សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នក​លក់គាំទ្រការបិទនាំចូលផ្លែឈើថៃ​ ទោះ​មានការខាតបង់ខ្លះ ខណៈរដ្ឋាភិបាលកំពុងជំរុញ​ការផ្គត់ផ្គង់ពីប្រភពផ្សេងៗ​

ផ្លែ​ឈើ​ដាក់​លក់​នៅ​លើ​តូប​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ើង និមល់)
ផ្លែ​ឈើ​ដាក់​លក់​នៅ​លើ​តូប​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ើង និមល់)

ស្រប​ពេល​ដែល​កម្ពុជា​បាន​ហាមឃាត់​ការនាំចូល​ផ្លែ​ឈើ​ពី​ប្រទេសថៃ​ដោយសារតែ​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន ឈ្មួញក្នុង​ស្រុក​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ខាត​ផ្លែឈើ​សម្រាប់​លក់ តម្លៃឡើង​ថ្លៃ ខណៈ​នៅប្រទេស​ថៃ​វិញ​ផ្លែឈើ​គរសល់។ ជាមួយ​គ្នា​នេះ​មន្ត្រី​បានជំរុ​ញ​ឲ្យអ្នកប្រើប្រាស់​​ជ្រើស​រើស​ផលិត​ផល​ផ្លែ​ឈើ​របស់​ប្រទេស​ផ្សេង និង​ផលិត​ផល​ក្នុង​ស្រុក​។​

កម្ពុជាបាន​ហាមឃាត់​ការនាំចូល​បន្លែ និង​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​នៅ​គ្រប់ច្រកព្រំដែន​ទាំងអស់​នៅ​ដើម​សប្ដាហ៍​នេះ ចំពេល​ដែល​ភាពតានតឹង​នៅ​តាម​ព្រំ​ដែន​កើន​ឡើង ក្រោយ​ពី​មានការ​ប៉ះទង្គិចគ្នា​​ និង​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៥​។​

ជាលទ្ធផល អ្នក​លក់​ផ្លែ​ឈើ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ផ្លែ​ឈើ​សម្រាប់​លក់​ដូរ​។ យ៉ាងណា​ឈ្មួញ​ទាំង​នោះ​នៅ​តែគាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ដោយ​ថា​នេះ​គឺ​ជារឿង​ចាំ​បាច់​ក្នុង​ការ​ការពារ​ប្រទេស​ជាតិ​។​

អ្នកស្រី ឈុន កាម៉ុន អ្នក​លក់​ផ្លែ​ឈើ​បោះ​ដុំ នៅ​ផ្សារ​នាគមាស រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ​អ្នកស្រី​ប្រឈម​នឹង​ការ​ខ្វះខាត​ផ្លែ​ឈើ​សម្រាប់​លក់ គិត​ចាប់​ពី​ពេល​ដែល​រដ្ឋាភិបាល​បាន​ហាមឃាត់​ការនាំចូល​ពី​ប្រទេស​ថៃ​។ ថ្ងៃខ្លះ​អ្នក​ស្រី​មាន​ផ្លែ​ឈើ​ក្នុង​ស្ដុក តែ​ថ្ងៃខ្លះ​ក៏​មិន​មាន​។ អ្នកស្រី​បន្ត​ថា៖ «​ខ្ញុំ​មិន​សូវ​មាន​ផ្លែ​ឈើ​ច្រើន​សម្រាប់​លក់​ទេ​តាំងពី​មានការហាម​ឃាត់​[ការនាំចូល]​ពី​ថៃមក ប៉ុន្តែ​វាមិន​អីទេ ខ្ញុំ​គាំទ្រចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល»។​

 អ្នកស្រី​ឲ្យ​ដឹង​ថា ​ពី​មុន​អ្នកស្រី​អាច​រក​បាន​ប្រហែល​ ១ ៥០០ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ពេល​នេះ​នៅ​ប្រហែល​ ១ ០០០ ​ដុល្លារ​។ ដូច​គ្នា​ដែរ តម្លៃ​ក៏​ឡើង​ថ្លៃដែរ ដូច​ជា​ផ្លែប៉ោម​ពី​មុន​មួយ​គីឡូ​តម្លៃ​ ៧ ០០០​រៀល ឥឡូវ​លក់​ចេញ​១ម៉ឺន​រៀល​។ ពេល​នេះអ្នកស្រី​មាន​ផ្លែ​ឈើ​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​សម្រាប់​លក់ មាន​ដូចជាប៉ោម សារី និង​ទំពាំងបាយជូរ​។​

អ្នក​ស្រី​បន្ត​ថា បើ​សិនជា​ស្ថានភាព​នៅ​តែ​បន្ត​បែបនេះ អ្នកស្រី​​នឹង​រក​ជម្រើស​ផ្សេង ដូច​ជា​យក​ផ្លែ​ប៉ោម​ពី​ប្រទេស​ញ៉ូហ្សឺឡែន ឬ​ហសរដ្ឋអាមេរិក​ ជំនួស​វិញ​។​ ​យ៉ាងណា អ្នកស្រី​ថា​ជម្រើស​នេះ​អាច​នឹង​មាន​តម្លៃ​ថ្លៃជាង​មុន និង​ពិបាកលក់ជាង​ផ្លែ​ឈើ​មក​ពី​ថៃ​។​

អ្នក​លក់​ផ្លែ​ឈើ​ម្នាក់​ទៀត ដែល​នាំផ្លែ​ឈើ​ផ្ទាល់​ពី​ប្រទេស​ថៃ និង​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ថាការ​ហាម​ឃាត់​ការនាំចូល​នេះ​ពិត​ជា​ប៉ះពាល់​ការ​រក​ស៊ីធ្ងន់ធ្ងរ​។ គិត​ចាប់​តាំង​ពី​ពេល​បិទ​ការនាំចូល​មក លោក​មិន​មាន​ផ្លែ​ឈើ​លក់​ទេ ហើយ​សម្រាប់​ផ្លែ​ឈើ​ដែល​លោក​បាន​បញ្ជាទិញ និងបង់​ប្រាក់​ឲ្យ​គេ​រួច​ហើយ​នោះ ក៏​បាន​ខូច​អស់ដែរ​ហើយ​។​

លោក​បន្តថា៖ «ខ្ញុំ​មិន​មាន​ផ្លែ​ឈើ​លក់​ទៀត​ទេសម្រាប់​បី​បួន​ថ្ងៃនេះ។ មិន​មានការនាំមក​ទៀត​ទេ ហើយ​ខ្ញុំ​មិន​ដឹងថា​ត្រូវ​ធ្វើ​ម៉េចទេ​។ ផ្លែ​ឈើ​នៅ​លើ​ឡាន​​[នៅព្រំដែន] បាន​រលួយ​អស់​ហើយ»។​ 

លោក​បាន​បញ្ជា​ទិញ​ផ្លែ​ឈើ​ដូច​ជា​មង្ឃុត និង​សាវម៉ាវ ក្នុង​តម្លៃ ​៤ ០០០ ​ដុល្លារ ទៅ ​៥ ០០០​ ដុល្លារ​ក្នុង​មួយ​ចម្ការ​ពី​កសិករ​ថៃ​។​

គំនរជាល​ដាក់​ផ្លែឈើ​​នៅ​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​នៅ​ក្បែរ​ផ្សារនាគមាស ក្រុង​ភ្នំពេញ ​ក្រោ​យ​កម្ពុជាហាមឃាត់​ការ​នាំចូល​ផ្លែឈើ​ពី​ប្រទេស​ថៃដោយសារ​ភាព​តាន​តឹង​នៅ​តាម​ព្រំ​ដែន​។ រូបភាព​ថត​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៥​។ (ខេមបូចា/ ស៊ើង​ និមល់)។​

ក្រ​សួង​ពាណិជ្ជកម្ម​ថៃ​កំពុង​បង្កើន​ល្បឿន​ចែក​ចាយ​ផ្លែ​ឈើ​ក្នុង​ស្រុក​ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​ពី​ការ​បិទ​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​កម្ពុជា ដែល​នាំឲ្យ​រំខាន​ដល់​ការនាំផ្លែ​ឈើ​ចេញ​របស់​ថៃ​។​

អ្នក​នាំពាក្យ​ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ែន សុវិជាតិ ប្រាប់​ សារព័ត៌មាន​ខេមបូចា ​ថា​ ខណៈ​​ដែល​ឈ្មួញ​មួយ​ចំនួន​កំពុង​ជួបការ​លំបាក​ដោយ​សារតែ​ការហាមឃាត់​ការនាំចូល​ផ្លែ​ឈើ​ពី​ថៃ តែបទពិសោធន៍​អ្នក​ទាំង​នោះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​វិស័យ​នេះ​ទាំង​មូល​នោះទេ​។​

លោក​ទទួល​ស្គាល់​ថា ស្ថានភាពគឺ «មានការលំបាក» ពីព្រោះ​តែ​ពឹង​ផ្អែក​លើការ​នាំចូល​ពី​ថៃ និង​ជំរុញ​ឲ្យ​ឈ្មួញ​ស្វែង​រក​ប្រភព​ផ្គត់​ផ្គង់​ផ្សេង​ទៀត ដូចជា​ពី​ប្រទេស​វៀតណាម ផលិត​ផល​ក្នុង​ស្រុក ឬ​ផ្លែ​ឈើ​ពី​ប្រទេស​អូស្រ្តាលី និង​អាមេរិក​។​

លោក​ឲ្យ​ដឹ​ងទៀត​ថា​៖ «យើង​ក៏​មាន​យន្តការ​រួច​ហើយ​ក្នុង​ការ​លើក​ទឹក​ចិត្តកសិករដាំឈើហូប​ផ្លែ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​អ្នក​លក់បោះដុំ»។ លោកបន្តថា៖ «ក្រ​សួងពាណិជ្ជកម្ម​ចង់​ឲ្យ​អ្នក​បរិភោគ និង​អ្នកលក់​​ជួយ​គាំទ្រ និង​លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក»។​

លោក​បន្ថែម​ថា ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​ដែល​នៅ​បន្ត​អូស​បន្លាយ​នេះ «មិន​ប៉ះពាល់​ធ្ងន់ធ្ងរ» ដល់​ការ​នាំចេញ​កសិផល​កម្ពុជា​នោះទេ ព្រោះថា​កម្ពុជា​មាន​ទី​ផ្សារ​នាំចេញ​ច្រើន មិនមែន​តែ​ទៅ​កាន់ទី​ផ្សារថៃនោះទេ។​

លោក​ឲ្យ​ដឹងទៀតថា៖ «កសិផល​ដូច​ជា​គ្រាប់ស្វាយចន្ទី និង​ដំឡូងមី មិនសម្រាប់​​នាំចេញ​តែទៅ​ថៃទេ ប៉ុន្តែនាំចេញទៅ​ចិន។ យើង​បាន​ធ្វើ​ការ​យ៉ាងសកម្ម​លើ​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយ​ចិន ដើម្បី​គាំទ្រ​ដល់​ការនាំចេញទំនិញ​កម្ពុជា»។​

កាលពី​យប់​ថ្ងៃសុក្រ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ឲ្យ​ដឹងថា ​គណបក្ស​ប្រឆាំង​ថៃ​បាន​លើក​សំណើ​ឲ្យ​កាត់​ផ្ដាច់​ការនាំចូលប្រេង​ពី​ថៃ​មក​កម្ពុជា ក្នុង​ចេតនា​ដាក់​សម្ពាធមក​លើ​កម្ពុជា​ឲ្យ​យល់ព្រម​ចុះ​ចាញ់​។ លោក​បាន​សង្កត់​ធ្ងន់ថា ​វិធានការបែបនេះនឹង​ធ្វើ​ឲ្យ​ថៃ​រង​ផល​វិបាក​ធ្ងន់ធ្ងរ​វិញ​។​

​លោក​បាន​សរសេរ​លើ​ទំព័រហ្វេស​ប៊ុក​ថា៖ «យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ»។

លោក​បាន​សង្កត់​ធ្ងន់ថា ​កម្ពុជា​អាច​រកទីផ្សារ​ផ្សេង​សម្រាប់​បំពេញ​តម្រូវ​ការថាមពល​របស់​ខ្លួន​។​

លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញ​ទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យថៃមានហេតុផលគំរាមកំហែង​កម្ពុជា​ទៅ​ថ្ងៃមុខ​ទៀត។ លោក​​បន្ត​ថា ប្រសិ​ន​បើច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃ រាប់តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទ​រហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ប្រាប់ សារព័ត៌មានខេមបូចា ថា ថ្វីបើ​ស្ថានភាព​ព្រំដែន​មានភាព​តាន​តឹង ភាគីថៃទំនង​ជាមិន​ប្រើជម្រើស​ហាមឃាត់ការនាំចូល​ប្រេងឥន្ធនៈ​មក​កម្ពុជា​នោះទេ​ ព្រោះថា​កម្ពុង​មិន​ពិបាក​ក្នុង​ការ​រកប្រេង​មក​ជំនួសទេ គឺអាច​នាំពី​វៀតណាម​​។​

លោក​លើក​ឡើងថា៖ «​សម្រាប់​រយៈពេល​ខ្លី​ការ​រអាក់រអួល និង​ការ​ខ្វះខាត​តិចតួច​អាច​នឹង​កើត​មាន ប៉ុន្តែ​ផល​ប៉ះពាល់ជារួម​គឺ​តិច​តួច។ តម្លៃប្រេង​ឥន្ធនៈនៅ​កម្ពុជា​អាច​នឹង​ឡើង​ថ្លៃបន្តិច ជាពិសេស​នៅ​តំបន់ជិត​ព្រំដែនថៃ ប៉ុន្តែ​ខ្ញុំ​មិនគិត​ថា​ថៃអាច​នឹង​ធ្វើ​ដូច​នេះទេ​»។​

ដូចគ្នា​ដែរ លោក​ថាចំណូល​ពន្ធ​ដែល​បាត់​បង់ដោយសារការហាមឃាត់​ការនាំចូល​បន្លែ ផ្លែឈើ​ពី​ថៃ​ទំនងជាមិន​ច្រើនទេ ការនាំចូល​ជាទូទៅធ្វើ​ឡើង «តាមច្រកក្រៅផ្លូវការ» ដោយ​មិនមានយន្តការត្រួតពិនិត្យ​ត្រឹមត្រូវ​នោះទេ។​

លោក​បន្ថែមថា៖ «​ខ្ញុំ​មិន​គិតថា​កម្ពុជា​ប្រមូល​ពន្ធ​បាន​ច្រើនពី​ការនាំចូល​បន្លែ និង​ផ្លែឈើ​ពី​ថៃ ឬ​វៀតណាម​ទេ ព្រោះថា​ការ​ជួញដូរ​នេះ​ធ្វើ​ឡើង​បែប​ក្រៅ​ផ្លូវ​ការ និង​មិនមានយន្តការ​ប្រពន្ធ​ច្បាស់​លាស់​នោះទេ»។​

លោក​កត់សម្គាល់​ថា ​មាន​ឈ្មួញ​ខ្លះ​បាន​ព្យាយាមគេច​ពីកន្លែងត្រួតពិនិត្យ ជាពិសេស​ពេល​យន្តការអនុវត្ត​ច្បាប់អាច​មាន​ភាព​ទន់ខ្សោយ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​។​

លោក​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើការនាំចេញ​របស់​កម្ពុជា​លើ​ផលិតផលដើម និង​ផលិត​ផល​មិន​ទាន់កែច្នៃ ដូច​ជាគ្រាប់ស្វាយ​ចន្ទី និង​ដំឡូងមី ដែល​អាច​មានភាព​រអាក់រអួល​ពី​ស្ថានភាព​តាន​តឹង​នាពេល​បច្ចុប្បន្ន​នេះ។​

លោកបានបញ្ជាក់​ថា៖ «ស្ថានភាព​តាន​តឹង​នាពេល​នេះ​ប៉ះពាល់​​ដល់​អ្នក​ភូមិ​ដែល​រស់នៅ​តាម​បណ្ដោយព្រំដែន ដែល​ពឹង​អាស្រ័យ​ខ្លាំង​លើ​ការ​រកស៊ីជួញដូរ​​»។​

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម ថៃជាប្រទេសធំទី​ពីរ​សម្រាប់ទីផ្សារ​ដំឡូងមីកម្ពុជា ដោយ​បាន​ទិញ​ក្នុង​តម្លៃ​១៩៨​លាន​ដុល្លារ​ក្នុង​រយៈពេល​១១ខែ ដើម​ឆ្នាំ​២០២៤​។​

ថៃក៏​ជា​ប្រទេស​នាំចូល​ផ្លែមៀនពី​កម្ពុជា​រហូត​ដល់​៩៩,៥៣​% ឬ​ស្មើ​នឹង​តម្លៃ​២៧,៩៥​លាន​ដុល្លារ និង​ទទួល​ទិញ​៥៣,៨១​% នៃ​ស្វាយ​របស់​កម្ពុជា ដែល​មាន​តម្លៃ​ជាទឹ​កប្រាក់​១៣៧លាន​ដុល្លារ​។​

លោក​លើកឡើង​ថា ​កម្ពុជា​គួរ​ផ្ដោត​លើ​ការ​បន្ថូរភាព​តាន​តឹង​តាម​រយៈផ្នែក​ការទូត និង​បើក​ព្រំ​ដែន​សម្រាប់ការធ្វើពាណិជ្ជកម្ម​វិញ​ឲ្យ​បាន​ឆាប់​។​

លោក​បន្ថែម​ថា៖ «​​យើង​កំពុង​ស្ថិត​នៅ​​លើ​ជំហរ​រឹងមាំ​មួយ ហើយ​គួរ​បន្ត​ធ្វើ​ការ​តាម​រយៈ​គណៈកម្មការព្រំដែនចម្រុះ និង​ទុក​ឲ្យ​តុលាការយុត្តិធម៌អន្តរជាតិ​បន្ត​នីតិវិធី​លើ​រឿង​នេះ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sellers Support Thai Fruit Ban Despite Losses; Gov’t Promotes Alternatives

ព័ត៌មានថ្មី

អត្ថបទពេញនិយម