ខេត្តព្រះវិហារ៖ ខុសពីសព្វមួយដងដែលទៅងូតទឹកនៅមុនថ្ងៃលិច ក្មេងស្រីម្នាក់បានអង្គុយស្ងៀម និងស្រាប់តែយំភ្លាមនៅពេលដែលម្ដាយបានតឿនម្ដងជាពីរដង ឱ្យនាងនិងបងប្អូនស្រីទៅងូតទឹកមុនពេលមេឃងងឹត។
ម្តាយដែលហត់នឿយពីការងារស្ម័គ្រចិត្តនៅក្នុងជំរំ ចាប់ផ្តើមឆ្ងល់ថាតើមានអ្វីកើតឡើងនៅពីក្រោយការយំរបស់កូនស្រីគាត់។
«ខ្ញុំជេរយ៉ាងម៉េចក៏ដោយក៏ពួកគេ(កូនស្រី)មិនទៅដែរ សុខចិត្តអង្គុយយំស្តាប់យើងជេរ ហើយអត់និយាយអីទាំងអស់» ម្ដាយក្មេងស្រីបានលើកឡើង។
មានអាយុ ៤៣ឆ្នាំ អ្នកស្រី សុភី (ជាឈ្មោះដែលដាក់ជំនួសឱ្យឈ្មោះពិត ដើម្បីការពារអត្តសញ្ញាណ) ចាប់ផ្តើមកត់សម្គាល់ឃើញមានរឿងចម្លែកលើកូនស្រី និងក្មួយស្រីរបស់គាត់ បន្ទាប់ពីពួកគេបានផ្លាស់ទៅស្នាក់នៅជំរំភៀសសឹកក្នុងខេត្តព្រះវិហារមួយរយៈ ចាប់ពីថ្ងៃទី ២៤ ខែកក្កដា។
បន្ទាប់ពីបាននិយាយទូរសព្ទជាមួយប្តីអំពីអាកប្បកិរិយាប្លែករបស់កូនស្រីរួច អ្នកស្រី សុភី ក៏សម្រេចចិត្តតាមមើលពួកគេទៅកន្លែងងូតទឹក ហើយបានដឹងថាពួកគេត្រូវបានរងការបៀតបៀនដោយបុរស។
អ្នកស្រីនិយាយថា៖ «ខ្ញុំលួចតាមដានមើល ទើបដឹងថាប្រុសៗ មិនថាអ្នកមានប្រពន្ធ ឬអ្នកអត់ប្រពន្ធ គឺនៅចាំមើលឱ្យតែពេលកូនខ្ញុំចងពុងទៅងូតទឹក ពួកគាត់នោះស្រាតលីអូទៅងូតដែរ ហើយឈរងូតនៅជិតកូនខ្ញុំដែរ។ អ៊ីចឹងបានខ្ញុំដឹងថា ម៉េចបានកូនៗរបស់ខ្ញុំមិនចង់ទៅងូតទឹក»។ ដោយអ្នកស្រីទទួលស្គាល់ថា ថាគាត់បានមើលរំលងរឿងនេះតាំងពីដើម។
តាមរយៈការស៊ើបអង្កេតដែលធ្វើឡើងនៅដើមខែកញ្ញា អ្នកយកព័ត៌មានបាននិយាយទៅកាន់ស្ត្រី និងក្មេងស្រីចំនួន ៤នាក់ ដែលមានអាយុពី ១៤ ដល់ ២១ឆ្នាំ និងអាណាព្យាបាលរបស់ពួកគេនៅជំរំភៀសសឹកវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
អ្នកដែលត្រូវបានសម្ភាសន៍ទាំងអស់បានរៀបរាប់ពីបទពិសោធន៍របស់ពួកគេដែលរងការបៀតបៀនផ្លូវភេទ ហើយខ្វះនូវកន្លែងសុវត្ថិភាព និងអនាម័យកំឡុងពេលស្នាក់នៅក្នុងជំរំ។
យោងទៅតាម UNFPA កំណត់ថា ការបៀតបៀនផ្លូវភេទ សំដៅលើការប្រព្រឹត្តមិនល្អណាមួយនៃធម្មជាតិផ្លូវភេទ ដែលអាចត្រូវបានគេគិតថាជាការធ្វើដោយចេតនា ឬត្រូវបានគេយល់ថាបង្កឱ្យមានការប្រមាថ ឬការអាម៉ាស់។ ការបៀតបៀនផ្លូវភេទអាចពាក់ព័ន្ធនឹងការប្រព្រឹត្តណាមួយតាមរយៈពាក្យសំដី មិនមែនពាក្យសំដី ឬរាងកាយ រួមទាំងការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ និងតាមប្រព័ន្ធអេឡិចត្រូនិក ហើយអាចកើតឡើងរវាងមនុស្សដែលមានភេទដូចគ្នា ឬខុសគ្នា។

ឫសគល់នៃបញ្ហា
នៅពេលជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា អ្នកភូមិរាប់ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានភៀសខ្លួនទៅរកទីតាំងមានសុវត្ថិភាពដើម្បីស្នាក់នៅបណ្ដោះអាសន្ន។
បើតាមអភិបាលរងខេត្តបានឱ្យដឹងថា នៅមុនពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់ ខេត្តព្រះវិហារមានជំរំភៀសសឹកចំនួន ១៥ ទីតាំង ដែលមានមនុស្សយ៉ាងហោចណាស់ ១២,០០០ គ្រួសារ ឬស្មើនឹងជាង ៤០,០០០ នាក់ ក្នុងនោះច្រើនជាងពាក់កណ្តាលជាស្ត្រី។
ស្ថិតនៅចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីព្រំដែនថៃ វត្តពោធិ៍៥០០០ ដើម ដែលស្ថិតក្នុងស្រុកគូលែន គឺជាជំរំភៀសសឹកដ៏ធំបំផុតនៅក្នុងខេត្តខេត្តព្រះវិហារ ដែលមានសមត្ថភាពទទួលជនភៀសសឹកបានជាង ៦០០០ គ្រួសារ ដែលស្មើនឹងជាង ២ម៉ឺននាក់។ ជំរំនេះចាប់ផ្ដើមបើកដំបូងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៥ បន្ទាប់ពីការប្រឈមមុខដាក់គ្នាដំបូងក្នុងខែឧសភា ដែលធ្វើឱ្យទាហានខ្មែរម្នាក់ស្លាប់។
ក្នុងជម្លោះដ៏ក្តៅគគុកនៅខែកក្កដា រដ្ឋបាលខេត្តបានសាងសង់បង្គន់អនាម័យបន្ថែមចំនួន ១៤០បន្ទប់ ដើម្បីបម្រើប្រជាពលរដ្ឋភៀសសឹក ដែលនាំឱ្យបង្គន់សរុបមានប្រមាណ ២២០បន្ទប់ ដែលអាចបម្រើតម្រូវការពលរដ្ឋចំនួន ៥ម៉ឺននាក់។
តាមការសង្កេតរបស់អ្នកសារព័ត៌មានឃើញថា ក្នុងរោងមួយមានទំហំប្រមាណបណ្តោយ៥ម៉ែត្រ និងទទឹង២០ម៉ែត្រ ដែលរួមមានបង្គន់អនាម័យចំនួន ១០បន្ទប់ និងមានកន្លែងងូតទឹកសម្រាប់ប្រើប្រាស់រួមមួយ។ ក្រៅពីនោះ ផ្ទៃខាងលើគឺមានសភាពចំហ រីឯផ្នែកខាងក្រោមនៃទ្វារបង្គន់គឺមានទុកចន្លោះប្រហោងបន្តិច ខណៈដែលអាងស្តុកទឹកខាងក្នុងបង្គន់គឺភ្ជាប់គ្នាពីបន្ទប់មួយទៅមួយទៀត។
ចែករំលែកបទពិសោធន៍ដ៏ឈឺចាប់ យុវតី ពិសី អាយុ ១៥ឆ្នាំ ដែលជាកូនស្រីរបស់អ្នកស្រី សុភី (ឈ្មោះពិតត្រូវបានប្តូរដើម្បីការពារអត្តសញ្ញាណ) បាននិយាយថា នាងត្រូវបានក្មេងប្រុសមួយក្រុមបៀតបៀននៅក្នុងបន្ទប់ទឹកដែលមានចម្ងាយប្រមាណ ១០០ ម៉ែត្រពីតង់របស់នាង។
នាងបានចាប់ផ្តើមជួបនឹងហេតុការណ៍នេះភ្លាមៗ បន្ទាប់ពីនាង និងក្រុមគ្រួសារបានផ្លាស់ប្ដូរទៅស្នាក់នៅជំរំភៀសសឹក។ នាងថានៅពេលនោះ រោងបន្ទប់ទឹកមិនទាន់សាងសង់រួចពេញលេញទេ ដូច្នេះមិនមានរបងឬស្សីដើម្បីធានាសុវត្ថិភាពនៅឡើយ ទោះបីជាអគ្គិសនីបានតភ្ជាប់រួចហើយក៏ដោយ។
យុវតីរូបនេះប្រាប់ថា គ្រប់ពេលដែលនាងទៅបន្ទប់ទឹក នាងបារម្ភពីការលួចមើល ព្រោះវាគ្មានអ្វីសម្រាប់ខណ្ឌចែក។ នាងក៏មានការខ្មាសអៀនក្នុងការងូតទឹក ខណៈដែលបន្ទប់ទឹកត្រូវបានប្រើប្រាស់រួមគ្នាដោយស្ត្រី និងបុរស ដែលតែងសម្លឹងមើលនាងងូតទឹក។
នាងនិយាយថា៖ «ពេលយើងរកលើកដៃដុសខ្លួនគឺគាត់[បុរសភេទ]មើលមកហើយគាត់ងូតទឹកក្បែរៗយើងទៀត។ ដូច្នេះក្នុងអារម្មណ៍ខ្ញុំជាមនុស្សស្រី នៅពេលដែលគាត់ងូតទឹកក្បែរ ហើយគាត់ស្លៀកតែខោខ្លីមួយគត់។ ដូច្នេះក្នុងអារម្មណ៍ខ្ញុំភ័យ វាមិនស្រណុកចិត្ត វាមិនសប្បាយចិត្ត ហើយវាអត់មានបិទបាំងជិត»។
ពេលខ្លះនាងអង្គុយជាងកន្លះម៉ោង មុននឹងសម្រេចចិត្តទៅបង្គន់ ព្រោះតែបារម្ភថាមានអ្នកលួចមើល។
ពិសីនិយាយថានៅល្ងាចមួយ ពេលនាង និងប្អូនស្រីកំពុងងូតទឹក មានមនុស្សម្នាក់បានលួចបិទភ្លើង។ ភ្លាមៗនោះ ក្មេងប្រុសជំទង់ម្នាក់ ដែលងូតទឹកជិតនាង បានមកប៉ះរាងកាយរបស់នាង ដែលធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភថា គេអាចនឹងធ្វើអ្វីលើសពីនោះ។
នាងឱ្យដឹងថា៖ «អារម្មណ៍បែបនេះអាចនឹងដក់ជាប់ជាមួយខ្ញុំរហូត ព្រោះអីខ្ញុំតែងមើលឃើញរូបភាពបែបហ្នឹងរហូតតែម្ដង។ ហើយនៅពេលយប់អី គឺអត់ចង់ទៅងូតទឹកអីនោះទេ។ ជួនកាលសុខចិត្តអត់ងូតទឹកតែម្ដង សុខចិត្តចាំមកងូតទឹកពេលព្រឹក ចាំឱ្យមានបងមានអីជូនទៅ គាត់ឈរក្បែរហ្នឹងបានយើងហ៊ានចូល។ ជួនអីងូតទឹកទាំងអាវ ទាំងអីទាំងអស់»។
បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា និងថ្ងៃទី០៧ ខែសីហា អាជ្ញាធរបានអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះវិញ។ គិតត្រឹមថ្ងៃទី ១២ ខែកញ្ញា មានគ្រួសារចំនួន ១,៨០០គ្រួសារ ឬស្មើនឹង ៦,៣០០នាក់ទៀតដែលនៅសេសសល់នៅក្នុងជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម។

ងាកមក អ្នកស្រី សុភី វិញបានកត់សម្គាល់ឃើញថា ការបៀតបៀនផ្លូវភេទនៅតែបន្តកើតមាន បើទោះជាមានមនុស្សជាច្រើនបានត្រឡប់មកផ្ទះវិញហើយក្ដី។ ប៉ុន្តែអ្នកស្រីថាមិនមានកើតឡើងច្រើនដូចមុន។
អ្នកស្រីបាននិយាយថា បញ្ហាភាគច្រើនពាក់ព័ន្ធនឹងក្មេងប្រុសអាយុជាង ១០ ឆ្នាំ ដែលដើរគោះទ្វារបង្គន់ ឬឈរមើលក្មេងស្រីចូលបន្ទប់ទឹក។ ក្មេងប្រុសទាំងនោះចូលចិត្តដើរទៅឈរជិតក្មេងស្រី រួមទាំងកូនស្រីរបស់អ្នកស្រីផង។
អ្នកស្រីនិយាយថា៖ «ភាគច្រើនតែក្មេងៗចាប់ពី១០ឆ្នាំឡើងដល់១៥ឆ្នាំ តែបើ១៦ឆ្នាំឡើងមិនសូវមានទេ។ វាអើតមើលមិនអស់ចិត្ត វាលូនចូលទៅត្រឹមកទៀត។ ជួនកាលពេលយើងឈររៀបនឹងងូតទឹក វាដើរមកបុកយើងក៏មានដែរ ដូចថារបៀបឌឺដង»។
អ្នកស្រីបន្តថា៖ «ជួនកាលកូនខ្ញុំកំពុងតែឈរ វាយកស្មាមកកៀក ដល់ពេលយើងថាឱ្យទៅ ពួកគេឆ្លើយមកថាអ៊ុំឯងកុំបុរាណពេក សម័យនេះសម័យអ៊ីនធឺណេត»។
អ្នកស្រីបន្ថែមថា កូនស្រីរបស់គាត់ក៏បានត្អូញត្អែរអំពីការប្រើប្រាស់បន្ទប់ទឹករួមជាមួយបុរសដែរ ដែលវាបានរំខានចិត្តពួកគេជាខ្លាំងត្រង់ថាមានអ្នកឈរមើលពេលពួកគេងូតទឹក។
បន្ទាប់ពីដឹងពីហេតុការណ៍នេះ អ្នកស្រី សុភី បានតាមដានជាបន្តបន្ទាប់ ហើយពេលខ្លះឱ្យកូនស្រីរបស់គាត់ទៅងូតទឹកក្នុងស្រះក្បែរនោះជំនួសវិញ។ អ្នកស្រីក៏សុំឱ្យក្មួយប្រុសជួយមើលថែកូនស្រីរបស់គាត់ដែរ។
អ្នកស្រីថា៖ «គាត់(កូនស្រី)បារម្ភ គាត់ធុញថប់ ពេលខ្លះគាត់អត់ចង់ទៅងូតទឹកទេ។ ពេលខ្លះគាត់បែរជាឱ្យខ្ញុំជូនទៅងូតទឹកអូរវិញ ព្រោះគាត់ថាទៅងូតទឹកអូរស្រួលចិត្តជាង ដោយអ្នកផ្សេងគេមិនចាប់អារម្មណ៍»។
គាត់បន្តថា៖ «បើនៅនេះ(បន្ទប់ទឹក)ដឹងតែយើងផ្លាស់ខោអាវចងពុង គឺភ្នែកដូចម្នាស់អ៊ីចឹង ចាំមើល»។
អ្នកស្រីយល់ឃើញថា កង្វះការយកចិត្តទុកដាក់របស់ឪពុកម្តាយទៅលើកូនស្រីពេលងូតទឹកតែម្នាក់ឯង គឺមិនល្អទេ ហើយក្មេងស្រីថែមទាំងត្រូវឪពុកម្តាយខាងប្រុសស្តីបន្ទោសទៅវិញ។
អ្នកស្រីនិយាយថា៖«មានបញ្ហារាល់ដង ដោយសារម្តាយឪពុកអត់បានយកចិត្តទុកដាក់។ ជួនកាលគ្នាកំពុងតែងូតទឹក វាបិទភ្លើងហើយវាដើរទៅចាប់ឱបពីក្រោយ ហើយដល់ពេលម៉ែឪបន្ទោសថាមកពីខាងស្រីមិនចេះប្រយ័ត្ន ហើយថាខាងប្រុសចាំតែខាងស្រីឱ្យដៃ ទាំងដែលខាងស្រីមិនដឹងខ្លួនផង»។
«គេហៅខ្ញុំអូន»
លោក កុល និងភរិយា ដែលជាអាណាព្យាបាលចៅស្រីអាយុ ១៤ឆ្នាំម្នាក់ បាននិយាយថា ចៅស្រីរបស់លោកមិនធ្លាប់ជួបនឹងហេតុការណ៍នេះទេ ដោយសារពួកគេតែងតែឃ្លាំមើលនាងយ៉ាងជាប់លាប់។ លោកថា ការធ្វើដូច្នេះ ព្រោះពួកគាត់បារម្ភពីសុវត្ថិភាពរបស់ចៅ ដោយថាមនុស្សមកពីកន្លែងផ្សេងគ្នា និងប្រវត្តិខុសៗគ្នា ត្រូវមករស់នៅក្នុងកន្លែងតែមួយ។
បុរសវ័យ៧១ឆ្នាំរូបនេះនិយាយថា៖ «សញ្ជាតិខ្មែរដូចគ្នាមែន ប៉ុន្តែគេអាចធ្វើបាន ពេលយប់ក្តីថ្ងៃក្តី។ ចិត្តខ្ញុំបារម្ភខ្លាំងកន្លែងហ្នឹង ព្រោះកន្លងមកវាមានដែរ ដូចមានអ្នកខូចខិល ចេះលួច ចេះប្លន់ ចេះបៀតបៀន។ វាធ្វើឆៅៗអ៊ីចឹង បើយើងមិនដឹងខ្លួនមុន គេមិនធ្វើបាប?»។
ក្មេងស្រីជំទង់ម្នាក់ទៀតឈ្មោះ រចនា (ឈ្មោះពិតត្រូវបានប្តូរដើម្បីការពារអត្តសញ្ញាណ) បាននិយាយថា នាងបានរងនូវការបៀតបៀនផ្លូវភេទជាច្រើនដងដោយក្មេងប្រុស និងបុរសនៅឯជំរំភៀសសឹក។ នាងបាននិយាយថា នាងធ្លាប់ឃើញក្មេងប្រុសលួចថតរូបនាងពេលនាងនៅក្នុងបង្គន់។
ក្មេងស្រីរូបនេះនិយាយថា៖ «មនុស្សវ័យជំទង់ៗអី គឺមកចូលបន្ទប់ទឹកនៅកៀនហើយពេលខ្លះគាត់យកទូរសព្ទដាក់ថតនៅខាងក្រោម។ ខ្ញុំធ្លាប់ឃើញ ប៉ុន្តែគាត់រត់ទៅបាត់។ ខ្ញុំអត់ស្គាល់មុខទេ តែគ្រាន់ដឹងថាក្មេងជំទង់វ័យប្រហែល១៧–១៨ឆ្នាំ»។
យុវតីវ័យ ១៧ឆ្នាំរូបនេះ ឱ្យដឹងដែរថា នាងបានប្រាប់ម្តាយ និងសាច់ញាតិអំពីរឿងនេះដែរ ប៉ុន្តែពួកគេមិនជឿនាងទេ ដោយនិយាយថានាងនិយាយកុហក និងមិនចេះប្រយ័ត្នប្រយែង។ ការណ៍នេះបានធ្វើឱ្យនាងតូចចិត្ត ហើយដើរចេញទាំងទឹកភ្នែក។ នាងបន្តថា៖ «ខ្ញុំភ័យខ្លាចថាគេនឹងថតរូប [ខ្ញុំ] ហើយបង្ហោះវា»។
មិនតែប៉ុណ្ណោះ នាងក៏ខ្លាចក្មេងប្រុសតូចៗដើរគោះទ្វារបង្គន់ ឬលបមើលនាងដើរចូលបន្ទប់ទឹក ដើម្បីដូរខោអាវដែរ។
រចនា បានបន្ថែមថា បុរសវ័យចំណាស់មួយចំនួនសម្លឹងមើលនាង ហើយព្យាយាមចូលមកជិតនាង ពេលនាងកំពុងងូតទឹក ឬបោកខោអាវ។ សកម្មភាពនេះបានធ្វើឱ្យនាងកាន់តែភ័យខ្លាច ដោយពេលខ្លះនាងមិនហ៊ានទៅងូតទឹក។
យុវតីរូបនេះបាននិយាយថា៖ «ភាគច្រើនចាស់ៗ! ដោយសារងូតឡូកឡំគ្នា បន្ទប់ទឹកអត់មានអីបាំង គឺគាត់មើល។ ពេលយើងបោកខោអាវអ៊ីចឹង គឺគាត់អត់ទៅណាទេ គឺគាត់អង្គុយមើលនៅហ្នឹង។ ចាស់ៗដែលគាត់មានប្រពន្ធមានកូនហើយ អាយុប្រហែល៦០ឆ្នាំ គាត់ទៅងូតទឹកនៅហ្នឹង។ គាត់ចេញកាយវិការលក្ខណៈថាលឹបលរៗ មើលលើមើលក្រោមៗ ចំពេលខ្ញុំស្លៀកសារ៉ុងអីផងទៅ គឺគាត់មើល»។
យុវតីដដែលនេះក៏បានឮពីស្ត្រី និងក្មេងស្រីផ្សេងទៀតដែលជួបហេតុការណ៍ស្រដៀងគ្នានេះ ដោយពួកគេបានណែនាំនាងឱ្យប្រុងប្រយ័ត្ន។ នាងថា សូម្បីតែបងស្រីជីដូនមួយនាង ក៏ធ្លាប់ជួបនឹងករណីនេះដែរ ដែលធ្វើឱ្យគាត់ភិតភ័យ និងធ្លាក់ខ្លួនឈឺ ខណៈដែលគាត់មានជំងឺប្រចាំកាយស្រាប់។
យុវតីវ័យ១៦ឆ្នាំម្នាក់ទៀតឈ្មោះ កន្និកា (ឈ្មោះពិតត្រូវបានប្តូរដើម្បីការពារអត្តសញ្ញាណ) បានរៀបរាប់ពីបទពិសោធន៍របស់នាងដែលត្រូវបានបុរសវ័យកណ្ដាលម្នាក់នៅក្បែរតង់នាងតាមសម្លឹងមើល។ នាងបាននិយាយថា រាល់ពេលដែលនាង និងមិត្តភក្តិផ្លាស់ប្តូរសម្លៀកបំពាក់ក្នុងតង់ បុរសដែលដេកក្នុងអង្រឹងនោះនឹងមើលមកពួកគេ។
នាងបន្តថា៖ «ពួកខ្ញុំអត់ហ៊ានផ្លាស់ខោអាវនៅក្នុង(តង់)ហ្នឹងទេ។ ត្រូវរកកន្លែងផ្លាស់ ទម្រាំរកបានកន្លែងផ្លាស់ខោអាវម្ដងៗគឺវេទនាសឹងអី»។
មិនតែប៉ុណ្ណោះ នាងបាននិយាយថា នៅពេលដែលនាង និងមិត្តរបស់នាងទៅបង្គន់ មានបុរសសម្លឹងមើលទៅស្រមោលពួកគេដែលចាំងនឹងឥដ្ឋការ៉ូ។ នាងបានប្រាប់មិត្តរបស់នាង បន្ទាប់ពីឃើញសកម្មភាពបែបនេះ។ ឥឡូវនេះ នាង និងមិត្តភក្តិ ប្ដូរវេនគ្នាឈរបាំងកន្លែងដែលមានប្រហោងនោះ។
នាងមានអារម្មណ៍មិនស្រណុកចិត្តចាប់តាំងពីនាងបានជួបប្រទះរឿងនេះមក។
នាងបាននិយាយថា៖ «វាប៉ះពាល់ដល់យើងដែរ ដោយសារភ័យ ខ្លាចគេឃើញអីចេះចុះ។ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច»។ វាបានធ្វើឱ្យពួកគេមានអារម្មណ៍ភ័យខ្លាចគ្រប់ពេលពីការលួច «ថតដោយសម្ងាត់» និងបង្ហោះវីដេអូ។ នាងបន្ថែមថា៖ «យើងស្រីផង តែមានរឿងចឹងកើតឡើងទៀតចប់»។
កន្និកា បានប្រាប់ម្តាយរបស់នាងអំពីរឿងនេះ ហើយម្ដាយនាងបានប្រាប់ថានឹងជូនដំណឹងដល់អាជ្ញាធរ។
នាងក៏បានជួបនឹងបុរសដែលកំពុងឈរ «សម្រេចកាម» និងក្មេងប្រុសមួយក្រុមដែលបានបញ្ចេញមតិអំពីសម្រស់របស់នាងនៅពេលនាងដើរតែម្នាក់ឯង។ មួយវិញទៀត នាងមានអារម្មណ៍ថា កុមារមួយចំនួនដែលមានអាយុក្រោម ១០ឆ្នាំ ដែលពីមុន «មានចរិតធម្មតា» បានយកតម្រាប់តាមឥរិយាបថមិនល្អរបស់មនុស្សពេញវ័យ។
កន្និការ បានចែករំលែកថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់នាង រួមផ្សំដោយការបៀតបៀនផ្លូវភេទ។ នាងបន្តថា៖ «ខ្ញុំចង់ទៅផ្ទះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះខ្ញុំមិនជួបបញ្ហាបែបនេះនៅទីនោះទេ»។
ស្ត្រីដែលជាម្តាយវ័យក្មេងម្នាក់ឈ្មោះ លក្ខិណា អាយុ ២១ឆ្នាំ ដែលប្តូរឈ្មោះដើម្បីការពារអត្តសញ្ញាណ បាននិយាយថា ក្មេងទំនើងមួយក្រុមបានចែចង់នាង នៅពេលនាងដើរទៅបន្ទប់ទឹកតែម្នាក់ឯង។
អ្នកស្រីនិយាយថា៖ «គេហៅខ្ញុំអូន! ហើយខ្ញុំប្រាប់គេថាខ្ញុំមានប្តីមានកូនហើយ។ ប៉ុន្តែគេនៅតែមិនជឿ អ៊ីចឹងហើយខ្ញុំបារម្ភថាពួកគេនឹងបន្តតាមស្រលាញ់ និងព្យាយាមរាក់ទាក់ខ្ញុំ។ គេសួរម្តងហើយម្តងទៀត […] ខ្ញុំខ្លាចថានៅពេលណាមួយខ្ញុំនៅម្នាក់ឯង គេអាចនឹងធ្វើបាប»។
បើតាមអ្នកស្រី និងអ្នកផ្សេងទៀត សុទ្ធតែលើកឡើងដូចគ្នាថា អាជ្ញាធរបានតាមដានស្ថានការណ៍ ប៉ុន្តែដោយសារមានជនភៀសសឹកច្រើន ទើបធ្វើឱ្យពួកគេពិបាកគ្រប់គ្រង។

ប្រឈមធ្វើអត្តឃាត
អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម លោក ណុប វុធ្ធី បានអះអាងថា ធ្លាប់មានហេតុការណ៍ក្មេងស្រីដែលត្រូវបានគេលួចមើលក្នុងបន្ទប់ទឹក កាលពីពេលដំបូងៗ។ លោកថា ហេតុការណ៍មួយបានឈានដល់ការប្រើអំពើហិង្សា ដោយមិត្តប្រុសរបស់នារីម្នាក់បានប្រតាយប្រតប់ជាមួយបុរសម្នាក់ដែលលួចមើលនាង។
ទោះជាយ៉ាងនេះក្តី លោកថាមានតែ ២ទៅ៣ករណីប៉ុណ្ណោះ ដោយសារអាជ្ញាធរបានចាត់វិធានការ ហើយបានដាក់ជញ្ជាំងឫស្សីបន្ថែមទៀត ដើម្បីទប់ស្កាត់បញ្ហាបែបនេះ។
លោកមានប្រសាសន៍ថា៖ «មានករណីគាត់ទៅលបមើល។ ដូចថាគាត់មើលពីក្រៅទៅឃើញក្មេងស្រីដើរ ឬមួយខាងនារីៗដើរ ដែលគាត់ឃើញពេញចិត្ត គាត់ទៅវាងតាមក្រោយកន្លែងងូតទឹក។ ហើយគាត់ទៅឡើងខាងលើមើល។ ដោយមានការឈ្លោះគ្នា មានការវាយគ្នា»។
លោកបន្តថា៖ «ប៉ូលិសរបស់ខ្ញុំគាត់ឧស្សាហ៍ទៅដោះស្រាយរឿងហ្នឹង។ អ៊ីចឹងហើយឯកឧត្តមអភិបាលខេត្តគាត់បានវាយ[ជញ្ជាំង]ឫស្សី ដើម្បីធ្វើការបាំងបន្ទប់ទឹក»។
លោកបានបញ្ជាក់ថា៖ «លែងមានបញ្ហាទៀតហើយ» បន្ទាប់ពីអាជ្ញាធរ «អប់រំ» យុវជនមួយចំនួនដែលលួចមើលមនុស្សស្រីនៅក្នុងបន្ទប់ទឹក។
លោកនិយាយថា៖ «ឥឡូវអត់ដែលមានករណីហ្នឹងកើតឡើងទេ ព្រោះយើងធ្វើការអប់រំគាត់ជាប្រចាំ។ យើងនៅតែមានយន្តការអប់រំណែនាំ កុំឱ្យគាត់ធ្វើរបៀបហ្នឹងទៀត វាមិនមែនជារឿងល្អទេ ជារឿងអសីលធម៌សង្គម»។
អ្នកស្រី ផន ចាន់វាសនា បុគ្គលិកផ្នែកចិត្តសាស្រ្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO Cambodia) សង្កេតឃើញថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ រួមទាំងការសង់ជញ្ជាំងឫស្សី ដើម្បីការពារស្ត្រី និងក្មេងស្រីមិនឱ្យត្រូវគេលបមើលពេលងូតទឹក។ យ៉ាងណាក៏ដោយ គាត់បាននិយាយថា ដោយសារបន្ទប់ទឹកប្រើរួមគ្នា ដូច្នេះការបៀតបៀនផ្លូវភេទនៅតែបន្តកើតមាន។
អ្នកស្រីមានប្រសាសន៍ថា៖ «ទាំងនេះវាមិនទាន់មានសុវត្ថិភាពសម្រាប់កុមារ ឬក្មេងស្រីឡើយ ព្រោះកន្លែងងូតទឹកមិនបានរៀបចំកន្លែងក្មេងប្រុសផ្សេង និងក្មេងស្រីផ្សេងនោះទេ គាត់ត្រូវងូតនៅកន្លែងតែមួយ ហើយអាចមើលគ្នាឃើញ។ ដូចនេះបញ្ហាការបៀតបៀនផ្ទាល់ និងប្រយោលនៅតែមាន»។
អ្នកស្រីថា អង្គការTPO ចង់ឃើញអាជ្ញាធរបន្ថែមការយកចិត្តទុកដាក់ចំពោះស្រ្តី ក្មេងស្រី ធ្វើយ៉ាងណាឱ្យយពួកគាត់មានសុវត្ថិភាព និងចៀសផុតពីការរំលោភបំពាន។ អ្នកស្រីបន្តថា ដើម្បីទប់ស្កាត់ការរំលោភបំពាន TPO បានអប់រំជនភៀសខ្លួន ជាពិសេសក្មេងស្រី និងស្ត្រី អំពីការរាយការណ៍សម្ងាត់ទាក់ទងនឹងការរំលោភបំពាន ជាពិសេសការរំលោភបំពាន ឬការបៀតបៀនផ្លូវភេទ។
អ្នកស្រីបន្ថែមថា TPO ក៏បានអប់រំក្មេងស្រី និងកុមារតូចៗឱ្យប្រយ័ត្នពេលងូតទឹក ហើយគួរយកកន្សែងមកជាមួយ។ លើសពីនេះទៀតអង្គភាពក៏បានណែនាំកុមារឱ្យងូតទឹកដោយពាក់សម្លៀកបំពាក់ដែរ។
បើតាមអ្នកស្រី ចាន់វាសនា ការរំលោភបំពានផ្លូវភេទនឹងផ្ដល់ការប៉ះទង្គិចយូរអង្វែងលើជនរងគ្រោះ ដោយសារការចងចាំបានដក់ជាប់ក្នុងចិត្តរបស់ពួកគេ។ អ្នកស្រីថា វានឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេជាមួយដៃគូ និងមិត្តភក្តិរបស់ពួកគេ មានការពិបាកក្នុងការចូលចំណោមសង្គម និងការផ្តោតអារម្មណ៍ បាត់បង់ទំនុកចិត្ត ខ្វះការចាប់អារម្មណ៍ក្នុងការសិក្សា ការរំខានដំណេក និងបញ្ហាជាច្រើនទៀតដែលអាចឈានទៅដល់ការធ្វើអត្តឃាត ប្រសិនបើមិនបានដោះស្រាយ។
អ្នកស្រីមានប្រសាសន៍ថា៖«ប្រសិនបើជនរងគ្រោះ នៅតែមិនទាន់បានទទួលការព្យាបាល ឬការគាំទ្រផ្លូវចិត្ត ឬការប្រឹក្សាផ្លូវចិត្តដោយអ្នកចិត្តសាស្ត្រ ហើយអ្នកជុំវិញ មិត្តភក្តិនិងសាច់ញាតិ មិនយល់ពីគាត់ទៀត នោះពួកគេអាចប្រឈមនឹងភាពអស់សង្ឃឹម ឬអាចប្រឈមនឹងការធ្វើអត្តឃាតខ្លួនឯងដែរ»។

មានអារម្មណ៍ថាអង្គុយកណ្ដាលវាល
អនុប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ អ្នកស្រី ផន កែវផុន មានប្រសាសន៍ថា មន្ទីរបានផ្តល់ការអប់រំ និងណែនាំដល់ស្ត្រី និងកុមារីនៅក្នុងជំរំប្រមាណពីរដងក្នុងមួយខែ។ នេះរួមបញ្ចូលទាំងការអប់រំស្តីពីការថែទាំសុខភាព អាហារូបត្ថម្ភ និងអនាម័យ ហើយណែនាំពួកគេឱ្យរាយការណ៍អំពីអំពើហិង្សាក្នុងគ្រួសារទៅកាន់នាយកដ្ឋាន។
អ្នកស្រីអះអាងថា៖«នៅមណ្ឌលពោធិ៍៥០០០ និងគ្រប់មណ្ឌលសុវត្ថិភាពទាំងអស់ ដូចមិនទាន់មានទាក់ទងនឹងការបៀតបៀន ការរំលោភបំពានទេ»។
ប្រសិនបើមាន អ្នកស្រីបានជំរុញឱ្យពួកគេរាយការណ៍ដោយផ្ទាល់ទៅមន្ទីរ ឬតាមរយៈលេខទូរសព្ទទាន់ហេតុការណ៍ ដែលត្រូវបានចែករំលែកជាញឹកញាប់នៅជំរំជនភៀសសឹក ក្នុងករណីដែលពួកគេខ្លាចក្នុងការរាយការណ៍ដោយផ្ទាល់។
អ្នកស្រីមានប្រសាសន៍ថា៖ «យើងមានសេវាទាក់ទងនឹងប្រព័ន្ធទូរសព្ទដើម្បីជូនគាត់ឱ្យគាត់ទាក់ទង។ បើសិនជាគាត់មានបញ្ហាហ្នឹង គាត់អាចមកដល់មន្ទីរ ឬក៏ទូរសព្ទមក ពួកខ្ញុំនឹងចុះទៅ ដើម្បីជួប និងជួយពួកគាត់តាមរយៈការសួរសុខទុក្ខប្រឹក្សាយោបល់ទាក់ទងបញ្ហាសុខភាព ឬក៏បញ្ហាសេវាផ្លូវច្បាប់ ដើម្បីជួយគាត់»។
នាយកប្រតិបត្តិនៃអង្គការក្លាហាន អ្នកស្រី ម៉ៅ ម៉ាប់ បានសង្កេតឃើញថា ស្ត្រី និងក្មេងស្រី មានហានិភ័យខ្ពស់នៃការបៀតបៀននៅក្នុងជំរំភៀសសឹក។
អ្នកស្រីមានប្រសាសន៍ថា៖ «តាមអ្វីដែលយើងមើលឃើញគឺវានឹងមានហានិភ័យខ្ពស់សម្រាប់ស្ត្រី និងក្មេងស្រីដែលគាត់ស្ថិតនៅក្នុងជំរំភៀសសឹក អំពីការបៀតបៀន អំពីការកេងប្រវ័ញ្ចអីផ្សេងៗ ដោយហេតុថានៅក្នុងជំរំភៀសសឹក មានលក្ខណៈតូចចង្អៀតជាតង់ ជាអីបណ្ដោះអាសន្ន អត់មានកន្លែងបិទជិតឬក៏អីនោះទេ ដូច្នេះវានឹងអាចក្លាយជាកន្លែងឆ្លៀតឱកាសរបស់ជនខិលខូចមួយចំនួន»។
ជាមួយគ្នា អ្នកស្រីក៏បានលើកឡើងពីបញ្ហាប្រឈមសុខភាពផ្លូវភេទសម្រាប់ស្ត្រី និងក្មេងស្រី ពាក់ព័ន្ធទៅនឹង ទឹកនិងផលិតផលអនាម័យមានកម្រិត កង្វះអនាម័យ និងបង្គន់អនាម័យតិចតួចប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកស្រី សុភី ដែលជាម្តាយរបស់ក្មេងស្រីបីនាក់ បាននិយាយថា មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលយកចិត្តទុកដាក់ចំពោះសុខភាពអនាម័យ ប៉ុន្តែភាគច្រើនគឺ «មិនបានគិតគូរទាំងស្រុង» បើទោះបីជាមានការណែនាំពីវេជ្ជបណ្ឌិត និងអង្គការពាក់ព័ន្ធក៏ដោយ។
អ្នកស្រី បានរំលឹកកូនស្រីរបស់ខ្លួនឱ្យប្រើសាប៊ូក្នុងអំឡុងពេលងូតទឹក និងក្រោយពេលបន្ទោរបង់ ព្រោះការអនុវត្តអនាម័យល្អគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារពួកគេមិនឱ្យធ្លាក់ខ្លួនឈឺ។
អ្នកស្រីបានអះអាងថា ប្អូនថ្លៃស្រីរបស់អ្នកស្រីបានស្លាប់ដោយជំងឺមហារីកមាត់ស្បូននៅអាយុ ១៨ ឆ្នាំ ដែលនាងជឿថាដោយសារ «កង្វះអនាម័យ»។ នៅពេលនោះ ម្តាយក្មេករបស់គាត់ឱ្យប្អូនថ្លៃរបស់គាត់ប្រើក្រណាត់ជំនួសសំឡីអនាម័យ ហើយមិនមានទឹកអនាម័យប្រើប្រាស់។
អ្នកស្រីនិយាយថា៖ «ខ្ញុំប្រាប់កូនៗថាពេលចូលបន្ទប់ទឹកឱ្យប្រយ័ត្ន។ សំខាន់ពេលចូលគឺឱ្យមានអ្នកចាំនៅខាងក្រៅ។ ហើយពេលចូលងូតទឹក ឬប្រើប្រាស់បង្គន់ ត្រូវប្រើសាប៊ូ ទឹកអនាម័យ ព្រោះអីនៅនេះយើងប្រើរបស់រួមគ្នាទាំងអស់ អ៊ីចឹងមេរោគច្រើន ហើយឱ្យលាងដៃនឹងសាប៊ូដុំឱ្យស្អាត មុនចេញមកវិញ»។
អ្នកស្រី យ៉ន ចាន់ម៉ារ៉ា ជាពេទ្យឆ្មបនៅមណ្ឌលសុខភាពសែនជ័យ ខេត្តព្រះវិហារ និងជាគ្រូពេទ្យប្រចាំការនៅជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម បាននិយាយថា ការប្រើប្រាស់បន្ទប់ទឹករួមគ្នា បង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់ស្ត្រី ដោយសារពួកគេមិនបានសម្អាតញឹកញាប់។ វាអាចបណ្តាលឱ្យមានការឆ្លងមេរោគប្រដាប់បន្តពូជ និងក្លាយជាធ្ងន់ធ្ងរ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។
អ្នកស្រី បាននិយាយថា ស្ត្រីប្រមាណ ១០នាក់ដែលមានអាយុចន្លោះពី ២៥ ទៅ ៤០ឆ្នាំ បានមកជួបគាត់ជារៀងរាល់ខែដើម្បីពិគ្រោះបញ្ហារោគស្ត្រី ដោយគាត់បានផ្តល់ថ្នាំ និងដំបូន្មានដល់ពួកគេ។ ទោះយ៉ាងណា អ្នកស្រីថានេះគ្រាន់តែជាការព្យាបាលដំបូងប៉ុណ្ណោះ។
អ្នកស្រីមានប្រសាសន៍ថា៖ «ដោយសារប្រើបន្ទប់ទឹករួមគ្នា ដូច្នេះអ្នកដែលប្រឈមខ្ពស់ជាងគេ គឺស្ត្រី ក្មេង និងមនុស្សចាស់។ បើបន្ទប់ទឹកមានបែងចែកប្រុស និងស្រី គឺប្រសើរបន្តិច តែនេះយើងអត់មានបែងចែកទេ»។
ត្រឡប់មកជំរំវិញ យុវតី ពិសី បាននិយាយថា៖ «ពួកខ្ញុំចង់បានសុវត្ថិភាពជាងហ្នឹងបន្តិច។ ចង់ឱ្យមានការបែងចែកបន្ទប់ទឹកប្រុសផ្សេង និងស្រីផ្សេង។ ហើយសុំឱ្យមានអនាម័យជាងហ្នឹង។ ហើយបន្ទប់ទឹករាងបិទជិតជាងហ្នឹងបន្តិច»។
យុវតីរូបនេះបន្តថា៖ «[បច្ចុប្បន្ន]យើងមានអារម្មណ៍ថាអត់សុវត្ថិភាព ដូចយើងអង្គុយកណ្ដាលវាលដដែលហ្នឹង។ គ្រាន់តែថាវាអាចបិទជិតមួយតួខ្លួនយើង តែខាងក្រោម ខាងលើ ផ្នែកខាងកៀនអីគឺវាលទាំងអស់តែម្ដង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Young Girls, Women Sexually Harassed At Preah Vihear War Shelter









