​ដែក​ផង​ដែរ​។​

​​ថ្វី​បើ​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​ត្រូវ​បាន​ចុះ​ហត្ថលេខា ប៉ុន្តែនៅ​មិន​ទាន់​មាន​ការ​ប្រកាស​ពី​ជំនួយ ឬ​កម្ចី ដើម្បីគាំទ្រ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ទាំង​នោះ​នៅ​ឡើយ​។​ ដូចជា​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ក៏​មិន​ទាន់​មាន​ការ​ប្រកាស​ពី​ជំនួយ ឬកម្ចី​គាំទ្រ​លើ​គម្រោង​នេះដែរ។​ ព្រែក​ជីក​នេះ​គ្រោង​ចំណាយ​ថវិកា​សាងសង់​ចំនួន​១,៧​ពាន់​លាន​ដុល្លារ ដែល​នឹង​តភ្ជាប់ផ្លូវ​ទឹក​ពី​ទន្លេមេគង្គ​ជិត​រាជធានី​ភ្នំពេញ ទៅ​កាន់​ឈូង​សមុទ្រ​ថៃ ដោយ​អាច​ជួយ​​ដឹក​ជញ្ជូន​​ពី​តំបន់​ដី​សណ្ដទន្លមេគង្គ និង​កាត់បន្ថយ​ការពឹង​ពាក់​លើ​ប្រទេស​វៀត​ណាម​។​

ពិធី​បើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​តម្លៃ​១,៧​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤​។​ (ខេមបូចា/ ព្រីង ​សំរាំង​)
ពិធី​បើក​ការដ្ឋាន​សាងសង់ព្រែង​ជីក​ហ្វូណន​តេជោ​ដែល​មាន​តម្លៃ​១,៧​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃទី​៥ ខែហីហា ឆ្នាំ២០២៤​។ (រូបភាព៖ ព្រីង សំរាំង)

កន្លង​មក​​ភាគី​ចិន​ ដែល​ជា​ម្ចាស់​មណុល​ដ៏​ធំមួយ​របស់​កម្ពុជា មិន​ដែល​បាន​ប្រកាស​ជា​សាធារណៈ ថា​នឹង​ផ្ដល់ជំនួយ​សម្រាប់​គម្រោង​ព្រែកជីក​នេះ​ទេ ខណៈ​ដែល​​កម្ពុជា​ខ្លួន​ឯង​បាន​ប្ដូរ​ពាក្យ​របស់​ខ្លួន​ពី​ថា​ចិន​ជួយ​លើ​ការ​ចំណាយ​១០០​ភាគរយ មក​នៅ​ត្រឹម​៤៩​ភាគ​រយ​វិញ​។​

សញ្ញា​មួយ​ដែល​ទើប​តែ​បញ្ជាក់​ច្បាស់​ពី​ការគាំទ្រ​នោះ គឺ​កើត​មាន​នៅ​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៥ ពេល​ដែល​ប្រធាន​ក្រុម​ហ៊ុន​រដ្ឋចិន China Communications Construction Company បាន​ប្រាប់​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ថា​ខ្លួន​នឹង​ប្ដេជ្ញា​បន្ត «ជួយកសាងព្រែក​ជីក​រហូត​បាន​ជោគ​ជ័យ​ទៅ​តាម​ផែន​ការ»។​

នៅ​ថ្ងៃទី​១៧ ខែមេសា ឯកសារ​ចំនួន​ប្រាំច្បាប់ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ក្រុម​ហ៊ុនសំណង់​​រដ្ឋចិន និង​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ។ នេះ​បើ​តាមក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ទាក់ទង​នឹង​ខ្លឹមសារ​នៃ​ឯកសារ​ទាំង​ប្រាំច្បាប់​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ ឬ​បញ្ជាក់​លម្អិត​ពី​កិច្ច​ព្រម​ព្រៀង​ជា​មួយ​វិស័យ​ឯក​ជន​នោះ​ដែរ។​

អគ្គលេខាធិការង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ហឿន សំនៀង បដិសេធអត្ថាធិប្បាយ​អំពីថវិកា​របស់​គម្រោង​ ដោយ​ថា​គម្រោង​នេះ​ដឹក​នាំ​វិនិយោគ​ដោយក្រុម​ហហ៊ុនរដ្ឋ និង​ឯកជនស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​របស់​ពួក​គេ​ផ្ទាល់។ លោក​បាន​បង្វែរ​សំនួរ​​ទៅ​កាន់​ក្រ​សួង​សេដ្ឋកិច្ច​។​

អ្នក​នាំពាក្យ​ក្រ​សួង​សេដ្ឋកិច្ច និង​ស្ថាន​ទូត​ចិន​ប្រចាំកម្ពុជា មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំនួរ​របស់​អ្នកសារព័ត៌មាន​នោះទេ​។​

យ៉ាងណា លោក សំនៀង មាន​ប្រសាសន៍​ខ្លី​ដែរថា​ទាំង​ទិដ្ឋភាព​ច្បាប់ និង​បច្ចេក​ទេស «គឺដំណើរ​ការ​ទៅ​ដោយ​រលូន» ទាក់ទង​នឹង​ការ​ផលប៉ះពាល់ និង​ការ​កំណត់​បង្គោល​ព្រំ​សីមា ហើយ​ដៃគូ​អភិវឌ្ឍន៍​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​សាងសង់​ឲ្យ​ចប់​តាម​ផែន​ការ​។​ ការសាង​សង់​នឹង​ធ្វើ​ឡើង​តាម​ដំណាក់​កាល ស្រប​ទៅ​តាម​ស្ថាន​ភាព​រដូវ​ប្រាំង​របស់​កម្ពុជា​ពី​ខែធ្នូ ដល់​ខែ​មិថុនា​។​

លោក លឹម តុងអេង ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​គន្លង​ផ្លូវ​ព្រែកជីកដែលនឹង​ត្រូវ​រើ​លំនៅ​ដែរ​នោះ បាន​ឲ្យ​ដឹងថា​រហូត​មក​ដល់ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ការ​រើទីតាំង ការផ្តល់​សំណង និង​ពេល​វេលា​នៃ​ការសាង​សង់​នៅ​ឡើយ​។​

​ពេល​សួរ​ថា​តើ​រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្ដល់​ជា​កម្ចី ឬជា​ជំនួយ​អ្វី​ដល់​កម្ពុជា​ដែរទេ លោក​ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។​

ការយល់ឃើញ​ចំពោះ​គម្រោងខ្សែក្រវ៉ាត់ និង​ផ្លូវ និង​ដែន​កំណត់​នៃ​យុទ្ធសាស្រ្ត​គម្រោង​

លោក អៀ​ សុផល អ្នក​វិភាគ​នយោបាយ​កម្ពុជា និង​ជាសាស្រ្តាចារ្យរង​នៅ​សាកល​វិទ្យាល័យ​រដ្ឋអារូហ្សូណា បាន​លើក​ឡើង​ថាគម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ និង​ក៏​ជា​ទម្ងន់​ខាង​ផ្នែក​យុទ្ធសាស្ត្រ​ផង​ដែរ។​

​ថ្វី​បើ​បាន​ទទួល​ការ​គាំទ្រផ្ទាល់​មាត់​ពី​ភាគីចិន លោក​ថា​គម្រោង​នេះ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស​ បង្កជាក្ដីកង្វល់​លើ​រឿង​បំណុល ផលប៉ះពាល់​លើ​បរិស្ថាន និង​ភាព​តាន​តឹង​ក្នុង​តំបន់ ជា​ពិសេស​ជាមួយ​ប្រទេស​វៀត​ណាម​។​

លោក​បានមានប្រសាសន៍​ថា៖ «បន្ទាប់​ពី​បាន​ផ្ដល់​កម្ចី​ដ៏​ច្រើន​ក្នុង​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ អស់ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ចិន​ចាប់​ផ្ដើម​បារម្ភថា​កម្ចី​របស់​ខ្លួន​បាន​ធ្លាក់ទៅ​លើ​គម្រោង​ដែល​គ្មាន​ប្រយោជន៍ ជាពិសេស​ពិភព​លោក​បាន​រិះគន់​លើ​កម្ចី​ចិន​ដែល​ថា​បាន​បង្កើត​បញ្ហា​បំណុល» ។ លោកបានបន្ថែមថា៖ «បើ​សិន​ជាចិន​​មិនច្បាស់​ពី​ការ​ផ្ដល់​កម្ចី​បន្ថែម​ទៀត នោះ​ចិន​អាច​នឹងត្រូវ​គិត​យ៉ាង​ប្រយ័ត្ន​ប្រយែង​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​លើ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ»​។​

លោក​បន្ត​ថា ដោយសារតែភាព​មិន​ច្បាស់​លាស់​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​មួយ​ដែរ​ ដែល​បាន​ព្យាយាម​ជំរុញ​ចក្ខុវិស័យ​មួយ​ទាំង​ដែល​មិន​មាន​ការគាំទ្រ​ថវិកា​ច្បាស់​លាស់​។ វា​ក៏​អាច​ជា​សញ្ញា​មួយ​ដែរ​ពី​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់​​គម្រោង​ខ្សែក្រវ៉ាត់​ និង​ផ្លូវ ពី​ការ​ងាយ​ស្រួល​ក្នុង​ការ​ផ្ដល់​កម្ចី ទៅ​ជា​ការ​ផ្ដល់​ដោយ​ប្រុង​ប្រយ័ត្ន និង​មាន​លក្ខខណ្ឌ​។​

ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ ក្រុង​ប៉េងកាំងបាន​បញ្ជាក់​ជំហរ​ជាថ្មី​ពី​ការគាំទ្រ​ការ​អភិវឌ្ឍបន្ថែម​ទៀត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះ​សីហនុ និង​ជំរុញឲ្យ​ហសគ្រាសចិន​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​

លោក សុផល កត់​សម្គាល់​ថា​ការ​វិនិយោគ​របស់​ចិន​​នៅ​កម្ពុជា​ភាគ​ច្រើន​ផ្ដោត​លើ​សំណង់ កាស៊ីណូ និង​រោងចក្រ​កាត់​ដេរ ដែល​អ្វី​ទាំង​នេះ​បាន​ផ្ដល់​នូវ​ភាព​ធន់តិចតួច​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​ លោក​ថា ជា​ដៃគូ​ពិត​ប្រាកដ គួរ​មាន​ការ​ចូល​រួម​វិនិយោគ​លើ​វិស័យ​អប់​រំ សុខាភិបាល និង​នវានុវត្តន៍​ ដែល​អ្វី​ទាំង​នេះ​ចិន​បាន​មើល​រំលង​។​ ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង បាន​បង្ហាញពី​ភាព​សំខាន់​របស់​កម្ពុជា​ចំពោះ​ចិន ហើយ​ក៏​បាន​រំលេច​ឲ្យ​ឃើញ​ពី​របៀប​នៃ​ភាព​ជា​ដៃគូតែម្ខាង​ផង​ដែរ។​

លោកបាន​មានប្រសាសន៍​ថា៖ «​ជាទិដ្ឋភាព​រួម​យើង​មើល​ឃើញ​ថា​ភាព​ជាដៃគូ ប៉ុន្តែ​រចនាសម្ព័ន្ធ​របស់​វាគឺ​ជាការ​ពឹង​ផ្អែក​ទាំង​ស្រុង​»។​

គោលនយោបាយ​ចិន​តែមួយ

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតីចិន កម្ពុជាបាន​បញ្ជាក់​ជំហរ​ជាថ្មី​របស់​ខ្លួន​ក្នុង​ការគាំទ្រ​គោល​នយោបាយ​«ចិន​តែ​មួយ» ដោយ​បាន​ប្រកាស​ថា​តៃវ៉ាន់ជា​ផ្នែក​មួយ​របស់​ចិន និង​ប្រឆាំង​ដាច់​ខាត​ទៅ​នឹង​អ្វីដែល​គេ​ហៅថា «ការជ្រៀតជ្រែក​ពី​បរទេស» ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន មាន​ទាំង​តំបន់​ Xinjiang ហុងកុង Xizang និង​តៃវ៉ាន់​។​

ភាសានេះ​បាន​បន្ទរ​ទៅ​នឹង​អ្វី​ដែល​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​បាន​ប្រើ «ការជ្រៀតជ្រែក​ពី​បរទេស» ដើម្បី​បង្វែរ​ការ​រិះគន់​ពី​សំណាក់​អន្តរជាតិ​។​

ជាការ​កត់សម្គាល់ កម្ពុជា​បាន​បញ្ជូន​ជនជាតិ​តៃវ៉ាន់​ចំនួន១៧៩​នាក់ទៅ​កាន់​ប្រទេស​ចិន មុន​​  គណៈប្រតិភូចិន​​មក​ដល់​កម្ពុជា​។​ ជនជាតិ​តៃវ៉ាន់ទាំង​នោះត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធអនឡាញនៅ​ភ្នំពេញ ហើយ​ការ​បញ្ជួន​អ្នក​ទាំង​នោះ​គឺថា​ ស្រប​តាម​គោល​នយោបាយ​ចិន​តែមួយ​។​

ខណៈ​ដែល​ភាគី​តៃវ៉ាន់​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត និង​ស្វែង​រក​ការ​ចរចាជាមួយ​ភាគីកម្ពុជា ទីក្រុង​ប៉េកាំង​បាន​កោត​សរសើរ​ចំពោះ​ចំណាត់ការនេះ។​ ខេមបូចា មិន​អាច​ស្វែង​រក​ការ​បញ្ជាក់​​បាន​ទេថា​តើ​អ្នក​ដែលត្រូវ​ឃុំ​ខ្លួន​ទាំង​នោះ​ត្រូវ​បាន​ពិនិត្យ​ពិច័យ​​ថាជាជន​រង​គ្រោះ​នៃអំពើ​ជួញ​ដូរ​មនុស្ស​ឬយ៉ាងណា​។​

ទីតាំងអគារកម្ពស់២០ជាន់មួយកន្លែងស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មានរបងហ៊ុំព័ទ្ធដោយបន្លាលួស និងកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានសមត្ថកិច្ចចូលទៅបង្ក្រាបបាន ក្រុមឆបោកជិត២០០នាក់។ រូបភាពថតនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ព្រីង សំរាំង)

អគារ​កម្ពស់​២០​ជាន់​នៅក្នុង​ខណ្ឌ​ចម្ការមន ក្រុង​ភ្នំពេញ ដែល​ព័ន្ធ​ទៅ​ដោយ​បន្លាលួស និង​កាមេរ៉ា​សុវត្ថិភាព ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ចាប់​ខ្លួន​មនុស្ស​ជិត​២០០​នាក់​ដែល​សង្ស័យ​ថា​ជា​ជនឆបោក​តាម​អនឡាញ ហើយ​ភាគ​ច្រើន​នៃអ្នកទាំង​នោះជា​ជន​ជាតិ​តៃវ៉ាន់ និង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន ក្រោម​នយោបាយ​ចិន​តែ​មួយ។ រូបភាព៖ ថ្ងៃទី​២ ខែមេសា ឆ្នាំ២០២៥ (ខេមបូចា/ព្រីង សំរាំង)

បើ​តាម​សេចក្ដី​ថ្លែង​ការណ៍ ចិន​បាន​«កោត​សរសើរ» ចំពោះ​កិច្ច​ខិត​ខំ​របស់​កម្ពុជា​ក្នុង​ការ​បង្ក្រាម​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា និង​ការ​ជួញ​ដូរ​មនុស្ស និង​បាន​សន្យាពង្រឹង​កិច្ចសហការ​លើ​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​​។​

បន្ថែម​ពី​នេះ​ ចិន​នៅ​បន្ត​ជំរុញ​កម្ពុជា​ឲ្យ​ចាត់​វិធានការ​កាន់តែ​តឹងរឹង​ រួម​ទាំង​កិច្ច​ប្រជុំពហុភាគីកាលពី​ដើម​ឆ្នាំនេះ​ផង​ដែរ និង​បន្ទាប់​ពីការ​ការ​បង្ក្រាប​ដ៏ធំ​មួយ​ដែល​ដឹក​នាំ​ដោយ​ភាគីថៃ​នៅ​មជ្ឈមណ្ឌលឆបោក​មួយ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​។​

កម្ពុជា​បាន​សន្យាបន្ត​បង្ក្រាប​អំពើ​ទាំង​នេះ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​ថា​ការ​អនុវត្ត​ច្បាប់​មិន​បាន​ពេញ​លេញ​នោះទេ​។​

ថ្វី​បើ​មិន​មានការនិយាយ​ចំៗ​នៅ​ក្នុង​កិច្ចព្រម​ព្រៀង លោក ស៊ី ជីន​ពីង តាម​រយៈលិខិត​ចំហ​របស់​លោក​ចុះ​ផ្សាយ​លើ​បណ្ដាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​នៅ​ថ្ងៃដែល​លោក​មក​ដល់​កម្ពុជា បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការកាន់តែ​រឹងមាំ​ដើម្បី​ទប់ស្កាត់ «បដិវត្តន៍ពណ៌» តាម​រយៈ​ការ​ពង្រឹង​ចំណង​ផ្នែក​សន្តិសុខ​។​

លោក អៀ សុផល បាននិយាយថា៖ «បដិវត្តន៍ពណ៌ ជា​ពាក្យ​​មួយ​ដែល​និយាយ​ដល់​ចលនាប្រជាធិបតេយ្យ ឬ​ការ​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ» ។ លោក​បន្ត​ថា៖ «ការ​អនុវត្ត​តាម​យន្តការ​សន្តិសុខ​របស់​ចិន កម្ពុជា​នឹង​មាន​ហានិភ័យ​ក្នុង​ការ​ទទួល​យក​ប្រព័ន្ធ​មួយ​នេះ ដោយសារ​វាផ្ដោត​សំខាន់​​លើ​ការថែរក្សា​អំណាច​រដ្ឋាភិបាល ជាជាង​ការការពារ​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ»។​

លោក​បន្ថែម​ថា ដំណើរទស្សកិច្ច​របស់​ប្រធានាធិបតីចិន គឺ​បង្ហាញ​ពី​ជំហរ​របស់​ចិន​ក្នុង​ការ​ជំរុញ​ឥទ្ធិពល​របស់​ខ្លួន​នៅ​បណ្ដាប្រទេស​ក្នុង​តំបន់​អាស៊ាន​ ខណៈ​ដែល​ភាព​តាន​តឹង​ជាមួយ​អាមេរិក​កើន​ឡើង។​

កម្ពុជា​នៅតែ​សម្លឹង​រក​អ្វី​ដែល​លើស​ពី​ចំណង​ការទូត​។

លោក អូន ឆេងប៉រ អ្នក​ស្រាវរបស់​​វេទិកាអនាគត ដែល​មាន​មូល​ដ្ឋាន​នៅ​ភ្នំពេញ​ បាននិយាយថា៖ ​«កម្ពុជា​ចង់​បាន​ច្រើន​ពីភាគីចិន ដើម្បី​ពង្រឹង​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ខ្លួន ប៉ុន្តែ​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច ចិន​នៅ​តែ​គិត​ពី​ផល​ប្រយោជ​របស់ខ្លួន​ច្រើន​ជាង»។​

លោក​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​ប្រយ័ត្ន​ប្រយែង​មួយ ដោយ​កំពុង​ស្វែង​រក​ការគាំទ្រ​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ពី​ចិន ហើយ​ក៏​កំពុង​ស្វែង​រក​ការ​អនុគ្រោះពន្ធ​ពី​ភាគី​អាមេរិក​ផង​ដែរ។​

មុនការ​មក​ដល់​របស់​ប្រធានាធិបតីចិន មន្ត្រី​កម្ពុជា​បានជួបប្រជុំ​​តាមប្រព័ន្ធអនឡាញ​ជាមួយ​  មន្ត្រី​តំណាងផ្នែក​ពាណិជ្ជកម្ម​អាមេរិក ពិភាក្សា​ពីការ​ពង្រឹង​ផ្នែកពាណិជ្ជកម្ម ស្រប​តាមលិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើទៅ​លោក​ដូណាល់ ត្រាំ។ ភាគីទាំងពីរ​បាន​ប្ដេជ្ញាបន្ត​ការ​សន្ទនា និង​ព្រម​ព្រៀង​លើ​ការ​ចរចាបន្តទៀត។​

លោក អៀ សុផល និង​លោក ឆេងប៉រ អះអាង​ថា​កម្ពុជា​គួរតែ​សម្របខ្លួន​ឲ្យ​បាន​ល្អ​ក្នុង​ការ​រក្សា​​តុល្យភាពចំណង​ការទូត ដូច​ដែល​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​បាន​ធ្វើចំពោះ​ឥទ្ធិពលចិន និងអាមេរិក​។​

«ការគាំទ្ររបស់​កម្ពុជា​ដល់​ប្រទេស​ចិន​គឺ​បា​នបង្ហាញ​យ៉ាងច្បាស់ តាម​រយៈការធ្វើទំនើបកម្មមូលដ្ឋានទ័ព​ជើងទឹក​រាម ដែល​កម្ពុជា​តែង​តែគាំទ្រចិន​នៅ​លើ​ឆាក​អន្តរជាតិ» លោក​ សុផល និយាយបែបនេះ​ ដោយសំដៅដល់​កំពង់​ផែសមុទ្រ​ដែល​ទើប​សម្ពោធថ្មីៗ​នេះ និង​រងការការរិះគត់​ថា​ជា​កន្លែង​ចំណត​របស់​នាវាជើងទឹក​ចិន។ យ៉ាងណា បញ្ហា​នេះ​មិន​ត្រូវ​បាន​លើក​ឡើង​ក្នុង​ដំណើរ​ទស្សកិច្ច​របស់​លោក ស៊ី ជីន​ពីង​ នោះទេ។​

សម្រាប់​រយៈពេល​ខ្លី កម្ពុជា​ប្រហែលជា​ត្រូវ​ការជំហរ​ច្បាស់​លាស់មួយ​ ជាពិសេស​គឺ​ការ​ចរចា​ពន្ធ​៤៩​ភាគរយ​ជាមួយ​អាមេរិក និង​ការ​កាត់​ជំនួយ​ផ្សេងៗ​ពីសហរដ្ឋអាមេរិក​។​

សម្រាប់​រយៈពេល​វែង លោក ឆេងប៉រ ថា​កម្ពុជា​គួរ​តែ​រក្សា​ជំហរ​ឯករាជ្យ ជៀងវាងការ​ពឹង​អាស្រ័យ​ជ្រុល​លើ​ភាគី​ចិន ឬ​អាមេរិក និង​បន្ត​ជំរុញ​ពិពិធកម្មសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មានសេដ្ឋកិច្ចតូច និង​មធ្យម​ផ្សេង​ទៀត​​ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Xi’s Visit Brings Deals, Not Chinese Loans

94 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម