សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីជាន់ខ្ពស់ពីររូប​ត្រូវ​បាន​កោះហៅសាកសួរ​ក្នុង​សំណុំរឿង​ឆបោក​លុយជាង២០០លាន​ដុល្លារកាលពីដើម​ឆ្នាំនេះ

ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)
ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពីររូបត្រូវបានកោះហៅសាកសួរជុំវិញសំណុំរឿងគម្រោងវិនិយោគដីធ្លីក្លែងបន្លំ ដែលបានឆបោកលុយប្រជាពលរដ្ឋជាង២០០លានដុល្លារដែលបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ។

លោក ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នឹងទៅបំភ្លឺនៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១១ និង១៨ ខែធ្នូ ដែលនឹងត្រូវសាកសួរជុំវិញករណីពាក់ព័ន្ធជាមួយក្រុមហ៊ុន Brilliant City World និងម្ចាស់ក្រុមហ៊ុន ឡេង ចាន់ណា ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងខេត្តសៀមរាបបានបាត់បង់ប្រាក់យ៉ាងច្រើននៅក្នុងគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុន ឬអំពីភាគលាភខ្ពស់របស់ខ្លួន និងមូលនិធិ​វិនិយោគ​ក្នុងរយៈពេលពីរឆ្នាំកន្លងមក​។

មនុស្សជាច្រើនបានយកប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុដើម្បីវិនិយោគលើការផ្តល់របស់នាង។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បដិសេធមិនបញ្ជាក់ពីព័ត៌មានលម្អិតនៃសំណុំរឿងនេះទេ ដោយសំអាងលើការស៊ើបអង្កេតដែលកំពុងបន្ត។ ទោះជាយ៉ាងនេះក្តី អង្គភាព Fresh News បានរាយការណ៍ថា អ្នកទាំងពីរកំពុងត្រូវបានសាកសួរជុំវិញការជាប់ពាក់ព័ន្ធការលាងលុយកខ្វក់ ការក្លែងបន្លំធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មរៀបចំ និងការរំលោភលើការទូទាត់ប្រាក់​ និងច្បាប់ប្រតិបត្តិការហិរញ្ញវត្ថុ។

ចាប់តាំងពីការចាប់ខ្លួន ចាន់ណា មក យ៉ាងហោចណាស់ក៏មានមនុស្សបួននាក់ផ្សេងទៀតត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីឆបោក ហើយជាង២០នាក់ត្រូវបានកោះហៅមកសាកសួរ។

លោក បូរ៉ាត បានប្រាប់ សារព័ត៌មានខេមបូចា ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើការចោទប្រកាន់របស់គាត់ថា៖ «ខ្ញុំនឹងធ្វើតាមការកោះហៅ ព្រោះវាជាកាតព្វកិច្ចរបស់យើងក្នុងការចូលខ្លួន»

ក្រៅពីកាន់តំណែងជាន់ខ្ពស់នៅក្រសួងអប់រំ លោក បូរ៉ាត ក៏មានតួនាទីជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នេះបើយោងតាមលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU ។

លោក​ថ្លែង​ថា​៖ «​តាម​ព័ត៌មាន​ដែល​យើង​មាន គាត់​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​ករណី​ឆបោក។ ខ្ញុំ​មិន​មាន​ការ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ​ដោយ​សារ​តែ​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់»។ លោក ច័ន្ទវិចិត្របាន​លើក​ឡើង​ថា បូរ៉ាត មិន​មែន​ជា​ជន​ល្មើស​ទេ ប៉ុន្តែ​ជា​សាក្សី​ដែល​អាច​មាន​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត។

លោក ស ថាវី បានមាន​ប្រសាសន៍​ថា លោក​នឹង​អនុវត្ត​តាម​ដីកា​កោះ​របស់​តុលាការ។

លោក​បាន​ថ្លែង​ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ថា​៖ «​វា​មិន​មាន​បញ្ហាអី​ទេ ​ព្រោះ​ខ្ញុំ​មិន​ពាក់ព័ន្ធ​ទេ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​»

មុន​នឹង​ឡើង​កាន់​តំណែង​ខ្ពស់​នៅ​ក្រសួង​ការពារ​ជាតិ លោក ថាវី ធ្លាប់​ជា​អភិបាល​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិ ប៉ិច ពិសី បានស្វាគមន៍ចំពោះចំណាត់ការរបស់​រដ្ឋាភិបាល និងACU ក្នុងការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើករណីឆបោកវិនិយោគ រួមទាំងការសាកសួរមន្ត្រីរដ្ឋាភិបាលសំខាន់ៗដែលពាក់ព័ន្ធផងដែរ។

លោកបានមានប្រសាសន៍ថា៖ «វាជារឿងសំខាន់ដែលរដ្ឋាភិបាលពង្រឹងអភិបាលកិច្ចសាជីវកម្ម និងកសាងទំនុកចិត្តក្នុងការវិនិយោគ» លោកបន្ថែមថា ច្បាប់គួរតែត្រូវបានអនុវត្តស្មើៗគ្នា និងគ្មានការរើសអើង ដោយមិនគិតពីអ្នកពាក់ព័ន្ធក្នុងការប្រព្រឹត្តខុស ឬអំពើពុករលួយនោះទេ។

ការបង្រ្កាបចុងក្រោយនេះ ហាក់ដូចជាផ្នែកនៃយុទ្ធនាការរបស់រដ្ឋាភិបាល ដើម្បីបង្ហាញរូបភាពនៃអភិបាលកិច្ចល្អ ចំពេលមានការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងឧកញ៉ាល្បីឈ្មោះម្នាក់សម្រាប់ការទន្ទ្រានយកដីធ្លី និងការលាងលុយកខ្វក់ ដូចដែលអ្នកសង្កេតការណ៍អន្តរជាតិកត់សម្គាល់នៅពេលចាប់ផ្តើមនៃករណីនេះ។

ប្រជាពលរដ្ឋលើកបដាទាមទារឱ្យឧកញ៉ា ឡេង ចាន់ណា ម្ចាស់គម្រោង Brilliant City សងប្រាក់ដល់ពួកគេវិញ នាថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៤ ខណៈដែលពួកគេធ្លាក់ខ្លួនជំពាក់បំណុលធនាគារ។ (រូបភាពផ្ដល់ឱ្យ)

ឃុន ចាន់សាវុធ ជនរងគ្រោះដែលត្រូវបានបោកប្រាស់ប្រាក់កម្ចីឯកជនចំនួន ១៨ ០០០ ដុល្លារ បន្ទាប់ពីបានវិនិយោគក្នុងគម្រោងមួយនោះ បានបន្ទរទស្សនៈរបស់លោក ពិសី ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយការក្លែងបន្លំនេះ និងធានាឱ្យមានគណនេយ្យភាពគ្រប់កម្រិត។

លោក ចាន់សាវុធ​ ថ្លែងថា៖ «ខ្ញុំ​យល់​ស្រប​នឹង​ការ​កោះ​ហៅ​របស់​តុលាការ​ដើម្បី​សាកសួរ​ពួកគេ​ក្នុងការស្វែងរក​ដំណោះស្រាយ។ ខ្ញុំ​ក៏​ចង់​ដឹង​ថា​លុយ​ទៅ​ណា​ដែរ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា និង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ អ្នកស្រី ឃួន វិច្ឆិកា មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៤ ពលរដ្ឋរាប់រយនាក់រួមទាំងពលករខ្មែរមកពីកូរ៉េបាន​ធ្វើការ​តវ៉ា​​ទាមទារលុយពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាបដោយពួកគាត់អះអាងថា ក្រុមហ៊ុន​បានបោកប្រាស់ពួកគាត់ ប៉ុន្ដែខាងក្រុមហ៊ុន​បែរជាចង់ដោះដូរជាដីជូនពួកគាត់​។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ខុទ្ទការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត​ បានចេញសេចក្ដីបំភ្លឺស្ដីពីការផ្សព្វផ្សាយព័ត៌មាន​តាមបណ្ដាញផ្សព្វផ្សាយ​សង្គមនានា​ដែល​បាន​​លើកឡើងថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ​តាមការលើកឡើងរបស់អ្នកស្រី ឡេង ចាន់ណា ធ្វើឱ្យមានការភាន់ច្រឡំ។

ក្នុងសេចក្ដីបំភ្លឺ​ដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២២៤ អ្នកស្រី ឡេង ចាន់ណា បានចេញមុខបំភ្លឺថា ការលើកឡើងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត​ ទេ។

បន្ទាប់មក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា ​បានចេញលិខិត​សារភាព​កំហុស និង​បាន​សុំអភ័យទោសចំពោះការលើកឡើងថា​ លោកនាយករដ្ឋមន្រ្ដី​ជា​អ្នកបង្កើត​សមាគម​ពលករ និងអតីតពលករធ្វើការនៅប្រទេសកូរ៉េដើម្បីសប្បុរសធម៌ ផងដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Officials Summoned in $200 Million Fraud Case That Began Earlier This Year

1,793 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម